ហេតុអ្វីបានជាការព្យាករណ៍សេដ្ឋកិច្ចមានការលំបាកនៅក្នុងកំឡុងពេលមានជម្ងឺរាតត្បាត?

543

ចាប់តាំងពីការរាតត្បាតកូវីដ១៩បានចាប់ផ្ដើម យើងឃើញមានភាពមិនប្រាកដប្រជាទូទៅដែលលេចចេញជារូបរាងនៅក្នុងភាពខុសគ្នា និង ភ្លាមៗនៃការព្យាករណ៍នៅក្នុងម៉ាក្រូសេដ្ឋកិច្ចដែលវាធ្វើឲ្យយើងពិបាកប៉ាន់ស្មានពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។តួយ៉ាងនៅដើមខែកុម្ភៈ ចំពោះការរីកសាយភាយក្នុងចំណោមការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី២ សហរដ្ឋអាមេរិកមាន ៣.៥% បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន FocusEconomics ។ នៅថ្ងៃទី១៩ មេសា ការព្យាករណ៍ដែលសុទិដ្ឋិនិយមបំផុតក្នុងចំណោមស្ថាប័នទាំង២៨នៅក្នុងការវាស់ស្ទង់មតិចំពោះការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ប្រចាំសប្ដាហ៍បានបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៨.២%។តែបើគិតពីការព្យាករណ៍ដែលមានទុទិដ្ឋិនិយមបំផុតសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងចំនួន៦៥%។ខណៈពេលដែលស្ថាប័នភាគច្រើនរំពឹងថានឹងមានការស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី៣ អ្នកខ្លះបែរជាមើលឃើញថានឹងមានការធ្លាក់ចុះបន្ថែមទៀតទៅវិញ។នៅក្នុងត្រីមាសទី៤ ទោះបីជាសេដ្ឋវិទូទាំងអស់ព្យាករណ៍ពីកំណើននៃទម្រង់ខ្លះក៏ដោយក៏ការព្យាករណ៍នេះមានចាប់ពីអប្បរមា +១.១% ដល់ អតិបរមា +៧០%។ យ៉ាងណាមិញការព្យាករណ៍បច្ចុប្បន្នបានរីករាលដាលក្នុងចំណោមអ្នកវិភាគ គឺធំជាងការព្យាករណ៍នៅក្នុងរយៈពេល២០ឆ្នាំមុន ហើយខ្ពស់ជាងអ្វីដែលបានមើលឃើញក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចខ្ពស់ នារយៈពេលចុងក្រោយនៃភាពមិនប្រាកដប្រជារបស់ពិភពលោកដែលកំពុងតែបន្តអូសបន្លាយក្នុងរយៈពេលយូរនេះ។

ហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងម្ល៉េះ?

ចម្លើយយ៉ាងខ្លីចំពោះសំណួរខាងលើ គឺព្រោះតែមិនមាននរណាម្នាក់ដែលអាចដឹងច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ ដូចនេះមានកត្តា៣សំខាន់ដែលបណ្ដាលឲ្យអ្នកព្យាករណ៍មានការលំបាកជាពិសេស។

  • កត្តាទីមួយ៖ ទាក់ទងទៅនឹង ផលប៉ះពាល់សេដ្ឋកិច្ច និង ល្បឿននៃការផ្លាស់ប្ដូរគោលនយោបាយ
  • កត្តាទីពីរ៖ ការរីករាលដាលនៃជម្ងឺរាតត្បាតដែលកំពុងតែធ្វើឲ្យអន្តរាយដល់សេចក្ដីទុកចិត្តនៃទិន្នន័យសេដ្ឋកិច្ចដែលវាជាមូលដ្ឋានគ្រឹះនៃគម្រូម៉ាក្រូសេដ្ឋកិច្ចល្អ។
  • កត្តាទី៣៖ គម្រូម៉ូដែល (model)កំពុងតែបង្វែរទិសដៅយ៉ាងខ្លាំង ពីព្រោះអ្នកព្យាករណ៍សេដ្ឋកិច្ចកំពុងតែស្វែងយល់ពីពិភពនៃរោគរាតត្បាត ដែលមិនធ្លាប់មានដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីការវិត្តន៍នៃការផ្ទុះឡើងនៃជម្ងឺនេះនៅក្នុងប្រទេសនីមួយៗ។

ដោះស្រាយពីភាពមិនច្បាស់លាស់

ខណៈពេលដែលជម្ងឺរាតត្បាតរីករាលដាល វានឹងបង្កជាបញ្ហាប្រឈមតែមួយគត់ចំពោះអ្នកព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលអាជីពនៃវិជ្ជាជីវៈនេះត្រូវជួបនូវបញ្ហាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រឈមមុខដើម្បីដោះស្រាយ ហើយដំណោះស្រាយនោះមានភាពស្មុគស្មាញយ៉ាងខ្លាំង។ យ៉ាងណាមិញយើងឃើញថាវិបត្តិហិរញ្ញវត្ថុជាសកលនៅឆ្នាំ២០០៨ បានធ្វើឲ្យអ្នកសេដ្ឋវិទូភាគច្រើននៅស្ងៀមស្ងាត់ នៅទ្រឹងមួយកន្លែងដោយសារតែពិបាកក្នុងការព្យារករណ៍ពីសេដ្ឋកិច្ច ប៉ុន្តែការយល់ដឹងដែលទទួលបាននៅក្នុងវិស័យដូចជាសេដ្ឋកិច្ចនៃការរីករាលដាលផ្នែកហិរញ្ញវត្ថុ និង ផលប៉ះពាល់នៃវិធានការរូបិយវត្ថុបានធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃគម្រូព្យាករណ៍នាពេលបច្ចុប្បន្ននេះ។ក្នុងរបៀបដូចគ្នាជម្ងឺកូវីដ១៩នឹងបញ្ចេញពន្លឺថ្មីទៅលើឥរិយាបទនៃសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចនៃគោលនយោបាយសារពើរពន្ធ និង មានការផ្លាស់ប្ដូរនៃរបៀបចាយវាយរបស់មនុស្សដោយសារតែភាពភ័យខ្លាចនៃការឆ្លង។ដូចនេះហើយទើបយើង និងអ្នកព្យាករណ៍មួយចំនួនពិបាកក្នុងការប៉ាន់ស្មាន វាស់ស្ទង់ពីស្ថានភាពសេដ្ឋកិច្ចកំឡុងពេលមានជម្ងឺរាតត្បាត។

ប្រែសម្រួលពី៖ https://hbr.org/