០៤ វិធីសាស្ត្រ ដែលអ្នកគ្រប់គ្រងមិនគួរមើលរំលងកំឡុងពេលមានវិបត្តិកូវីត១៩

909

យើងបានដឹងរួចមកហើយថាឥទិ្ធពលរបស់វីរុសកូវីត១៩ ឬវីរុសកូរ៉ូណានេះ បានធ្វើឲ្យពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ពិសេសគឺទៅលើរបៀបក្នុងការប្រកបការងារ ដោយក្រុមហ៊ុនជាច្រើនបានសម្រេចអនុវត្តគោលការណ៍ធ្វើការងារពីចម្ងាយ ពោលគឺបុគ្គលិកត្រូវបានគេអនុញ្ញាតឲ្យធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលនៃជម្ងឺកូរ៉ូណានេះ។ យ៉ាងណាមិញទន្ទឹមនឹងភាពវិជ្ជមានរបស់វា គោលការណ៍ធ្វើការពីចម្ងាយមួយនេះក៏ត្រូវបានគេសង្កេតឃើញថានៅមានភាពខ្វះចន្លោះនៅឡើយ។ តួយ៉ាងដូចជាការគ្រប់គ្រងសកម្មភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិកទាំងនោះគឺមិនមានភាពងាយស្រួលឡើយ។ ក៏ប៉ុន្តែវាក៏ជាឳកាសដ៏ល្អមួយសម្រាប់អ្នកដឹកនាំក្នុងការបញ្ចេញនូវសមត្ថភាពរបស់ខ្លួនដោយធ្វើយ៉ាងណារក្សាឲ្យបាននូវស្ថេរភាពការងាររបស់បុគ្គលិកទាំងអស់។ ថ្ងៃនេះ គំនិត សូមធ្វើការបង្ហាញពីវិធីសាស្ត្រទាំង ០៤ ដែលអាចជួយអ្នកឲ្យគ្រប់គ្រងបុគ្គលិកធ្វើការពីចម្ងាយបានយ៉ាងមានប្រសិទ្ធភាព៖

១. រៀបចំសម្ភារៈដែលចាំបាច់សម្រាប់បុគ្គលិកនីមួយៗ

ក្នុងនោះអ្នកគ្រប់គ្រងចាំបាច់ត្រូវចេះរៀបចំសម្ភារដែលចាំបាច់ផផ្សេងៗសម្រាប់បុគ្គលិកខ្លួន ដោយក្នុងនោះអាចមានដូចជា ម៉ាស៊ីនកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងសម្ភារមួយចំនួនទៀតដែលមានសមត្ថភាពដូច ឬប្រហាក់ប្រហែលនឹងសម្ភារដែលប្រើប្រាស់នៅក្នុងការិយាល័យ។ ក្រៅពីនេះអ្នកគ្រប់គ្រងត្រូវប្រាកដចិត្តថា កន្លែងដែលបុគ្គលិកធ្វើការមានអ៊ិនធឺណេតគ្រប់គ្រាន់ក្នុងការបំពេញការងារ ឬធ្វើកិច្ចប្រជុំដោយពុំមានបញ្ហាអ្វីឡើយ។

២. រៀបចំកាលវិភាគធ្វើការ និងកាលវិភាគប្រជុំឲ្យបានច្បាស់លាស់

ជាការពិតណាស់ នៅពេលបុគ្គលិកផ្លាស់ប្តូរការងារទៅធ្វើនៅផ្ទះ វាអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាប្លែកនិងពិបាកក្នុងការទំនាក់ទំនងជាងមុន ឬឈានដល់ការបាត់បង់ព័ត៌មានមួយចំនួនផងដែរ ចំណែកឯបុគ្គលិកមួយចំនួនតូចវិញបែរជាយល់ថាការធ្វើការពីផ្ទះជាការឈប់សម្រាកទៅវិញ។ ដូច្នេះអ្នកគ្រប់គ្រងចាំបាច់ត្រូវរៀបចំកាលវិភាគធ្វើការសម្រាប់បុគ្គលិកដើម្បីបញ្ចៀសនូវបញ្ហាទាំងនោះ ក៏ដូចជាត្រូវរៀបចំជូនដំណឹងដល់់បុគ្គលិកជាមុនសម្រាប់ការប្រជុំនានា។

៣. ភាពច្បាស់លាស់ក្នុងការងារ

ភាពច្បាស់លាស់ជាមួយការងារ គឺជារៀងសំខាន់ណាស់ក្នុងការដឹកនាំសមាជិកក្រុមរបស់អ្នកគ្រប់គ្រង។ ប្រសិនបើមានសមាជិកណាម្នាក់មិនច្បាស់លាស់ជាមួយការងារ យុទ្ធសាស្ត្រការងារ និងរឿងសំខាន់ដែលត្រូវធ្វើ នោះក្រុមទាំងមូលនិងជួបប្រទះបញ្ហាដូចគ្នា។ អ្នកគ្រប់គ្រងត្រូវចេះបង្កើនទំនាក់ទំនងរវាងសមាជិកនៅក្នុងក្រុមឲ្យមានភាពជិតស្និទ្ធ និងស៊ីចង្វាក់គ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នកគ្រប់គ្រងក៏ត្រូវចេះតាមដានលទ្ធផលការងាររបស់បុគ្គលិកផងដែរ ហើយការតាមដាននេះមានវិធីសាស្ត្រជាច្រើនយ៉ាងដូចជាធ្វើឡើងតាមរយៈការសន្ទនា អនឡាញ (Chat) និងការធ្វើកិច្ចប្រជុំតាមអនឡាញ (Video Call) ​ជាដើម។

៤. ធ្វើឲ្យបរិយាកាសការងារមានភាពរីករាយ

ការធ្វើឲ្យបរិយាកាសធ្វើការមានភាពសប្បាយរីករាយគឺពិតជាសំខាន់ណាស់ ព្រោះវាអាចជួយឲ្យបុគ្គលិកមានអារម្មណ៍ស្រស់ស្រាយ និងមិនធុញថប់ជាមួយការងារ។ អ្នកគ្រប់គ្រងត្រូវចេះវិធីសាស្ត្រមួយចំនួនក្នុងការជំរុញទឹកចិត្តបុគ្គលិក ក្នុងនោះមានដូចជារៀបចំវេទិការកាហ្វេ បង្កើតកម្មវិធីចូលរួមជាក្រុមផ្សេងៗ និងមានជាសំណួរល្បងប្រាជ្ញាជាដើម៕

 

Previous articleSimon Sinek: ហេតុអ្វីCovid-19គឺជាឱកាស?
Next articleស្វែងយល់​អំពី​ Brand Positioning ដែល​មិន​ខ្វល់​អំពី​តម្លៃ
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕