spot_img
spot_img
Homeបច្ចេកវិទ្យាវិធីសាស្ត្រ​ក្នុង​ការ​វាស់​ទំហំ​រញ្ជួយ​ដី

វិធីសាស្ត្រ​ក្នុង​ការ​វាស់​ទំហំ​រញ្ជួយ​ដី

-

គ្រោះរញ្ជួយដីអាចកើតមានឡើងដោយស្ទើរតែមិនអាចដឹងទុកមុនបាន ហើយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរួមទាំងអាយុជីវិតមនុស្សជាច្រើនរួចមកហើយក្នុងប្រវត្តិសាស្ត្រ។ ការខូចខាតអាចមានច្រើនឬមានតិចទៅតាមទំហំនៃការរញ្ជួយ។ តើគេវាស់ទំហំឬអានុភាព (magnitude) របស់វាតាមវិធីសាស្ត្រយ៉ាងដូចម្ដេចទៅ?

មានវិធីវាស់ជាច្រើនត្រូវបានបង្កើតឡើង ដោយបូករួមទាំងវិធីបុរាណនិងសម័យថ្មី។ ប៉ុន្តែនៅក្នុងនោះ មានវិធីពីរបែបដែលគេប្រើច្រើនគឺ កម្រិតអានុភាពរ៉ិចទ័រ (Richter Magnitude Scale) និង កម្រិតអានុភាពម៉ូមិន (Moment Magnitude Scale)។

កម្រិតអានុភាពរ៉ិចទ័រ

មាត្រដ្ឋានវាស់ឬវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៤ ដោយអ្នកជំនាញគ្រោះរញ្ជួយដី (seismologist) លោក ឆាល ហ្វ្រេនស៊ីស រ៉ិចទ័រ (Charles Francis Richter) និងលោក បេណូ គូដិនបឺក (Beno Gutenberg) នៃវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា។ កម្រិតរ៉ិចទ័រត្រូវបានប្រើដើម្បីកំណត់អានុភាពដែលការរញ្ជួយដីបានបញ្ចេញ ហើយលទ្ធផលនៃការវាស់គឺជាលេខរវាង 0 រហូតដល់ 10 ដោយប្រើម៉ាស៊ីនមួយឈ្មោះស៊ីសម៉ូក្រាប (seismograph) ឬ ស៊ីសម៉ូម៉ែត្រ (seismometer)។ កម្រិតរ៉ិចទ័រគឺជាកម្រិតលោការីតគោលដប់ ដែលពីមួយកម្រិតទៅមួយកម្រិតមានការកើនឡើងដប់ៗដង (កើនឡើងអំព្លីទុត)។ កម្រិតទី៦ខ្លាំងជាងកម្រិតទី៥ ចំនួន១០ដង, ហើយកម្រិតទី៩ខ្លាំងជាងកម្រិតទី៧ ចំនួន១០០ដង។ ចំណែកឯថាមពលដែលបញ្ចេញដោយការរញ្ជួយដី កើនឡើងពីមួយកម្រិតទៅមួយកម្រិតគឺ ៣១.៧ ដង។

គេក៏អាចសង្កេតការរញ្ជួយដីដោយផ្អែកទៅលើចលនាវត្ថុ ឬសំណង់ផ្សេងៗតាមកម្រិតដូចខាងក្រោម៖

  • 0 – 1.9: អាចចាប់បានតែស៊ីសម៉ូម៉ែត្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងអំពីវាបានទេ។
  • 2 – 2.9: វត្ថុព្យួរអាចយោល ហើយដើមឈើក៏អាចយោលដែរ។
  • 3 – 3.9: អាចប្រៀបបានជាមួយរំញ័ររបស់ឡានត្រាក់ទ័រ។
  • 4 – 4.9: កញ្ចក់បង្អួចអាចបែក, វត្ថុតូចៗឬគ្មានលំនឹងថេរ អាចធ្លាក់ឬដួល។
  • 5 – 5.9: គ្រឿងសង្ហារឹមអាចផ្លាស់ទី, ម្នាងសិលាអាចធ្លាក់។
  • 6 – 6.9: ធ្វើឲ្យខូចខាតដល់សំណង់ដែលសង់បានល្អ, ធ្វើឲ្យបែកបាក់ដល់សំណងសង់មិនបានល្អ។
  • 7 – 7.9: អាគារផ្លាស់ទីចេញពីគ្រឹះ, ប្រេះដី, ធ្លាយទុយោក្រោមដី។
  • 8 – 8.9: ស្ពានបែកបាក់រលំ, នៅសល់តែសំណង់់តែបន្តិចបន្តួច។
  • 9 – លើស៖ ខ្ទេចស្ទើរតែទាំងស្រុង, អាចមើលឃើញចលនារលករំញ័រនៃផ្ទៃដីដោយផ្ទាល់ភ្នែក។

គេកំណត់កម្រិតរ៉ិចទ័របានក្រោយពេលរញ្ជួយដី ហើយនៅពេលដែលអ្នកជំនាញអាចប្រៀបធៀបទិន្នន័យពីស្ថានីយស៊ីសម៉ូក្រាបផ្សេងៗពីគ្នា។

កម្រិតអានុភាពម៉ូមិន

នេះជាកម្រិតមួយក្នុងចំណោមកម្រិតទំនើបនានាដែលត្រូវបានប្រើក្នុងការវាស់ការរញ្ជួយដី។ វាផ្ដល់ភាពច្បាស់លាស់ជាងកម្រិតរបស់លោករ៉ិចទ័រ ហើយអ្នកវិទ្យាសាស្ត្របច្ចុប្បន្នក៏ប្រើប្រាស់វាច្រើនដែរ ជាពិសេសចំពោះការរញ្ជួយដីកម្រិតធំ។

កម្រិតអានុភាពម៉ូមិន ត្រូវបានបង្ហាញដោយលោក ថម ហ៊ែង (Tom Hanks) និងលោក កាណាម៉ូរី ហ៊ីរ៉ូអុ (Kanamori Hiroo) នៅឆ្នាំ១៩៧៩។ កម្រិតម៉ូមិនវាស់ថាមពលដែលបានបញ្ចេញដោយការរញ្ជួយដី ចំណែកកម្រិតរ៉ិចទ័រវាស់កម្ពស់រលករញ្ជួយ (seismic wave)។

ប្រភពយោង៖

  1. http://www.sms-tsunami-warning.com/pages/richter-scale
  2. http://www.geo.mtu.edu/UPSeis/intensity.html
  3. http://earthquake.usgs.gov/learn/topics/measure.php
  4. http://science.howstuffworks.com/nature/natural-disasters/earthquake6.htm
សុវិចិត្រ
សុវិចិត្រhttps://bright8.com/
បច្ចុប្បន្ន​ជា​និស្សិត​អាហារូបករណ៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ក្នុង​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​កុំព្យូទ័រ (2013 - 2017)។ នៅ​គេហទំព័រ​គំនិត វិចិត្រ​មាន​តួនាទី​គ្រប់គ្រង​ដំណើរការ​និង​ការ​រៀបចំ​គេហទំព័រ ព្រម​ទាំង​សរសេរ​អត្ថបទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ។ ដោយ​សារ​ការ​ចាប់​ចិត្ត​នឹង​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ វិចិត្រ​បាន​ចំណាយ​ពេល​ជា​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ទៅ​លើ​ផ្នែក​មួយ​នេះ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ព្យាយាម​សិក្សា​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ក្រៅ​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គេហទំព័រគំនិត វិចិត្រ​ក៏​ជា​បុគ្គលិក​ក្រៅ​ម៉ោង​នៅ​អង្គការ​ក្នុង​ស្រុក​មួយ ធ្វើ​ក្នុង​ផ្នែក Junior Software Developer ហើយ​ក៏​ជា Freelance Web Developer ដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ