៧យ៉ាងដែលអ្នករកស៊ីគួររៀនពីកំពូលមហាសេដ្ឋីលីកាស៊ីង

277

សប្តាហ៍មុន​ខ្ញុំ​បានចំណាយពេលទំនេរ​អានសៀវភៅស្តីពីប្រវត្តិ​មហាសេដ្ឋីហុងកុងម្នាក់ដែលមានឈ្មោះ​ល្បីល្បាញ ហើយស្ថិតនៅក្នុងបញ្ជី​មហាសេដ្ឋីកម្រិតកំពូល​ដែលមានទ្រព្យ​សម្បត្តិច្រើនបំផុតនៅអាស៊ី គឺលោក លី កាស៊ីង។ ខ្ញុំជឿជាក់ថា​ នៅកម្ពុជាយើងមានមនុស្សមិនច្រើនទេដែល​ស្គាល់គាត់ តែគាត់​ជា​កំពូល​អ្នក​រកស៊ីជើងចាស់ នៅក្នុងពហុវិស័យ ហើយមានភាព​ល្បីល្បាញ​ជាយូរមកហើយ ដោយនៅហុងកុង​វិញ មានរឿងភាគ និងរឿងខ្នាតធំជាច្រើនបានប្រើប្រាស់ឈ្មោះលោកនៅក្នុងសាច់រឿងដោយសារតែកេរ្តិ៍ឈ្មោះល្បីល្បាញ​ផ្នែក​ខាងជំនួញ​របស់លោក។ បន្ទាប់ពីបានអានចប់ ខ្ញុំសូមចែករំលែក​ចំណុច​ល្អ៧យ៉ាង​ដែល​អ្នករកស៊ី​គ្រប់រូប​អាចរៀនពីគម្រូ​របស់​លោកលីកាស៊ីងបាន។

១. ព្យាយាមរៀន និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗជាប់ជានិច្ច

ទោះបីជាគាត់មិនមានឱកាសរៀនកាលពីក្មេងដោយសារតែជីវភាព និងស្ថានភាពវឹកវរ​ក្នុងសង្គម តែគាត់ជាមនុស្ស​តស៊ូ​ប្រឹងប្រែង ហើយឆ្លៀត​ពេលទំនេរ​រៀនជានិច្ច ព្រោះគាត់ជឿជាក់ថា ចំណេះដឹងនឹងនាំយើងទៅកាន់ភាពរ៉ុងរឿង និងមើលអ្វីៗឃើញបានច្រើន។

២. ហ៊ានចំណាយលើការស្រាវជ្រាវ

គាត់ជាមនុស្ស​ដែលជឿជាក់លើការវិវឌ្ឍន៍ខ្លួន​ជាប់ជានិច្ច។ ដូចនេះហើយគាត់មិនដែលព្រងើយកន្តើយ​នឹងការអភិវឌ្ឍន៍ខ្លួននោះទេ។ មិនត្រឹមតែ​ហ៊ានលើកាវិនិយោគ​លើការសិក្សាស្រាវជ្រាវជាលក្ខណៈក្រុមហ៊ុននោះទេ គាត់ក៏មិនទុកឲ្យខ្លួនឯងហួសសម័យកាលដែរ។ គាត់តែងតែ​តាមដាន​និន្នាការថ្មីៗ និងមានមនុស្សជួយបកប្រែនូវប្រធានបទថ្មីៗទាំងមូលចេញពីបណ្តាញព័ត៌មានធំៗលើប្រធានបទផ្សេងៗ ជាពិសេសបច្ចេកវិទ្យាដើម្បីស្វែងរកបច្ចេកវិទ្យាណាអាចជួយអាជីវកម្មគាត់ និងគួរវិនិយោគ ហើយបើមិនយល់ពីប្រធានបទណា គាត់ហៅអ្នកជំនាញមកជួយពន្យល់គាត់។ គាត់​មិនឲ្យគេ​បកប្រែជាលក្ខណៈ​សង្ខេបឡើយ ព្រោះគាត់ជឿថា ប្រសិនបើជាកា​សង្ខេប អត្ថន័យ​នឹងចំណុច​សំខាន់គឺត្រូវបាន​ជ្រើសរើស​ដោយ​អ្នកបកប្រែ ដែលអាច​បាត់បង់ព័ត៌មានសំខាន់​ផ្សេងៗទៀតដែលមាននៅក្នុងអត្ថបទ។

៣. វិនិយោគលើបច្ចេកវិទ្យា និងអចលនទ្រព្យ

គាត់គឺជាមនុស្ស​ឃើញវែងឆ្ងាយ ដោយ​ហ៊ានធ្វើការវិនិយោគ​លើ​វិស័យទាំង២នេះជាដរាប។ កាលពីជំនាន់៨០ជាងនៅពេលដែល​ហុងកុងមានភាពវឹកវរ​ដោយសារតែបញ្ហាចាប់ផ្តើមរៀបចំការផ្ទេរការគ្រប់គ្រងទៅឲ្យប្រទេស​ចិនវិញ ធ្វើឲ្យវិស័យ​ជាច្រើន​ជួបវិបត្តិ ជាពិសេស​ក្នុងវិស័យ​អចលនវត្ថុ។ តែជាជាង​ភ័យខ្លាច កាត់មើលឃើញ​ថាវាជាឱកាស និងជឿជាក់ថា​ស្ថានភាព​នឹងវិលត្រឡប់មករកភាពដើមវិញ។ ហើយគាត់បានចំណេញជាច្រើនក្នុងការវិនិយោគ។ បន្តបន្ទាប់មកទៀត គាត់មិនដែលភ្លេចនឹងការវិនិយោគវិស័យអចលនវត្ថុនោះទេ ដោយសារតែគាត់ដឹងថា ល្កិកណា​សេដ្ឋកិច្ចមានភាពរីកចម្រើន អចលនវត្ថុគឺជា​តម្រូវការដែលត្រូវការជាចាំបាច់ ដែលគាត់បានបង្វិលសាច់ប្រាក់ដែលរកបានក្នុងវិស័យផ្សេងមកវិនិយោគ​ក្នុងវិស័យនេះ។

ក្រៅពីវិស័យអចលនវត្ថុ គាត់បានឃើញវិស័យមួយទៀតដែលសំខាន់គឺបច្ចេកវិទ្យា។ គាត់តែងតែតាម​ដាន​វិស័យនេះជាប់ជានិច្ច ហើយរហូតធ្វើការវិនិយោគលើក្រុមហ៊ុនធំៗជាច្រើនដូចជា Facebook Skype Siri និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត។ ជាពិសេស​ ដូចបានរៀបរាប់ខាងលើ គាត់តែងតែស្វែងរក​បច្ចេកវិទ្យាថ្មីៗ​នានា​ដែលអាច​ជួយ​សម្រួលប្រតិបត្តិការក្រុមហ៊ុន ហើយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។

៤.មិនរើសបុគ្គលិក ឬផ្តល់ទំនួលខុសត្រូវដោយផ្អែកលើគ្រួសារនិយម

គាត់មានគោលការណ៍ដ៏តឹងតែងមួយ គឺមិនជ្រើសរើស​អ្នកស្គាល់ សាច់ញាតិ ឬអ្នកស្រុកមកធ្វើការក្នុងក្រុមហ៊ុនឡើយ​ប្រសិនបើមិនមានសមត្ថភាព។ គាត់យល់ឃើញថា ការជ្រើសរើសតាមខ្សែស្រឡាយគឺជា​រនាំង​បាំង​មិនឲ្យក្រុមហ៊ុន​រីកចម្រើន​ទៅមុខបាន។ គាត់មិនតែងតាំងជ្រើសរើស​មនុស្ស​ដោយផ្អែក​លើមនុស្សសំណព្វនោះទេ​ តែផ្អែកលើទេព្យកោសល្យ។ គាត់បាននិយាយថា សែស្រឡាយនិយមនេះ នឹងធ្វើឲ្យក្រុមហ៊ុនអ្នកក្រិន និងមិនអាចរើសអ្នកមានទេព្យកោសល្យមកចូលក្រុមបាន។

៥.រក្សាកេរ្តិ៍ឈ្មោះឲ្យល្អ

រក្សាភាពស្មោះត្រង់ សច្ចភាព រក្សាសម្តីនិងការសន្យាឲ្យបានល្អ ព្រោះវាជាកត្តាឲ្យយើងរកស៊ីបានយូរអង្វែង និងរីកចម្រើន។ គាត់និយាយថា កេរ្តិ៍គឺជាទុនដ៏សំខាន់បំផុតដែលធ្វើឲ្យយើង​រកស៊ីបានយូរអង្វែង និងមានគេផ្សព្វផ្សាយតគ្នា ធ្វើឲ្យយើងងាយស្រួលរកដៃគូរ និងសម្បូរអ្នកមករកយើងដើម្បី​រកស៊ី។

៦.ដាក់ខ្លួន មិនហ៊ឺហា មិនខ្ចះខ្ជាយ និងមិនចង់បានមុខមាត់

ទោះបីជាគាត់ជាមហាសេដ្ឋី​មែន តែគាត់មិនខ្ចះខ្ជាយនោះទេ។ គាត់និយាយថា “មានមនុស្សជាច្រើនតែងនិយាយថា ជនជាតិចិនទាជីវ​គឺជាមនុស្ស​កំណាញ់ម៉ៅស្វិត! តែចំពោះគាត់វិញ ពួកយើង​មិនមែនម៉ៅស្វិតនោះទេ យើងគ្រាន់តែដឹងថាពេលណាគួររិះថាំ ពេលណាគួ​រចាយវាយ!” ដូចជា​ការជួយសង្គមអញ្ចឹង គាត់មិនដែល​ត្អូញត្អែរនោះទេ ហើយគាត់បានជួយ​វិស័យ​អប់រំ និងសុខាភិបាល​នៅស្រុកកំណើត (ប្រទេសចិន) រាប់រយលានដុល្លារអាមេរិច គាត់យល់ថាវិស័យទាំងពីរនេះគឺជាមាគ៌ានាំប្រទេសជាតិឲ្យរ៉ុងរឿង។

៧. បញ្ចូលរបៀបគ្រប់គ្រង២ចូលគ្នា

លីកាស៊ីងគឺជា​មេដឹកនាំដ៏ពូកែម្នាក់ផងដែរ ដោយគាត់ចេះប្រើប្រាស់ចំណុចពិសេស​នៃការដឹកនាំទាំងបែបលោកខាងកើត និងលោកខាងលិច។ គាត់សរសើរពីការគ្រប់គ្រងបែបបស្ចឹមប្រទេស​ ដោយសារតែគ្រប់គ្រងមានប្រព័ន្ធ​ល្អ និងមានប្រសិទ្ធភាព តែក៏មិនភ្លេច​ប្រើប្រាស់គោលគំនិតខុងជឺដោយផ្តោតលើ​ការយកចិត្តទុកដាក់លើក្រុមការងារ ប្រៀបដូចជាគ្រួសារ។ គាត់និយាយ ការគ្រប់គ្រង​ទាំង២គឺមានចំណុចពិសេស​រាងៗខ្លួន ដូចនេះគាត់បានបូកបញ្ចូលគ្នា​ដើម្បី​ឲ្យទទួលបានលទ្ធផលល្អបំផុត។

 

 

Previous articleតើភរិយារបស់អ្នកដឹកនាំខ្លាំងៗ តែងតែមានលក្ខណៈសម្បត្តិអ្វីខ្លះ?
Next articleកំហុសដ៏ធំ 10យ៉ាង គួរចៀសវាងនៅពេលធ្វើអាជីវកម្ម
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។