ហេតុអ្វីបានជាយើងត្រូវការទទួលទានដំណេក?

1383

អ្នកវិទ្យាសាស្រ្ត​មិនទាន់បាន​បញ្ចាក់អោយ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ហេតុអ្វី​បានជា​មនុស្ស​យើង​ត្រូវការ​ដេក។ ប៉ុន្តែ​ពួក​គេ​បាន​ប្រាកដ​ច្បាស់​ថា មនុស្ស​រាល់គ្នា​ត្រូវ​ការ​ទទួល​ទាន​ដំណេកជា​ដាច់​ខាត។ មនុស្ស​អាច​រស់​រាន​មានជីវិត​បាន​យូរជាងប្រសិន​បើពួកគេមិនបាន​បរិភោគ​អាហារ បើ​ប្រៀប​ធៀប​នឹង​អ្នក​ដែល​មិនបាន​ទទួលទាន​ដំណេក។ ហើយ​មិន​មែន​តែ​មនុស្ស​ទេ​ដែល​ត្រូវ​ការ​ដំណេក​នោះ ឋនិកសត្វ ល្មូន និង​បក្សី​ទាំងអស់​នៅលើ​លោក​យើង​នេះ​ក៏​ត្រូវ​ការ​ផង​ដែរ។

អ្នកវិទ្យា​សាស្ត្រ​បាន​លើក​ឡើង​នូវទ្រឹស្តីជាច្រើនស្តី​ពី​ហេតុ​ផល​ដែល​មនុស្ស​យើង​ត្រូវ​ការ​ទទួល​ទាន​ដំណេក​ដូចខាង​ក្រោម​នេះ៖

– ខួរក្បាលរបស់​មនុស្សយើងសម្រាក​នៅ​ពេល​ដែល​យើង​គេង​លក់។ ពេល​នេះ​គឺជា​ពេល​ដែល​ខួរក្បាល​អាច​ឈប់​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន​ដើម្បី​ធ្វើ​ការ​ជួស​ជុល​នូវកោសិកា​ប្រសាទ និង​ធ្វើ​អោយ​សកម្មឡើង​នូវ​ប្រព័ន្ធកោសិកា​ប្រសាទដែល​សំខាន់​ដែល​អាច​នឹង​ខូតខាត​ដោយសារ​តែ​កង្វះ​ខាត​​នៃចលនា។

– ដំណេក​ធ្វើ​អោយ​ខួរក្បាល​មាន​ឱកាស​រៀបចំរាល់​ទិន្នន័យ​ឡើង​វិញដើម្បី​ជួយ​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ និង​រៀបចំទុក​ដាក់រាល់ពត៌មាន​ដែល​យើង​ទើប​តែទទួលបាន​ទៅ​តាមផ្នែកក្នុង​ខួរក្បាល​របស់​យើង។

– ដំណេក​បាន​កាត់​បន្ថយការប្រើប្រាស់​ថាមពល និង​ល្បឿន​មេតាប៉ូលីស(Metabolic rate)​របស់​មនុស្ស។

-ប្រព័ន្ធ​សរសៃឈាម​និង​​ បេះដូង​ក៏បាន​សម្រាក​ផង​ដែរ​នៅ​ពេល​ដែល​យើង​គេងលក់។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សម្ពាធ​ឈាម​របស់​មនុស្ស​នឹង​ថយ​ចុះពី​២០%-៣០% ចំពោះ​មនុស្ស​ដែល​មាន​សម្ពាធឈាម​ធម្មតា និង​សម្ពាធ​ឈាម​ខ្ពស់ ហើយ​ជាមួយ​គ្នា​នោះ​ ចង្វាក់​លោត​របស់បេះដូង​ក៏មាន​ការ​ថយ​ចុះ​ពី​១០%​-២០% ផង​ដែរ នៅ​ពេល​ដែល​យើង​គេងលក់។

– នៅ​ពេលដែល ​គេង​លក់ សារពាង្គ​កាយ​របស់​មនុស្ស​មាន​ឱកាស​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​សារធាតុ​គីមី និងធ្វើ​ការ​ជួសជុល​រាល់សាច់ដុំ ​ជាលិកា​ និង​កោសិកា​ណា​ដែលខូច​ និង​ងាប់។

-សម្រាប់​ក្មេងៗ និង​មនុស្ស​វ័យ​ជំទង់ អ័រម៉ូនដែល​ចំបាច់​សម្រាប់​ការ​លូតលាស់​នៃ​សារពាង្គ​កាយ​ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​ដែល​ពួក​គេ​គេង​លក់។

ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ដំណេក​ពិត​ជា​មាន​សារៈសំខាន់ណាស់​សម្រាប់​មនុស្ស​គ្រប់ៗរូប។ ហើយ​ពេល​វេលា​នៃ​ការ​ចូល​គេង និង​ការ​ភ្ញាក់​គឺអាស្រ័យទៅ​នឹង​ទម្លាប់​របស់​មនុស្ស​ម្នាក់ៗ។ ការចូលគេង​ទៀង​ទាត់​ពេលវេលា និង​ធ្វើ​អោយ​ ដំណេក​របស់​អ្នក​មាន​គុណ​ភាព​​កាន់តែ​ប្រសើរព្រមទាំង​មាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ ការ​ចូល​គេង​មិន​ទៀង​ទាត់​ពេល​វេលា ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ផ្សេងៗ។ ដូច​នេះ​ សូម​រៀប​ចំពេល​លា​ចូល​គេង​អោយ​បាន​ទៀង​ទាត់ ដើម្បី​ជីវិត​កាន់តែ​ប្រសើរ។