ស្វែង​យល់​ពី​ប្រភព​ថាមពល​នានា

1535

យើងរាល់គ្នាបានដឹងហើយថា​ ថាមពលគឺជា​បេះដូង​សេដ្ឋកិច្ច​របស់​បណ្តាប្រទេសទាំង​អស់​នៅ​លើ​ពិភពលោក​យើង​នេះ។ វា​គឺ​ជា​អ្នក​ដើរតួរ​យ៉ាង​សំខាន់​ក្នុងការ​ធ្វើអោយ​សេដ្ឋកិច្ចជាតិមាន​សកម្មភាព និង​រីកលូតលាស់​ទៅមុខ។ ការកើនឡើងនៃតម្រូវការ​ថាម​ពលនៅ​លើពិភពលោក បាន​ធ្វើអោយ​សកម្មភាព​អភិវឌ្ឍន៍ និង​ការស្វះស្វែងរក​ប្រភព​ថាមពលថ្មីៗ​មាន​ការ​មមារញឹក​យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏​មាន​ការ​ពិភាក្សា​គ្នា​ជាច្រើនអំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ប្រភព​ថាម​ពល​នីមួយៗ។ ខាង​ក្រោមនេះ​គឺជា​ប្រភព​ថាម​ពល​ដែល​ត្រូវ​បាន​គេប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​លោក​នា​ពេលបច្ចុប្បន្ន៖

ហ្វូស៊ីលឥន្ធនៈ

ហ្វូស៊ីល​ឥន្ធនៈ (ប្រេង ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ) គឺ​ជា​ប្រភពថាមពលដែល​មិន​អាច​កើត​ឡើង​វិញ និង​ជា​ប្រភព​ថាម​ពល​​ដែលត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើនជាងគេក្នុងចំណោម​ប្រភព​ថាមពល​ទាំង​អស់ដោយសារ​តែ​វា​មាន​តម្លៃ​ថោក​ជាង​ថាមពល​ដ៏ទៃ​ទៀត។ ទោះបីជាបច្ចុប្បន្ន​នេះ បិរមាណ​ហ្វូស៊ីល​ឥន្ធនៈ​គឺនៅ​មិនទាន់​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ តែ​វាគង់​នឹង​ត្រូវ​បាត់បង់​ទៅ​ថ្ងៃអនាគត។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ហ្វូស៊ី​ឥន្ធនៈគឺជា​ភ្នាក់​ងារ មួយ​ដែល​នាំមុខគេខាង​ផ្នែក​បំពុល​បរិស្ថាន និង​ធ្វើ​អោយ​អាកាសធាតុមាន​ការ​ផ្លាស់​ប្តូរនៅលើ​ពិភព​លោក​យើង​នេះ។

 

 

 

ថាមពល​នុយ​ក្លេអ៊ែរ

ថាមពលនុយក្លេអ៊ែរគឺជា​ប្រភព​ថាម​ពល​មួយ​ដែល​មាន​ការ​ពេញ​និយម​នៅ​ក្នុង​បណ្តាប្រទេស​ជឿនលឿន​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក ជប៉ុន និងបារាំង​-ល-។ វាជា​ប្រភព​ថាម​ពល​ដែល​អាច​ផ្តល់​ថាមពល​បាន​ច្រើន និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយជា​អ្នក​ដែល​ផ្គត់ផ្គង់ថាម​ប្រមាណ៦% នៃ​ថាម​ពល​សរុប​នៅ​លើពិភពលោក។ ប៉ុន្តែ​វា​តម្រូវអោយ​មាន​ការ​គ្រប់​គ្រង​អោយ​បាន​ហ្មត់ចត់​ជា​ទីបំផុត ដោយសារតែ​វត្ថុធាតុដើមរបស់វាគឺអ៊ុយរ៉ាញូម ដែលជា​អង្គធាតុ ​មាន​ធាតុវិទ្យុសកម្ម​ខ្ពស់​ដែល​អាច​ផ្តល់​មហន្តរាយ​ដល់​ជីវិត​មនុស្ស សត្វ​និង​រុក្ខជាតិ។ អ្នកប្រហែលជាបាន​ដឹង​ហើយ​ថា នៅពេលថ្មីៗនេះ (ឆ្នាំ២០១១) ប្រទេសជប៉ុន​បាន​ជួប​នូវ​គ្រោះរញ្ចួយដីកំរិត ៩​រិចស្ទឺ និង​រលក​យក្សស៊ូណាមិ ដែលបាន​បំផ្លាញស្ថានីយរោងចក្រថាមពលនុយ​ក្លេអ៊ែរ​ចំនួន៤​កន្លែងហើយធ្វើ​អោយ​លេច​ធ្លាយ​ធាតុវិទ្យុ​សកម្ម។ ការលេចធ្លាយ​ធាតុ​វិទ្យុសកម្មនេះ ​បាន​ផ្តល់​ការ​គម្រាម​កំហែង​ជីវិត​មនុស្ស​រាប់​លាននាក់​ក្នុង​តំបន់​នោះ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ។

 

ថាមពលដែលបាន​មកពី​ខ្យល់

ខ្យល់ប្រហែលជាអាចជាជម្រើស​មួយ​ដើម្បីទាញ​យក​ថាមពល ហើយ​វាក៏ជា​ថាមពល​ដែល​ប្រើ​មិន​ចេះ​អស់ ឬ​អាច​និយាយ​បាន​ថា​វា​ជា​ថាមពល​កើត​ឡើង​វិញ។ ប៉ុន្តែ​វា​មិនអាចតើតួរ​ជំនួស​ប្រភព​ថាមពល​ដ៏​ទៃ​ទៀត​បាន​ទេ។ ការ​បង្កើត​ថាម​ពល​នេះគឺ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​ខ្យល់ ក្នុង​ការ​​បង្វិល​តួប៊ីន ដើម្បី​ផលិតអគ្គិសនី។ ប៉ុន្តែ​កម្លាំង​ខ្យល់​គឺវាមិន​មាន​ស្ថេរភាពនោះ​ទេ ហើយ​នៅ​ទី កន្លែង​ខ្លះ​កម្លាំង​ខ្យល់គឺ​មាន​ភាព​ខ្សោយ​ដែល​វាមិន​អំណោយផល​ក្នុង​ការ​ផលិតអគ្គិសនីតាម​វិធី​នេះ​បាន។ មិនតែ​ប៉ុណ្ណោះ​ ឧបករណ៍​ផលិត​ថាម​ពល​ចេញ​ពី​កម្លាំង​ខ្យល់​នេះគឺ​មាន​តម្លៃ​ថ្លៃ និង​ត្រូវ​ការ​ដើមទុន​ខ្ពស់​ដើម្បី​ផលិត។ ប៉ុន្តែអ្វី​ដែល​ជា​គុណសម្បត្តិ​របស់​ថាម​ពលនេះ​គឺ វាមិនបំពុល​បរិស្ថាន និង​ធ្វើ​អោយ​ប្រែប្រួល​អាកាសធាតុ​នោះទេ ពោលគឺវា​គឺជា​ថាមពល​បៃតង។

 

 

ថាមពលដែល​បាន​មកពីទឹក

ថាមពលនេះត្រូវ​បាន​បង្កើត​ឡើងដោយ​ប្រើប្រាស់​ចលនាទឹក​ហូរ​ ទឹក​ធ្លាក់ និង​ចលនា​រលកសមុទ្រដើម្បី​ទៅ​បង្វិលតួប៊ីន។ វា​គឺ​ជា​ថាមពល​ដែល​កើត​ឡើង​វិញ ហើយជា​ថាមពល​ដែល​មាន​តម្លៃ​ថោកក្នុង​ការ​ផលិត​ ព្រម​ទាំង​បញ្ចេញឧស្ម័ន​កាបូន​ឌីអុកស៊ីត​តិចតួច​បំផុត​ទៅ​នឹង​បរិយាកាស។ ការ​ទាញ​យក​ថាម​ពល​ពី​ទឹក​ គឺជា​មធ្យោបាយ​ដ៏ល្អ​មួយ​ដោយ​សារ​តែ​វាមាន​សមត្ថភាព​ក្នុង​ការ​ផលិត​អគ្គិសនី​​បាន​ច្រើន និង​ចំណាយទុន​តិចក្នុង​ការ​ដំណើរ​ការ​ និង​ជួសជុល។ ទន្ទឹម​នឹង​គុណ​សម្បត្តិ​ខាង​លើ​នេះ វា​ក៏​មាន​គុណវិបត្តិ​ផង​ដែរ​ដូច​ជា​ វា​ទាម​ទារ​ទំហំ​ដី​ដ៏​ធំធេង​ ដែល​វា​ជា​កត្តា​អាច​នាំ​អោយ​ជីវិត​សត្វ​ត្រូវ​បាត់​បង់​ ឬផុត​ពូជ និង​ធ្វើ​អោយ​លំហូរ​នៃ​ទឹក​មាន​ការ​ប្រែប្រួល។ ក្រៅ​ពី​នេះ ដោយសារ​តែ​មាន​ការ​សាង​សង់​ទំនប់វារី​អគ្គិសនី វា​នឹង​ធ្វើ​អោយ​មាន​ផលប៉ះ​ពាល់​ដល់​ជីវិតសត្វ​ត្រី​នៅ​ទី​នោះ​ផង​ដែរ។

 

 

ក្រៅ​ពី​នេះនៅមាន​ប្រភព​ថាមពល​ផ្សេងៗ​ទៀត​ដូច​ជា ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ(Solar Energy) និង​ថាម​ពល​កំដៅ​ផែនដី(Geothermal Energy) ជាដើម។

Previous articleស៊ូណាមីជា​អ្វី ?
Next articleអ្វី​ទៅ​ជា​អាហារ​សរីរាង្គ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។