៥​​ជំហាន​អ្នក​អាច​អនុវត្ត​ក្នុង​​ការ​រិះគន់​ដើម្បី​ស្ថាបនា

901

ការរិះគន់​ដើម្បី​ស្ថាបនា​គឺ​ជំនាញ​មួយ​យ៉ាងសំខាន់​ដើម្បី​ឲ្យ​អាជីវកម្ម​​ហើយ​ក៏​សំខាន់​ក្នុង​ជីវិត​ផងដែរ។ មនុស្ស​ភាគច្រើន​ត្រូវការ​មតិ​កែតម្រូវ​ដើម្បី​ធ្វើឲ្យ​ខ្លួនឯង​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាងមុន​។ ប៉ុន្តែ​ប្រសិន​បើ​​ការរិះគន់​នោះ​មិនបាន​ប្រាប់​ឬ​បង្ហាញ​អាកប្បកិរិយា​​​ត្រឹមត្រូវ​នោះទេ ការរិះគន់​របស់អ្នក​នឹង​ក្លាយជា​ការរិះគន់​ក្នុង​ន័យ​ជាន់ពន្លិច​ទៅវិញ​​ដែលវា​មិន​ត្រឹមតែ​​គ្មានន័យ​អ្វី​នោះទេ​ វានាំឲ្យ​អ្នក​ដទៃ​ស្អប់​អ្នក​បាន​ទៀតផង​។ ដូចនេះ អ្នក​គួរ​ធ្វើយ៉ាងណា​សម្រាប់​ការរិះគន់​ដើម្បី​​ស្ថាបនា​របស់អ្នក​ឲ្យ​មានន័យ​? ជំហាន​ខាងក្រោម​នេះ​គឺ​បទពិសោធន៍​ដែល​ខ្ញុំ​តែងតែ​អនុវត្ត​៖

ជំហាន​ទី១ ជ្រើស​រើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ

អ្នក​​មិន​គួរ​​រិះគន់​ភ្លាមៗ​នោះទេនៅពេល​ដែល​បុគ្គលិក​របស់អ្នក​កំពុងតែ​មាន​អារម្មណ៍​មិនល្អ​។ អ្នក​មិនគួរ​និយាយ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​អ្នកដទៃ​ឡើយ។ ​ទង្វើ​​នេះ​អាចធ្វើឲ្យ​គាត់​បាក់ទឹកចិត្ត​និង​ខ្មាស​មិត្ត​រួមការងារ។ ​អ្នក​គួរតែ​រក​ពេលវេលា​ណា​ល្អ​និយាយ​ជាមួយ​គាត់តែ​ពីរអ្នក។ ​​មុនដំបូង​អ្នក​គួរ​ចេះលើក​ឡើង​ពី​ចំណុច​ល្អៗ​របស់គាត់​​សិន​ ​បន្ទាប់​មក​ប្រាប់​គាត់​អំពី​​អ្វី​ដែល​គាត់​គួរកែ​តម្រូវ​។

ជំហាន​ទី​២ ពិនិត្យ​ពាក្យ​សម្ដី​របស់អ្នក​ជាមុន​សិន​

មុន​នឹង​អ្នក​រិះគន់​អ្នក​ដទៃ អ្នក​​ត្រូវ​សួរ​ខ្លួនឯង​សិន​ថា​តើ​សម្ដី​របស់អ្នក​ថា​រិះគន់​​ក្នុងន័យ​ស្ថាបនា​ឬ​រិះគន់​អ្នក​ដទៃ​ដោយសារ​តែ​អ្នក​ធ្លាប់​មាន​​បញ្ហា​ជាមួយ​គាត់​ពី​មុនមក? ​ក្នុង​កន្លែង​ការងារ​អ្នក​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​រឿង​ការងារ​និង​រឿង​បុគ្គល។​ ការធ្វើ​ដូចនេះ​បុគ្គលិក​របស់អ្នក​នឹង​គោរព​អ្នក។

ជំហាន​ទី​៣ ប្រើប្រាស់​វិធី​អប់រំ

នៅពេល​ដែល​បុគ្គលិក​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​អ្នកនិយាយនាំឲ្យ​សម្ដី​របស់អ្នក​មិន​អាច​ជ្រៀប​ចូល​ទៅក្នុង​ចិត្ត​គាត់​ឡើយ។ អ្នក​អាច​ព្យាយាម​សាកល្បង​ដោយ​ប្រាប់​គាត់​ពី​រឿង​អប់រំ​ខ្លី​ដែល​​ដូចឬស្រដៀង​​ទៅនឹង​កំហុស​គាត់​។​ ម្យ៉ាងទៀត​​ អ្នក​អាច​ប្រាប់​គាត់​ពី​ជីវិត​របស់​បុគ្គល​ដែល​ល្បីៗ​ដែលបាន​ឆ្លងកាត់​​កំហុស​ដូចគាត់​ដែរ​។ ជួនកាល​អ្នក​មិន​ចាំបាច់​និយាយ​ឲ្យ​ចំ​​កំហុស​របស់​គាត់​ទេ។

ជំហាន​ទី​៤​ ផ្តោត​ទៅលើ​សកម្មភាព មិនមែន​មនុស្ស

អ្នក​គួរតែ​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​គាត់ មិនមែនជា​បុគ្គល​ខ្លួន​គាត់​ឡើយ។ ឧទាហរណ៍​ ជួនកាល​ការងារ​ដែល​យើង​ដាក់ឲ្យ​គាត់​ធ្វើ​មិនមែន​មកពី​គាត់​ជា​មនុស្សខ្ជិល​ដែល​នាំឲ្យ​គាត់​ធ្វើ​មិនបាន​នោះទេ ពេលខ្លះ​អាច​បណ្តាល​មកពី​បញ្ហា​មួយ​ចំនួន​ដែល​កើតមាន​ឡើង​ជុំវិញ​គាត់។ ដូចនេះ អ្នក​គួរតែ​ស្វែងរក​មូលហេតុ​ឲ្យ​បានច្បាស់លាស់​ថាតើ​កត្តា​អ្វី​ដែ​ល​គាត់​បញ្ចេញ​សកម្មភាព​បែបនេះ។

ជំហាន​ទី​៥ កុំ​ទាន់​ផ្តល់​មតិ​កែតម្រូវ

បើសិន​ជា​បុគ្គលិក​របស់អ្នក​ទើប​តែបញ្ចប់​​​គម្រោង​ឬ​ការថ្លែង​សុន្ទរកថា​របស់គាត់ វា​មិនមែន​ជា​ពេលវេលា​ដ៏ល្អ​ក្នុង​ការ​ប្រាប់​គាត់​ពី​ចំណុច​ខ្វះខាត​របស់គាត់​​ឡើយ​។ អ្នក​គួរតែ​ចាំ​​នៅពេល​ដែល​ពួកគាត់​ធ្វើ​ម្តងទៀតដែល​នេះ​ទើប​ជា​ឱកាស​ល្អ​ក្នុងការ​ពន្យល់​ណែនាំ​គាត់។

Previous articleកំហុស​ទាំង​​៦​យ៉ាង​ដែល​សហគ្រិន​គួរតែ​ចៀសវាង​នៅពេល​ចាប់ផ្តើម​អាជីវកម្ម​លើកដំបូង
Next articleសកម្មភាពគួរឲ្យភ្ញាក់ផ្អើល៨យ៉ាងដែលសហគ្រិនធ្វើជារៀងរាល់ថ្ងៃ
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។