ហេតុផល ៥ យ៉ាងក្នុងការវិនិយោគលើអចលនទ្រព្យ

62
ហេតុផល ៥ យ៉ាងក្នុងការវិនិយោគលើអចលនទ្រព្យ

បច្ចុប្បន្ននេះការវិនិយោគគឺជាប្រធានបទដែលពេញនិយម ហើយយើងក៏បានឮអំពីការវិនិយោគនៅលើវិស័យផ្សេងៗផងដែរ ដែលក្នុងនោះរួមមានដូចជា ៖ វិស័យអចលនវត្ថុ ទីផ្សារភាគហ៊ុន និង Cryptocurrency ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងដែលលោកអ្នក ប្រហែលជាធ្លាប់បានឮហើយអំពី Bitcoin Dogecoin Ethereum ជាដើម ។

នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងធ្វើការលើកយកនូវហេតុផលទាំង ៥ ដែលលោកអ្នកគួរតែវិនិយោគលើវិស័យអចលនវត្ថុ ។

១ . អាចផ្តល់នូវចំណូលអកម្ម (Passive Income) សម្រាប់លោកអ្នក

ប្រសិនបើលោកអ្នកទិញដី ផ្ទះ ឬអាគារ នៅក្នុងតំបន់ដែលកំពុងមានតម្រូវការខ្ពស់ លោកអ្នកអាចដាក់ជួលដី ផ្ទះ ឬអាគារនោះ ដើម្បីទទួលបានចំនូលបន្ថែមសម្រាប់ប្រើប្រាស់ក្នុងការពង្រីកអាជីវកម្ម ឬវិនិយោគទៅលើអចលវត្ថុផ្សេងទៀត។

២ . ការវិនិយោគដែលប្រកបដោយហានិភ័ទាប

បើយើងប្រៀបធៀបរវាងការវិនិយោគលើវិស័យអលនវត្ថុជាមួយនឹងការវិនិយោគលើ ទីផ្សារភាគហ៊ុន ឬ Cryptocurrency នោះយើងអាចនិយាយបានថា ការវិនិយោគលើអលចនវត្ថុគឺមានហានិភ័យទាបជាងគេបង្អស់ ។

ប្រហែលជាអ្នកគិតថា ការវិនិយោគលើទីផ្សារភាគហ៊ុន ឬ Cryptocurrency អាចឲ្យអ្នកចំណេញភ្លាមៗហើយថែមទាំងចំណេញបានច្រើនថែមទៀតផង ។ ប៉ុន្តែសូមលោកអ្នកកុំភ្លេចថា ទន្ទឹមនេះដែរវាក៏អាចឲ្យអ្នកខាតបង់លឿននិងខាត់បង់ច្រើនផងដែរ ពីព្រោះថា វាគឺជាការវិនិយោគដែលពិបាកនឹងនឹកស្មានដល់ វាឡើងក៏លឿនហើយចុះវិញក៏លឿនដែរ ដែលយើងមិនអាចគ្រប់គ្រង់បានឡើយ ដែលអាចចាត់ទុកថាជាការវិនិយោគដែលមានហានិភ័យខ្ពស់ផងដែរ ។

ដោយឡែកចំពោះវិស័យអចលនវត្ថុវិញ ប្រសិនបើលោកអ្នកជាកម្មសិទ្ធិករស្របច្បាប់នៅលើអចលនវត្ថុនោះទ្រព្យរបស់យើងនឹងមិនត្រូវបានគេលួចឬបាត់បង់ទៅណានោះទេ ។ ហើយឱកាសនៃការខាត់បង់ក៏មានទាបដែរ វាមិនចុះខ្លាំងពេក ហើយ ក៏មិនចុះភ្លាមៗដែរ ដែលខុសពីការវិនិយោគលើវិស័យពីរខាងលើ ។

៣ . ងាយស្រួលក្នុងការកម្ចីពីធនាគារ

សព្វថ្ងៃនេះយើងឃើញថាធនាគារភាគច្រើនគឺបានផ្តល់អាទិភាពនៅក្នុងការផ្តល់កម្ចីទៅលើការវិនិយោគលើអចលវត្ថុនិងអាជីវកម្ម ។ ដោយឡែកបច្ចុប្បន្ននេះ យើងមិនទាន់ឃើញធនាគារណាដែលផ្តល់កម្ចីដល់ការវិនិយោគលើទីផ្សារភាគហ៊ុននិង Cryptocurrency នោះទេ ។

មូលហេតុដែលធនាគារផ្តល់ប្រាក់កម្ចីសម្រាប់ការវិនិយោគលើអចលនវត្ថុក៏ដោយសារគេមើលឃើញថា អ្នកវិនិយោគលើអចលនវត្ថុអាចប្រើប្រាស់ប្រាក់ដែលខ្ចីនោះដើម្បីបង្កើននូវចំណូលដើម្បីបង់ធនាគារវិញបាន (leverage) ដែលជាក់ស្តែងវាមានហានិភ័យទាបជាងការវិនិយោគលើ ទីផ្សារភាគហ៊ុន និង Cryptocurrency ផងដែរ ។

៤ . តម្លៃអចលវត្ថុគឺតែងតែឡើងថ្លៃជានិច្ច

ជាទូទៅប្រសិនបើគ្មានវិបត្តិសេដ្ឋកិច្ច ឬអស្ថេរភាពនយោបាយក្នុងប្រទេស ណាមួយកើតឡើងទេ នោះតម្លៃអចលនវត្ថុនឹងកាន់តែមានការកើនឡើង ។ អ្វីដែលគួរចាប់អារម្មណ៍នោះប្រសិនបើប្រទេសកម្ពុជាមានការអភិវឌ្ឍន៍កាន់តែលឿនហើយសេដ្ឋកិច្ចកាន់តែមានកំណើនឆាប់រហ័សនោះ តម្លៃអចលនវត្ថុនឹងឡើងខ្លាំងទៅតាមនោះផងដែរ ។

ជាក់ស្តែងតម្លៃដីធ្លីនៅទីក្រុងភ្នំពេញឥឡូវនេះ កន្លែងខ្លះបានកើនឡើងដល់ ៥ពាន់ ដុល្លារ ទៅ ១ មុឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយវាក៏អាចឡើងថ្លៃលើសនេះទៀតផងដែរ ។

៥ . តម្រូវការដីធ្លីចេះតែកើនឡើងជាលំដាប់

ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនប្រជាជនកើនឡើងជាលំដាប់ ប៉ុន្តែដីធ្លីវិញគឺមិនបានកើនឡើងនោះទេ ។ ជាហេតុធ្វើឲ្យដីធ្លីកាន់តែមានតម្រូវការកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ។

យើងសង្កេតថា បច្ចុប្បន្ននេះមានដីធ្លីជាច្រើនដែលត្រូវបានគេអភិវឌ្ឍន៍ដោយធ្វើជាគម្រោងផ្សេងៗ ដូច្នេះបើសិនជាលោកអ្នកមិនបានចាប់អារម្មណ៍លើចំណុចនេះទេ ហើយមិនបានចាប់ឱកាសក្នុងការវិនិយោគនេះទេ នោះវាគឺជារឿងមួយដែលគួរឲ្យសោកស្តាយផងដែរ ។

ដូច្នេះប្រសិនបើអ្នកមើលឃើញនូវឱកាសក្នុងការវិនិយោគ ដើម្បីចំនេញក៏ដូចជាឃើញឱកាសវិនិយោគដែលល្អហើយ នោះលោកអ្នកគួរតែចាប់ឱកាសនោះឲ្យបាន កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតអី។

ជារួម ប្រសិនបើអ្នកកំពុងតែមានគម្រោងចង់វិនិយោគលើវិស័យណាមួយក៏ដោយ លោកអ្នកគួរតែសិក្សាអំពី វិស័យនោះឲ្យបានច្បាស់លាស់ជាមុនសិន ។ លោកអ្នកត្រូវប្រាកដថាលោកអ្នកមានចំនេះដឹងគ្រប់គ្រាន់នៅក្នុងវិស័យដែលលោកចង់វិនិយោគនេះ ជាជាងការជឿទៅតាមគេ វិនិយោគតាមគេ ដែលអាចនាំឲ្យខាតបង់ទាំងពេលវេលានិងថវិកាដែលលោកអ្នកខំសន្សំដោយលំបាកនោះ ។