វិធីសាស្ត្រនៃការដោះស្រាយបញ្ហានៅកន្លែងធ្វើការក្នុងនាមជាអ្នកគ្រប់គ្រង

5131

ក្នុងនាមជាអ្នកគ្រប់គ្រង ពិតណាស់ដែលអ្នកត្រូវចេះវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ បើសិនជាបញ្ហានោះបានកើតឡើងនៅក្នុងអង្គភាពហើយអ្នកនៅក្រោមបង្គាប់របស់អ្នកមិនអាចដោះស្រាយបានទេ ចង់ឬមិនចង់អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យបានសម្រេចដោយមានប្រសិទ្ធភាព តម្លាភាពនិងត្រឹមត្រូវថែមទៀតផង។

មនុស្សភាគច្រើនពេលជួបប្រទះបញ្ហា គេតែងមានភាពភ័យខ្លាច រួចហើយក៏គេចវេសមិនព្រមរកដំណោះស្រាយ។ មួយវិញទៀតគេតែងរកដំណោះស្រាយចំពោះបញ្ហានោះភ្លាមៗដែលវាជាកំហុសមួយព្រោះគេមិនបានសិក្សាស្វែងយល់ពីឬសគល់នៃបញ្ហានោះឲ្យបានជាក់លាក់។ ជាពិសេសគេចូលចិត្តបន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានឡើង។ អ្នកត្រូវចាំថាបញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័នព្រោះថា បើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។

បញ្ហាពិបាកឬងាយស្រួលក្នុងការដោះស្រាយអាស្រ័យលើបទពិសោធន៍ ចំណេះដឹង ភាពវ័យឆ្លាត និងភាពបត់បែននៃនិយោជកនោះមានដល់កម្រិតណា។ ស្របពេលដែលអ្នកចង់បានការរពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងការដោះស្រាយបញ្ហានៅកន្លែងការងារ គំនិតនឹងលើកយកវិធីសាស្រ្តជាជំហានៗដែលគេតែងប្រើក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ៖

១. កត់សម្គាល់បញ្ហា ៖

 អ្នកត្រូវសិក្សាស្វែងយល់ពីឫសគល់បញ្ហាឲ្យបានច្បាស់លាស់ដោយអ្នកអាចបំបែកបញ្ហាជាផ្នែកតូចៗ។ ប៉ុន្តែអ្នកមិនត្រូវផ្តោតអារម្មណ៍តែលើបញ្ហានោះទេ ផ្ទុយមកវិញអ្នកត្រូវផ្តោតអារម្មណ៍លើដំណោះស្រាយព្រោះថាកាលណាក្នុងខួរក្បាលអ្នកគិតតែពីបញ្ហានោះអ្នកនឹងមានតែគំនិតអវិជ្ជមានហើយមិនអាចមើលឃើញដំណោះស្រាយដែលមានសក្តានុពលនោះឡើយ។ អ្នកអាចប្រើវិធីសួរនាំខ្លួនឯងឬអ្នកដទៃនូវសំណួរថា “ហេតុអ្វី?” ឲ្យបានច្រើនដង ព្រោះវាអាចឲ្យអ្នកដឹងពីចម្លើយពិតប្រាកដនៃបញ្ហារបស់អ្នកបាន។

២.​ ស្វែងយល់ពីតម្រូវការម្នាក់ៗ

អ្នកមិនត្រូវបំភ្លេចចោលតម្រូវការរបស់អ្នកដែលពាក់ព័ន្ធជាមួយបញ្ហានោះនោះទេ។ ដំណោះស្រាយដែលល្អបំផុតគឺធ្វើយ៉ាងណាអាចបំពេញចិត្តរបស់មនុស្សទាំងអស់នោះបានកាន់តែច្រើនកាន់តែល្អ។ ប៉ុន្តែអ្នកត្រូវប្រាកដថាដំណោះស្រាយរបស់អ្នកគឺគេសុទ្ធតែអាចទទួលយកបានទាំងអស់គ្នា ហើយវាជាដំណោះស្រាយដែលល្អនិងត្រឹមត្រូវ។

៣. កត់ត្រាដំណោះស្រាយតាមដែលអាចធ្វើបាន

ដូចដែលយើងបានសិក្សាពីតម្រូវការរបស់មនុស្សម្នាក់ៗរួចហើយ យើងឃើញថាដោយសារតែមនុស្សម្នាក់ៗតែងមានតម្រូវការខុសៗគ្នា ហេតុនេះអ្នកអាចកត់ត្រានូវតម្រូវការទាំងអស់ភ្ជាប់មកជាមួយដំណោះស្រាយផ្សេងៗគ្នាដែលអាចតម្រូវតាមចិត្តរបស់គេម្នាក់ៗ។ មួយវិញទៀតបើអ្នកគិតថាដំណោះស្រាយទាំងអស់នោះនៅមិនទាន់គ្រប់គ្រាន់ឬមិនទាន់ល្អបំផុតទេ អ្នកអាចជួបពិភាក្សាជាមួយបុគ្គលិកនិងអ្នកគ្រប់គ្រងឯទៀតដើម្បីទទួលបានបែបបទនៃការដោះស្រាយបញ្ហាថ្មីៗនិងកាន់តែមានប្រសិទ្ធភាពទ្វេឡើង។ ម្យ៉ាងទៀត អ្នកអាចសម្រាកបន្តិចហើយផ្លាស់ប្តូរពីការគិតដែលកាន់តែជ្រៅទៅៗទៅជាការគិតផ្លូវថ្មីមួយទៀត។ ថាមិនត្រូវអ្នកអាចបានដំណោះស្រាយដែលកាន់តែល្អក៏ថាបាន។

៤. វាយតម្លៃជម្រើសទាំងអស់

អ្នកត្រូវតែស្មោះត្រង់ ព្រោះថាការវាយតម្លៃនូវដំណោះស្រាយដែលរកបានមិនអាចទោរទន់ទៅរកមនោសញ្ចេតនា ចំណង់ចំណូលចិត្ត ឬភាពពេញចិត្តនិងមិនពេញចិត្តរបស់ខ្លួនអ្នកឬនរណាម្នាក់នោះទេ។ អ្នកត្រូវវាយតម្លៃតាមភាពជាក់ស្ដែងចំពោះគុណវិបត្តិនិងគុណសម្បត្តិរបស់ដំណោះស្រាយនោះ ព្រមទាំងបែងចែកវាទៅតាមលក្ខខណ្ឌតិចឬច្រើននៃគុណវិបត្តិនិងគុណសម្បត្តិរបស់វារៀងៗខ្លួន។

៥. ជ្រើសរើសជម្រើសមួយឬច្រើន

អ្នកត្រូវជ្រើសរើសជម្រើសមួយឬច្រើនដែលល្អបំផុត ផ្តល់គុណវិបត្តិតិចបំផុត ព្រមទាំងមានគុណសម្បត្តិច្រើនជាងគេ។ អ្នកអាចប្រើវិធីចងដំណោះស្រាយល្អៗដែលមានច្រើនក្នុងចង្កោមតែមួយដែលយើងគិតថាវាអាចយកទៅអនុវត្តដំណាលគ្នាបាន។ ឧទាហរណ៍ថាអ្នកចង់ពង្រីកអាជីវកម្មលក់សម្លៀកបំពាក់ដែលអាជីវកម្មចាស់លក់តែសម្លៀកបំពាក់សម្រាប់យុវវ័យ។ នៅពេលដែលអ្នកគិតថាអ្នកនឹងពង្រីកស្រាប់តែមានមតិជំទាស់ខុសៗគ្នាជាច្រើនពីនិយោជិកថាចង់ផ្លាស់ប្តូរការលក់សម្លៀកបំពាក់នោះទៅជារបស់កូនក្មេងផង យុវវ័យផង វ័យចំណាស់ផង។ ដោយឡែកសម្រាប់ដំណោះស្រាយរបស់អ្នក អ្នកអាចចងដំណោះស្រាយចំពោះបញ្ហានេះទៅជាការលក់សម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យដោយដាក់វាទៅតាមជាន់និងវ័យនីមួយៗផ្សេងៗគ្នា។

៦. សម្រេច ផ្សព្វផ្សាយ និងអនុវត្ត

បន្ទាប់ពីអ្នកបានជ្រើសរើសយកជម្រើសមួយឬច្រើនរួចមកហើយ អ្នកត្រូវតែប្រកាសប្រាប់ដល់អ្នកឯទៀតឲ្យពួកគេបានដឹងព្រមទាំងវាស់ស្ទង់ពីភាពពេញចិត្តរបស់គេម្នាក់ៗ និងចាត់វិធានការអនុវត្តដំណោះស្រាយនោះ។ បើអ្នកបានអនុវត្តដំណាក់កាលខាងលើបានល្អ នោះមកដល់ដំណាក់កាលនេះអ្នកនឹងមិនជួបប្រទះការប៉ះទង្គិចឡើយ។

៧. គ្រប់គ្រងដំណើរការនិងមានផែនការណ៍បម្រុង

ក្រោយពីអនុវត្តន៍ដំណោះស្រាយហើយ អ្នកមិនអាចទុកវាចោលនោះទេ អ្នកត្រូវតែគ្រប់គ្រងនិងតាមដានដំណើរការនោះឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការថ្លោះធ្លោយដោយប្រការណាមួយ។ អ្នកត្រូវប្រាកដថាដំណើរការរបស់អ្នកប្រព្រឹត្តទៅបានល្អនិងអាចគ្រប់គ្រងភាពរអាក់រអួលបានទាន់ពេលវេលា។ មួយវិញទៀតអ្នកមិនត្រូវភ្លេចផែនការណ៍បម្រុងទេក្នុងករណីដែលដំណោះស្រាយនោះមិនទៅតាមអ្វីដែលអ្នកចង់បាន ហើយអ្នកក៏អាចបកទៅរកជំហានទីមួយបានដែរបើដំណោះស្រាយរបស់អ្នកគ្មានប្រសិទ្ធភាព។

បញ្ហាជាមិនមែនជារឿងគួរឲ្យខ្លាចនោះទេ។ វាគ្រាន់តែបង្ហាញប្រាប់អ្នកថាស្ថានភាពបច្ចុប្បន្នរបស់អ្នកខុសប្រក្រតីតែប៉ុណ្ណោះ ហើយអ្នកត្រូវរកវិធីផ្សេងមកប្រើជំនួសវិញ។

Previous articleចង់បើកអាជីវកម្មមែនទេ? ទាំងនេះជាអ្វីដែលអ្នកត្រូវតែធ្វើ!
Next articleឱកាសចុះ​កម្ម​សិក្សា​ជាមួយ​គំនិត
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។