Home អចលនវត្ថុ លោក វ៉ា វីរៈ តើវិនិយោគ​លើអចលនទ្រព្យមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

លោក វ៉ា វីរៈ តើវិនិយោគ​លើអចលនទ្រព្យមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

0

តើអចលនវត្ថុសំដៅទៅលើអ្វី?តើមូលហេតុអ្វីបានជាយើងចាំបាច់ត្រូវវិនិយោគទៅលើវិស័យអចលនវត្ថុ?តើការវិនិយោគទៅលើអចលនវត្ថុផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់វិនិយោគិន?

អចលនវត្ថុគឺសំដៅទៅលើ ដីធ្លី ផ្ទះ អគារ ឃ្លាំង ឬ រោងចក្រជាដើមដែលវាស្ថិតនៅលើដីនោះ ហើយវិស័យអចលនវត្ថុ មានច្រើនប្រភេទសម្រាប់បម្រើមុខងារ និង តម្រូវការផ្សេងៗរបស់មនុស្ស ដូចជាបម្រើទៅលើលំនៅឋាន បម្រើទៅលើអាជីវកម្ម ឧស្សាហកម្ម កសិកម្ម និង បម្រើទៅលើវិស័យទេសចរណ៍ជាដើម។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះយើងឃើញថាមនុស្សភាគច្រើនតែងតែបោះទុនវិនិយោគទៅលើវិស័យអចលនវត្ថុជាងវិស័យណាៗទាំងអស់ដោយសារតែការវិនិយោគទៅលើវិស័យនេះអាចធ្វើឲ្យអ្នកវិនិយោគិនភាគច្រើនទទួលបានផលចំណេញ និង ប្រាក់ចំណូលបានច្រើន។ដូចនេះដើម្បីឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានចំពោះការវិនិយោគលើវិស័យអចលវត្ថុ គំនិតនឹងដកស្រង់រាល់ការបកស្រាយរបស់លោក វ៉ា វីរៈ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន  Century 21 Fortuna Investment  និងជា អ្នកជំនាញផ្នែកអចលទ្រព្យ។ លោកបាននិយាយថា៖ ការវិនិយោគទៅលើមុខជំនួញអ្វីក៏ដោយគឺសុទ្ធតែមានផលវិជ្ជមាន និង អវិជ្ជមាន ដោយជៀសមិនរួច​ ហើយការវិនិយោគទៅលើវិស័យអចលនវត្ថុក៏ដូច្នឹងដែរ។ ខាងក្រោមនេះគឺជាចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានចំពោះការវិនិយោគទៅលើវិស័យអចលនវត្ថុ៖

  1. ចំណុចវិជ្ជមានៈ
  • ធ្វើឲ្យមានការកើនឡើងតម្លៃៈ វិនិយោគិននឹងអាចទទួលបានផលចំណេញច្រើនពីវិស័យមួយនេះ ដោយសារតែតម្លៃរបស់អចលនវត្ថុមិនដែលថមថយចុះទេ គឺមានតែឡើងថ្លៃជាងមុន ព្រោះបច្ចុប្បន្នហើយនិងអនាគតមានភាពខុសគ្នា។
  • ជួយផ្ដល់នូវចរន្តហូរចូលនៃទឺកប្រាក់ៈ សំដៅទៅលើការជួលបន្តទៅឲ្យអ្នកដទៃ ដូចជាជួលឲ្យគេធ្វើកសិកម្ម ឧស្សាហកម្ម ឬការិយាល័យជាដើម ដែលវាអាចជាឱកាសសម្រាប់អ្នកក្នុងការទទួលយកប្រាក់ចំណេញ។
  • ប្រើលុយអ្នកដទៃដើម្បីឲ្យខ្លួនឯងទទួលបានផលចំណេញៈ មានន័យថាបើអ្នកមិនមានធនធានគ្រប់គ្រាន់ អ្នកអាចយកអចលនទ្រព្យផ្សេងដែលជាកម្មសិទ្ធរបស់អ្នកទៅដាក់នៅធនាគារដើម្បីយកលុយពីធនាគារទៅឲ្យម្ចាស់អចលនទ្រព្យ។
  • ជួយទប់ទល់ករណីមានអតិផរណាកើតឡើងៈ មានន័យថាយើងគួរតែយកលុយទៅវិនិយោគទៅលើវិស័យមួយនេះ ជាជាងទុកលុយចោលអត់ប្រើវា ព្រោះការវិនិយោគនឹងធ្វើឲ្យអ្នកកើននូវប្រាក់ចំណូល។
  1.  ចំណុចអវិជ្ជមានៈ
  • ទាមទារឲ្យយើងមានលុយច្រើនៈ ការវិនិយោគនីមួយៗតែងតែតម្រូវឲ្យអ្នកមានដើមទុនច្រើន ជាពិសេសការវិនិយោគទៅលើវិស័យអចលនវត្ថុនេះតែម្ដង ដែលវាតម្រូវឲ្យអ្នកមានលុយរាប់ម៉ឺន រាប់លានដុល្លារទើបអាចធ្វើការវិនិយោគបាន។
  • មានជំនាញខាងច្បាប់ៈ អ្នកត្រូវចេះផ្នែកច្បាប់ខ្លះៗ ដូចជា ការកាត់ប្លង់ដី ការបង់ពន្ធលើអចលនទ្រព្យ ការជួលអគារ និង ការស្វែងរកអតិថិជនជាដើម។
  • ឲ្យយើងចេះមើលថែទាំវាឲ្យបានល្អៈ បើយើងមើលថែទាំវាបានល្អ មានសោភណភាព និង មានផាសុកភាពល្អ នោះតម្លៃនៃអចលនទ្រព្យក៏កើនឡើងតាមហ្នឹង តែ​បើមិនបានថែទាំបានល្អទេ តម្លៃវានឹងធ្លាក់ថ្លៃតាមហ្នឹងដែរ
  • តម្រូវឲ្យយើងវិនិយោគរយៈពេលវែងៈ អ្នកវិនិយោគិនគួរតែវិនិយោគទៅលើរយៈពេលវែង ព្រោះបើសិនជាវិនិយោគិនវិនិយោគទៅលើរយៈពេលខ្លី នោះពួកគាត់អាចនឹងប្រឈមមុខជាមួយនឹងការខាតបង់ខ្លាំង ព្រោះគ្រាន់តែចំណាយទៅលើការធ្វើសេវាកម្ម និង​បង់ពន្ធគឺវាស្ទើរតែអស់ទៅហើយ។