Home អនុវត្តន៍ វិធីសាស្ត្រក្នុងការបង្កើនជំនាញគិតពិចារណា

វិធីសាស្ត្រក្នុងការបង្កើនជំនាញគិតពិចារណា

1907

ការចេះគិត​ពិចារណាគឺជា​សមត្ថភាព​ដែល​មិន​អាច​ខ្វះបាន​នៅ​ក្នុង​ ជីវិតប្រចាំថ្ងៃ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ សិល្បៈច្នៃប្រឌិត និង​នៅក្នុង​កិច្ចការជាច្រើនទៀត។ ការគិតពិចារណា ឬក៏វិភាគ​គឺជា​ដំណើរ​ទាញរក​សេចក្តីសន្និដ្ឋានដោយ​ផ្អែក​លើភាព​ជាក់ស្តែងណាមួយ ឬក៏ព័ត៌មាន​ណាមួយ ដើម្បីឲ្យ​អ្នក​ធ្វើការ​សម្រេចចិត្តថា​តើ​ត្រូវ ឬគួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មានឡើង​នេះ។ ការគិតពិចារណា​អាច​យក​ទៅ​អនុវត្ត​ទៅលើ​ការ​អាន​អក្សរ​សិល្ប៍ ដោះស្រាយ​លំហាត់​គណិត ឬ​ក៏សិក្សាប្រវត្តិ​វិទ្យាជា​ដើម។ វា​តម្រូវ​ឲ្យមាន​ការ​ប្រមូល​រាល់​នូវ​ភស្តុតាង​ដែលមាន​តាម​រយៈការ​សង្កេត ដើម្បីអាច​ធ្វើការ​សម្រេច​ចិត្ត​ធ្វើការ​សនិ្នដ្ឋាន​ដ៏​ត្រឹម​ត្រូវ​មួយ។ ការចេះគិតពិចារណា​គឺ​មាន​ប្រយោជន៍ណាស់​សម្រាប់​គ្រប់​ជំហ៊ាន​នៃ​ជីវិត​ទាំង​អស់ ហើយ​វា​ជា​គំនិត​ល្អ​មួយ​ប្រសិន​បើ​អ្នក​ចង់​បង្កើន​សមត្ថភាព​ផ្នែក​នេះ។ ដូចនេះ ថ្ងៃនេះ «គំនិត»សូម​លើក​យក​នូវ​វិធីសាស្ត្រ​មួយចំនួន​ក្នុង​ចំណោម​វិធីសាស្ត្រ​ជាច្រើន​មក​ចែក​ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន។

១-ប្រមូល​អារម្មណ៍ឲ្យ ​បាន​មូល

ការ​ដែលមាន​អារម្មណ៍ស្ងប់​ និង​មូលគឺជា​ផ្នែក​មួយ​ដ៏សំខាន់​សម្រាប់​ការគិត​ពិចារណា​នៅក្នុង​គ្រប់​ស្ថានការណ៍​និង​កាលៈទេសៈ។ អ្ន​ក​អាច​រៀន​ធ្វើ​ឲ្យ ​អារម្មណ៍​ខ្លួន​ឯង​មូល​បាន​តាម​រយៈវិធីជា​ច្រើន។ ក្នុង​នោះមានដូចជា​ជ្រើស​រើស​សៀវ​ភៅ​ប្រលោមលោក​ដែល​ស្មុគស្មាញ​ ឬក៏រឿង​អ្វី​មួយ​ដែល​អ្ន​ក​មិន​សូវ​ចូលចិត្ត។ ប្រសិន​បើអ្នក​អាច​យក​ឈ្នះ ដោយ​ការចង​ចាំថា​តើ​មាន​ហេតុការណ៍​សំខាន់ៗអ្វីខ្លះ​កើតមាននៅក្នុង​សៀវភៅនោះ សមត្ថភាព​ការ​ប្រមូល​អារម្មណ៍​របស់អ្នក​នឹង​មាន​ការ​រីកចម្រើន។ ក្រៅ​ពី​នេះ ដើម្បី​បង្កើនសមត្ថភាព​នេះ​ឲ្យ​កាន់​តែល្អ​នោះ ត្រូវ​អនុវត្ត​វា​ឲ្យបាន​ញឹកញាប់ ដាក់​ចេញ​នៅ​គោល​ដៅ​មួយ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​សម្រេច​តាម​កាល​កំណត់។

២-ផ្អែកទៅលើ​ភាព​ជាក់​ស្តែង

ការគិតពិចារណា​គឺ​ផ្អែក​ទៅលើ​ភាពជាក់ស្តែង​ជាជាង​គំនិត​ផ្ទាល់​ខ្លួន​របស់អ្នក។ វា​ទាក់ទង​ទៅ​នឹង​ការ​ប្រមូល​ផ្តុំ​ភាពជាក់ស្តែង  ​ភស្តុតាង​ និង​ព័ត៌មានដែលអ្នក​មាន​ ហើយប្រើប្រាស់​វា​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត។ ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ស្ថាន​ការណ៍​ដែល​អ្នក​កំពុងតែ​ស្ថិតនៅ។ កត់ត្រា​រាល់​ស្ថានភាព និង​ភស្តុតាង​ដែលគិតថា​ពាក់ព័ន្ធ ឬ​មិនពាក់ព័ន្ធ។ នៅពេលខ្លះ ហេតុការណ៍ដែល​អ្នកគិត​ថា​មិន​សូវ​ជាសំខាន់អាច​ក្លាយ​ទៅចំនុច​មួយ​ដែល​ចាំបាច់​ទៅវិញ។

៣-គ្រប់គ្រងអារម្មណ៍

អារម្មណ៍របស់អ្នកមានចំពោះស្ថានការណ៍ណាមួយអាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​យល់ឃើញ​របស់អ្នក។ ហើយ​ទង្វើ​នេះ​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ការគិត​ពិចារណារបស់អ្នកទទួល​រង​នូវ​ការ​ប៉ះពាល់​ផងដែរ។ ធ្វើការវិភាគ​ទៅលើ​អារម្មណ៍​របស់អ្នកដើម្បីឲ្យ​ដឹង​ថា​ ហេតុអ្វីបានជា​អ្នក​មាន​អារម្មណ៍យ៉ាងនេះ​ទៅលើ​ស្ថាន​ការណ៍​នោះ​ ឬក៏​បញ្ហានោះ? ប្រសិន​បើអ្នក​អាច​ទប់​ស្កាត់​ អារម្មណ៍​ ដោយ​មិន​ឲ្យ ​ប៉ះពាល់​ដល់ការ​សម្រេចចិត្ត​នោះនឹង​ធ្វើឲ្យ​សមត្ថភាពការគិតពិចារណា​របស់​អ្នក​មានភាព​កាន់តែ​ប្រសើរ។

៤-ធ្វើការវិភាគ​ព័ត៌មាន​ដែលអ្នកទទួលបាន

ប្រភព​ព័ត៌មានគឺមានសារៈសំខាន់ណាស់ក្នុង​ការសម្រេចចិត្តថាព័ត៌មានដែលអ្នកកំពុងតែអាន​នោះ​មាន​ភាព​ត្រឹមត្រូវ​នោះ។ តើ​ប្រភព​ព័ត៌មាននោះមក​ពីណា? តើស្ថាប័នដែលជាអ្នកបោះពុម្ភនោះគួរឲ្យទុកចិត្តបានដែរឬទេ? តើព័ត៌មាន​នោះបោះពុម្ភផ្សាយយូរហើយឬនៅ? តើអ្នកអាច​រក​ព័ត៌មាននេះពីប្រភពផ្សេងដែរឬទេ? សំណួរទាំង​នេះ​អ្នក​គួរតែ​យក​មក​គិតពិចារណា​មុន​នឹង​ធ្វើការ​វាយ​តម្លៃ​ទៅ​លើ​ព័ត៌មាន ឬក៏ឯកសារណាមួយ។  ត្រូវ​ស្វែង​រកព័ត៌មាន​ដែលដូចគ្នា ឬស្រដៀងគ្នា​ពីប្រភព​ផ្សេងៗឲ្យបានច្រើន មុននឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិច្ឆ័យ​ទៅលើ​ព័ត៌មានទាំងនោះ។

៥- គួរ​យល់ដឹងខ្លះ​ៗទាក់ទង​នឹង​មូលដ្ឋាន​គ្រឹះស្ថិតិ

ប្រសិនបើអ្នកទទួល​ព័ត៌មាន​ថា​នៅសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន​១០បានកើតឡើង​នៅ​លើ​ផ្លូវជាតិ។ តើ​នេះ​មាន​ន័យ​យ៉ាងម៉េចទៅ? ដើម្បីឲ្យ ​ស្ថិតិនេះមាន​ន័យ វាពិតជាសំខាន់ណាស់​ដែលយើង​ត្រូវដឹង​អំពី​ចំនួនគ្រោះថ្នាក់​នៅលើ​ផ្លូវនេះ​នៅក្នុងសប្តាហ៍នីមួយៗនៃខែមុន ឬក៏ឆ្នាំមុន ឬក៏ទស្សវត្សមុនដើម្បីឲ្យយើង​ដឹងថាតើ​អត្រា​នៃ​គ្រោះ​ថ្នាក់បាន​ថយ​ចុះ​ឬក៏អត់។ ក្រៅពី​នោះ នៅ​ពេលខ្លះ តួរលេខ​ទាំងនេះអាចធ្វើឲ្យ​យើង​មាន​ការ​ភ័ន្ត​ច្រឡំផង​ដែរ ឧទាហរណ៍​ក្នុង​កំឡុង​ពេលរដូវ​បុណ្យ​ទៀន អត្រានៃគ្រោះ​ថ្នាក់​អាច​មានចំនួន​កើន​ឡើង ដោយសារ​តែ​មាន​ប្រជាជន​ធ្វើដំណើរ​ច្រើន។ ដូចនេះ​អ្នកត្រូវតែគិត​ពិចារណាអំពីករណីនេះ​ផងដែរដោយ​ធ្វើការ​ប្រៀប​ហេតុការណ៍មួយទៅ​នឹង​ហេតុការមួយទៀត។

៦- ព្យាយាម​អនុវត្ត

អ្នកនយោបាយចក្រភពអង់គ្លេសមួយរូបបាននិយាយថា “គិត គិត​ គិត! វា​នឹង​ធ្វើឲ្យ​អ្នក​ធុញ​ទ្រាន់​យ៉ាងខ្លាំងនៅពេលចាប់​ផ្តើម ប៉ុន្តែ​អ្នកនឹង​ទម្លាប់​ធ្វើ​ដូចនេះ”។

៧-កុំបារម្មណ៍​ប្រសិនបើការគិតពិចារណាច្រើនធ្វើឲ្យអ្នកមាន​ការ​ភ័ន្តច្រឡំ

ជីវិត​តែង​ជួបបញ្ហា។ អ្នកទស្សនៈវិទូរក្រិចសូក្រាត​បាន​និយាយ​ថា “ការភ័ន្តច្រឡំគឺជា​ចំនុចចាប់ផ្តើម​នៃ​ភាព​ថ្កុំថ្កើន”។

៨-ហេតុអ្វី?

ចូរចាំថា ការគិតពិចារណាគឺបញ្ចប់​ដោយសំណួរ “ហេតុអ្វី?”។ ពាក្យថា”ហេតុអ្វី” គឺជា​ពាក្យដែលមាន​ឥទ្ធិពល​បំផុត។ ត្រូវសួរសំណួរ “ហេតុអ្វី?”គ្រប់ពេលទាំងអស់ ។ ហេតុអ្វីបានជា​គាត់​សរសេររឿងនេះឡើងនៅក្នុង​កាសែតមួយនេះ? ហេតុអ្វីបានជា​អ្នកនយោបាយរូបនេះលើកឡើង​ពីឃ្លានេះ? ហេតុអ្វីបានជា​អ្នកនិពន្ធរូបនេះប្រើប្រាស់ពាក្យស្លោក​មួយនេះ មិន​ប្រើ​ឃ្លាផ្សេង? ហេតុអ្វីបានជាគាត់សម្រេចចិត្តបែបនេះ? ហេតុអ្វីបានជាខ្ញុំ​សួរនូវសំណួរទាំងនេះ?

ឯកសារយោង៖

http://www.rogerdarlington.co.uk/thinking.html

http://www.ntlf.com/html/lib/suppmat/103chap7.pdf

http://www.criticalthinking.org/articles/sts-ct-everyday-life.cfm