អាថ៌កំបាំងដែលជួយឲ្យ​ការធ្វើពាណិជ្ជកម្ម​ឆ្លងប្រទេស​ទទួលបាន​ជោគជ័យ

1397

មាន​កត្តា​ជាច្រើន​ដែលធ្វើឲ្យ​អ្នកជំនួញ​ជោគជ័យ​ក្នុង​ស្រុក​ចង់​ពង្រីក​ខ្លួន​ទៅក្រៅ​ប្រទេស។ ការធ្វើ​អាជីវកម្ម​ឆ្លង​ប្រទេស​ជួយឲ្យ​ទីផ្សារ​របស់អ្នក​កាន់តែ​ទូលំទូលាយ​ប៉ុន្តែ​នៅពេល​ដែល​ចង់​វាយលុក​ចូល​ទីផ្សារ​នៅ​ប្រទេស​ដទៃ​​​នោះ​គឺ​ពុំមាន​ភាពងាយស្រួល​ទេ បើទោះបី​ជា​អ្នក​មាន​ធនធាន​គ្រប់គ្រាន់​ក៏ដោយ។ លុះត្រាតែ​អ្នក​ស្គាល់​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់​ជ្រៀត​ខ្លួន​ចូល​ជាមុនសិន​ជាពិសេស​គិត​ឲ្យ​បាន​ជាក់លាក់។ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្រ្ត​ដែល​អាច​ជួយ​អ្នក​ស្គាល់​ពី​របៀប​ពង្រីក​ជំនួញ​ទៅក្រៅ​ប្រទេស៖

  • មាន​ទំនាក់ទំនង​​ជាមួយ​អ្នក​ក្រៅប្រទេស

​នៅពេល​ចង់​បង្កើត​អាជីវកម្ម​នៅប្រទេស​ណាមួយ អ្នក​គួរតែ​ស្គាល់​មនុស្ស​នៅទីនោះ​ទើបជា​ការប្រសើរ​។ ជាពិសេស​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ គណនេយ្យករ​​ អ្នក​ផ្តល់​ប្រឹក្សា​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចូល​ផលិលផល​របស់អ្នក​ចូលមក​ប្រទេស​ពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រៅពីនេះ​ទៅទៀត​ការស្គាល់​ពួកគេ​អាច​ឲ្យ​អ្នក​​ដឹង​កាន់តែ​ច្បាស់​ពី​វប្បធម៌​ ការរស់នៅ ទំនោរ​អតិថិជនគោលដៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួកគេ​។ ដូច្នេះ​អ្នក​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅទីនោះ​។

  • ធ្វើការ​​ស្រាវជ្រាវ

នៅពេល​ដែល​ប្រទេស​មួយ​រីកចម្រើន ទីផ្សារ​ពាណិជ្ជកម្ម​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ។ ​នៅពេល​ដែល​មាន​​កំណើន​ខ្លាំង វា​ជា​ផល​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ពង្រីក​ជំនួញ។ ចំណែក​ឯ​ប្រទេស​​ដែល​មិនមាន​ភាពនឹងនរ​វិញ​​គឺ​តែង​មាន​បញ្ហាស​ង្គម​និង​នយោបាយនាំឲ្យ​រាល់​ពាណិជ្ជកម្ម​នានា​​ងាយ​នឹង​ជួប​ហានិភ័យ​។ ដូច្នេះ​អ្នក​ត្រូវ​សិ​ក្សាឲ្យ​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់ទៅ​​ធ្វើ​ជំនួញ​នៅទីនោះ​ថាតើ​សេដ្ឋកិច្ចរបស់គេ​មាន​លក្ខណៈយ៉ាងណា​​ជាពិសេស​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ជាក់លាក់​ពី​វិបត្តិដែល​តែងតែ​កើតមាន​​​នៃ​​ប្រទេស​នោះ។​

  • កុំខ្លាច​ក្នុង​ការតាំង​នៅ​កន្លែង​ផ្សេង​តែ​ម្នាក់ឯង

ម្ចាស់អាជីវកម្ម​​ភាគច្រើន​តែងតែ​ពង្រីក​សាខា​ពាណិជ្ជកម្ម​ពួកគេ​ទៅកាន់​ទីកន្លែង​ដែល​មាន​មនុស្ស​ចូលចិត្ត​ទៅច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅទីតាំង​ដែល​មាន​ដៃគូ​ប្រកួត​ប្រជែង​​តិច​ក៏ជា​ជម្រើស​ល្អ​ម្យ៉ាងដែរ​ពីព្រោះ​ថា​នៅពេល​ដែល​យើង​មិនសូវ​មាន​អ្នក​ប្រជែង​នោះ​​អ្នក​អាច​ទាញ​យក​អតិថិជន​បានច្រើនជាពិសេស​ប្រសិន​បើ​​ហាង​របស់​អ្នក​ផ្តល់​​សេវាកម្ម​​​​​ឬ​ក៏​ផលិតផល​​ដែល​អាច​ធ្វើឲ្យ​ពួកគេ​ចាប់អារម្មណ៍​បាន។

  • ប្រកាន់​ខ្ជាប់​ភាព​អត់ធ្មត់

ប្រទេស​នីមួយៗ​គឺមាន​ការ​វិវត្ត​ខុសៗគ្នា​​ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ខុសគ្នា​ដែរ។ ​​អ្នក​ត្រូវ​​ដឹង​ពី​សាសនា ​ទំនៀម​ទម្លាប់​ និង​ការរស់​របស់​អ្នក​នៅទីនោះ​។ ​នៅពេល​ដែល​អ្នក​ចូល​ទៅ​ធ្វើ​ជំនួញ​នៅ​ប្រទេសនោះ​ ​អ្នក​ក៏​ត្រូវ​សម្រប​ខ្លួន​ទៅតាម​វប្បធម៌​របស់​ពួកគេ​។ ការប្រកាន់​ខ្ជាប់​ភាពអត់ធ្មត់​​និង​ព្យាយាម​បង្កើត​មិត្តភាព​ជាមួយ​ពួកគេ​ឲ្យ​បានច្រើន​​​បើទោះបី​ជា​ពេលខ្លះ​វា​មាន​ផលលំបាក​ពិតមែន​តែ​វាអាចជួយអ្នកឲ្យជោគជ័យ​ក្នុង​អាជីវកម្ម​របស់អ្នក​។

  • ការរៀបចំ​ខ្លួន

ការតុបតែង​ខ្លួន​​ក៏​ជា​ផ្នែក​មួយ​ដែល​សំខាន់​សម្រាប់​ពាណិជ្ជករ​​ផងដែរ​។ សំខាន់បំផុត​អ្នក​គួរ​រៀបចំខ្លួន​ឲ្យ​ស្រប​តាម​កាលៈទេសៈនិង​តួនាទី​របស់អ្នក​ដោយអ្នក​មិន​ចាំបាច់​ត្រូវ​តែ​ឆើតឆាយពេកហើយ​ក៏​​មិនគួរ​​ហួស​សម័យពេក​ដែរ​។ នៅក្នុង​ចំណោម​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​គឺ​ពួកគេ​ប្រកាន់​ណាស់​ទៅលើ​ការតុបតែង​ខ្លួន​​​ជាពិសេស​ការ​ស្លៀកពាក់​។ នៅពេល​ដែល​​អ្នក​ចង់ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់​ អ្ន​ក​ត្រូវ​មាន​ការស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ​​​​។ ការស្លៀកពាក់​សមរម្យ​គឺ​ធ្វើឲ្យ​មនុស្ស​ជុំវិញ​មើល​មក​អ្នក​ថា​ជា​មនុស្ស​មាន​របៀប​រៀបរយ​និង​​គួរឲ្យ​ទុកចិត្ត​ បូករួម​បើ​អ្នក​ជា​មនុស្ស​មាន​ចំណេះដឹង​និង​ជោគជ័យ​ក្នុង​ជំនួញ​ទៀត​​គឺ​កាន់តែ​ធ្វើឲ្យ​ពួកគេ​ចង់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ក្នុង​វិស័យ​ធុរកិច្ច​។

  • ត្រូវ​មាន​យុទ្ធសាស្ត្រ​លើស​ពី​មួយ

ពាណិជ្ជករ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ធុរកិច្ច​គឺ​ពុំ​ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​តែមួយ​នោះទេ។​ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ក៏​ដូចគ្នា អ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ដែល​មិន​តិចជាងពីរ​ឬ​បីទេ។​ មុន​នឹង​ចាប់ផ្តើម​សម្រេច​ថា​គួរ​ធ្វើ​ទីផ្សារ​ដោយ​របៀប​ណា​នោះ អ្នក​ត្រូវ​គិត​ពី​គម្រោង​ឲ្យ​បានច្រើន​ជាមុនសិន​។ ប្រសិនបើ​អ្នក​ប្រើ​យុទ្ធសាស្ត្រ​ណាមួយ​ហើយ​​មិន​អំណោយ​ផល អ្នក​​គួរ​​បង្វែរ​​ទៅរក​យុទ្ធសាស្ត្រ​ផ្សេង​ហើយ​ត្រូវ​គិត​ឲ្យ​បាន​លិ្អតល្អន់។

  • កុំ​វាយ​តម្លៃ​ឬ​ប្រៀបធៀប

ដូចដែលយើង​បានដឹង​ហើយថា​ប្រទេស​ទាំងអស់​គឺ​មិនដូចគ្នា​នោះទេ។ ជាពិសេស​នៅពេល​ដែលអ្នក​​ត្រូវ​បង្កើត​ផែនការ​ធុរកិច្ច​  វិភាគ​ហានិភ័យ និង​​គម្រោង​នៃ​ការ​ធ្វើទីផ្សារ​​នៅ​ប្រទេស​នោះ។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចាំ​ថានៅពេល​ដែល​អ្នក​ធ្វើ​អាជីវកម្ម​​នៅ​ប្រទេស​ណាមួយ​ អ្នក​ពុំ​គួរ​លើក​យក​ការប្រៀបធៀប​រវាង​ប្រទេស​នោះ​និង​ប្រទេស​របស់អ្នក​​នោះទេ​​។​ វា​​អាច​ធ្វើឲ្យ​​មនុស្ស​​មួយ​ចំនួន​មិន​ចូលចិត្ត​អ្នក​ដោយសារ​តែ​ជួនកាល​អ្នក​អាច​បង្កើត​កំហុស​ដោយមិន​ដឹងខ្លួន​ដូចជា​ការ​និយាយ​ប៉ះពាល់​ចំណុច​មិន​ល្អ​របស់​ប្រទេស​​គេ។ ហេតុនេះ​ហើយ​បើចង់​ឲ្យ​ការ​រកស៊ី​ដើរ​ទៅមុខ អ្នក​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ប្រទេស​ដែល​អ្នក​ទៅធ្វើ​ពាណិជ្ជកម្ម។