សំណួរសម្រាប់សួរខ្លួនឯង ដើម្បីស្វែងរកគំនិតអាជីវកម្ម

36
សំណួរសម្រាប់សួរខ្លួនឯង ដើម្បីស្វែងរកគំនិតអាជីវកម្ម

ការចាប់ផ្ដើមអាជីវកម្ម មិនមែនជារឿងងាយស្រួលនោះទេ មិនថាអាជីវកម្មនោះទំហំប៉ុណ្ណាឡើយ ហេតុដូចនេះហើយប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនគឺត្រូវគិតពិចារណា និងរៀបចំផែនការ ព្រមទាំងត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដោយចៀសវាងការចាប់ផ្ដើមតាមគេតាមឯង និងចាប់ផ្ដើមបែបហេងស៊យខ្លាំងពេក ពីព្រោះវាងាយទទួលរងនូវហានិភ័យខ្ពស់។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវដឹងដែរថា មុននឹងអាចចាប់ផ្ដើមអាជីវកម្ម និងអាចរៀបចំផែនការអាជីវកម្មឱ្យមានភាពច្បាស់លាស់បាន លុះត្រាតែអ្នកមានគំនិតអាជីវកម្មមួយដ៏រឹងមាំជាមុនសិនសម្រាប់ខ្លួនឯង។ ហើយដើម្បីអាចមានគំនិតអាជីវកម្មដ៏ល្អមួយសម្រាប់អ្នក វាក៏មានជំហានរបស់វាក្នុងការស្វែងរកផងដែរ។

អ្នកអាចសិក្សាបន្ថែមពីរបៀបជ្រើសរើសគំនិតអាជីវកម្មមួយដ៏ត្រឹមត្រូវតាមរយៈតំណភ្ជាប់នេះ៖ https://kumnit.com/តើធ្វើដូចម្ដេចទើបមាន-គ/

លើសពីនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងផ្ដល់ជាសំណួរមួយចំនួនសម្រាប់អ្នកក្នុងការចោទសួរខ្លួនឯងបន្ថែមទៀត ដើម្បីស្វែងរកគំនិតអាជីវកម្មសម្រាប់ខ្លួនឯងបានកាន់តែជាក់លាក់ ហើយអ្នកជឿជាក់ថាខ្លួនឯងពិតជាអាចយកគំនិតនោះមកដំណើរការបានយ៉ាងពេញលេញស្របតាមការចង់បានរបស់អ្នក។

សំណួរទាំងនោះ រួមមាន៖

  1. តើអ្នកសង្កេតឃើញបញ្ហា ឬកង្វះខាតអ្វីខ្លះសម្រាប់អ្នកផ្ទាល់ និងសម្រាប់សង្គមជាតិ?
  2. ចំពោះបញ្ហាដែលអ្នកបានសង្កេតឃើញ ឬជួបផ្ទាល់នោះ តើអ្នកនឹងមានគំនិតអាជីវកម្មអ្វីខ្លះសម្រាប់ដោះស្រាយ?
  3. តើឧស្សាកម្មអ្វីដែលអ្នកចាប់អារម្មណ៍ក្នុងការចង់ប្រឡូកខ្លាំង? ហេតុអ្វី?
  4. តើអ្នកមានគំនិតអាជីវកម្មអ្វីខ្លះក្នុងការចង់ចាប់ផ្ដើមក្នុងឧស្សាកម្មនោះ?
  5. តើគំនិតអាជីវកម្មមួយណាដែលអ្នកគិតថាអ្នកពេញចិត្តខ្លាំងជាងគេបំផុត? ហេតុអ្វី?
  6. តើនរណាជាក្រុមអតិថិជនគោលដៅរបស់អ្នក?
  7. តើនរណាជាដៃគូប្រកួតប្រជែងសំខាន់ៗរបស់អ្នក?
  8. តើអ្វីជាភាពខ្លាំង ភាពខ្សោយ ឱកាស និងភាពគំរាមគំហែងសម្រាប់គំនិតអាជីវកម្មនោះ?
  9. តើនឹងអាចមានហានិភ័យអ្វីខ្លះដែលធ្វើឱ្យគំនិតអាជីវកម្មរបស់អ្នកមិនអាចដំណើរការបាន? តើអ្នកនឹងត្រៀមដំណោះស្រាយបែបណា?
  10. តើនរណាខ្លះនឹងអាចជួយជ្រោមជ្រែងអ្នកក្នុងការដំណើរការគំនិតអាជីវកម្មនោះ?
  11. តើអ្នកសម្លឹងឃើញអនាគតនៃការចាប់ផ្ដើមលើគំនិតអាជីវកម្មក្នុងរយៈពេល 5ឆ្នាំយ៉ាងដូចម្ដេច? តើវាអាចមានលទ្ធភាពពង្រីកបានកម្រិតណា?