spot_img
spot_img
Homeទូទៅអ្នកស្គាល់អ្វីខ្លះអំពីវប្បធម៌

អ្នកស្គាល់អ្វីខ្លះអំពីវប្បធម៌

-

វប្បធម៌​ពីភពលោក

វប្បធម៌មានន័យយ៉ាងដូចម្ដេច? ក្នុងនិយមន័យវប្បធម៌របស់ លោក ក្លាក់ហន (Kluckhohn, C., 1962) វប្បធម៌​រួម​មាន​លំនាំ​នៃ​របៀប​គិត​ អារម្មណ៍ និងប្រតិកម្ម​ ដែលរៀន និងប្តោះប្តូរ​ចម្បង​តាម​រយៈ​សញ្ញា​តំណាង ​ដែល​​រួម​មាន​ការ​សម្រេច​នានា​របស់​ក្រុម​មនុស្ស ដូចជាការឆ្លាក់ត្រាលើវត្ថុជាដើម ។ បណ្ដូល​សំខាន់​នៃ​វប្បធម៌​មាន​គំនិត​ប្រពៃណី​ និងតម្លៃដែលភ្ជាប់មកជាមួយ ។

លក្ខណៈវប្បធម៌
១. បាតុភូតក្រុម៖ វប្បធម៌សំដៅទៅលើក្រុមមនុស្ស ។
២. លក្ខណៈរួម៖ វប្បធម៌ជាគោលជំហររួមក្នុងការពិចារណា និងការយល់ដឹង ។ ធាតុផ្សេងៗនៃវប្បធម៌បានទទួលស្គាល់ពីសមាជិកក្រុមវប្បធម៌នោះ ។
៣. ទទួលយកតាមរយៈការរៀន៖ វប្បធម៌មិនជាប់ជាមួយសែន ឬកើតឡើងដោយធម្មជាតិឡើយ គឺវាអាស្រ័យនឹងសង្គម ហើយជាធាតុសប្បនិម្មិត ។ យើងរៀន ដឹងពីវប្បធម៌របស់ខ្លូនភាគច្រើនតាមរយៈទំនាក់ទំនងគ្រូសារ តែសង្គម ជាពិសេសគឺគ្រឹះស្ថានអប់រំក៏ជះឥទ្ធិពលយ៉ាងខ្លាំងលើបុគ្គលដែរ ។
៤. មិនងាយនឹងសាបរលាយ៖ ដោយសារវប្បធម៌សាបព្រោះលើបុគ្គលតាំងពីវ័យក្មេង ទាំងគេមិនចេតនា វាចាក់រឹះជ្រៅ និងតែងតែស្ថិតនៅជាមួយបុគ្គលរហូតមួយជីវិត ។
៥. ជះឥទ្ធិពលខ្លាំងដល់អាកប្បកិរិយា៖ វប្បធម៌បញ្ជាឲ្យបុគ្គលសំដែងអាកប្បកិរិយាទៅតាមបែបផែនជាក់លាក់មួយ ។
៦. កើតឡើងជាយថាក្រម និងមានរបៀប៖ ផ្នែកផ្សេងៗនៃវប្បធម៌បំពេញឲ្យគ្នាទៅវិញទៅមក ។ តម្លៃដែលវប្បធម៌កំណត់ឲ្យស្ដែងចេញជារូបភាពផ្សេងៗ ដូចជាទម្លាប់ជ្រើសរើស និងប្រើប្រាស់វត្ថុ មនោគមវិជ្ជានយោបាយ និងសេដ្ឋកិច្ចជាដើម ។
៧. កំបាំង៖ មួយភាគធំនៃវប្បធម៌គឺមិនអាចមើលឃើញ ឬមិនដែលត្រូវបានចាប់អារម្មណ៍ឡើយ រហូតដល់ពេលចេញពីក្រុមរបស់ខ្លួន គឺពេលជូបប្រទះនឺងវប្បធម៌បរទេសទើបដឹង ។
៨. ជាបទដ្ឋាន៖ វប្បធម៌កំណត់បទដ្ឋាននៃអាប្បកិរិយាក្នុងក្រុមខ្លួន ហេតុនេះហើយទើបសមាជិកក្រុមមើលឃើញទំនោរ គំនិត និងទង្វើរបស់ខ្លួនមានលក្ខណៈត្រឹមត្រូវ និងសមរម្យ ។ វប្បធម៌កំណត់អ្វីដែលធម្មតា និងអ្វីដែលខុសធម្មតា ។

ជាទូទៅ
ទីមួយគឺយើងមើលឃើញអ្វីដែលកើតឡើងក្នុងវប្បធម៌របស់យើងជារឿងធម្មតា និងត្រឹមត្រូវ ហើយអ្វីដែលមានក្នុងវប្បធម៌ដទៃជារឿងមិនធម្មតា និងមិនត្រឹមត្រូវ ។ ទីពីរគឺយើងទម្លាប់របស់ក្រុមវប្បធម៌ខ្លួនថាជាបុព្វហេតុសកល ។ ចុងបញ្ចប់គឺយើងមានទំនោរទៅជួយ និងសហការជាមួយសមាជិកវប្បធម៌របស់ខ្លួន មានមោទនភាពចំពោះក្រុមរបស់ខ្លួន និងមិនទុកចិត្ត ហើយជួនកាលមានទំនោរហឹង្សាចំពោះបុគ្គលក្រៅក្រុមខ្លួន ។

និយាយម្យ៉ាងបានថា វប្បធម៌គឺជាកែវឆ្លុះដែលយើងប្រើសម្រាប់មើល និងស្វែងយល់អំពីអ្នកដទៃ និងពិភពលោកទាំងមូល ។ វប្បធម៌គឺជាគន្លឹះដែលឋិតនៅក្រោមអាកប្បកិរិយា ទម្លាប់ ការប្រតិបត្តិ រឿងនិទាន សញ្ញា និងនិមិត្តរូបទាំងឡាយ ។ ទោះបីជាយ៉ាងណាក៏ដោយ វប្បធម៌មិនស្ដែងឲ្យចេញជាអាកប្បកិរិយាដូចគ្នាទាំងអស់នោះទេ តែអត្ថន័យនៃទង្វើទាំងឡាយតែងមានលក្ខណៈដូចគ្នា ។ គឺចរិយាសម្បត្តិដែលជះឥទ្ធិពលដល់អាកប្បកិរិយាដែរ ទន្ទឹមនឹងវប្បធម៌ ។ ហេតុនេះទើបមានភាពខុសគ្នាកើតឡើងដែរក្នុងវប្បធម៌តែមួយ មិនថាតែវប្បធម៌ពីរផ្សេងគ្នាឡើយ ។ បទដ្ឋាននៃការផ្តល់តម្លៃ អត្តចរិត និងអាកប្បកិរិយា របស់សង្គមជាអ្វីដែលគេគិតថាត្រឹមត្រូវជាគេបង្អស់ តែក៏មានការឃ្លាតឃ្លាខ្លះៗដែរ ។

ដូចនេះការកំណត់ចរិតលក្ខណៈឯកសណ្ឋានចំពោះបុគ្គលអាស្រ័យលើលក្ខណៈសំគាល់តែមួយតូច ដូចជាសំបុរ ជាតិសាសន៍ ភាគច្រើននាំឲ្យមានការរើសអើងដែលមិនសមហេតុផល ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ