អុកស៊ីសែនលើសលុបពេកក៏មិនល្អដែរ !

1596

មនុស្ស​ត្រូវការ​អុកស៊ីសែន​ដើម្បី​រស់ ដោយ​ដកដង្ហើម​តាមរយៈខ្យល់​ដែលក្នុងនោះ ២១% ជាអុកស៊ីសែន ។ អ្នកប្រហែលជាគិតថា ការដកដង្ហើមស្រូប​យក​ខ្យល់ដែលមាន​អុកស៊ីសែន១០០% ពិតជាល្អប្រសើរសម្រាប់យើង​គ្រប់ៗគ្នា ប៉ុន្តែអ្វីៗគឺផ្ទុយស្រឡះ ។ ខ្យល់​ដកដង្ហើម​ដែលមានតែអុកស៊ីសែន​គឺអាចផ្តល់គ្រោះថ្នាក់​ដល់យើងបាន ។ និយាយឲ្យ​ខ្លី ជាទូទៅអុកស៊ីសែនសុទ្ធមិនល្អ​ឡើយ​ ហើយជួនកាល​វាអាចក្លាយ​ជា​សារធាតុពុល​ទៀតផង ។ ដើម្បីឲ្យ​យល់កាន់តែច្បាស់ «គំនិត» នឹងធ្វើការពន្យល់បកស្រាយ​ត្រួសៗទាក់ទង​នឹងបញ្ហានេះជូនដល់ប្រិយមិត្ត​ ។

ដំនើរ​នៃ​ដំណកដង្ហើម

ដំបូង​យើង​គួរ​យល់​ដឹង​អំពី​វិភាគ​ផ្ទៃ​ក្នុង​នៃ​ប្រដាប់ដង្ហើម​របស់​មនុស្សសិន ។ សួត​​របស់​មនុស្ស​ម្នាក់ៗប្រៀបបីដូចជាបំពង់​តភ្ជាប់គ្នា បែកចេញពីច្រមុះ និងមាត់ ពីបំពង់ខ្យល់ ទៅដល់ទងសួត និង​កូនទងសួត ហើយបញ្ចប់នៅ​ក្នុងថង់សួត ។ ថង់សួត​នីមួយៗ​ពេញ​ទៅដោយ​កូនថង់សួត​ដែល​រុំព័ទ្ធទៅដោយ​សរសៃឈាមតូចៗ​ ដែលហៅថាកូនសរសៃឈាមសួត (Pulmonary capillaries) ។ ឯនៅចន្លោះ​សរសៃឈាម និង​កូនថង់សួត គឺជា​ភ្នាសស្តើង (កម្រាស់ 0,5​ ម៉ីក្រុង) ដែលអនុញ្ញាតិឲ្យឧស្ម័នផ្សេងៗឆ្លងកាត់​ ដូចជា​អុកស៊ីសែន កាបូនឌីអុកស៊ីត និងនីត្រូសែន ។

ដំណកដង្ហើមចាប់​ផ្តើម​ពី​ការ​ស្រូប​យក​ខ្យល់​ចូល​ (ដង្ហើមចូល) ដែល​ខ្យល់​ចូល​ទៅ​បំពេញ​ថង់សួត ។ តែ​បណ្តូរ​ឧស្ម័ន​ពិតប្រាកដកើតឡើង​នៅ​ត្រង់​ភ្នាសស្ដើង​រវាង​សសរសៃឈាម​ និង​កូនថង់សួត​ឯណោះ​ទេ ។ ត្រង់នេះ​សរសៃឈាម​ដឹកនាំឈាម​ដែល​មាន​កំហាប់អុកស៊ីសែន​ទាប​ និង​កាបូនឌីអុកស៊ីត​ខ្ពស់ទៅកាន់​ចំនុច​បណ្តូរ​ ផ្ទុយ​ពីសមាសភាគខ្យល់​ក្នុង​កូនថង់សួត ដែល​មាន​កំហាប់​អុកស៊ីសែន​ខ្ពស់​ តែ​កាបូនឌីអុកស៊ីតទាប ។ ភាពខុសគ្នា​នេះ​ធ្វើ​ឲ្យ​កើតមាន​បាតុភូត​បន្សាយ​ ដែល​អុកស៊ីសែន​សាយ​ទៅ​ក្នុង​សសរឈាម​ ឯ​កាបូនឌីអុកស៊ីត​សាយ​ទៅ​ក្នុង​ខ្យល់ក្នុង​កូនថង់សួត​វិញ ។ ចំណែក​កំហាប់​នីត្រូសែន​នៅក្នុងឈាម និងខ្យល់ក្នុងថង់សួត​មានកម្រិតប្រហាក់ប្រហែលគ្នាដដែល ។

ចុះបរិមាណអុកស៊ីសែន​ក្នុង​ខ្យល់​ ប៉ះពាល់​ដល់​ដំណកដង្ហើម​ដែរឬទេ ?

តើមានអ្វីខ្លះ​កើតឡើងនៅ​ពេលដែលយើងស្រូបយកខ្យល់ដកដង្ហើមដែលមាន​អុកស៊ីសែន​១០០% ? ក្នុង​ពិសោធន៍មួយ នៅពេលគេដាក់កណ្តុរ​ហេមស្ទ័រ (Guignea pig) ឲ្យនៅក្នុងមជ្ឈដ្ឋាន​ខ្យល់​មានកម្រិត​ឧស្ម័នអុកស៊ីសែន១០០% ក្នុង​សម្ពាធ​ធម្មតា រយៈពេល ៤៨ម៉ោង អង្គធាតុរាវចាប់​ផ្តើម​ប្រមូលផ្តុំ​នៅក្នុង​សួត និង​ក្នុង​កោសិកាអេពីតេល្យូមព័ទ្ធជុំវិញថង់សួត ។ មិនតែប៉ុណ្ណោះ​សរសៃ​ឈាម​ថង់សួត​ក៏ទទួលរងការខូចខាត ដែលប្រហែលជាបង្កឡើងដោយទម្រង់នៃម៉ូលេគុល​អុកស៊ីសែនសកម្មមួយ គឺរ៉ាឌីកាល់សេរីនៃ​អុកស៊ីសែន ដែលអាចបំផ្លាញ​ប្រូតេអ៊ីន​ និងភ្នាស​កោសិកា​អេពីតេល្យូម ។ ចំពោះ​មនុស្ស​វិញ ការស្រូបយកខ្យល់ដកដង្ហើមដែលមានកម្រិត​អុកស៊ីសែន១០០%​ ក្នុងសំពាធ​ធម្មតា នឹងអាចបង្កឲ្យមាន៖

-អង្គធាតុរាវ​ប្រមូលផ្តុំនៅក្នុងសួត ។

-ឧស្ម័នឆ្លងកាត់​ថង់សួតមានល្បឿនយឺត បានន័យថាគេត្រូវដកដង្ហើមញាប់ជាងមុន​ដើម្បី​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ ។

-មានអាការៈឈឺចុកទ្រូង​នៅពេល​ដក​ដង្ហើមវែង ។

-បរិមាណខ្យល់ដែលអាចផ្លាស់ប្តូរបានថយចុះ១៧% ។

-សំបោរ​ហូរបិទជិត​តំបន់ដែលថង់សួត​ខូច ជា​អាការៈមួយហៅថា​​ “អាតេឡិកតាស៊ីស” ។ អុកស៊ីសែនដែលជាប់នៅក្នុងថង់សួតដែលបានបិទជិត នឹងត្រូវស្រូបចូលទៅក្នុងឈាមវិញ ធ្វើឲ្យ​គ្មានឧស្ម័ននៅក្នុងថង់សួត បង្កឲ្យ​ថង់សួត​ស្វិត និងងាប់ ។​ សំបោរបិទស្ទះជាអាការៈធម្មតា ដែលនឹងអាចបាត់ទៅ​វិញ​តាម​ការ​រយៈការក្អក និង​កណ្តាស់ ។ ប៉ុន្តែបើ​ថង់សួតស្ទះនៅពេលមានខ្យល់នៅ​ឡើយ នោះនីត្រូសែននឹងជាប់​នៅក្នុង​ថង់សួត​មិន​អាច​ចេញ​មកវិញបាន​ បង្កឲ្យ​មានបញ្ហាក្នុងដំណក​ដង្ហើមចេញ ។

អាវកាសយានិកនៅក្នុងកម្មវិធី ហ្គេមីនី និង​ អាប៉ូឡូ ធ្លាប់​ដក​ដង្ហើមខ្យល់អុកស៊ីសែនសុទ្ធក្នុង​សំពាធទាបជាងសម្ពាធធម្មតារយៈពេល​២សប្តាហ៍ដោយ​គ្មានបញ្ហាអ្វី ។​ ផ្ទុយទៅវិញ បើគេ​ដកដង្ហើម​ខ្យល់របៀបនេះ​ក្នុងសម្ពាធខ្ពស់ (ប្រហែល៤ដង​នៃសម្ពាធ​ធម្មតា) ការពុល​អុកស៊ីសែន​យ៉ាងតំណំនឹងកើតមានឡើង រួមមានអាការៈដូចខាងក្រោម៖

-វិលមុខ

-ក្អួតចង្អោរ

-សាច់ដុំកន្រ្តាក់

-ភ្នែកស្រវាំង

-ប្រគ្រីវកាច់​​ ប្រកាច់ ។

ដូចនេះ​ហើយ​ សូម​មិត្ត​អ្នក​អាន​ប្រុង​ប្រយ័ត្ន​កុំ​ដកដង្ហើម​ក្នុង​ខ្យល់​ដែល​មាន​កំហាប់​អុកស៊ីសែន​ខ្ពស់ឲ្យ​សោះ ! តែ​សូម​កុំ​ភ័យ​ ស្ថាន​ភាព​បែបនោះ​មិន​មាន​ឡើយ​ក្នុង​ពិភពលោក​យើង ៕

 

ឯកសារយោង

http://science.howstuffworks.com/question4931.htm

http://users.rcn.com/jkimball.ma.ultranet/BiologyPages/P/Pulmonary.html

Previous articleតើមនុស្ស​អាចនឹង​បង្កើត​ម៉ាស៊ីន​ពេលវេលា​បានដែរ​ឬទេ ?
Next articleស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិនៃថាមពលនុយក្លេអ៊ែរ
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។