វិធីសាស្រ្ត​៦​យ៉ាង​ដើម្បី​ ស្គាល់​ច្បាស់​ពី​ដៃ​គូរ​ប្រជែង​អាជីវកម្ម

2362

ដោយសារទីផ្សារធុរកិច្ចបច្ចុប្បន្នជាទីផ្សារចំហរដែលមានដៃគូរប្រជែងច្រើន វាទាមទារឲ្យមានចំណេះដឹងច្រើនអំពីដែគូរប្រជែង ទាំងអ្វីដែលពួកគេកំពុងធ្វើ និងគម្រោងដែលពួកគេនឹងធ្វើនៅថ្ងៃអនាគត

ការបើកអាជីវកម្ម គឺជៀសមិនផុត ពីមានដៃគូរប្រកួតប្រជែង ហើយការមិនអើពើទៅលើដៃគូរប្រជែងរបស់ខ្លួន គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលអាចប្រៀបដូចជា ការកាត់សរសៃរជើងរបស់ខ្លួនឯងអញ្ចឹង។ជាក់ស្តែង នៅខណៈពេលដែលលោកអ្នកមិនបានចាប់អារម្មណ៍នឹងគូរប្រជែងអាជីវកម្ម ពួកគេអាចនឹងកំពុងតែចាប់យកចំនែកទីផ្សាររបស់លោកអ្នកបន្តិចម្តងៗដោយស្ងាត់ស្ងៀម។ ដូច្នេះហើយប្រសិនបើលោកអ្នកមិនបានយកចិត្តទុកដាក់ទៅលើរឿងទាំងនេះទេ លោកអ្នកច្បាស់ជាមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមួយដែលអាចរក្សាបាននូវអតិថិជនប្រចាំ និង ទទួលបានអតិថិជនអនាគតជាច្រើនទៀតបានឡើយ។ ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតមធ្យមនិងតូច តើអាចធ្វើយ៉ាងណាដើម្បីប្រមូលផ្តុំ និងសិក្សាពីការប្រកួតប្រជែងនៅក្នុងទីផ្សារដែលលោកអ្នកត្រូវការដើម្បីរក្សា ឬពង្រីកចំណែកទីផ្សារនោះ? គំនិតសូមណែនាំនូវវិធីសាស្រ្ត៦យ៉ាង៖

១/ ត្រូវយកចិត្តទុក្ខដាក់លើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ដៃគូរប្រជែងអាជីវកម្ម

លោកអ្នកអាចអានទស្សនាវដ្តីក្នុងស្រុក មើលព័ត៌មាន ស្តាប់វិទ្យុ និងចំណាយពេលមួយចំនួនដើម្បីស្រាវជ្រាវ នៅលើអុីនធឺណិត អំពីព័ត៌មាន ដែលទាក់ទិន នឹង ប្រភេទអាជីវកម្ម ក្នុងវិស័យរបស់លោកអ្នក។ ក្រៅពីការអានអត្ថបទ លោកអ្នកត្រូវយកចិត្តទុកដាក់ ជាពិសេសលើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ  ព្រោះវាបង្ហាញពីអតិថិជនដែលពួកគេផ្តោតទៅលើ ហើយមួយវិញទៀតនោះគឺប្រភេទផលិតផល ឬសេវាកម្ម ដែលពួកគេកំពុងពង្រឹង និងលើកម្ពស់។ ព័ត៌មានទាំងអស់នេះ ពិតជាមានផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នក។

២/ ធ្វើការសង្កេតឲ្យបានទៀងទាត់

ការស៊ើបអង្កេតទៅលើដៃគូរប្រកួតប្រជែងដែលល្អបំផុតតម្រូវឲ្យមានបច្ចុប្បន្នភាព។ ឧទាហរណ៍ ដៃគូរប្រកួតប្រជែងរបស់លោកអ្នកមានហាងលក់គ្រឿងអេឡិចត្រូនិក លោកអ្នកត្រូវតែទៅហាងនោះ ឲ្យបានញឹកញាប់ ដើម្បីបានដឹងអំពី ផលិតផលឬសេវាកម្ម ដែលគេផ្តល់ តម្លៃដែលដាក់ ជាពិសេសនោះ លោកអ្នកនឹងទទួលបានគំនិតបន្ថែមសម្រាប់ការដាក់តាំងផលិតផល។

៣/ សាកសួរមិត្តរបស់លោកអ្នកដែលជាអ្នកធុរកិច្ចដូចគ្នា

លើកក្រោយនៅពេលដែលលោកអ្នកមានកម្មវិធីជួបជុំ លោកអ្នកអាចសាកសួរមិត្តរបស់លោកអ្នកជាលក្ខណៈបុគ្គល ដោយបញ្ចេញឈ្មោះដៃគួរប្រជែងត្រង់ៗ។ ការធ្វើដូចនេះ អាចនឹងឲ្យលោកអ្នកទទួលបានចំណេះដឹងអំពីផលិតផលថ្មីៗដែលនឹងមកដល់ និងបម្លាស់ប្តូរបុគ្គលិករបស់ដៃគូរប្រជែង។ ក្រៅពីនេះ ពេលខ្លះយើងក៏អាចទទួលបានព័ត៌មានថាតើអាជីវកម្មណាខ្លះត្រូវបានសេងបន្តផងដែរ។

 

៤/ សាកសួរអតិថិជនរបស់ពួកគេ

ចំពោះចំណុចនេះ មិនមែនមានន័យថា លោកអ្នកត្រូវឈរនៅមុខហាងរបស់ពូកគេ ហើយចាំសួរអ្នកដែលដើរចេញពីហាងនោះទេ។ តើយើងគួរធ្វើយ៉ាងម៉េចទៅវិញ? អតិថិជនរបស់អ្នកក៏អាចជាអតិថិជនរបស់ដៃគូរប្រជែងរបស់អ្នកផងដែរ។ ដូច្នេះហើយលោកអ្នកអាចស៊ើបសួរពីពួកគាត់បាន។ មួយវិញទៀត លោកអ្នកក៏អាចឆ្លៀតសួរពួកគាត់ នៅពេលដែលបានជួបពួកគាត់នៅក្នុងឱកាសផ្សេងៗទៀត។

ហើយចំពោះការសួរទៀតសោត លោកអ្នកត្រូវតែស្វែងរកចម្លើយដែលមានប្រយោជន៍។ ឧទាហរណ៍ មានអតិថិជនម្នាក់ដែលអ្នកបានសួរ បានឆ្លើយប្រាប់ថា ដៃគួរប្រជែងរបស់លោកអ្នក ផ្តល់សេវាកម្មល្អខ្លាំងណាស់។ ក្នុងករណីនេះ តើអ្នកនឹងបន្តសួរ ឬឈប់? លោកអ្នកត្រូវគិតថា នៅពេលគាត់និយាយបែបនេះ លោកអ្នកមិនទាន់បានព័ត៌មានអ្វីដែលមានប្រយោជន៍នោះទេ ក្រៅពីបានដឹងថាគាត់ពេញចិត្ត យ៉ាងខ្លាំងទៅនឹងសេវាកម្មរបស់ដៃគូរប្រជែងនោះ។ លោកអ្នកត្រូវតែបន្តសួរទៅមុខទៀត ជីកសួរឲ្យបានជ្រៅ ដូចជា តើចំណុចអ្វីខ្លះដែលធ្វើឲ្យអ្នកពេញចិត្តនឹងសេវាកម្មនោះខ្លាំងយ៉ាងនេះ? តាមការគិតរបស់អ្នក តើអ្វីខ្លះដែលពួកគេធ្វើបានល្អ?។ល។

៥/ សាកល្បងប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ពួកគេ

នេះជាវិធីដែលងាយស្រួល និងទទួលបានព័ត៌មានច្បាស់លាស់។ លោកអ្នកនឹងទទួលបានព័ត៌មានថាតើពួកគេមានអ្វីថ្មីខ្លះ និងថាតើពួកគេបំរើអតិថិជនដោយរបៀបណា។ ប្រសិនបើពួកគេមានជាកម្មវិធីសមាជិក ឬ កម្មវិធីអតិថិជនប្រចាំ លោកអ្នកក៏គួរតែចូលរួមផងដែរ ព្រោះវាជាយុទ្ធសាស្រ្តមួយដែលធូរថ្លៃ និងផ្តល់ប្រសិទ្ធភាពខ្ពស់។

៦/ ការប្រើអតិថិជនសម្ងាត់

វិធីសាស្ត្រមួយក្នុងការធ្វើការវាយតម្លៃ និងស្វែងរកកង្វះខាតនៅក្នុងអាជីវកម្ម សេវាកម្ម ឬផលិតផលដែលត្រូវបានគេយកមកអនុវត្តវិធីសាស្ត្រអតិថិជន សម្ងាត់ (Mystery Shopping)។  វិធីសាស្ត្រអតិថិជនសម្ងាត់ គឺជាវិធីសាស្ត្រ មួយដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលព័ត៌មាន សំខាន់ៗសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដោយប្រើប្រាស់អ្នកខាងក្រៅ (អ្នកដែលមិនបម្រើការនៅក្នុងក្រុមហ៊ុន។ ព័ត៌មានដែលបានមកពីអតិថិជនសម្ងាត់គឺត្រូវបានយកមកប្រើប្រាស់ក្នុងការវាយតម្លៃ កែតម្រូវ ដើម្បីពង្រឹងក្រុមហ៊ុន ផលិតផល ឬសេវាកម្ម។