spot_img
spot_img
Homeធុរកិច្ចធុរកិច្ច​អន្តរជាតិឱកាសល្អសម្រាប់វិនិយោគិន ក្រោយបានចុះ MOU រវាងក្រុមហ៊ុនធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

ឱកាសល្អសម្រាប់វិនិយោគិន ក្រោយបានចុះ MOU រវាងក្រុមហ៊ុនធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

-

ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗរវាងប្រទេសកម្ពុជា-កូរ៉េ បានចូលរួមចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីពង្រឹងសេដ្ចកិច្ច និងពង្រីកបណ្ដាញសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ការចុះអនុស្សារណៈយោគយល់គ្នានេះបានធ្វើនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម  AHN Dukgeun  រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ ឯកឧត្តម KANG Jae Kwon អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសកូរ៉េ និងលោកជំទាវឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ 150 ក្រុមហ៊ុន ផងដែរ។

​ឯកឧត្តម ប៉ាន សូរស័ក្តិ

នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្ក៏ បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមាននៅថ្ងៃទី01 ខែធ្នូ ឆ្នាំ2022។ 

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ច និងវិនិយោគ។ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្មជាដើមនេះ ដែលធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងច្បាស់លាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។

ដោយឡែកចំពោះ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីក និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាតជាដើម។ 

នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ មានក្រុមហ៊ុនធុរកិច្ចចំនួន ៥ នៃប្រទេសទាំងពីរ ចុះអនុស្សារណៈយោគយល់គ្នា រួមមាន៖

  1. ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group​។
  2. ការចែករំលែកព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd​​ ។
  3. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួយទ្វេភាគី រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd ។
  4. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើជំនួញ និងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និងក្រុមហ៊ុន AGT Corporation ។
  5. កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាងក្រុមហ៊ុនសភាពពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group៕

ក្រុមហ៊ុនធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ