ហេតុផល នាំឱ្យ Start-Up បរាជ័យ

324
ហេតុផល នាំឱ្យ Start-Up បរាជ័យ

បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចាប់អារម្មណ៍លើការ Start-Up (អាជីវកម្ម Model ថ្មី) ហើយក៏មានមនុស្សជាច្រើនដែរ ដែលបានបរាជ័យលើការ Start-Up ​នេះ។

ហេតុអ្វីបានជា ការចាប់ផ្ដើមអាជីវកម្មដំបូង​ធ្វើឱ្យបរាជ័យ? មានហេតុផលជាច្រើន ដែលនាំអាជីវកម្មបរាជ័យ ដោយមនុស្សភាគច្រើនយល់ច្រលំនឹងពាក្យ Start-Up នេះ ដោយគិតថា ឱ្យតែចាប់ផ្ដើមអាជីវកម្ម គឺដឹងតែជាការ Start up ហើយ ប៉ុន្តែមិនដឹងទេថា ការ Start-Up ជាការបង្កើតនូវអាជីវកម្មម៉ូឌែលថ្មីដោយពុំទាន់មាននរណាបានធ្វើ។ ក្រៅពីហេតុផលមួយនេះ  ក៏នៅមានហេតុផលមួយចំនួនទៀតដែរ ​ដែលតែងតែកើតឡើង ដូច្នេះដើម្បីការពារកុំឱ្យបរាជ័យលើការចាប់ផ្ដើមអាជីវកម្មម៉ូឌែលថ្មី ចូរចៀសវាងនូវហេតុផលខាងក្រោម៖

1. គ្មានតម្រូវការទីផ្សារ

ការចាប់ផ្ដើមអាជីវកម្ម មិនអាចដំណើរការបានទេ ប្រសិនបើមិនត្រូវនឹងតម្រូវការទីផ្សារ ពីព្រោះអាជីវកម្មនឹងគ្មានអតិថិជន។ អ្វីដែលកាន់តែសំខាន់ អ្នកដែល Start-Up មិនមានដំណោះស្រាយលើបញ្ហាគ្មានទីផ្សារ ដោយពួកគេតែងតែមាន បច្ចេកវិទ្យាល្អ, មានទិន្នន័យដ៏ល្អនៅក្នុងហាង​, មានជំនឿលើអ្នកដឹកនាំ, មានចំណេះជំនាញខ្លាំង, មានអ្នកប្រឹក្សាដ៏ល្អ ប៉ុន្តែភាគច្រើនពួកគេមិនមាន បច្ចេកវិទ្យា ឬ ម៉ូឌែលអាជីវកម្ម ដែលអាចដោះស្រាយចំណុចសំខាន់ដើម្បីអាចដំណើរការបានរលូន។

2. គំរូអាជីវកម្មមិនល្អ

​ការរៀបចំគំរូអាជីវកម្ម ទាំងដែលខ្លួនឯងគ្មានជំនាញ ដោយបង្កើតឱ្យមានកំហុសដូចជា ធ្វើឱ្យគំរូអាជីវកម្មនោះមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ មិនអាចដោះស្រាយបញ្ហាអតិថិជនបាន ទទួលរងនូវការគំរាមកំហែងពីខាងក្រៅច្រើន និងបណ្ដាលឱ្យប្រតិបត្តិការមិនល្អ។

តើធ្វើដូចម្ដេចដើម្បីធ្វើគំរូអាជីវកម្មឱ្យល្អវិញ?

ទី1. ​ត្រូវផ្ដោតលើអតិថិជនគោលដៅ

ទី2. កំណត់ដំណើរការអាជីវកម្ម

ទី3. បង្កើតឱ្យមានយុទ្ធសាស្រ្តបែបទូទៅ

ទី4. អភិវឌ្ឍន៍សំណើរដែលមានគុណតម្លៃខ្ពស់

3. ការគ្រប់គ្រងក្រុមខ្សោយ

មេដឹកនាំខ្លាំង​ កូនក្រុមក៏ខ្លាំង ដូច្នេះត្រូវតែពង្រឹងក្រុមឱ្យមានភាពខ្លាំង​និងមានការគ្រប់គ្រងឱ្យបានល្អ ដើម្បីចម្រាញ់អ្នកខ្លាំងសម្រាប់រួមបេសកកម្ម រួមទស្សនវិស័យជាមួយគ្នា។

តើធ្វើបែបណា ដើម្បីកសាងការគ្រប់គ្រងក្រុមឱ្យខ្លាំង?

ទី១. បង្កើតឱ្យមានយុទ្ធសាស្រ្តដែលខ្លាំង បង្កើតឱ្យមានផលិតផលដែលមានគុណភាពហើយដែលជាតម្រូវការចាំបាច់សម្រាប់មនុស្សក្នុងការទិញ។

ទី២. កសាងកម្លាំងក្រុមឱ្យខ្លាំង ដើម្បីធ្វើសកម្មភាព​ក្នុងការវាយលុកទីផ្សារឱ្យមានដំណើរបានរលូន។

4. ផលិតផលមិនល្អ

កំហុសដ៏ធំរបស់ម្ចាស់អាជីវកម្មថ្មីថ្មោង គឺមិនបានផ្ដោតគិតលើផលិតផល ដោយមិនបានធ្វើវាឱ្យមានគុណភាពល្អ មានគុណតម្លៃខ្ពស់ដែលជាអ្វីដែលអតិថិជនចង់បាន។ បន្ថែមពីនេះ មិនបានអភិវឌ្ឍន៍ផលិតផលឱ្យត្រូវនឹងតម្រូវការទីផ្សារ ជាហេតុធ្វើឱ្យមានបញ្ហាយុទ្ធសាស្រ្ត ដោយមិនអាចសម្រេចបានជោគជ័យនូវផលិតផលនិងទីផ្សារមិនល្អ។

5. គ្មានមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម

ការធ្វើអាជីវកម្ម ទាមទារឱ្យអ្នកឈ្វេងយល់ឱ្យបានច្រើនពាក់ព័ន្ធនឹងចំណេះដឹងនៃការបង្កើតអាជីវកម្ម ដូចជា​ការធ្វើទីផ្សារ ការលក់ ការធ្វើផែនការអាជីវកម្ម និងផ្លូវច្បាប់អាជីវកម្មជាដើម។

6. គ្មានមូលដ្ឋានក្នុងការដឹកនាំ

នៅពេលដែលធ្វើអាជីវកម្ម មានរឿងរ៉ាវជាច្រើនដែលទាមទារឱ្យអ្នកដឹកនាំ ដូចជា​ដឹកនាំមនុស្សឱ្យធ្វើកិច្ចការងារ និងដឹកនាំអាជីវកម្មមួយឱ្យដំណើរការបានល្អ។ ហេតុនេះ ប្រសិនបើអ្នក ដឹងខ្លួនឯងថា ការដឹកនាំ នៅខ្សោយ គួរតែចាប់ផ្ដើមពង្រឹងជាមុន មុននឹងចាប់ផ្ដើមដឹកនាំអ្នកដទៃ និងដឹកនាំអាជីវកម្ម។