spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងឥលូវនេះគឺជាពេលវេលាមួយដ៏ល្អប្រសើរដើម្បីអានសម្រាប់ការកំសាន្ត

ឥលូវនេះគឺជាពេលវេលាមួយដ៏ល្អប្រសើរដើម្បីអានសម្រាប់ការកំសាន្ត

-

បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែជាប់ឃុំនៅក្នុងផ្ទះមិនអាចចេញដើរហើរទៅណាឆ្ងាយៗ ឬទៅធ្វើអ្វីផ្សេងបានឡើយ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩នេះឯង។ ប៉ុន្តែពួកយើងនៅផ្ទះអាចនាំគ្នាយកសៀវភៅជាមិត្ត យកសៀវភៅដើម្បីកែភាពអផ្សុករបស់អ្នក និង យកវាអានដើម្បីបង្កើនចំណេះដឹងរបស់អ្នកឲ្យកាន់តែខ្លាំងជាមុន។ សៀវភៅផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស ពីព្រោះវាគឺជាឃ្លាំងចំណេះដឹងដែលមនុស្សអាចស្រូវយកចំណេះនោះបានតាមរយៈការអាន ហើយវាក៏ធ្វើឲ្យមនុស្សបាត់បង់នូវភាពស្មុគស្មាញ តប់ប្រមល់ក្នុងអារម្មណ៍មួយចំនួនធំដែរ ប្រសិនជាពួកគេអានចំសៀវភៅដែលខ្លួនពេញចិត្ត។ យ៉ាងណាមិញដើម្បីទទួលបាននូវភាពជោគជ័យក្នុងឆាកជីវិត គឺតម្រូវឲ្យអ្នកទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការអាននិង ការគិតដ៏អស្ចារ្យមួយ។ ជាក់ស្ដែងយើងឃើញថា មនុស្សជោគជ័យជាច្រើនដែលទទួលបានជោគជ័យដោយសារតែការអាននេះឯង ហើយទោះបីជាពួកគេទទួលបានលទ្ធផលទៅតាមក្ដីស្រម៉ៃហើយក៏ដោយ ក៏ពួកគេមិនបោះបង់ការអានដែរ ដូចជា Bill Gates អានសៀវភៅ៥០ក្បាលនៅក្នុង១ឆ្នាំ  លោក Mark Cuban តែងចំណាយពេល៣ម៉ោងក្នុងមួយថ្ងៃក្នុងការអានសៀវភៅ នៅមាន Oprah Winfrey, Jeff Bezos Warren Buffet ទៀតដែលនៅតែបន្តការអានដដែល។ចំណុចខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យឃើញពីភាពរីករាយនៅពេលអានសៀវភៅ៖

១.កុំគិតទៅលើចំនួនទំព័រដែលអ្នកអាន

ការអានដែលមានតម្លៃគឺតម្រូវឲ្យយើងអានដោយមានការគិតស៊ីជម្រៅ និង វិភាគឲ្យបានហ្មត់ចត់មុននឹងជឿទៅលើទស្សនៈណាមួយដែលបានសរសេរនៅក្នុងសៀវភៅ មិនមែនជាការអានដើម្បីឲ្យតែបានច្រើនសន្លឹកឬច្រើនទំព័រនោះទេ។ដូចេ្នះហើយបើសិនជាអ្នកជាមនុស្សដែលចូលចិត្តអានសៀវភៅពិតប្រាកដ នោះអ្នកគួរតែអានដើម្បីយល់ពីអត្ថន័យនិងដំណើរដើមទងនៃសាច់រឿង ព្រោះថានៅពេលដែលអ្នកជក់ចិត្ត ហើយស្លុងអារម្មណ៍ជាមួយនឹងដំណើររឿងនោះអ្នកប្រាកដជាអានវាចប់ដោយមិនដឹងខ្លួន ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តទៀតផង។

២. អានដើម្បីទទួលបាននូវភាពសប្បាយរីករាយ

ការផ្ដោតទៅលើការអាន វានឹងពង្រឹងនូវការយកចិត្តទុកដាក់ និង វាក្យស័ព្ទរបស់អ្នកបានកាន់តែច្រើន ហើយវាអាចបំផុសនូវអារម្មណ៍របស់យើងឲ្យធ្វើនូវទង្វើអាស្ចារ្យណាមួយ ព្រម ទាំងធ្វើឲ្យអ្នកមានទំនាក់ទនងកាន់តែជិតស្និតជាមួយនឹងពិភពលោកទាំងមូលផងដែរ។ អ្វីដែលសំខាន់គឺ វាអាចជួយបំបាត់នូវភាពហ្មងសៅ និង ទុក្ខលំបាកមួយចំនួន ឲ្យក្លាយទៅជាភាពសប្បាយរីករាយបាន។ នៅពេលដែលអ្នកអានដើម្បីទទួលបាននូវភាពរីករាយ នោះអត្ថបទដែលអ្នកអាននឹងផ្ដល់នូវភាពសប្បាយមកឲ្យអ្នក​។យ៉ាងណាមិញប្រសិនបើអ្នកកំពុងដោះស្រាយអ្វីមួយដែលអ្នកសង្ឃឹមថាវាអាចជួយឲ្យប្រសើរឡើងនូវជីវិត ឬ អាជីកម្មរបស់អ្នក សៀវភៅគឺមានតម្លៃដូចគ្នាទៅនឹងសកម្មភាពដែរអ្នកបានធ្វើនៅពេលក្រោយដែរ។ដូចនេះបន្ទាប់ពីអានរួច អ្នកត្រូវអនុវត្តនូវអ្វីដែលអ្នកបានដឹង បានរៀន និង បានអាន។

៣. ​​​​​​​​​​​​​​​​​​​​ គុណសម្បិត្តនៃការបើកសៀវភៅអាន

ការអានពិតជាមានអត្ថប្រយោជន៍ សម្រាប់ខួរក្បាល និង រាងកាយរបស់យើងទាំងអស់គ្នា។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលអានសៀវភៅគឺមានអាយុវែងជាងអ្នកដែលមិនចេះអានសៀវភៅ។ដូចនេះហើយទើបមនុស្សមួយចំនួនតែងតែចូលចិត្តបង្វឹកខួរក្បាលឲ្យមានសកម្មភាពតាមរយៈការអានសៀវភៅ លេងអុក ឬ មួយលេងល្បែងដូចជាការផ្គុំរូបជាដើម។

៤. ការពារពេលវេលាអានរបស់អ្នក

កាលណាយើងកាន់តែយល់ពីវិធីដែលសៀវភៅជួយជំរុញយើងឲ្យកាន់តែមានការអភិវឌ្ឍន៍ និង មាន​ភាពជោគជ័យកាន់តែឆាប់រហ័ស នោះយើងនឹងកាន់តែបង្កើននូវទម្លាប់អានផងដែរ មិនថានៅទីណា កន្លែងណាទេ អ្នកអាចអានវាបានគ្រប់ពេល គឺវាអាស្រ័យទៅលើចិត្តនិង អារម្មណ៍របស់អ្នកចង់ឬមិនចង់តែប៉ុណ្ណោះ។ ជាតួយ៉ាងចូរអានសៀវភៅដើម្បីធ្វើឲ្យខ្លួនរបស់អ្នកសប្បាយចិត្ត  ដើម្បីធ្វើតាមក្ដីសុបិន្តរបស់អ្នក និង ដើម្បីជួយសង្គមរបស់អ្នកឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។លើសពីនេះទៅទៀតការអាននឹងអនុញ្ញាតិឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយមនុស្សល្បីៗ និង មនុស្សដែលគួរឲ្យចាប់អារម្មណ៍នៅលើពិភពលោកបានទៀតផង ព្រោះថាពេលដែលអ្នកអានសៀវភៅរប​ស់ពួកគេប្រៀបដូចជាអ្នកបានស្គាល់គេច្បាស់ ទាំងអត្តចរិត និង ផ្នត់គំនិតផងដែរ។ដូចនេះហើយសូមអ្នកចំណាយពេលដែលកំពុងតែជួបវិបត្តិទាំងនេះ យកពេលដែលអ្នកកំពុងតែភ័យព្រួយ យកមកចំណាយជាមួយនឹងការអានសៀវភៅវិញប្រសើរជាង គឺ បានទាំងចំណេះ បានទាំងជំនាញ និង ចំណេញទាំងពេលវេលា។

 

 

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ