វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ

685

ប្លែកទៀត​ហើយ! គេហទំព័រ​គំនិត​ថ្ងៃ​នេះ​នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​វិធី​មួយ​ដើម្បី​ជា​ការកំសាន្ត​ គឺ​ល្បិច​ដុត​លុយ​មិន​ឲ្យ​ឆេះ​លុយ។ ល្បែង​នេះ ប្រិយ​មិត្ត​អាច​យក​ទៅ​សាក​ល្បង​លេង​ជាមួយ​មិត្ត​ភ័ក្ត​បាន​ដើម្បីជា​ការ​ល្បង​ប្រាជ្ញា និង​បង្កើន​ចំណេះដឹង​ផ្នែក​គីមីវិទ្យា​ទៀត​ផង។ តើយើង​ត្រូវ​ការ​អ្វី​ខ្លះសម្រាប់​អនុវត្ត​ការពិសោធន៍​នេះ?

ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណ​ដុល្លា​កាន់តែល្អ)  ដង្កៀប ឈើគូសឬដែក​កេះ អំបិល(ប្រសិនបើអ្នក​ចង់​បានភ្លើងពណ៌​ក្រហម) ទឹក និង ​អាល់កុល។

តើអ្នកមាន​របស់​របរ​ដែលត្រូវការខាង​លើ​ហើយឬ​នៅ? បើ​មាន​ហើយ តោះ​យើង​ចាប់​ផ្តើម​ប្រតិបត្តិ​ការរបស់​យើង!

វិធី៖

១- ធ្វើ​ការ​រៀបចំសូលុយស្យុងរវាង​ទឹក​ និង​អាល់កុល។ យើង​ត្រូវ​លាយទឹក​៥០​មីលីលីត្រ និង​អាល់​កុល​ ៥០មីលីលីត្របញ្ចូល​គ្នានៅក្នុង​ចាន​មួយ (អ្នក​អាច​លាយច្រើនជាង​នេះ​បាន​ដោយ​ក្នុង​កម្រិត​ទឹក​៥០% និង​អាល់​កុល​ ៥០%)។

២- ប្រសិន​បើ​អ្នក​ចង់​បាន​ភ្លើង​ឆេះ​ពណ៌​ក្រហម ​អ្នក​ត្រូវ​បន្ថែម​អំបិល​បន្តិច​ទៅ​ក្នុង​សូលុយស្យុង​ខាង​លើ។ ចំហេះ​ដែល​ឆេះ​ដោយ​អាល់កុល​សុទ្ធ​នោះ​នឹង​មាន​ភ្លើង​ពណ៌​ខៀវ ដូចនេះ​ប្រសិន​បើ​យើង​បន្ថែម​ជាតិ​អំបិលនោះ យើង​នឹង​ទទួល​បាន​ពណ៌​ភ្លើង​ដូចនឹង​ចំហេះ​ធម្មតា។

៣- ជ្រលក់​ក្រដាសប្រាក់ចូលក្នុង​សូលុយ​ស្យុង​ខាងលើ។ ចូរចាំ​ថា អ្នក​ត្រូវ​ជ្រលក់​ប្រាក់​ឲ្យ​សោម​ជោគ​គ្រប់ទី​កន្លែង​ទាំង​អស់។

៤- ប្រើប្រាស់​ដង្កៀប​ដើម្បី​គាប​ក្រដាស​ប្រាក់​ចេញ​ពីសូលុយស្យុង​ និង​ទុក​សម្រាប់​ចាប់​ក្រដាស​ប្រាក់​នៅ​ពេល​ដុត។ ការ​ប្រើប្រាស់​ដង្កៀប​មិនមែនជាការចាំបាច់ប៉ុន្មាន​នោះទេ អ្នកអាច​ប្រើប្រាស់​ដៃ​ផ្ទាល់​ក៏បានដែរ។ ប្រសិន​បើអ្នកប្រើដៃ​ផ្ទាល់ ហើយ​មាន​ភ្លើង​ឆេះ​ដៃ​នោះ សូម​កុំ​មាន​ការ​ស្លន់​ស្លោ អ្នក​គ្រាន់​តែ​រលាស់​ដៃ​ចោល​នោះ ភ្លើង​នឹង​រលត់​ភ្លាម។

៥- ពេល​នេះ​គឺជា​ពេលដុត​លុយ​ហើយ ប្រើ​ប្រាស់​ដែក​កេះ ឬឈើគូសដើម្បី​ដុត​ក្រដាស​ប្រាក់។ នៅពេល​ដែលអ្នក​ដុត អ្នក​នឹងឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធរសន្ធៅ បីដូចជា​ការ​ឆេះលុយ​ពិត​ប្រាកដ​យ៉ាង​ដូចច្នេះ​ដែរ។ ប៉ុន្តែ​ការ​ឆេះ​នេះ គឺ​មិន​ប៉ះ​ពាល់​អ្វី​ដល់​ក្រដាស​ប្រាក់​នោះទេ។

តើវិទ្យាសាស្ត្រ​បកស្រាយ​យ៉ាង​ម៉េចចំពោះ​ការ​ដុត​លុយ​នេះ?

ប្រិតិកម្មចំហេះ​ខាង​លើគឺកើត​ឡើង​រវាង​អាល់កុល និង​អុកស៊ីសែន ដែល​បង្កើត​បានជា​ចំហេះ និង​ពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និង​ទឹក។

C2H5OH(អាល់កុល) + 4 O2 -> 2 CO2 + 3 H2O +​ថាមពល

ដោយសារ​តែ​អាល់កុល​មាន​សំពាធ​ចំហាយ​ខ្ពស់(Vapor Pressure) ធ្វើឲ្យ​អាល់កុលស្ថិត​បរិវេណ​ជុំ​វិញ​ក្រដាសប្រាក់ និង​ទឹក។ នៅពេល​ដែល​ក្រដាស់​ប្រាក់​នោះ​ត្រូវ​បាន​ដុត គឺមានតែអាល់កុល​ប៉ុណ្ណោះ​ដែល​ឆេះ។ សីតុណ្ហភាព​នៃ​ចំហេះ​អាល់កុល គឺ​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ទឹក​ហួត​នោះ​ទេ ហេតុនេះ​ហើយ ក្រដាស​ប្រាក់​នឹង​នៅ​តែ​សើមជោគ​ដដែល ដែល​ជួយ​ការពារ​ក្រដាសប្រាក់​នោះ​គេចផុត​ពី​ចំហេះនេះបាន។ ក្រោយ​ពេល​អាល់កុល​ឆេះ​អស់​ហើយនោះ ភ្លើង​នឹង​រលត់ ដោយ​បន្សល់​ទុកនូវ​ក្រដាសប្រាក់របស់​អ្នក​ឲ្យ​នៅ​ដដែល។

សង្ឃឹមថា​ប្រិយមិត្ត​នឹងចូលចិត្ត​ការពិសោធន៍​មួយនេះ។ ការពិសោធន៍ខាងលើនេះ​មិនត្រឹមតែជា​ការ​កម្សាន្ត​នោះទេ វា​ថែម​ទាំង​ផ្តល់​នូវចំណេះដឹង​វិទ្យាសាស្ត្រ​ទៀត​ផង។​ សូមកុំភ្លេច​ឧស្សាហ៍​ចូលមក​គេហទំព័រគំនិត​ដើម្បី​ទទួល​បានចំណេះដឹង​ល្អៗ​បន្ថែមទៀត។

សំគាល់៖

– ហាម​មិន​ឲ្យយក​មេតាណុល​មកជំនួស​អាល់​កុល​ជា​ដាច់​ខាត​ ព្រោះ​វា​អាច​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់។

-ប្រសិន​បើអ្នក​នៅ​ក្មេងមិន​ទាន់​ពេញវ័យ​នោះ អ្នក​ត្រូវ​មាន​មនុស្ស​ពេញវ័យ​ម្នាក់​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​នៅ​ពេល​អនុវត្ត​ការ​ពិសោធន៍​ខាង​លើ​នេះ។ ត្រូវ​អនុវត្ត​ការពិសោធន៍​នេះនៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​​អោយ​ឆ្ងាយ​ពី​កន្លែងដែលងាយ​ឆាបឆេះ និង​ផ្ទុះ។ ការពិសោធន៍នេះគឺ​មិន​មាន​គ្រោះថ្នាក់​អ្វីនោះទេ ប៉ុន្តែ​ប្រសិន​បើមាន​អ្វី​កើត​ឡើង​ជាយថាហេតុ​ដោយសារ​ការពិសោធន៍​នេះ គេហទំព័រ​គំនិត​នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ឬខូចខាត​ឡើយ។

ឯកសារ៖ www.about.com

Previous articleថ្នាំគ្រាប់វីតាមីនE អាចនឹងបង្កើនគ្រោះថ្នាក់មហារីកប្រូស្តាត
Next articleខួរក្បាលបុរស ខុសពីខួរក្បាលស្រី្ត
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។