ហេតុអ្វីសហគ្រិនគ្រប់រូប ចាំបាច់ត្រូវតែពូកែជំនាញលក់?

45
ហេតុអ្វីសហគ្រិនគ្រប់រូប ចាំបាច់ត្រូវតែពូកែជំនាញលក់?

ជំនាញលក់ ជាផ្នែកមួយសំខាន់ក្នុងការធ្វើអាជីវកម្ម ពីព្រោះប្រាក់ចំណូល និងប្រាក់ចំណេញ គឺកើតចេញពីប្រភបនៃការលក់ខ្លាំងជាងផ្នែកណាៗទាំងអស់។ បន្ថែមពីនេះ ប្រសិនបើសហគ្រិនពូកែលើជំនាញលក់កាន់តែខ្លាំង ក្រុមហ៊ុនក៏កាន់តែរីកចម្រើនផងដែរ តាមរយៈហេតុផលដែលបង្ហាញនៅខាងក្រោម។

1. ធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំកាន់តែអស្ចារ្យ

ការក្លាយជាអ្នកដឹកនាំម្នាក់ដ៏អស្ចារ្យ លុះត្រាតែអ្នកនៅក្រោមបង្គាប់ទាំងអស់មានការគោរពស្រលាញ់ អនុវត្តន៍តាម និងយកធ្វើជាគំរូរបស់ពួកគេ។ ហេតុអ្វីជំនាញលក់ពាក់ព័ន្ធនឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ? ពីព្រោះតែជំនាញលក់ អាចបញ្ចុះបញ្ចូលមនុស្សឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន និងមានសិល្បៈជាច្រើនក្នុងការចងចិត្តមនុស្សឱ្យជឿជាក់លើទស្សនវិស័យក្រុមហ៊ុន ក៏ដូចជាជឿជាក់លើខ្លួនឯង។

ម្យ៉ាងវិញទៀត នៅពេលដែលសហគ្រិនពូកែជំនាញលក់ខ្លាំង នោះពួកគេនឹងអាចដឹកនាំក្រុមការងារឱ្យពូកែផ្នែកលក់ដូចគ្នា ដូច្នេះក្រុមហ៊ុនក៏រីកចម្រើនតាមនោះដែរ ដោយសារតែប្រាក់ចំណូលនិងប្រាក់ចំណេញ វាបានមកពីប្រភពនៃការលក់ច្រើនជាងគេ។

2. កាន់តែយល់ច្បាស់ពីអតិថិជនគោលដៅ

នៅពេលដែលសហគ្រិនពូកែលើជំនាញលក់ខ្លាំង នោះពួកគេនឹងមានសមត្ថភាពយល់ច្បាស់ពីតម្រូវការ និងចេះពីវិធីជំរុញចិត្តអតិថិជនឱ្យសម្រេចចិត្តទិញលើអ្វីដែលពួកគេកំពុងតែលក់។ បន្ថែមពីនេះ ជំនាញលក់ នឹងជួយសហគ្រិនឱ្យមានគំនិតច្នៃប្រឌិតថ្មីៗក្នុងការរៀបចំយុទ្ធសាស្រ្តទីផ្សារ ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពជាមួយនឹងក្រុមអតិថិជនគោលដៅរបស់ពួកគេ។

3. ទាក់ទាញវិនិយោគិន និងដៃគូសហការ

សហគ្រិន ជាបុគ្គលសំខាន់សម្រាប់ក្រុមហ៊ុន ពីព្រោះពួកគេជាអ្នកកំណត់ជោគវាសនារបស់ក្រុមហ៊ុន ថាត្រូវរីកចម្រើន ឬក៏ត្រូវដួលរលំ ដោយអាស្រ័យលើសកម្មភាពដឹកនាំគ្រប់គ្រងចាត់ចែងទាំងមូលនៅក្នុងក្រុមហ៊ុន។ បន្ថែមពីនេះ សហគ្រិនក៏ជាបុគ្គលដែលអាចលក់អ្វីក៏បាន ដូចជាលក់គំនិតអាជីវកម្មទៅឱ្យវិនិយោគិនដែលមានសក្តានុពលដើម្បីទទួលបានដើមទុនបន្ថែម ចេះបង្ហាញពីគំនិតអាជីវកម្មទៅកាន់បុគ្គលមានសមត្ថភាព ឬស្ថាប័នដែលមានសក្ដានុពលខ្ពស់ដើម្បីអាចក្លាយជាដៃគូសហការនឹងគ្នា លក់ផលិតផលឬសេវាកម្មដល់អតិថិជន និងការចេះកសាងទំនុកចិត្តជាមួយនឹងបុគ្គលិក។

ហេតុដូចនេះ សហគ្រិនត្រូវតែមានជំនាញលក់ឱ្យបានខ្លាំង ដើម្បីមានសមត្ថភាពក្នុងការទាក់ទាញវិនិយោគិន ដៃគូសហការ បង្កើនអតិថិជនបានច្រើន បង្កើនសមត្ថភាពក្រុមលក់ក្នុងក្រុមហ៊ុន និងទាញទំនុកបានខ្លាំងជាមួយក្រុមការងារ។