អ្វីខ្លះជាទ្រព្យនៅក្នុងស្ថាប័នរបស់យើង?

2795

មុននឹង​យើង​ចូល​ទៅដល់​​ខ្លឹមសារ​សំខាន់​ ដំបូង​យើង​ត្រូវយល់​ពី​អ្វី​ដែលហៅ​ថា​ទ្រព្យ​ជាមុនសិន​។ នៅក្នុង​ក្រុមហ៊ុន​ទ្រព្យ​មិនថា​ទ្រព្យសកម្ម​ឬ​ទ្រព្យអកម្ម​ទេ​គឺ​ពួកគេ​​សុទ្ធតែ​អាច​ឲ្យ​​គេ​យកទៅប្រើ​ដើម្បី​បង្កើន​​ចំណូល​ឲ្យ​ក្រុមហ៊ុន​​បាន​ទាំងអស់​មិនថា​ពេល​បច្ចុប្បន្ន​ឬ​ពេលអនាគត​។​ មិនត្រឹមតែ​ជួយ​​បង្កើន​ចំណូល​ទេ វា​ថែមទាំង​ជួយ​ឲ្យ​មាន​លំហូរ​សាច់ប្រាក់​ កាត់បន្ថយ​​ចំណាយ​ និង​ជម្រុញ​ឲ្យ​ការលក់​​កើនឡើង​ទៀតផង។

ទ្រព្យ​នៅក្នុង​ក្រុមហ៊ុន​បែងចែក​ចេញជា​២​ប្រភេទ​ធំៗ​គឺ

១. ទ្រព្យ​រូបិយ

ទ្រព្យ​រូបិយ​ជា​ទ្រព្យ​ដែល​មាន​រូបរាង ហើយ​អាច​មើលឃើញ​និង​ប៉ះ​បាន។ វា​ត្រូវបាន​គេ​បែងចែក​ទៅតាម​ប្រភេទ​ដូច​ខាងក្រោម​ ៖

  • វត្ថុ​ធាតុដើម​ ៖ គឺជា​របស់របរ​​ទាំងឡាយ​ដែលគេ​យក​វា​ទៅប្រើ​ដើម្បី​ផលិត​នូវ​ផលិតផល​សម្រេច​ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច​។ តម្លៃ​នៃវ​ត្ថុ​ធាតុដើម​ក៏​អាស្រ័យ​លើ​កត្តា​​តម្លៃ​លើ​ទីផ្សារ​​ ការដឹកជញ្ជូន​​ និង​កម្លាំង​ពលកម្ម​ដែរ​។ ម្យ៉ាងទៀត​វា​ខុសគ្នា​អាស្រ័យ​លើ​ប្រភេទ​នៃ​ផលិតផល​និមួយៗ​ដែល​គេ​ចង់​​ផលិត។
  • គ្រឿង​ម៉ាស៊ីន​ ៖ ដោយហេតុថា​គ្រឿងម៉ាស៊ីន​ជា​ឧបករណ៍​ចាំបាច់​ដើម្បី​ផលិត​ទំនិញ​ទើប​វា​ត្រូវបាន​គេ​ចាត់ចូល​ជា​ទ្រព្យ​ដែរ។
  • ហេដ្ឋារចនាសម្ព័ន្ធ​ ៖ វា​គឺជា​សំណង់​​នៃ​ស្ថាប័ន​និង​គ្រឿង​បរិក្ខា​ផ្សេងៗ​មាន​ដូចជា​អគារ​ ដីធ្លី ការិយាល័យ ការផ្គត់ផ្គង់ថាមពល​​ជាដើម​ដែល​គេ​ត្រូវប្រើ​នៅក្នុង​សហគ្រាស​។
  • ថវិកា​ ៖ ថវិកា​កើតចេញ​ពី​ការបម្លែង​ពី​​ប្រភព​ធនធាន​ផ្សេងៗ​ក្នុង​កំឡុង​ពេលមួយឆ្នាំ​។

២. ទ្រព្យ​អរូបិយ

ថ្វីត្បិតតែ​ពួកវា​មិនអាច​មើលឃើញ​ ប៉ះបាន​ក៏ពិតមែន​ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុក​ជា​​ទ្រព្យ​ដូចគ្នា​ព្រោះ​ថា​វា​មិនត្រឹមតែ​ជួយ​​បង្កើន​ប្រាក់ចំណេញ​​ប៉ុណ្ណោះ​​ទេ វា​ថែមទាំង​ជួយ​ឲ្យ​​ក្រុមហ៊ុន​កាន់តែ​មានភាព​រីកចម្រើន​ រក្សា​បានស្ថេរភាព​ និង​កាន់តែ​មាន​ភាពងាយស្រួល​ជាងមុន​ថែមទៀត​ផង។ ទ្រព្យ​អរូបិយ​ត្រូវបានគេ​បែងចែក​ទៅតាម​ប្រភេទ​ដូចខាងក្រោម ៖

  • បញ្ញា ៖ បញ្ញា​បានមកពីការ​មានចំណេះដឹង​។ វា​ជា​កត្តា​សំខាន់​ណាស់​មិនថា​វា​ជា​ចំណេះដឹង​របស់​បុគ្គលិក​ឬ​ជា​របស់​ថ្នាក់ដឹកនាំ​នោះទេ​។​ ក្រុមហ៊ុន​ណា​ក៏​ដូច​​ក្រុមហ៊ុន​ណា​ដែរ​គឺ​តែងតែ​​ជួប​ប្រទះ​បញ្ហា​ច្រើន​រាប់មិនអស់​​។ ហេតុនេះហើយ​បើ​ម្នាក់ៗ​មិន​ប្រើ​គំនិត​ឬ​បញ្ញា​មក​​ធ្វើការ​ដោះស្រាយ​​ទេ​នោះ​​ក្រុមហ៊ុន​នឹង​នៅ​​ទ្រឹង ​ឬ​ក្ស័យធុន​ជាក់ជាមិនខាន។ មួយវិញទៀត​​វា​នឹងគ្មានថ្ងៃ​បានជួប​កំណើន​ប្រាក់ចំណេញ​ឡើយ។ យ៉ាងណាមិញ បញ្ញា​ជាទ្រព្យ​មួយ​​​ដែលមិនអាច​ខ្វះបាន​ពិតប្រាកដណាស់។
  • បច្ចេកវិទ្យា​ពត៌មានវិទ្យា​ ៖ ដូចដែលយើងដឹងស្រាប់ហើយថា​សម័យ​នេះ​ជា​​​សម័យ​ដែលគេ​ប្រើ​បច្ចេកវិទ្យា​ជាចម្បង​ជាពិសេស​​​​នៅក្នុង​ការធ្វើការងារ​ផ្ទាល់​តែម្តង។​ បច្ចេកវិទ្យា​ជួយ​ឲ្យ​យើង​អាច​ចំណេញ​ពេលវេលា​និង​ថវិកា​បានច្រើនណាស់​។ ជាការចាំបាច់​ណាស់​ដែល​អ្នក​មិនត្រូវ​បំភ្លេចការ​បញ្ចូល​បច្ចេកវិទ្យា​ទៅក្នុង​ក្រុមហ៊ុន​របស់អ្នក​នោះទេ។
  • ទំនាក់ទំនង​ជាមួយ​​អតិថិជន ៖ អ្នក​ប្រហែលជា​​ឆ្ងល់​ហើយថា ហេតុអ្វី​បានជា​គេ​ចាត់ទុកថា​ទំនាក់ទំនង​ជាមួយ​អតិថិជន​ជា​ទ្រព្យ​មួយដែរ? ព្រោះថា​អតិថិជន​ជា​អ្នក​ដែលអាចជួយ​បង្កើន​ប្រាក់ចំណូល​ឲ្យយើង​។ ហេតុនេះ​ទំនាក់ទំនង​​ល្អ​ជាមួយ​ពួកគេ​គឺ​​មានតែ​ជះឥទ្ធិពល​​ល្អ​មកឲ្យ​យើង​តែប៉ុណ្ណោះ។
  • គំនិត​បង្កើតថ្មី​របស់​បុគ្គលិក ៖ ដូចដែលយើងដឹងស្រាប់ហើយថា​បុគ្គលិក​​គឺជា​កម្លាំង​ចលករ​ដ៏​ចាំបាច់​របស់​ក្រុមហ៊ុន​​។ ថ្វីត្បិតតែ​ការធ្វើការងារ​របស់ពួកគេ​គឺជា​ដំណើរការ​សំខាន់​​តែ​គេ​មិនទាន់​ចាត់ចូល​ជា​​ទ្រព្យ​ទេ​ព្រោះ​ពួកគេ​ក៏​ត្រូវ​​យក​ប្រាក់បៀវត្សរ៍​ត្រឡប់​ទៅវិញ​ដូចគ្នា។ ប៉ុន្តែ​​បើ​ពួកគេ​ជា​មនុស្ស​ដែល​ចូលចិត្ត​គិត​គំនិត​ដែលថ្មី ហើយ​អាច​យក​គំនិត​ទាំងអស់​នោះ​មកធ្វើជា​ប្រយោជន៍​សម្រាប់​​ក្រុមហ៊ុន​បាន នោះ​ទើបជា​ទ្រព្យ​របស់​ក្រុមហ៊ុន​បានយ៉ាង​ពិតប្រាកដ។

ក្រៅពីនេះ​ទ្រព្យ​អរូបិយ​នៅមាន​ដូចជា ប៉ាតង់ សញ្ញាពាណិជ្ជកម្ម ច្បាប់​រក្សា​សិទ្ធិ ការទិញ​កម្មសិទ្ធិ​ជួញដូរ វិធី​សាស្រ្តឬ​​ដំណើរការ​ធុរកិច្ច​ជាដើម។