spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារវិធីសាស្ត្រ៣យ៉ាងក្នុងការបម្រើសេវាកម្មអតិថិជនប្រកបដោយភាពច្នៃប្រឌិត

វិធីសាស្ត្រ៣យ៉ាងក្នុងការបម្រើសេវាកម្មអតិថិជនប្រកបដោយភាពច្នៃប្រឌិត

-

មនុស្សមួយចំនួនប្រហែលជាគិតថាការបម្រើសេវាកម្មអតិថិជន​គឺជាការងារដែលងាយស្រួលណាស់ ហើយមានមនុស្សមួយចំនួនទៀតក៏មិនសូវជាឲ្យតម្លៃការងារនេះដែរ ប៉ុន្តែអ្វីដែលពួកគេមិនបានគិតនោះគឺសេវាកម្មអតិថិជន ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជម្រុញឲ្យ​អាជីវកម្មនីមួយៗអាចដំណើរការបានដោយមានអតិថិជនគាំទ្រនិងពេញចិត្តច្រើនហើយវាក៏ជាផ្នែកមួយដែលជួយបង្កើនចំណូលសម្រាប់អាជីវកម្មផងដែរ​។ សម្រាប់អ្នកដែលបំពេញការងារនៅក្នុងវិស័យនេះ ឬ ពាក់ព័ន្ធនឹងវិស័យនេះ គាត់ប្រាកដជាយល់ច្បាស់ថាការងារនេះមិនមែនជាការងារដែលងាយស្រួលនោះទេ ព្រោះគាត់ត្រូវប្រឈមនិងដោះស្រាយបញ្ហាជាច្រើនសម្រាប់អតិថិជន លើសពីនេះទៅទៀត អតិថិជនមានច្រើនប្រភេទណាស់ដែលតម្រូវឲ្យគាត់ត្រូវចេះបត់បែនកាយវិការ ពាក្យសម្តី និងវិធីសាស្ត្រឲ្យស្របទៅតាមកាលៈទេសៈដើម្បីផ្តល់នូវដំណោះស្រាយល្អមួយសម្រាប់អតិថិជន​។

ជាការពិតណាស់ នៅក្នុងពេលបម្រើសេវាកម្មអតិថិជន រមែងតែជួបប្រទះនឹងបញ្ហាថ្មីៗជាច្រើន ដូចនេះសម្រាប់អ្នកដែលធ្វើការក្នុងផ្នែកមួយនេះ តម្រូវឲ្យចេះពីវិធីសាស្ត្រដោះស្រាយបញ្ហា និងទំនាក់ទំនងជាមួយអតិថិជនបែបណាដើម្បីផ្តល់សេវាកម្មដ៏ល្អមួយដែលអតថិជនពេញចិត្តនិងត្រលប់មកម្តងទៀត។  ខាងក្រោមនេះគឺជាវិធីសាស្រ្ត៣យ៉ាងដែលអាចជួយឲ្យអ្នកបម្រើសេវាអតិថិជនប្រកបដោយភាពច្នៃប្រឌិត ៖

១.​ បង្កើតការគិតដែលល្អសម្រាប់អតិថិជន​

សាកស្រមៃពីហាងដែលអ្នកពេញចិត្តជាងគេមើល  ហើយសាកសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំពេញចិត្តហាងនេះ, ចម្លើយដែលអាចមាននោះគឺមកពីហាងនេះធ្វើឲ្យអ្នកមានអារម្មណ៍ល្អ មានផលិតផលល្អ ឬដោយសារតែអ្នកពេញចិត្តនឹងសេវាកម្មនៅកន្លែងនោះនិងហេតុផលផ្សេងៗមួយចំនួនទៀត។ ក្នុងចំណុចនេះ អ្នកត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ល្អចំពោះអាជីវកម្មរបស់អ្នក ដូចដែលអ្នកមានអារម្មណ៍ល្អទៅកាន់ហាងដែលអ្នកពេញចិត្តអញ្ចឹងដែរ, មុននឹងអាចធ្វើបែបនេះអ្នកត្រូវតែយល់អំពីតម្រូវការរបស់អតិថិជនអ្នកជាមុនសិន។​ ជាទូទៅ តម្រូវការអតិថិជនបែងចែកជា២ ទីមួយគឺតម្រូវការពិត (Rational Need) និងទីពីរគឺតម្រូវការផ្លូវចិត្ត (Emotional Need)​។ ការយល់ពីតម្រូវការទាំង២នេះពិតជាសំខាន់ណាស់ ប៉ុន្តែតម្រូវការផ្លូវចិត្តគឺសំខាន់ជាងតម្រូវការពិតទៅទៀត ព្រោះថាប្រសិនបើអតិថិជនមានអារម្មណ៍មិនល្អចំពោះសេវាកម្មរបស់អ្នកហើយ ទោះបីជាផលិតផលរបស់អ្នកល្អយ៉ាងណាក៏ដោយ មិនប្រាកដថាអតិថិជននោះនឹងមកម្តងទៀតទេដោយសារតែគាត់បានទទួលបទពិសោធន៍មិនល្អជាមួយហាងរបស់អ្នករួចទៅហើយ ពេលនោះការគិតរបស់គាត់ចំពោះហាងអ្នកប្រាដកជាមិនល្អ ទេ ។

ហើយអ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជនមានមានអារម្មណ៍ល្អចំពោះអ្នកពេលជួប ឬ ពេលទទួលបានសេវាកម្មលើកដំបូង​។ប្រសិនបើអ្នកអាចធ្វើវាបាន ប្រាដកណាស់អតិថិជននោះនឹងត្រលប់មកម្តងទៀត ដោយសារតែគាត់ទទួលបានបទពិសោធន៍ល្អតាំងពីដំបូង ហើយគាត់ប្រាកដជាសន្មត់ថាហាងរបស់អ្នកជាហាងមួយដែលមានសេវាកម្មអតិថិជនល្អ។ មួយវិញទៀត អ្នកមិនគួរធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចាំយូរពេកនោះទេ ព្រោះថាអតិថិជនស្អប់ការរង់ចាំណាស់។ ដូចនេះកំឡុងពេលដែលអតិថិជនកំពុងរង់ចាំអ្នកគួរស្វែងរកវិធីណាក្នុងការកំដរអារម្មណ៍គាត់ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាយូរ  ដូចជាចាក់ចម្រៀង ឬ ផ្តល់ជាសៀវភៅ កាសែត ឬ ទស្សាវដ្តីសម្រាប់ភ្ញៀវអាន ហើយអ្នកគួរតែផ្តល់ពត៌មានឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងពេលវេលាដែលគាត់ត្រូវរង់ចាំ។ ការធ្វើបែបនេះមានន័យថាអ្នកកំពុងតែធ្វើឲ្យអតិថិជនមានអារម្មណ៍និងការគិតវិជ្ជមានមកកាន់ហាង ឬ សេវាកម្មរបស់អ្នកហើយ។​

២. បង្កើនការយល់ដឹងពីសេវាកម្មរបស់អ្នក

តើអ្នកដែលភ្លេចថាមានភ្ញៀវដែលនៅចាំអ្នកផ្តល់សេវាកម្មឲ្យទេ​?

បើសិនជាធ្លាប់ អ្នកគួរតែស្វែងរកវិធីដើម្បីលុបកំហុសនេះចោល  ព្រោះប្រសិនបើអតិថិជននោះមានអារម្មណ៍មិនល្អ អ្នកច្បាស់ជាមានបញ្ហាមិនខាន។ ដើម្បីលុបចោលកំហុសមួយនេះ អ្នកគួរតែធ្វើការកត់ចំណាំនៅលើក្រដាសតូចមួយ ហើយដាក់នៅទីកន្លែងណាដែលអ្នកងាយនឹងមើលឃើញដើម្បីរំលឹកអ្នកនូវអ្វីដែលអ្នកភ្លេច។ មួយវិញទៀតអ្នកគួរតែផ្លាស់ប្តូរសកម្មភាពធ្វើការឲ្យបានញឹកញាប់ មានន័យថាអ្នកមិនគួរផ្តោតតែទៅលើការងារតែមួយផ្នែកហើយមិនខ្វល់ពីការងារផ្សេងនោះទេ ព្រោះអ្នកនឹងភ្លេចការងារផ្សេងទៀតដែលអ្នកត្រូវធ្វើ។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវធ្វើការច្រើនក្នុងពេលតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យលទ្ធផលការងាររបស់អ្នកមិនបានល្អដែលធ្វើឲ្យអតិថិជនមិនពេញចិត្ត។ក្រៅពីនេះ អ្នកគួរតែធ្វើការក្នុងល្បឿនសមស្របមួយ ដោយមិនលឿនពេកនោះទេ ព្រោះពេលខ្លះអ្នកអាចមានកំហុសមួយដែលអ្នកមិនបានចាប់អារម្មណ៍ ដូចនេះអ្នកគួរតែបន្ថយល្បឿនហើយផ្តោតលើគុណភាពសេវាកម្មរបស់អ្នកវិញ។

៣. បង្កើតក្រុមការងារ

ជាការពិតណាស់ នៅពីក្រោយការជោគជ័យធំមួយតែងតែមានក្រុមការងារដែលល្អមួយ  ហើយនៅក្នុងផ្នែកសេវាកម្មអតិថិជននេះក៏តម្រូវឲ្យមានក្រុមការងារល្អដែរ។ ​ដូចនេះអ្នកគួរតែបង្កើតទំនាក់ទំនងល្អក្នុងក្រុមរបស់អ្នក វាក៏ជាផ្នែកមួយដែលសំខាន់ក្នុងការជួយជម្រុញទឹកចិត្តអ្នកក្នុងពេលបំពេញការងារដែរ​។  ដើម្បីឲ្យមានភាពងាយស្រួល អ្នកគួរតែបង្កើតឲ្យមានការជួបជុំក្រុមដើម្បីអនុញ្ញាត្តិឲ្យសមាជិកក្នុងក្រុមចែករំលែកបញ្ហា ចំណេះដឹង​ បទពិសោធន៍ និងដំណោះស្រាយឲ្យគ្នាទៅវិញទៅមក។ ហើយសម្រាប់អ្នកដែលជាអ្នកបំពេញការងារផ្នែកសេវាកម្មអតិថិជន វាពិតជាសំខាន់ណាស់ដែលអ្នកគួរសិក្សាពីការដោះស្រាយបញ្ហាឲ្យសមស្របទៅតាមស្ថានភាព ដូចនេះអ្នកអាចយកអ្វីដែលមិត្តរួមក្រុមចែករំលែកយកមកប្រើប្រាស់បាន។ លើសពីនេះទៅទៀត អ្នកគួរតែលើកទឹកចិត្តគ្នាទៅវិញទៅមក និង​ជួយគ្នាទៅវិញទៅមកនៅពេលដែលជួបប្រទះនឹងបញ្ហា។ នៅពេលដែលអ្នកមានអារម្មណ៍ល្អចំពោះក្រុមការងាររបស់អ្នក អ្នកប្រាកដជាពេញចិត្តនឹងការងារដែលអ្នកកំពុងបំពេញ ពេលនោះហើយដែលអ្នកដឹងថាលទ្ធផលការងាររបស់អ្នកគឺល្អ ដោយសារតែរាល់ការងារដែលអ្នកបំពេញគឺអ្នកធ្វើដោយពេញចិត្ត​និងយកចិត្តទុកដាក់ ហើយជាលទ្ធផលត្រឡប់មកវិញនោះគឺ អតិថិជនដែលអ្នកបានជួបនិងប្រើប្រាស់សេវាកម្មរបស់អ្នកប្រាកដជាទទួលបានបទពិសោធន៍ល្អពីសេវាកម្មរបស់អ្នក។​

សរុបមកវិញ សេវាកម្មអតិថិជនដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវកម្មស្វែងរកចំណូល និងរក្សាអតិថិជនបាន ដូចនេះសម្រាប់អ្នកដែលបំពេញការក្នុងវិស័យនេះគួរតែព្យាយាមស្វែងរកចំណេះដឹងថ្មីៗ ដើម្បីបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធនឹងផ្នែកនេះឲ្យបានច្រើនដែលវាអាចជួយឲ្យអ្នកចេះបត់បែន និងដោះស្រាយបញ្ហាជូនអតិថិជន​បានយ៉ាងលឿននិងទទួលបានការពេញចិត្តពីអតិថិជន។​

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ