spot_img
spot_img
Homeទូទៅហេតុអ្វីបានជាការចាប់ផ្ដើមអាជីវកម្ម តែងតែទាមទារឱ្យមាន logo?

ហេតុអ្វីបានជាការចាប់ផ្ដើមអាជីវកម្ម តែងតែទាមទារឱ្យមាន logo?

-

Logo បើយើងបកជាភាសាខ្មែរ មានន័យថា និមិត្តសញ្ញា ហើយប្រសិនបើចាប់ផ្ដើមអាជីវកម្ម ដោយដាក់ Logo មានន័យថា ជានិមិត្តសញ្ញានៃអត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក ហើយក៏ជាស្លាកសញ្ញាដ៏ល្អបំផុតដើម្បីផ្ញើសារទៅកាន់អតិថិជនអំពីគុណតម្លៃរបស់ក្រុមហ៊ុន បង្កើតភាពស្មោះត្រង់នៃម៉ាកយីហោផ្ទាល់ខ្លួន និងបង្ហាញពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។ សូម្បីបញ្ជាក់ផងដែរថា គ្រប់អាជីវកម្មទាំងអស់ មិនថាជាអាជីវកម្មទើបតែចាប់ផ្ដើម អាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតមធ្យម ឬក្រុមហ៊ុនធំៗនោះទេ គឺសុទ្ធតែតម្រូវឱ្យមាន Logo ក្រុមហ៊ុនមួយដែលមានភាពច្បាស់លាស់ និងត្រឹមត្រូវ។

Logo

ដើម្បីកាន់តែស៊ីជម្រៅ និងឈ្វេងយល់កាន់តែច្បាស់ ខាងក្រោមនេះនឹងបង្ហាញអ្នកពីមូលហេតុសំខាន់ៗដែលតម្រូវឱ្យគ្រប់ការចាប់ផ្ដើមអាជីវកម្ម ត្រូវតែមាន Logo។

1. Logo ជួយបង្កើតចំណាប់អារម្មណ៍

ការបង្កើតឱ្យមាន Logo ក្រុមហ៊ុន ជាចំណុចមួយដែលបង្កើតចំណាប់អារម្មណ៍ដល់មនុស្ស ដោយជាញឹកញាប់ អតិថិជនតែងតែកត់សម្គាល់អំពីអាជីវកម្មលើឡូហ្គោមុនដំបូងគេ។ ដូច្នេះនៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្ម ហើយកំពុងគិតអំពីការរចនាឡូហ្គោ ចូរគិតពិចារណាអំពីគោលបំណងអ្វីមួយដើម្បីបង្កើតភាពទាក់ទាញ និងបង្កើនចំណាប់អារម្មណ៍ដល់ទស្សនិកជនរបស់អ្នក ដោយធ្វើយ៉ាងណាឱ្យទស្សនិកជនរបស់អ្នកងាយស្រួលចងចាំ និងមានអារម្មណ៍ល្អជាមួយនឹងឡូហ្គោដែលអ្នកបានបង្កើតនោះ។

ចូរចងចាំថា ប្រសិនបើឡូហ្គោត្រូវបានរចនាមិនល្អ វាអាចបិទចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងធ្វើឱ្យពួកគេទៅកន្លែងផ្សេងជាមួយក្រុមហ៊ុនដែលពួកគេមានអារម្មណ៍ល្អជាង។

2. Logo ជួយកសាងទំនុកចិត្ត

ឡូហ្គោក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងទំនុកចិត្តពីអតិថិជនរបស់អ្នកទាំងអស់ ដូច្នេះប្រសិនបើអ្នកចង់ទាក់ទាញទំនុកចិត្តពីអតិថិជនរបស់អ្នក ចូររចនាឡូហ្គោណាដែលរំលេចចេញជាសារដែលអ្នកចង់បង្ហាញ និងអាចជ្រើសរើសពណ៌ដែលអាចជះឥទ្ធិពលលើរបៀបដែលម៉ាកយីហោរបស់អ្នកឱ្យជោគជ័យ។

3. Logo ជួយជំរុញឱ្យមានភាពស្មោះត្រង់ចំពោះម៉ាកយីហោ

ភាគច្រើន ការទាញយកភាពស្មោះត្រង់ចំពោះម៉ាកយីហោនេះ គឺសំដៅលើការទាញអតិថិជនគោលដៅឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ចំពោះអាជីវកម្មរបស់យើង តាមរយៈឡូហ្គោ មានន័យថា ប្រសិនបើអ្នកបើហាងការហ្វេ ហើយមានឡូហ្គោត្រឹមត្រូវ ខណៈពេលដែលអតិថិជនពេញចិត្តនឹងកន្លែងរបស់យើង ដូច្នេះនៅពេលដែលគេមកលើកក្រោយ ឬមានអារម្មណ៍ថាចង់ញុំាការហ្វេ នោះពួកគេនឹងនឹកឃើញដល់ឡូហ្គោ ឬចំណាំឡូហ្គោរបស់អ្នក។

ជាឧទាហរណ៍ អ្នក​ចង់​ញ៉ាំ​កាហ្វេ ហើយ​អ្នក​ទៅ​កាហ្វេ Costa ។ ហេតុអ្វី? ពីព្រោះ វាគឺដោយសារតែការជឿទុកចិត្តដែលអ្នកបានកសាងជាមួយនឹងម៉ាកយីហោនោះ ដោយការជឿជាក់ អ្នកនឹងមិនត្រឹមតែមានកាហ្វេមួយពែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលយកអាហារសម្រន់មួយចំនួនផងដែរ។ នេះគឺជាសារៈសំខាន់ដែលនិមិត្តសញ្ញាបង្កើតនៅក្នុងម៉ាកផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ។

4. Logo ជាការតំណាងម៉ាកយីហោដែលមើលឃើញ

សារៈសំខាន់នៃនិមិត្តសញ្ញា អាចត្រូវបានសន្និដ្ឋានដោយវាជាទំនាក់ទំនងដ៏លេចធ្លោរវាងអតិថិជន និងម៉ាកយីហោ ដោយសារតែនិមិត្តសញ្ញាគឺជាវត្ថុដែលមើលឃើញ ដូច្នេះវាអាចឱ្យមនុស្សដឹងថា ឡូហ្គោគឺជានិមិត្តសញ្ញានៃអត្តសញ្ញាណដែលអតិថិជនប្រើដើម្បីងាយស្រួលសម្គាល់ម៉ាក។ ឡូហ្គោ ជាការធ្វើឱ្យមានការចងចាំរបស់ម៉ាកយីហោជាមួយនឹងធាតុដែលមើលឃើញរបស់វា។

ជាឧទាហរណ៍ ប្រសិនបើអ្នកគិតអំពី McDonald អ្នកប្រហែលជាគិតឃើញពីរូបភាពអក្សរ M ពណ៌លឿងដ៏ធំ ជាមួយនឹងផ្ទៃខាងក្រោយពណ៌ក្រហម។ ហើយនេះ មិនត្រឹមតែ McDonald ប៉ុណ្ណោះទេ ប៉ុន្តែវាជារឿងធម្មតាសម្រាប់គ្រប់ម៉ាកយីហោដែលមានឡូហ្គោដ៏អស្ចារ្យ ដូចជា Starbucks, Nike, Puma, Apple, Instagram និង Google ជាដើម។

5. Logo អាចត្រូវបានប្រើជាឧបករណ៍ទីផ្សារ

មិនថាអ្នកកំពុងដំណើរការអាជីវកម្មតាមអនឡាញឬក្រៅបណ្តាញនោះទេ យុទ្ធសាស្ត្រទីផ្សារដ៏រឹងមាំគឺជាកត្តាចាំបាច់ ដូច្នេះអ្នកត្រូវតែបង្ហាញផលិតផលនិងសេវាកម្មរបស់អ្នកតាមរបៀបត្រឹមត្រូវ ដើម្បីទាក់ទាញមនុស្ស។

នៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ មនុស្សមានសកម្មភាពខ្លាំងនៅក្នុងវេទិកាអនឡាញ ដូចជា Facebook, Instagram, Twitter និងជាច្រើនទៀត។ ក្នុងករណីនេះ ប្រសិនបើអ្នកកំពុងកំណត់គោលដៅលើវេទិកាទាំងនេះ នោះការរចនាឡូហ្គោផ្ទាល់ខ្លួន គឺដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សាររបស់ក្រុមហ៊ុនរបស់អ្នក។ ការរចនាឡូហ្គោក្រុមហ៊ុន ជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីទាក់ទាញអតិថិជនជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិត ដូច្នេះអ្នកអាចប្រើឡូហ្គោរបស់អ្នកជាឧបករណ៍ទីផ្សាររបស់អ្នកដើម្បីទទួលបានវត្តមានអនឡាញដ៏ល្អបំផុត និងមានមនុស្សងាយចងចាំបានលឿន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ