វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

853

ស៊ុត​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ដែលមាន​ទឹក​សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ «គំនិត» នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។  វិធី​ធ្វើ​គឺពិត​ជាងាយស្រួល ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធ​តែជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ការពិសោធន៍​នេះក៏​នឹង​បង្រៀនអ្នក​ឲ្យ​យល់ដឹង​អំពី​ដង់ស៊ីតេរបស់វត្ថុ​ទៀត​ផង។

ឧបករណ៍ៈ ស៊ុតមាន់ ឬទាមួយ ទឹក អំបិល និង​កែវញ៉ាំទឹកវែង​មួយ

វិធី៖

១-ចាក់ទឹកចូលទៅក្នុងកែវឲ្យបាន​កន្លះ​កែវ។

២-ដាក់​អំបិល​ឲ្យ​ច្រើន​ចូលទៅក្នុង​ទឹក​នោះ (៥-៦ស្លាបព្រាបាយ) រួចហើយ​កូរ​វា​ឲ្យសព្វ។

៣-បន្ទាប់​មក​ចាក់​ទឹក​បន្ថែម​ទៀត​ចូលទៅក្នុង​កែវ​សន្សឹមៗ​ដោយ​ប្រុង​ប្រយ័ត្នរហូត​ដល់​ជិតពេញកែវ។

៤-ដាក់ស៊ុត​ចូលទៅក្នុង​កែវ ហើយពិនិត្យ​មើល​ថា​មាន​អ្វី​កើតឡើង។

តើមានអ្វីកើតឡើង?

ដង់ស៊ីតេ​របស់ទឹកអំបិល​គឺធ្ងន់​ជាង​ទឹក​សុទ្ធធម្មតា ហើយ​រាល់វត្ថុ​រាវ​ណាដែល​មាន​ដង់​ស៊ីតេ​កាន់​តែធ្ងន់​នោះ នឹងធ្វើឲ្យ​វត្ថុ​នានា​កាន់តែ​ងាយស្រួល​អណ្តែត​នៅលើ​វា ។ នៅពេលដែល​អ្នកដាក់​ស៊ុតចូលទៅក្នុងកែវ ស៊ុតនោះ​នឹងលិចចុះទៅក្រោមដោយធ្វើដំណើរ​ឆ្លងកាត់​ទឹក​សុទ្ធ​ធម្មតា​រហូតដល់​វា​ប៉ះ​នឹង​ទឹក​អំបិល។ នៅពេលដល់​ចំនុច​ដែលមាន​ទឹក​អំបិល ទឹក​អំបិល​មានដង់ស៊ីតេ(គេហៅ​បានម្យ៉ាងទៀត​ថា​ ទម្ងន់ជាក់លាក់) ​ខ្ពស់ជាង​ស៊ុត ដែលបាតុភូត​នេះ​ធ្វើឲ្យ​ស៊ុតនោះ​អណ្តែតក្នុងទឹក។ ប្រសិនបើអ្នកបានបន្ថែម​ទឹក​ធម្មតា​ចូលទៅក្នុងកែវ​ដោយ​ប្រុង​ប្រយ័ត្ននោះ ទឹកអំបិលនិង​ទឹក​ធម្មតា​នឹងមិន​រលាយ​ចូលគ្នា​ ហើយ​ធ្វើឲ្យ​ស៊ុតរបស់អ្នកនឹងអណ្តែត​នៅពាក់កណ្តាល​កែវ។ ផ្ទុយ​ទៅវិញ ប្រសិនបើ ទឹក​នឹងទឹក​អំបិល​រលាយចូលគ្នា​នោះ អ្នកនឹងឃើញ​ស៊ុតអណ្តែត​នៅ​លើទឹក។

ដូច្នេះ ការពិសោធន៍នេះបង្រៀន​ឲ្យ​យើងដឹងពីដង់ស៊ីតេរបស់វត្ថុ។ នៅពេល​វត្ថុណាមួយ​មាន​ដង់ស៊ីតស្រាលជាងវត្ថុរាវ នោះវា​នឹងអណ្តែត​នៅ​លើ​វត្ថុរាវ​នោះ។

តើអ្នកបានសាក​ធ្វើការពិសោធន៍នេះ​ហើយ​ឬនៅ? កុំភ្លេច​ចែក​រំលែក​បទពិសោធន៍​របស់អ្នកជាមួយ​នឹង«គំនិត»ផងណា!

 

ឯកសារយោង៖ http://www.sciencekids.co.nz/experiments/floatingeggs.html

Previous articleស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិនៃថាមពលនុយក្លេអ៊ែរ
Next articleស្វែងយល់​ការពិត ១០ យ៉ាង​អំពី​ធាតុអ៊ីដ្រូសែន
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។