ហេតុផលទាំង១៩យ៉ាងដែលអ្នកគួរតែបើកអាជីវកម្មខ្លួនឯង

1542

ភាពភ័យខ្លាច​ដូចជា​ត្រូវ​ជំពាក់​បំណុល​គេ គេង​មិនបាន​គ្រប់គ្រាន់ ឬ​បាត់បង់​ពេលវេលា​ផ្ទាល់ខ្លួន​ជាដើម​អាច​ធ្វើឲ្យ​អ្នក​បោះបង់​ចោល​គំនិត​ចង់បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ខាងក្រោមនេះ​ជា​ហេតុផល​សំខាន់​មួយចំនួន​ដែល​អ្នក​គួរតែ​ជ្រើសរើស​ការធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ជាជាង​ធ្វើការ​ឲ្យគេ៖

១.មាន​ពេល​ទំនេរ

ដំបូង​អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​អាជីវកម្ម​របស់​អ្នកនិង​ទទួល​បាន​កម្រៃ​តិច។ ប៉ុន្តែ​បើ​អ្នក​ធ្វើ​វា​បាន​ត្រឹមត្រូវ អ្នក​អាច​ចាប់ផ្តើម​ស្ទាត់​ជំនាញ​ជាមួយ​ការគ្រប់គ្រង​ពេលវេលានិង​កាលវិភាគ​បាន​យ៉ាងល្អ។

២.មាន​រឿង​ងាយស្រួល​ជជែក​ជាមួយ​អ្នក​ដទៃ

គ្រប់ពេល​ដែល​អ្នក​ប្រាប់​អ្នកដទៃ​ថា ​អ្នកកំពុង​តែ​ធ្វើ​ជំនួញ​មួយ គេ​តែងតែ​​ចង់​ដឹងថា​តើ​អ្នក​ធ្វើអ្វី ធ្វើ​ដោយ​របៀប​ណា និង​វា​ដំណើរការ​ដូចម្តេច​ខ្លះ​។

៣.ហេតុផល​​របស់​អ្នក

ទោះបីជា​ខ្ញុំ​បាន​ផ្តល់​ហេតុផល​ជាច្រើន​ដល់​អ្នក​ថា​ហេតុអ្វី​អ្នក​ត្រូវ​ធ្វើ​អាជីវកម្ម​ក៏​វា​មិន​ដូច​ហេតុផល​ផ្ទាល់​របស់អ្នក​ដែរ។ សំខាន់​អ្នក​ត្រូវ​ច្បាស់​ខ្លួនឯង​ថា​ហេតុផល​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ចង់​មាន​អាជីវកម្ម​ខ្លួនឯង រួច​សរសេរ​វា​ទុកទៅ។

៤.កិត្តិនាម

នៅពេលដែល​អ្នក​កសាង​អ្វីមួយ​បាន​ជោគជ័យ វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ។ ជាការពិត​បើសិន​ជា​អ្នក​ធ្វើការ​ឲ្យ​គេ ហើយ​ការងារ​របស់អ្នក​ទទួលបាន​ជោគជ័យ​អ្នក​នឹង​ពិបាក​ក្នុងការ​មានមោទនភាព​ចំពោះ​ខ្លួនឯងណាស់​មិនដូច​ជំនួញ​របស់​ខ្លួន​ឯង​នោះទេ។ ​

៥.កូនចៅ​ជំនាន់ក្រោយ​របស់អ្នក

បើ​អ្នក​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​នឹងអាច​មាន​លទ្ធភាព​ផ្តល់​ការងារ​របស់អ្នក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់អ្នក​បាន​។ អ្នក​នឹង​មាន​មោទនភាព​ចំពោះ​​វា​ព្រោះ​អ្នក​បាន​បង្កើត​វា​ឡើងមក។

៦.ហានិភ័យ​ការងារ

តើ​អ្នក​ធ្លាប់​ភ័យខ្លាច​ចំពោះ​ការបាត់បង់​ការងារឬ​​ត្រូវបាន​គេ​បណ្តេញ​ចេញ​ដែរ​ទេ​? បើអ្នក​ធ្លាប់ អ្នក​គួរតែ​ឈប់​ព្រួយទៅ​។ អ្នក​អាច​ជ្រើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង ធ្វើជា​ម្ចាស់​ដោយ​ខ្លួនឯង។ បើ​អ្នក​មាន​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន អ្នក​នឹង​មិនបាច់​បារម្ភ​ទេថា​នឹង​អាច​មាន​អ្នក​​មកដេញ​អ្នក​ចេញ​។

៧.បណ្តាញ​ការងារ  

មនុស្ស​យើង​ត្រូវការ​ការជួបគ្នា​ទៅវិញ​ទៅមក ដោះដូរ​រឿង​មួយចំនួន និង​រៀន​ពី​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​។ អ្នក​ពិតជា​អាច​ទទួលបាន​មិត្តភក្តិ​និង​ដៃគូ​ជាច្រើន​នៅក្នុង​វិស័យ​ជំនួញ​ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​ការធ្វើ​ពាណិជ្ជកម្ម​តទៅទៀត ព្រមទាំង​អាច​ជួប​ពួកគេ​ពិភាក្សា​ពី​បញ្ហា​ដែល​ម្នាក់ៗ​ធ្លាប់​ជួបប្រទះ​ពីមុន​មក។

៨.ការធ្វើ​សកម្មភាព​ល្អៗ

នៅពេលដែល​អ្នក​មាន​អាជីវកម្ម​របស់​ខ្លួនឯង អ្នក​ពិតជា​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ប្រាក់ចំណេញ​បានយ៉ាង​ពិតប្រាកដ។ ហេតុនេះ​ហើយ​អ្នក​នឹង​មាន​សិទ្ធិ​យកវា​ទៅ​ធ្វើ​អំពើ​ល្អ​ផ្សេងៗ​​ដូចជា ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​សប្បុរសធម៌ ឬ​បរិច្ចាគ​ទៅឲ្យ​សហគមន៍​ដោយផ្ទាល់​ក៏បាន។ ជាការពិត​វា​នឹង​ជួយ​បង្កើន​កិត្តិនាម​របស់អ្នក​នៅក្នុង​សង្គម។​

៩.ភាពថ្មី​ឬ​ប្លែក

ជាទូទៅ​មនុស្ស​ចូលចិត្ត​បទពិសោធន៍​ថ្មីៗ​។ ការចាប់ផ្តើម​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ប្រាកដ​ណាស់ថា​វា​នឹង​ធ្វើឲ្យ​អ្នក​ជួបប្រទះ​បញ្ហា​ថ្មីៗ​ជាច្រើន ព្រមទាំង​ទទួលបាន​បទពិសោធន៍​មិនធ្លាប់មាន​ពី​មុនមក​ថែមទៀត​ផង។

១០.ភាពជា​អ្នកណែនាំ

ការ​ធ្វើ​ជា​អ្នកណែនាំ​ដល់គេ​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​​ល្អ។ ការសិក្សា​ស្វែងយល់​ច្រើន​និង​ជួយ​ដល់អ្នក​ដែល​មាន​បទ​ពិសោធន៍​តិចជាង​អ្នក វា​ផ្តល់​នូវ​សេចក្តីពេញចិត្ត​ដ៏​ពិសេស​មួយ​ដល់អ្នក។ សហគមន៍​នៃ​សហគ្រិន​គឺជា​ការស្ម័គ្រចិត្ត​ជួយ​អ្នកផ្សេង​នៅពេល​ដែល​គេ​ត្រូវការ​ជំនួយ។

១១.ក្លាយជា​អ្នក​ជំនាញ

ចំណុចនេះ​គឺ​ត្រូវគ្នា​ជាមួយ​នឹង​ភាពជា​អ្នកណែនាំ(Mentorship)។ បើ​អ្នក​កាន់តែ​ធ្វើជា​សហគ្រិន​ឲ្យ​បាន​កាន់តែ​ល្អ នោះអ្នក​នឹង​កាន់តែ​ស្ទាត់​ជាមួយ​វា។ ថ្ងៃ​ណា​មួយ​នៅពេល​​ដែល​អ្នក​ធ្វើ​អាជីវកម្ម​របស់អ្នក​បាន​ជោគជ័យ​អ្នក​នឹង​ត្រូវ​បាន​គេ​សម្ភាសន៍​ពី​បទពិសោធន៍​របស់អ្នក​កន្លងមក​។

១២.ជំនាញ

នៅពេលដែល​អ្នក​ចាប់​បើក​អាជីវកម្ម អ្នក​នឹង​ត្រូវ​បង្ខំ​ឲ្យ​រៀន​ជំនាញ​ផ្សេងៗ​ដែល​ទាក់ទង​នឹងអាជីវកម្ម​របស់អ្នក​ដូចជា​ SEO (Search Engine Optimization)​ ការប្រើប្រាស់​បណ្តាញ​សង្គម ទំនាក់​ទំនង​សាធារណៈ បង្កើត​សៀវភៅ​បញ្ជី​ទិន្នន័យ រក្សា​តុល្យភាព​កញ្ចប់​ថវិកា និង​ចរចារ​កិច្ចសន្យា​ជួល​ជាដើម។ ពេល​ដែល​អ្នក​ត្រូវ​រៀន​ពី​ជំនាញ​ថ្មី​បន្ថែម វា​ប្រហែល​ជា​មាន​ការ​ពិបាក​និង​ចំណាយ​ពេល​ច្រើន។

១៣.ការប្តេជ្ញា​ចិត្ត

​ពេល​ដែល​អ្នក​ធ្វើជា​ម្ចាស់អាជីវកម្ម​ណាមួយ វា​នឹង​ជះឥទ្ធិពល​ទៅលើ​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក​។ ឧទាហរណ៍ថា​កាលពីមុន​អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្វះ​ការ​តាំងចិត្ត​ដើម្បី​ផ្លាស់ប្តូរ​រឿង​អ្វីមួយ ប៉ុន្តែ​បើ​អ្នក​ជា​សហគ្រិន ​អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​ចេះ​លះបង់​និង​ប្តេជ្ញា​ចិត្ត​សម្រេច​រឿង​ណាមួយ​បាន​កាន់តែ​ប្រសើរ។

១៤.ការទទួល​ស្គាល់

មាន​រង្វាន់​កិត្តិយស​ជាច្រើន​នៅតាម​តំបន់ ភូមិភាគ និង​ថ្នាក់ជាតិ​ដែល​ទទួលស្គាល់​គ្រប់​សហគ្រិន​ទាំងអស់​មកពី​គ្រប់​វិស័យ។ វា​មិន​ត្រឹមជា​ហេតុផល​ដែល​ធ្វើឲ្យ​អ្នក​ត្រូវតែ​បើក​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​នៅពេល​ដែល​អ្នក​ទទួល​បាន​ការទទួលស្គាល់​ដូចនេះ។

១៥.ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ

នេះ​ប្រហែល​ជា​ហេតុផល​ដ៏​ធំ​បំផុត​ដែល​មនុស្ស​ត្រូវ​ចូល​ទៅក្នុង​វិស័យ​ជំនួញ​ដោយ​ខ្លួនឯង។ ភាព​ជា​សហគ្រិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​លុយតាម​ដែល​អ្នក​ត្រូវការ​និង​មាន​ភាពងាយស្រួល​បំផុត។

១៧.ការកែ​ប្រែ

នៅពេលដែល​អ្នក​ជាសហគ្រិន​ម្នាក់ អ្នក​នឹង​​អាច​ក្លាយទៅ​ជា​អ្វី​តាម​ដែល​អ្នក​ចង់បាន។ អ្នក​អាច​ធ្វើកិច្ចការ​ដែល​ខ្លួនឯង​ស្រលាញ់​និង​ពេញចិត្ត​។ មួយវិញទៀតអ្នក​ក៏​អាច​កែ​តម្រូវ​ពាណិជ្ជកម្ម​របស់អ្នក​តាម​ដែល​អ្នក​ចង់​បាន​ផងដែរ។

១៧.ផ្លាស់ប្តូរ​ពិភពលោក

តើ​អ្នក​ដឹងទេ​ថា​​សហគ្រិន​ពិតជា​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន​មិនថា​តិចតួច​ឬ​ច្រើនឡើយ? ក្រលេក​ទៅមើល​សហគ្រិន​ល្បីៗ​ដូចជា Elon Musk, Bill Gates, Sergey Brin​ និង​សហគ្រិន​ដទៃ​ទៀត​ដែល​ពួកគេ​បាន​ធ្វើវា​បាន​សម្រេច។ ឧទាហរណ៍ ការទូរស័ព្ទរកគ្នា អ្នក​មិនបាច់​ចំណាយពេល​និង​ថវិកា​ច្រើន​ដើម្បី​ធ្វើការ​ទំនាក់​ទំនង​ទៀតទេ។ នេះ​ហើយ​ជា​ការផ្លាស់ប្តូរ​ពិភពលោក។

១៨.បង្កើត​ការងារ

គ្មានអ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ជា​ពិសេស​បុគ្គលិក​របស់អ្នក​មាន​ការពេញចិត្ត​ជាជាង​ការដឹងថា​អ្នក​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការផ្តល់​ឱកាស​ការងារ​ឲ្យ​គេ​បាន​រកប្រាក់​ចំណូល​សម្រាប់​រស់នៅ ផ្តល់ឲ្យ​ក្រុម​គ្រួសារ និង​​សម្រេច​ក្តី​សុបិន​របស់គេ​នោះទេ។

១៩.ម៉ាកសញ្ញា​របស់អ្នក

វា​គឺជា​រឿង​ដែល​គួរឲ្យ​រំភើប​ខ្លាំងណាស់​នៅពេល​ដែល​មានគេ​ស្គាល់​ពី​យើងច្រើន​។ ជាពិសេស​គឺ​អ្វី​ដែលយើង​បាន​បង្កើត។

ប្រភព៖ www.entrepreneur.com