ហេតុអ្វីបានជាគេដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅជាប់ស្តុប?

1154

ផ្លូវ​ទេព​ផន​ជា​ផ្លូវ​ដេល​ខ្ញុំ​តែង​តែ​​ធ្វើ​ដំណើរ​ទៅមក​ដើម្បី​ធ្វើការ​រាល់ថ្ងៃ។ សំខាន់​​គឺ​ផ្លូវ​នេះ​មាន​មនុស្ស​ច្រើន​ធ្វើ​ដំណើរ​ទៅមក​រៀងរាល់​ថ្ងៃហើយ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ជា​ញឹកញាប់។ ជាពិសេស​នៅ​ចំណុច​ស្តុប​ផ្សារ​ដេប៉ូតែ​ម្តង​​​។​

អ្នក​​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ដែល​សង្កេត​មើល​ទេ​ថា​នៅ​ចំណុច​ស្តុប​នោះ​គេមាន​ដាក់ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ​? ជាក់ស្តែង​នៅទីនោះមាន​ផ្ទាំង​Bannerធំមួយ​ដែល​បង្ហាញ​ពី​ម៉ាក​ទូរស័ព្ទ​ដ៏ល្បីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដើមកំណើត​មក​ពី​ប្រទេស​កូរ៉េខាងត្បូង។ ម៉ាក​ទូរស័ព្ទរបស់​ Sumsung គឺ​Galaxy S8   S8+

គឺជា​ម៉ាក​ទូរស័ព្ទ​ដែល​ទើបតែ​នឹង​ចេញថ្មី​ភ្ជាប់​ជាមួយ​ភាព​ស្រស់ស្អាត​និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មីផងដែរ។ រីឯ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់វាវិញ​គឺមាន​លក្ខណៈទាក់ទាញ​ខ្លាំង​មែនទែន​ព្រោះ​អ្នក​ដែល​បង្កើត​វាឡើងមក​បាន​ជ្រើសរើសរូបភាព​ស្រស់ស្អាត​ មិនសាំញ៉ាំ​ ​ឯ​អក្សរ​វិញ​គឺមិន​រញ៉េរញ៉ៃ​ច្រើន និងមាន​ឈ្មោះច្បាស់ថែមទៀតផង។

ចុះហេតុអ្វី​បានជា​គេ​ជ្រើស​រើស​ទីតាំង​នៅជាប់​នឹ​ង​ស្តុប​បែប​នេះ? ខ្ញុំជឿជាក់ថា​អ្នក​ប្រហែលជា​មាន​ចម្លើយក្នុង​ចិត្ត​រួចជា​ស្រេចហើយ។ ជាការពិតណាស់ ​​ដោយសារ​តែនៅទីនោះមាន​មនុស្ស​ម្នា​ធ្វើដំណើរ​ច្រើនមិនដាច់​រៀងរាល់ថ្ងៃ។ ពិសេស​ជាង​នេះ​ទៅទៀត​ខណៈពេល​ដែលគេ​​រង់ចាំ មនុស្សស្ទើរ​តែ​​គ្រប់គ្នា​តែង​សម្លឹងមើល​ទៅស្តុប​ដែល​កំពុង​តែបញ្ចេញ​ភ្លើង​ពណ៌ក្រហម​ដើម្បី​រង់ចាំ​ពេល​វាលោត​ភ្លើង​ពណ៌បៃតង​វិញ។ ក្នុងពេល​ប្រហែល​ជិត​មួយ​នាទី​និង​ស្របពេល​ដែល​គេ​មើល​ទៅភ្លើងស្តុប​ពណ៌​ក្រហម​ គេ​ប្រាកដ​ជា​មើល​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ទូរស័ព្ទនោះផងដែរ។ ដូចបាន​រៀបរាប់ខាងលើ​ថា​ផ្ទាំង​នោះ​គឺពិតជា​ទាក់ទាញ​​និង​មិន​សាំ​ញ៉ាំ​ច្រើន​ ជាហេតុ​នាំ​ឲ្យ​អ្នក​ដំណើរ​គឺ​ងាយ​នឹង​មើល​ជាពិសេស​គឺងាយ​ចងចាំ។​ ហេតុផល​សំខាន់​មួយ​ទៀត​គឺ​មនុស្ស​មាន​ពេល​ត្រឹម​តែ​ប្រហែលជិត​មួយ​នាទី​ប៉ុណ្ណោះ​ជាហេតុ​ធ្វើឲ្យ​គេ​រើសយក​​ការដាក់តែ​លក្ខណៈ​ពិសេស​និង​​សំខាន់​ដូច​ជា​ផ្ទាំងធំ រូបភាព​ស្អាត​និង​ទាក់ទាញ ឈ្មោះ​​ម៉ាក​ទូរស័ព្ទ​​​តែ​មួយ​បន្ទាត់ ព្រមទាំង​លក្ខណៈពិសេស​នៃ​ទូរស័ព្ទ​ផ្សេងទៀត​តែ​ប៉ុណ្ណោះ។

កាល​ពី​អត្ថបទ​មុន​ដែល​ខ្ញុំបានសរសេរ​ទាក់ទង​នឹង​ Digital Marketing ហើយ​ខ្ញុំក៏​បាន​លើកឡើង​ដែរ​អំពី​ពាក្យ​ថា​ “ការធ្វើទីផ្សារ​ឬMarketing” នេះ​ផងដែរ​ដែល​វាមាន​ន័យថា​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ និង​ជឿទុកចិត្ត។ ជាក់ស្តែង​​សម្រាប់ការដាក់​តាំង​បង្ហាញ​បែប​នេះ​គឺមាន​ន័យ​ថា​ជា​ការ​ធ្វើឲ្យ​អតិថិជន​ស្គាល់​ មើលឃើញ​ជារឿយៗ​នាំឲ្យ​កើតមាន​ជា​ទំនុកចិត្ត​។ ការដាក់ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នៅជិត​ស្តុប​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​នៃ​កា​រធ្វើទីផ្សារផ្សេងៗទៀត។ ជាក់ស្តែង​យើង​ក៏ឃើញ​មាន​ផ្ទាំង​ផ្សាយ​ពណិជ្ជកម្ម​ផ្សេងទៀតដែលដាក់នៅតាម​ស្តុប​ផ្សេងៗដូចជា​ស្តុបផ្សារ​ដើមគ ស្តុបសន្ធរមុខ​ និង​ស្តុប​ជិតពេទ្យលោកសង្ឃជាដើម។

តាម​រយៈ​អត្ថបទ​ខាងលើ​ អ្នក​ប្រហែល​ជា​មាន​ជម្រើស​ថាពេល​ដែល​អ្នក​ចង់ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ​អ្នក​គួរតែ​​ដាក់​នៅ​កន្លែងណាទើប​មាន​ប្រសិទ្ធភាព​បំផុត​។