៤​យុទ្ធសាស្រ្តចូលទីផ្សារកម្ពុជារបស់ Uber

1555

ក្រុមហ៊ុន Uber គឺជាក្រុមហ៊ុន​បំរើ​​​សេវា​នៅក្នុង​​ផ្នែក​សេវាកម្មតាក់ស៊ី។​ ក្រុមហ៊ុន Uber គឺជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ​ដែល​បំរើ​សេវាកម្ម​ចាស់​តាម​​របៀប​​ថ្មី តាម​រយៈការ​អនុវត្ត​បច្ចេក​វិទ្យា​សម័យ​ទំនើប ដោយ​​ភ្ជាប់​ជាមួយ​ស្មាត​ហ្វូន​។ ​អ្នក​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ Uber ត្រូវ​ដោន​ឡូត​ Uber App ដាក់​ក្នុង​ស្មាត​ហ្វូន​ពួក​គេ​ជា​មុន​សិន​ ហើយ​បន្ទាប់មក​​ពួក​គេ​អាចប្រើ​ App នោះ​ដើម្បី​បញ្ជា​ហៅ​តាក់​ស៊ីដែល​នៅ​ជិត​បំផុត​។​

គួរ​ញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន Uber មាន​ដើម​កំណើត​ពី​សហរដ្ឋអាមេរិក​ ហើយ​មក​ទល់​នឹង​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​នេះ​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង​៥៧០ទី​ក្រុង​ទូទាំង​ពិភពលោក​។ ​តើ​ Uber ប្រើ​យុទ្ធ​សាស្រ្ត​ចូល​ទី​ផ្សារ​កម្ពុជា​ដោយ​របៀប​ណា​ខ្លះ?

  • យុទ្ធសាស្រ្ត​ចំណេញ​សង​ខាង​ ទាំង​អ្នក​បើក​និង​អ្នក​ជិះ
    • អ្នក​ជិះមិន​ចំណាយ​ លុយ​

ក្រឡេក​មក​មើល​វត្តមាន​របស់​ក្រុមហ៊ុន​ Uber​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​​​។ កាល​ពី​ក្នុង​អំឡុង​ខែមិថុនាឆ្នាំ​២០១៧​នេះ​ ក្រុមហ៊ុន​ Uber បាន​បើ​កឲ្យ​មាន​​ការ​ប្រើ​ប្រាស់​សាក​ល្បងនូវ​សេវាកម្ម​ក៏​ដូច​ជា​ App ជូន​ដល់​អតិថិជន​​រយៈពេល​ប្រមាណ​​4ខែ​ គឺ​ចាប់​ពី​ខែ​មិថុនា​រហូត​ដល់​ចុង​ខែ​តុលា​។​ តាមការ​សង្កេត​របស់​អតិថិជនដែល​បាន​​ប្រើ​ប្រាស់​សេវាកម្ម​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាក​ល្បង ​​បានឲ្យ​​ដឹង​ថា​​​អតិថិជន​ម្នាក់បាន​ទទួល​ប្រូម៉ូសិន​ជិះ​ដោយ​មិន​គិត​ថ្លៃ​ចំនួន​៤​ដង។​ ជាដំបូង​ពួក​គេ​ទទួល​បាន​ប្រម៉ូសិន​​ជិះ​​ដោយ​មិន​គិត​ថ្លៃចំនួន​ដប់​ដង ​ដែល​ក្នុង​ការ​ជិះ​ម្តង​ៗគឺ​អាច​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​១០ដុល្លា។​ បន្ទាប់ពី​ប្រម៉ូសិន​នេះ​ចប់​ ​Uber ក៏​ផ្តល់​ប្រូម៉ូសិន១០ដុល្លាចំនួន​៤០​ដងបន្ថែម​ទៀត​។ ប្រូម៉ូសិន​លើ​ក​ទី​៣​គឺ​ផ្តល់​៥ដុល្លា​ចំនួន​១០​ដង ហើយប្រូម៉ូសិន​ដែល​ទើប​នឹង​ចប់នា​​ចុងខែ​តុលា​នេះ​គឺ​ ​២ដុល្លា​ចំនួន​៥​ដង។​ ដូច្នេះ​​កាក្នុង​អតិថិជន​ម្នាក់​ Uber ​ចំណាយ​អស់​ប្រមាណ​ ៥៦០ដុល្លា។

  • អ្នក​បើក​បាន​ ចំណូល​បន្ថែម​

វិធិសាស្ត្រ​​ដាក់​ឲ្យ​អតិថិជន​ជិះ​តាក់​ស៊ីដោយ​មិន​ទាម​ទារ​កា​រ​ចំណាយ​ប្រាក់​ពី​ហោ​ប៉ៅរបស់​ពួក​គេគឺ​ពិត​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រីក​រាយ​និង​ចង់​សាក​ល្បងខ្លាំង​ណាស់​​ ដោយ​សារ​វាជា​ការ​ចំណេញ​ និង​​មិន​មាន​អ្វី​ដែល​ជា​ការ​ខាតបង់​នោះទេ។​ ហើយ​ចំពោះ​អ្នកដែល​បាន​ចុះ​ឈ្មោះ​ជា​អ្នក​​បើក​បរសម្រាប់ ​Uber ​​វិញ ក៏​បានទទួល​​ក្តីសប្បា​យមិន​ចាញ់​អ្នក​ជិះឡើយ​ ​ដោយ​សារ​ពួក​គាត់​បាន​​ទទួល​​​ចំណូល​បន្ថែ​ម​ដោយ​ការ​ដឹក​ភ្ញៀវ​ឬ​អតិថិជន​របស់ Uber។ ដូច្នេះ​ក្រុមហ៊ុន​ Uber​​ បាន​វិនិយោគប្រមាណ​៥៦០ដុល្លា​ ទៅលើ​ការ​​ទាក់​ទាញ​មនុស្ស​ម្នាក់​មក​សាក​ល្បង​សេវា​របស់​ខ្លួន ហើ​យ​ទឹក​ប្រាក់​វិនិយោគ​នេះ​នឹង​បាន​ក្លាយ​ទោ​ជា​ចំណូល​របស់​អ្នក​បើក​បរក្នុង​ស្រុក​។ ដោយ​សារ​ទាំង​អតិថិជន​និង​អ្នក​បើក​បរ​សុទ្ធតែ​ចំណេញ​និងមិន​​ខាត​បង់​អ្វី​ឡើយ ទើបពួក​គេ​នាំ​គ្នា​ចែក​រំលែក​ទៅ​កាន់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្តតៗគ្នា។​ នេះ​ជាមូល​ហេតុ​​មួយ​ដែល Uber បាន​កើន​ភាព​ល្បី​ល្បាញ​លឿន​ក្នុង​រយៈ​មិន​ដល់​កន្លះ​ឆ្នាំ។​

  • យុទ្ធសាស្រ្ត​ផ្ញើរ​សារ​ SMS

បន្ថែម​ពី​លើ​នេះក្រុមហ៊ុន​​ Uber ហាក់​ព្យាយាម​ចាប់​យកអតិថិជន​ ដែល​ស្ថិតនៅ​​វ័យ​ជំទង់ព្រោះ​​គេ​ឃើញ​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ការផ្សព្វ​​ផ្សាយ ​ទៅ​តាម​បណ្តាញ​សង្គមដូច​ជា​ Facebook និង​ Instagram។ ក្រៅ​ពី​យុទ្ធសាស្រ្ត​​នេះ​​ក្រុមហ៊ុន Uber ក៏បាន​ប្រើ​យុទ្ធសាស្រ្ត​ផ្ញើរ​សារ​ SMS ទៅ​កាន់​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​។​ ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​ដូច​ជា​ ក្រុមហ៊ុន​ Smart, Cellcard, WingMoney, Pipay, Costa Coffee ជាដើម​គឺសុទ្ធ​សឹង​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​​ផ្ញើរសារ SMS​ ដើម្បី​បង្តើន​​វិសាល​ភាព​នៃ​ការ​ស្គាល់​ពី​ម៉ាក​សញ្ញា​ ទំនាក់ទំនងអំពី​ប្រម៉ូសិន​ថ្មីៗ​ និង​ជម្រុញ​ការ​លក់​។​

  • យុទ្ធសាស្រ្ត​ទំនាក់ទំនង​សាធារណៈ (PR)

ទំនាក់ទំនង​សាធារណៈ (PR) គឺជា​យុទ្ធសាស្រ្តដំបូង​ដែល​ Uber បាន​ដើរ​។​ ពួក​គេ​បាន​បញ្ជ្រៀប​ឈ្មោះ​របស់​ខ្លួនតាម​រយៈការ​ប្រកាស​អំពី​ការ​ចុះហត្ថលេខានៅលើ​អនុសារណៈយោគយល់គ្នា​ជាមួយ​​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​បើ​ក​ចំហរ​និ​ង​ជាសារធារណៈ​​។​ ​​សារព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួនដូច​ជា​ភ្នំពេញ​ប៉ុស្តិ៍​ វីអូ​អេ និងខេមបូឌាដេលី ជាដើម​ បាន​ចុះ​ផ្សាយ​ពី​ព័ត៌មាន​នេះ​។​ ការ​ង្ហាញ​ជា​សារធារណៈ​បែប​នេះ ​ជួ​យ​ឲ្យក្រុមហ៊ុន​ Uber កសាង​បាននូ​វ​​ទំនុក​ចិត្ត​ពី​ប្រជាជន​ក្នុង​ស្រុក ​និង​ធ្វើ​ឲ្យប្រជាជន​​យល់​ថា​ក្រុមហ៊ុន​ Uber គឺ​ជា​ក្រុមហ៊ុន​ធំ​ មាន​ទំនាក់​ទំនង​ល្អ​និង​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ និង​មាន​ភាព​ច្បាស់​លាស់។​

  • យុទ្ធសាស្រ្ត​​បង្កើត​ភាព​ជា​ដៃ​គូរ​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក

ការ​បង្កើត​ភាព​ជា​ដៃ​គូរ​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​គឺ​ជាយុទ្ធសាស្រ្តឆ្លាត​វ៉ៃ​និង​​ចុង​ក្រោយមួយ​​ដែល​ខ្ញុំ​សង្កេត​ឃើញ​ក្រុមហ៊ុន​ Uber កំពុង​តែ​អនុវត្ត។​  ការ​បង្កើត​ភាពជាដៃគូគឺចាំបាច់នៅពេលក្រុមហ៊ុន Uber ចូលមក​ទី​ផ្សារកម្ពុ​ជា​ព្រោះ​ទីផ្សារកម្ពុជាគឺ​ជា​ទី​ផ្សារ​ថ្មីមួយ​សម្រាប់ក្រុមហ៊ុន Uber ហើយ​ចំណេះ​ដឹង​លើ​ទី​ផ្សារ​នេះ​ពិត​ជា​នៅ​មាន​កម្រិត​ និង​តិច​តួចជាង​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​​ក្រុមហ៊ុន​ដែល​បាន​មានប្រតិបត្តការ​យូរ​ឆ្នាំ​នៅ​ក្នុង​ដែន​ដី​សុវណ្ណភូមិនេះ​​។ ជាពិសេស​គឺ​ក្រុមហ៊ុន​ទាំង​នោះបាន​កសាង​​ក្រុម​អតិថិជនរួច​ជា​ស្រេច!​ ​តាម​ការ​សង្កេត​ យើង​ឃើញ​ថា​ក្រុមហ៊ុន Uber បាន​បង្កើ​ត​ភាពជាដៃគូជាមួយ​កម្មវិធី​ Barcamp Asean 2017 និង​ After Life របស់​ ​EDM Cambodia ដោយ​បាន​ផ្តល់​ជា​លេខ​កូដ​បញ្ចុះ​តម្លៃ​ពិសេសសម្រាប់​អ្នក​ដែល​ចូល​រួម​កម្មវិធី​ទាំង​នេះ​​។ អ្នក​ចូល​រួម​កម្ម​វិធី​ After Life បាន​ការបញ្ចុះ​តម្លៃ​ ៥០ភាគរយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​និង​ត្រលប់​មក​វិញ។​ ខ្ញុំ​យល់​ថាវិធីសាស្ត្រ​នេះ​គឺ​មាន​ប្រសិទ្ធិភាព​ ហើយ​ក៏អាច​ធ្វើ​ឲ្យកេរ្តិ៍​​ឈ្មោះ​​កាន់​តែ​ត្រូវ​បាន​​គេ​ស្គាល់​ច្រើន​ឡើងទៀត​​។​

គួរ​បញ្ជាក់​ដែរថា នៅ​ទី​ក្រុង​ភ្នំពេញនៃ​ប្រទេស​កម្ពុជា​យើង​ ក្រុមហ៊ុន​បំរើ​សេវា​កម្ម​តាក់​ស៊ីដែល​​ប្រើ​ប្រាស់​ App ធំៗ​មាន​ដូច​ជា​ iTsumo (ចំនួន​អ្នកទាញ​យក ​​=5k), Exnet Taxi (ចំនួនអ្នកទាញយក =10k), PassApp Taxis (ចំនួនអ្នកទាញយក=10K)​ និង UGo711 (ចំនួនអ្នកទាញ​យក=10k)។ ​