អានសៀវភៅThe One minute managerជាង១ម៉ោង​ ដើម្បីស្វែង​យល់ពី​ការ​ដឹក​នាំ​ក្រុម

1756

សៀវភៅ​គឺជា​មិត្ត​ដែល​វិសេស​សម្រាប់​ណែនាំ ផ្តល់ចំណេះ និង​ពង្រីក​វិសាល​ភាព​នៃការ​គិត​របស់យើង។ ការ​អានសៀវភៅ​ឱ្យបាន​ខ្ជាប់ខ្ជួនគឺជា​ការបង្កើត​ទម្លាប់​ដ៏ល្អ​មួយ​ ដែល​រួមចំណែក​ជួយ​ជម្រុញ​ឱ្យយើង​ទទួលបានជោគជ័យ​ឆាប់រហ័ស និងមាន​ការគិត និង​វិភាគ​បានស៊ីជម្រៅ។ សម្រាប់អ្នកដឹក​នាំ​ល្បីៗ​ ​អ្នកជំនួញ​ និង​អ្នក​គ្រប់គ្រងល្បីៗភាគ​ច្រើន​តែងមាន​ទម្លាប់​អាន​ជាទៀងទាត់ ដើម្បីពង្រឹង​សមត្ថភាពគិត និង​គំនិត​របស់ពួកគេ។

សម្រាប់ខ្ញុំ ការអានគឺជា​ផ្នែក​មួយ​នៃ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ។ ហើយ​កាលពី​ថ្ងៃចូល​ឆ្នាំ​ចិន ដែលជាថ្ងៃដ៏ស្ងប់ស្ងាត់ ខ្ញុំ​បាន​ចំណាយពេល​ប្រមាណ​ជាង១​ម៉ោង​ដើម្បី​អាន​សៀវភៅ​ដ៏​តូចមួយ​ដែលមាន​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ជាច្រើន​ដើម្បី​យក​មកពិចារណា និង​ឆ្លុះ​បញ្ចាំង​ជាមួយ​នឹង​ការ​ងារ​ប្រចាំថ្ងៃ នោះគឺ The One Minute Manager, builds high performing teams (អ្នកគ្រប់គ្រង១នាទី-កសាង​ក្រុមការងារដែលមាន​ប្រសិទ្ធ​ភាព​ការងារខ្ពស់)។

នៅក្នុង​សៀវភៅដ៏​តូចតែ​មាន​អត្ថន័យ​មួយនេះ អ្នកនិពន្ធ​បានធ្វើការ​សរសេរ​ណែនាំជាលក្ខណៈសាច់រឿង​ ឆ្លុះ​បញ្ចាំងពី​ការ​ដឹកនាំ​ក្រុម​ និង​ដំណាក់កាលនីមួយ​ៗ​ដែល​យើងជួប​ប្រទះ​មុន​នឹង​ក្រុមការងារ​របស់យើង​អាចឈាន​ទៅដល់ចំណុច​កំពូល​មួយ ឬដល់​ដំណាក់កាល​ដែលទទួលបាន​លទ្ធផល​ការងារ​ខ្ពស់។

គាត់​បាន​ពន្យល់​ថា ដើម្បី​ឱ្យ​ក្រុមការងារ​មួយ​ដល់កម្រិតកំពូល​បាន ការធ្វើការងារជាក្រុម និង​ការដឹកនាំ​សមាជិក​ក្រុមគឺជាកត្តា​ចាំបាច់បំផុតសម្រាប់ភាព​ជោគជ័យ។ តើនៅពេលណាទើប​យើង​បានដឹងថា ក្រុមការងារយើង​បានឈានទៅដល់​ចំណុច​កំពូលបាន?

នៅពេលដែលក្រុមមាន​លក្ខណៈសម្បត្តិដូចជា៖ មានគោលបំណង និង​គុណតម្លៃ ការផ្តល់សិទ្ធ​ឱ្យសមាជិក ការរាប់អាន និងប្រាស័យទាក់ទងគ្នា ភាពបត់បែន លទ្ធផលការងារល្អ ការទទួលស្គាល់និង​ឱ្យ​តម្លៃ និង​សុជីវធម៌ជាដើម។

នៅពេលដែល​ក្រុមរបស់អ្នកមានលក្ខណៈសម្បត្តិទាំងនេះ ឬក៏មានភាគច្រើន អ្នកនឹង​មាន​អារម្មណ៍ថា រាល់​កិច្ច​ការ គោលដៅ និង​គម្រោងផ្សេងៗអាចធ្វើ​បាន​សម្រេច​ជាមួយ​នឹង​ប្រសិទ្ធផលខ្ពស់និង​ឆាប់រហ័សដោយ​មិនបាច់ប្រឹងប្រែងខ្លាំង។

នៅក្នុងសៀវភៅ The One Minute Manager Builds High Performing Teams អ្នកនិពន្ធបាន​បង្ហាញ​ពី​ដំណើរ​ការនៃការ​បង្កើត​ក្រុម​ការងារ​ដែលមាន​លទ្ធផលការងារខ្ពស់​ដោយ​មាន​៣ជំនាញ​សំខាន់ៗ​​នៃ​អ្នកដឹកនាំក្រុម​ និង​សមាជិកក្រុម​គឺ៖ ធ្វើការវិនិច្ឆ័យសញ្ញា ការសម្រប និងការផ្ទេរ​សិទ្ធ​អំណាច។

អ្នកនិពន្ធ​ក៏បាន​ធ្វើការណែ​នាំ​ពី​ដំណាក់កាល​នីមួយ​ៗ​ដែលក្រុមការងារតែងជួប្រទះ​មុន​នឹង​ទទួលបាន​លទ្ធផល​ល្អ​នោះគឺ៖

១-​ ការណែនាំពី​ទិសដៅ៖ គឺជា​ដំណាក់កាលដែល​លទ្ធផលការងារទាប តែមាន​សុជីវធម៌ខ្ពស់។ នេះជា​ពេលវេលាដែល​ក្រុមការងារ​បានដឹងពី​តួរនាទី និង​ទំនួលខុសត្រូវរបស់ខ្លួន។ សម្រាប់​ដំណាក់កាលនេះ របៀបដឹកនាំដែលល្អ​បំផុតគឺ​ចង្អុរបង្ហាញ។

២- ភាព​មិនពេញចិត្ត៖ នេះគឺជា​ដំណាក់កាល​ដែល​មាន​ភាពក្តៅគគុក ដោយសារមិនចុះសម្រុងគ្នា។ ភាព​ក្លៀវក្លា​ពីដំណាក់កាលដំបូង​បានធ្លាក់ចុះ ហើយ​ការធ្វើការងារ​អ្វីៗ​ចាប់ផ្តើមមានអារម្មណ៍​ថា​កាន់តែលំបាក។ដំណាក់កាលនេះ របៀបដឹកនាំដែលល្អបំផុតគឺបង្វឹក។

៣- សមាហរណកម្ម´៖ វាគឺជា​ពេលវេលា​ដែល​សមាជិក​ក្រុមចាប់ផ្តើមយល់ចិត្តគ្នា ហើយចាប់​ផ្តើម​មានអារម្មណ៍ធូរស្បើយជាងមុន ​អាចធ្វើការជាមួយគ្នា​បាន និង​ដោះស្រាយ​ភាព​ខុសប្លែកគ្នា។ ក្នុង​ដំណាក់​កាលនេះ សមាជិក​ចាប់ផ្តើម​បង្កើត​ទំនុក​ចិត្ត​ឱ្យគ្នា​ទៅវិញទៅមក និង​ចាប់ផ្តើម​ផ្សារភ្ជាប់គ្នាឡើងវិញ។ ហើយ​នៅក្នុង​ដំណាក់នេះ របៀប​ដឹកនាំ​គឺ​បែប​គាំទ្រ។

៤- លទ្ធផលការងារ៖ នៅពេលនេះ​សមាជិក​ចាប់ផ្តើម​មានចំណេះដឹងច្រើននិង​យល់ពី​គុណតម្លៃ គោលដៅ ទំនួលខុសត្រូវ ព្រមទាំងការ​ផ្តល់ឱ្យ។ ក្នុង​ដំណាក់កាលនេះ​ការដឹកនាំដែលសាកសមបំផុតគឺផ្ទេរ​ការងារ និង​អំណាច។

តើ​អ្នក​ជាអ្នកគ្រប់គ្រង​/ដឹកនាំមែនទេ? តើអ្នក​មានពេលទំនេរប្រហែល២ម៉ោងសម្រាប់​បំប៉ន​ចំណេះដឹងដែរឬទេ? ខ្ញុំ​សូម​ណែនាំសៀវភៅមួយក្បាលនេះ​ដល់អ្នកទាំងអស់គ្នា ព្រោះវាងាយស្រួលអាន និង​តូចស្តើងដែលអាច​អាន​ចប់ក្នុង​រយៈពេលដ៏ខ្លី តែទទួលបាននូវចំណែះដឹងវិញជាច្រើន។