៥វិធីដែលធ្វើឲ្យអ្នករៀនសរសេរកូដ(Programming)បានរហ័ស

2454

រៀន​សរសេរកូដ ឬProgramming មិនមែន​ជាអ្វី​ដែល​អ្នកអាច​ចេះ​ក្នុង​រយៈពេល​​មួយថ្ងៃ​នោះទេ ហើយ​វា​ក៏មិនមែនជាអ្វី​ដែល​អ្នកត្រូវ​ចំណាយ​ពេល​មួយជីវិតផងដែរ។ មាន​វិធី​ជា​ច្រើន​ដែល​ជួយឲ្យ​អ្នក​អាច​រៀន​សរសេរកូដ​បាន​ដោយ​ងាយស្រួល និង​ឆាប់​រហ័ស។ ប៉ុន្តែ​ថ្ងៃនេះ «គំនិត»សូម​លើក​យក​វិធី​៥យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នក​រៀន​សរសេរ​កូដ​បាន​ឆាប់រហ័ស។

មិនត្រូវបង្ខំ និង​ត្រូវរៀនតាម​ដំណាក់

អ្នកខ្លះ​ ដោយសារតែ​គេ​ស្គាល់ និង​ចេះ​សរសេរកូដ​បន្តិចបន្តូច​ ពួកគេ​តែង​តែ​មិន​ចាប់​អារម្មណ៍​រៀន និង​អាន​ឲ្យ​បាន​ហ្មត់ចត់នូវ​មេរៀន​មូលដ្ឋាន​គ្រឹះ ដោយសារ​តែ​ពួកគេ​គិត​ថា​ពួកគេ​បាន​ចេះ​និង​យល់​ពីមូលដ្ឋាន​គ្រឹះស្តី​ពីការ​សរសេរកូដ​រួចទៅហើយ។ ផ្ទុយ​ទៅវិញ ពួកគេ​គ្រាន់​តែ​យល់​ដឹង​ពី​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​មានមូលដ្ឋាន​គ្រឹះ​រឹងមាំ​ស្តី​ពីការសរសេរកូដ​នោះទេ។ ដូចនេះ​អ្នក​មិន​ត្រូវ​មើល​រំលង​នោះទេ អ្វីៗគឺមាន​ទំនាក់​ទំនង​គ្នាជានិច្ច។ ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​មេរៀន​ដំបូង​មុន​នឹង​ឈាន​ទៅ​រៀន​នូវមេរៀនបន្ត​​បន្ទាប់​ទៀត។

១-មើលឧទាហរណ៍ឲ្យបានច្រើន

ប្រសិនបើអ្នក​ទើបតែចាប់​ផ្តើម​រៀន​សរសេរកូដ អ្នកគួរតែ​ព្យាយាម​មើលឧទាហរណ៍ឲ្យបានច្រើន និង​ព្យាយាមស្វែង​យល់​ពី​កូដ​ទាំង​នោះ។ វិធីដ៏ល្អ​មួយនោះគឺ ប្រសិនបើអ្នកកំពុង​តែ​អាន​សៀវភៅស្តី​ពី​ការសរសេរកូដ អ្នកគួរ​តែ​មើល​កូដជាមុន​សិន​ ហើយព្យាយា​ម​គិត និងសន្និដ្ឋាន​ថា​តើ​កូដ​ទាំងនោះ​មាន​តួនាទី​អ្វី​ខ្លះ។ បន្ទាប់​មក ចូរ​ធ្វើការប្រៀប​ធៀប​ការសន្និដ្ឋាន​របស់អ្នក​ជាមួយ​នឹង​ការ​បកស្រាយ​ក្នុង​សៀវភៅ តើ​មានលក្ខណៈដូចគ្នា​ដែរ​ឬទេ។ ធ្វើដូចនេះ អ្នក​នឹង​អាច​រៀន​សរសេរ​កូដ​ឆាប់​ចេះជាង​ការ​ដែល​អ្នកគ្រាន់​តែ​អាន​ដោយ​មិនបាន​គិត​ដោយ​ខ្លួន​ឯង។

២-អាន​ហើយ​យកកូដ​ទាំង​នោះមក​សរសេរ​ក្នុង​Compiler

នៅពេលដែលអ្នក​អានមេរៀន​ការសរសេរកូដ​ និងឧទាហរណ៍ អ្នក​នឹង​គិត​ថា អ្នកយល់​វាហើយ។​ ការនិយាយ និង​គិត​គឺ​ងាយស្រួល ប៉ុន្តែ​ពេលខ្លះ​អ្នក​មិនយល់​នោះទេ អ្នកគ្រាន់​តែ​មិនដឹងខ្លួនតែប៉ណ្ណោះ។ មាន​តែ​វិធី​មួយប៉ុណ្ណោះ​ដែល​អាច​បញ្ចាក់​ថា​អ្នក​អាច​យល់​វា​បាន​កម្រិត​ណា គឺ​យកកូដទាំងនោះ​មក​សរសេរ​ក្នុង​Compiler។

យក​កូដ​ដែលអ្នក​បាន​ឃើញ​នៅក្នុង​សៀវភៅ​ ឬក៏​អ៊ិនធឺណិត​មក​សរសេរ​ក្នុង​Compilerដោយខ្លួន​ឯង។ ការអនុវត្ត​បែបនេះ នឹង​អាច​ធ្វើឲ្យ​អ្នក​ស៊ាំ​ទៅ​នឹង​ការ​សរសេរ​កូដ​ទាំង​នោះ និង​ចេះ​ប្រើប្រាស់​វិធី​សរសេរ​កូដ​ឲ្យបាន​ត្រឹមត្រូវ។ បន្ទាប់​មក​ត្រូវ​ដំណើរការកូដ​នោះ ហើយ​សង្កេត​មើលថាតើ​កូដ​ទាំង​នោះ បាន​ផ្តល់​នូវ​លទ្ធផល​ដូចដែលបាន​បកស្រាយក្នុង​សៀវភៅដែរឬទេ?

បន្ទាប់​មក អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​កូដ​នោះ ហើយ​សង្កេត​មើល​ថា បន្ទាប់​ពី​មាន​ការផ្លាស់​ប្តូរ តើ​វា​ផ្តល់​នូវ​លទ្ធផល​យ៉ាង​ណា?​ ការធ្វើដូចនេះ នឹង​ជួយឲ្យ​អ្នក​យល់​កាន់តែច្បាស់​។

៣-សរសេរកូដ​ដោយខ្លួន​ឯង​

នៅពេលដែលអ្នក​យល់ពី ភាសាកូដ​នោះហើយ អ្នកគួរតែ​សាកល្បង​ចាប់​ផ្តើម​រៀន​សរសេរកម្មវិធីខ្លួនឯង​ដោយប្រើប្រាស់​ភាសាកូដដែលអ្នកកំពុង​តែរៀននោះ។ នៅពេលខ្លះ វាពិបាក​ក្នុង​ការ​រិះគិត​ថាតើគួរសរសេរកូដបង្កើត​កម្មវិធីអ្វី។ ប្រសិនបើអ្នកមិនដឹង​ថា​គួរសរសេរ​កម្មវិធីអ្វី​នោះទេ គ្រាន់​តែ​ស្វែងរកគំនិត​មួយចំនួននៅលើ​ប្រព័ន្ធ​អ៊ិនធឺណិត ឬក៏សួរ​ទៅកាន់​មិត្ត​ភក្តិ​របស់អ្នកនោះគឺជាការស្រាច់។

ប្រសិនបើអ្នក​គិត​ថា ការ​សរសេរ​កម្មវិធី​គឺចំណាយពេលច្រើន ហើយ​លំបាកនោះ អ្នកអាច​ធ្វើ​កិច្ចការ​ដែល​ងាយៗ​ជាមុន​សិន ដូចជា​ព្យាយាម​ដោះស្រាយ​លំហាត់​ដែលមាន​នៅក្នុង​សៀវភៅ​ ឬ​ក៏​លំហាត់​ដែលមាន​នៅលើ​អ៊ិនធឺណិត​ក៏បាន។ ការសរសេរ​កូដ​ដោយខ្លួន​ឯង នឹងធ្វើឲ្យ​អ្នគិត​បាន​បានច្រើន និង​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ការសសេរកូដ។

៤-រៀន​ប្រើប្រាស់Debugger

អ្នកគួរតែ​រៀន​ប្រើប្រាស់​ឧបករណ៍​មួយ​គឺ Debugger។ឧបករណ៍នេះ នឹងអាចឲ្យ​អ្នក​ស្វែង​យល់​ពីកូដ​ម្តង​មួយបន្ទាត់ៗ​ និង​ដំណើរការ​របស់កូដនោះ។ ការប្រើប្រាស់​Debugger នឹងអាច​ឲ្យអ្នក​ស្វែង​យល់​ពីបញ្ហា​របស់កូដ​ដែលអ្នកបាន​សរសេរប្រសិនបើសរសេរ​មិនបាន​ត្រឹមត្រូវហើយ​វា​មាន​សារៈសំខាន់​សម្រាប់អ្នក​សរសេរកម្មវិធី​គ្រប់គ្រប់រូប។

៥-ស្វែងរកប្រភពព័ត៌មាន​ឲ្យបានច្រើន

ប្រសិនបើអ្នក​កំពុង​តែ​រៀន​សរសេរកូដ​ពី​ប្រភពមួយ ហើយ​អ្នកមិន​យល់នូវ​អ្វី​ដែល​ប្រភពនោះបាន​ពន្យល់ កុំបារម្ភ​អី អ្នក​អាច​ស្វែង​រក​ប្រភព​ផ្សេងៗទៀត​បាន​យ៉ាង​ងាយ​តាមប្រព័ន្ធអ៊ិនធឺណិត។ វិធី​ ឬសិល្បៈពន្យល់​របស់មនុស្ស​ម្នាក់​ៗ​គឺមាន​ភាព​ខុសៗគ្នា ដូចនេះ​ប្រសិន​បើ​អ្នក​មិន​យល់​នូវការ​បកស្រាយ​របស់មនុស្ស​ម្នាក់ អ្នកអាច​ស្វែង​រក​ការបកស្រាយ​ផ្សេងៗទៀត​បានយ៉ាង​ងាយ។

ចូរចាំ​ថា មិនត្រូវ​​អៀន​ខ្មាស់​ឡើយ។ គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​ចេះ​អ្វីៗ​ទាំង​អស់​នោះទេ ដូចនេះ ប្រសិនបើអ្នកមិន​យល់​នូវអ្វីមួយ អ្នក​អាច​សាកសួរ​ទៅកាន់​មិត្ត​ភក្តិ ឬអ្នកស្គាល់​ឲ្យគេ​ជួយ​ពន្យល់​បាន។

Previous articleវប្បធម៌ផ្សេងគ្នា អត្ថន័យផ្សេងគ្នា៖ សត្វគោ
Next articleវត្ថុ​សំខាន់​ក្នុង​ជីវិត!
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។