វិធី៦យ៉ាងដើម្បីយកឈ្នះដៃគូប្រកួតប្រជែង

1780

ក្នុងនាម​ជា​ប្រទេស​ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី រាជ​រដ្ឋា​ភិបាល​ផ្តល់សិទ្ធិ​ពេញ​លេញ​ឲ្យ​អាជីវកម្ម​អាច​ប្រកួត​ប្រជែង​គ្នាដើម្បី​ដណ្តើម​បាន​អតិថិជន​គោលដៅ​រៀងៗខ្លួន។ តើធ្វើយ៉ាងណា​ទើប​យើង​អាច​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​អាជីវកម្ម​ផ្សេងបាន? ចូរមើល​វិធី​ខាង​ក្រោម៖

១. ផ្តល់​រង្វាន់​​​ដល់​​អតិថិជន​ដើម្បី​​អាច​រក្សា​ទុក​អតិថិជន​ចាស់​​នៅតែ​ត្រឡប់​មក​ជាវ​ផលិតផល​ឬ​​ប្រើប្រាស់​សេវា​កម្ម​​យើង​សាជាថ្មី​​ជាពិសេស​អតិថិជន​ដែល​ជាវ​ផលិតផល​ឬ​សេវា​កម្ម​​តាំង​ពី​យើង​ចាប់ផ្តើម​ដាក់លក់​។ ម្យ៉ាង​ទៀត​វាគឺ​ជា​នុយ​​ដែល​ដាក់​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី។

២. ពង្រឹង​គុណភាព​ផលិតផល​ឬសេវាកម្ម​របស់​យើង​។ អ្នក​ត្រូវ​ចងចាំថា​មិន​ថា​ផលិតផល​របស់​អ្នក​ស្រស់​ស្អាត​ ងាយស្រួល​ប្រើ​ មាន​តម្លៃថោក​ ឬ​ការ​ផ្សព្វផ្សាយ​ល្អប៉ុណ្ណា​ទេ ប្រសិន​បើ​គុណភាព​របស់អ្នក​មិន​ល្អ​អតិថិជន​នឹង​មិន​រើស​យក​អ្នក​ឡើយឬគេ​អាច​ប្រើតែពេល​ដំបូង​តែប៉ុណ្ណោះ។ ជួនកាល​​អ្នក​ត្រូវ​ដាក់​​តម្លៃ​​​ឲ្យ​ស្រប​​នឹង​គុណភាព​ក៏​ពិតមែន​ ប៉ុន្តែ​បើ​អ្នក​ចង់មាន​ភាព​លេច​ធ្លោ​ជាង​ដៃគូ​ប្រជែង​ សូម​ពិចារណា​ទៅលើ​ចំណុច​នេះ។

៣. បង្កើន​​ផលិតផល​ឬ​សេវាកម្ម​របស់យើង។ ឧទាហរណ៍​​ដូចជា​​ហាង​លក់​សម្លៀក​បំពាក់​អាច​​បន្ថែម​លក់​សម្លៀក​បំពាក់​សម្រាប់​កូនក្មេង​ឬ​សម្លៀក​បំពាក់​បុរស។

៤.​ លើក​ទឹកចិត្ត​អតិថិជន​​​​ឲ្យ​ណែនាំ​​ផលិតផល​​អ្នក​​ទៅកាន់​មិត្តភក្តិ​ គ្រួសារ និង​មិត្ត​រួមការងារ​ដោយ​ផ្តល់​​ក្រដាស​ផ្សព្វផ្សាយ​ឬ​កាត​បញ្ចុះ​តម្លៃ​

៥. ត្រូវ​កំណត់​​លក្ខណៈ​ពិសេស​មួយ​ដែល​ខុសប្លែក​ពី​ផលិតផល​ឬ​សេវាកម្ម​ដទៃ​។ ប្រសិនបើ​អ្នក​បើក​ហាង​អ៊ុតសក់ អ្នក​អាច​បន្ថែម​​សេវាកម្ម​​ដូចជា​កាត់​ក្រចក មាស្សា ឬ​ប្រើប្រាស់​តែ​ផលិតផល​មាន​គុណភាព​ឬ​ម៉ាក​ល្បីៗ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ចំពោះ​អតិថិជន​។

៦. រៀបចំ​គម្រោង​សម្រាប់​ពេល​អនាគត​ដូចជា​ធ្វើ​គម្រោង​សម្រាប់​រក្សា​​ការអភិវឌ្ឍន៍​ផលិតផល​តាម​ការ​និយម​របស់​អតិថិជន។​ ធ្វើ​ដូច្នេះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​កាន់តែ​ងាយស្រួល​ក្នុង​ការអនុវត្តន៍​​ដើម្បី​ឈាន​ចូល​ដល់​ការរីក​ចម្រើន​​។