អ្នកសរសេរកូដវ័យចំណាស់ដ៏ល្បីជនជាតិជប៉ុន ធ្វើឱ្យយុវជនជាច្រើនសុំចាញ់

93
អ្នកសរសេរកូដវ័យចំណាស់ដ៏ល្បីជនជាតិជប៉ុន ធ្វើឱ្យយុវជនជាច្រើនសុំចាញ់

ជីដូនម្នាក់នេះ មានឈ្មោះថា ម៉ាសាកូ អាយុ 81ឆ្នាំ ជនជាតិជប៉ុន ហើយលោកស្រីបានឡើងនិយាយនៅកម្មវិធី TED Talk ដោយរៀបរាប់អំពីរឿងរ៉ាវជីវិតដ៏ទាក់ទាញដល់មនុស្សគ្រប់គ្នា ដោយគាត់អាចរៀនសរសេរកូដ និងសរសេរបង្កើតកម្មវិធីហ្គេមដ៏ជោគជ័យ នៅអាយុ 81 ឆ្នាំ ដើម្បីបើកដំណើរការកម្មវិធីនោះ សម្រាប់ iPhone ដែលធ្វើឱ្យយុវជនជាច្រើនមិនអាចធ្វើបានដូចគាត់។

លោកស្រីម៉ាសាកូ គឺជាបុគ្គលិករបស់ធនាគារដ៏ល្បីមួយនៅប្រទេសជប៉ុន។ គាត់បានធ្វើការយ៉ាងលំបាកអស់រយៈពេល 43 ឆ្នាំ រហូតឈានដល់អាយុចូលនិវត្តន៍។ ថ្ងៃមួយ គាត់បានអានទស្សនាវដ្តីមួយដែលនិយាយថា “ប្រសិនបើអ្នកមានកុំព្យូទ័រ អ្នកមិនចាំបាច់ចេញទៅក្រៅទេ អ្នកនៅតែអាចជជែកជាមួយមនុស្ស អាចអានកាសែត និងស្វែងរកព័ត៌មានផ្សេងៗ” បន្ទាប់ពីអានរួច គាត់ក៏សម្រេចចិត្តទៅទិញកុំព្យូទ័រថ្មីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ប្រមូលព័ត៌មាន និងមើលថែម្តាយចាស់ជរារបស់គាត់។ អ្វីដែលមិននឹកស្មានដល់នោះគឺថា ការសម្រេចចិត្តទិញកុំព្ុនេះបានផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុងបន្ទាប់ពីចូលនិវត្តន៍។

ភាពតស៊ូជាមួយកុំព្យូទ័ររយៈពេល 3 ខែ

ម៉ាសាកូ ចាប់ផ្ដើមធ្វើការជាមួយនឹងកុំព្យូទ័រតាំងពីអាយុ 60 ឆ្នាំ ហើយការរៀនពីរបៀបប្រើកុំព្យូទ័រក្នុងនាមជាមនុស្សចាស់មិនមែនជារឿងងាយស្រួលនោះទេ និងមានបញ្ហាច្រើនជាមួយរឿងនេះ។ ទោះជាយ៉ាងណាក្ដី ដោយសារតែគាត់ចង់និយាយនិងទាក់ទងជាមួយមនុស្ស ដូច្នេះគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីដំឡើងកម្មវិធីទាំងអស់នៅលើកុំព្យូទ័រថ្មីរបស់គាត់។ បន្ទាប់ពីបានរយៈពេល 3 ខែ នៅព្រឹកថ្ងៃអាទិត្យ គាត់ស្រាប់តែក្រឡេកមើលអេក្រង់កុំព្យូទ័រ ហើយឃើញសារមួយថា កុំព្យូទ័រត្រូវបានដំឡើងដោយជោគជ័យ។

បន្ទាប់មក គាត់បានសម្រេចចិត្តចុះឈ្មោះចូលក្លឹបអនឡាញសម្រាប់មនុស្សចាស់។ ហើយសារដែលលេចចេញនៅក្នុងក្រុមជជែកកំសាន្តរបស់ក្លឹប គឺជាពេលវេលាល្អបំផុតនៅក្នុងជីវិតរបស់គាត់ បន្ទាប់ពីអាយុ 60 ឆ្នាំ។ បន្ថែមពីនេះ គាត់ក៏បានជ្រើសរើសវគ្គសិក្សាតាមអនឡាញ ដូចជារៀនពីរបៀបកាត់តវីដេអូ និងផ្សេងៗទៀត។ ហើយពេលនេះហើយ ដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ថា ជីវិតរបស់គាត់ពោរពេញដោយថាមពល មានភាពរឹងមាំជាងមុន និងមានផ្នត់គំនិតថា គាត់អាចធ្វើអ្វីបានគ្រប់យ៉ាងដោយខ្លួនឯង។

10ឆ្នាំក្រោយមក បន្ទាប់ពីម្តាយគាត់ស្លាប់ គាត់បានក្លាយជាមនុស្សមានសេរីភាព និងស្រមៃថាគាត់នឹងអាចឆ្ពោះទៅកាន់វិថីដ៏អស្ចារ្យបន្ថែមថែមទៀតនៅក្នុងជីវិត។ ដូច្នេះគាត់ក៏បានសម្រេចចិត្ត ធ្វើជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលដើម្បីជួយដល់មនុស្សចាស់ផ្សេងទៀត ប៉ុន្តែជាអកុសលដោយការខ្វះខាតនូវធនធានច្រើន ដើម្បីជួយគាត់ឱ្យរៀននិងស្រាវជ្រាវអំពីកុំព្យូទ័របន្តបានទៀត។

សកម្មភាពបន្ទាប់ គាត់ក៏បានសិក្សាតាមសៀវភៅ ស្ដីអំពី​ Excel ដែលធ្វើឱ្យគាត់បានបង្កើតគំនិតមួយ ដោយគាត់បានចែករំលែកអត្ថបទ ពីរបៀបបង្កើតសិល្បៈជាមួយ Excel និងបង្ហោះវីដេអូពីដំណើរកំសាន្តរបស់គាត់ទៅកាន់ប្រទេសមេឌីទែរ៉ាណែនិងនូវែលសេឡង់។  ហើយក៏បានណែនាំផលិតផល ដូចជាអ្នកគាំទ្រសម្លៀកបំពាក់ និងអ្នករចនាម៉ូដជាដើម។ ការរចនានេះ ផ្អែកលើកម្មវិធីសូហ្វវែរ ដែលមានស្លាកយីហោប្រពៃណីរបស់ប្រជាជនជប៉ុន។

លើសពីនេះ គាត់ក៏បានបង្កើតមិត្តភក្តិថ្មីៗ និងរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយមិត្តចាស់ៗ ពីព្រោះមិត្តភក្តិគឺជាទ្រព្យក្នុងជីវិតរបស់គាត់ ដោយមិត្តភក្តិនេះហើយ ទើបគាត់បានរៀនសូត្រនូវរឿងរ៉ាវជាច្រើន តាមរយៈជួបជុំគ្នាពិភាក្សារឿងរៀនសូត្រ និងពិភាក្សាអំពីប្រធានបទផ្សេងជាច្រើន។

បុព្វហេតុនៃការសរសេរកូដបង្កើតកម្មវិធីដ៏អស្ចារ្យ

លោកស្រីម៉ាសាកូបាននិយាយថា ទោះបីជាគាត់មិនមែនជាអ្នកជំនាញក៏ដោយ ដរាបណាយើងមានគំនិតច្នៃប្រឌិតនិងមានចំណង់ខ្លាំង យើងនៅតែអាចបង្កើតធនធានខ្លាំងៗជាច្រើនដើម្បីជួយសង្គម។

បន្ថែមពីនេះ ដោយចិត្តចង់ជួយដល់មនុស្សចាស់ដូចគ្នា គាត់បានបង្កើតកម្មវិធីបន្ថែមសម្រាប់មនុស្សចាស់ប៉ុន្តែពួកគេទាំងអស់ត្រូវបានបដិសេធ។ នៅទីបញ្ចប់ម៉ាសាកូ បានសម្រេចចិត្តសរសេរកូដដើម្បីបង្កើតកម្មវិធីដោយខ្លួនឯង ដោយចង់បង្កើតកម្មវិធីមួយដែលធ្វើឱ្យមនុស្សចាស់មានអារម្មណ៍រំភើបនៅពេលពួកគេប្រើស្មាតហ្វូន។ បន្ទាប់ពីបានគិតហើយ គាត់ក៏ខិតខំអស់រយៈពេលកន្លះឆ្នាំ ជាលទ្ធផល គាត់ក៏អាចបង្កើតកម្មវិធីដោយជោគជ័យដោយសូម្បីតែយុវជនជាច្រើនក៏មិនអាចធ្វើបានដែរ។

នៅអាយុ81ឆ្នាំ លោកស្រីម៉ាសាកូ ទើបតែបានដាក់ដំណើរការកម្មវិធីមួយ ឈ្មោះថា ហ៊ីណាដាន(Hinadan) ដែលជាការរួមបញ្ចូលគ្នានៃពាក្យ “ ហ៊ីណា(hina)” (ឈ្មោះប្រភេទតុក្កតា) និង“ ដាន (dan)” (ជាន់, ជំហាន)។ នៅក្នុងកម្មវិធីនោះ អ្នកលេងត្រូវដាក់តុក្កតាចំនួន 12 យ៉ាងឱ្យត្រឹមត្រូវនៅលើអេក្រង់ដែលមាន 4 ជាន់។

ថ្វីត្បិតតែ ហ្គេមមានលក្ខណៈសាមញ្ញ ដោយមិនស្មុគស្មាញក្នុងការសរសេរកម្មវិធីក៏ដោយ ក៏ “ហ៊ីណាដាន” នៅតែបង្ហាញពីភាពលេចធ្លោនៃអ្នកសរសេរកម្មវិធីជំនាន់ថ្មីដែលជាអ្នករចនាហ្គេមវ័យចំណាស់។ ឥឡូវនេះហ្គេមអាចទាញយកដោយឥតគិតថ្លៃពីហាងកម្មវិធី iPhone។