spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងគន្លឹះដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត

គន្លឹះដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត

-

មនុស្សគ្រប់គ្នា តែងតែមានក្ដីប្រាថ្នារៀងៗខ្លួននៅក្នុងជីវិត ដូច្នេះសំណួរសួរថា តើត្រូវធ្វើបែបណាដើម្បីសម្រេចបាននូវក្ដីប្រាថ្នាដែលចង់បាននោះឱ្យជោគជ័យនៅក្នុងជីវិត? ហេតុអ្វីសួរបែបនេះ? ព្រោះមនុស្សមានក្ដីប្រាថ្នានៅក្នុងជីវិតដូចគ្នា ប៉ុន្តែអ្នកខ្លះក៏អាចសម្រេចបាន ហើយអ្នកខ្លះទៀតក៏មិនអាចសម្រេចបាន។ ហេតុនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីជួយអ្នកបន្ថែមទៀត ប្រសិនបើអ្នកកំពុងមានក្ដីប្រាថ្នាអ្វីមួយដែលចង់សម្រេចឱ្យបានប៉ុន្តែមិនដឹងធ្វើបែបណា ឬកំពុងតែជួបបញ្ហាស្ទើតែធ្វើឱ្យអ្នកចង់បោះបង់ជាដើម។

1. ផ្តោតលើការតាំងចិត្ត មិនមែនការលើកទឹកចិត្តទេ

មនុស្សមួយចំនួននៅពេលមានគោលដៅដែលចង់សម្រេចនៅក្នុងជីវិតផ្ទាល់ខ្លួន ភាគច្រើនចូលចិត្តតែផ្ដោតលើការលើកទឹកចិត្ត ដោយមិនបានធ្វើយ៉ាងណាឱ្យខ្លួនឯងមានការតាំងចិត្តខ្ពស់ និងមានឆន្ទៈដើម្បីសម្រេចឡើយ។ ការផ្ដោតលើការលើកទឹកចិត្ត វាមិនសូវទទួលបានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏មិនមែនមានន័យថា យើងមិនត្រូវការការលើកទឹកចិត្តនោះដែរ គ្រាន់តែចង់ឱ្យអ្នកផ្ដោតខ្លាំងលើការតាំងចិត្តរបស់អ្នកដើម្បីសម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត។ ការតាំងចិត្ត ឬអាចនិយាយបានថាការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការធ្វើអ្វីមួយដែលអ្នកចង់បាន អាចធ្វើឱ្យអ្នកមិនងាយឆាប់បោះបង់ អាចជំនះគ្រប់បញ្ហាទាំងអស់ ហ៊ានលះបង់គ្រប់យ៉ាង និងមានកម្លាំងចិត្តក្នុងការរិះរកវិធីថ្មីៗដើម្បីសម្រេច ប៉ុន្តែបើផ្ដោតលើការលើកទឹកចិត្ត នោះនៅពេលដែលគ្មានការលើកទឹកចិត្តជាប្រចាំពីបុគ្គលផ្សេងៗ នោះអ្នកនឹងឆាប់អស់កម្លាំងចិត្តក្នុងការធ្វើសកម្មភាពបន្តមិនខាន។ ហេតុដូចនេះ ប្រសិនបើអ្នកចង់សម្រេចអ្វីក៏ដោយដែលអ្នកចង់បាននៅក្នុងជីវិត អ្នកត្រូវតែមានការប្ដេជ្ញាចិត្តក្នុងការសម្រេចវា ហើយរកឱ្យឃើញថា តើអ្នកហ៊ានលះបង់អ្វីខ្លះដើម្បីសម្រេចវានោះ? ហើយហ៊ានលះបង់កម្រិតណា? នោះអ្នកនឹងដឹងថា អ្វីដែលអ្នកចង់បាននោះ វាពិតជាមានគុណតម្លៃ និងមានសារៈសំខាន់ខ្លាំងសម្រាប់អ្នក ដូច្នេះនៅពេលអ្នកមានការប្ដេជ្ញាចិត្តពេញលេញហើយ នោះការលើកទឹកចិត្តនឹងដើរមកតាមក្រោយ។

2. ស្វែងរកចំណេះដឹង មិនមែនលទ្ធផល

បើអ្នកចង់សម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត ចូរកុំព្យាយាមកំណត់គោលដៅដោយផ្ដោតលើលទ្ធផលពេក ពីព្រោះកម្លាំងចិត្តរបស់អ្នកនឹងថយចុះ ប្រសិនបើអ្នកមិនបានសម្រេចដូចលទ្ធផលដែលបានគ្រោងទុកនោះ។ ហេតុដូចនេះ បើចង់បានអ្វីមួយនៅក្នុងជីវិត ត្រូវតែចុះសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរៀនសូត្រអំពីដំណាក់កាលរបស់វា ចេះកែលម្អ និងពិសោធន៍ឱ្យបានច្រើន។ ធ្វើបែបនេះ អ្នកនឹងមានចំណេះដឹងច្រើនដើម្បីអាចសម្រេចនូវអ្វីដែលអ្នកចង់បាននោះ ដោយអ្នកនឹងដឹងពីវិធី និងដំណើរការដើម្បីសម្រេចវាបានយ៉ាងល្អ។

3. ឈប់រស់នៅក្នុងតំបន់សុខស្រួលរបស់អ្នក

តំបន់សុខស្រួល (Comfort Zone) សំដៅលើការព្យាយាមធ្វើឱ្យជីវិតខ្លួនឯងរស់នៅបែបស្រួលៗ។ ហេតុដូចនេះ ប្រសិនបើអ្នកចង់សម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត អ្នកត្រូវតែចាកចេញពីតំបន់សុខស្រួលរបស់អ្នក ដោយហ៊ានប្រឈបមុខនឹងបញ្ហា  ហ៊ានជួបស្ថានភាពលំបាកៗ មិនរងចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីធ្វើអ្វីមួយឡើយ ប៉ុន្តែត្រូវហ៊ានចាប់ផ្ដើមឥលូវ។ ចូរចងចាំថា បើអ្នកចង់បានអ្វីមួយនោះក្នុងជីវិត អ្នកនឹងទទួលបានប្រសិនបើអ្នកហ៊ានធ្វើសកម្មភាពគ្រប់បែបណាដើម្បីសម្រេចវា មិនមែនគ្រាន់តែនឹកគិតស្រមៃ និងចូលចិត្តធ្វើអ្វីបែបស្រួល ហើយទទួលបានដែរ គឺវាមិនអាចទៅរួចនោះឡើយ ដូចពាក្យមួយឃ្លាគេបាននិយាយថា “នៅលើលោកនេះ គ្មានអ្វីទទួលបានដោយស្រួលៗឡើយ”។

4. កុំពឹងផ្អែកលើអ្នកដទៃ

ជីវិតរបស់អ្នក គឺជារបស់អ្នក ហើយអ្វីដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នក គឺមានតែអ្នកប៉ុណ្ណោះជាអ្នកសម្រេចវា ដោយមិនមែនអង្គុយរំពឹងថាអ្នកដទៃមកធ្វើជំនួសអ្នក ឬផ្ដល់អ្នកឱ្យទទួលបានអ្វីដែលចង់បាននៅក្នុងជីវិតនោះទេ។ ហេតុនេះ អ្នកត្រូវចងចាំថា គ្មាននរណាម្នាក់សូម្បីតែសមាជិកគ្រួសារ មិត្តភត្តិ ដៃគូជីវិត ឬចៅហ្វាយរបស់អ្នក គឺពួកគេមិនអាចសម្រេចគោលដៅដែលអ្នកចង់បាននៅក្នុងជីវិតបានឡើយ គឺមានតែអ្នកប៉ុណ្ណោះដែលអាចសម្រេចបាន។ ម្យ៉ាងវិញទៀត អ្នកចូរកុំយល់ច្រលំថា កុំពឹងផ្អែកលើអ្នកដទៃដើម្បីសម្រេចគោលដៅ ដោយមិនមែនមានន័យថាឱ្យអ្នកសម្រេចតែម្នាក់ឯងនោះទេ ប៉ុន្តែអាចស្វែងរកជំនួយពីអ្នកជុំវិញដើម្បីជួយបាន គ្រាន់តែថាអ្នកគឺជាមនុស្សតែម្នាក់ដែលត្រូវរក្សាគោលជំហផ្ទាល់ខ្លួនដើម្បីសម្រេចគោលដៅនោះ មិនមែនរងចាំតែអ្នកដទៃមកដាស់តឿន ឬធ្វើគ្រប់យ៉ាងដើម្បីឱ្យអ្នកសម្រេចនូវគោលដៅដែលអ្នកចង់បាននោះទេ។

5. ធ្វើផែនការ

ការដែលមានផែនការ ប្រៀបដូចជាមានផែនទីបង្ហាញផ្លូវជាជំហានៗដ៏ជាក់លាក់ដល់អ្នក ដើម្បីឱ្យអ្នកដឹងថាអ្នកត្រូវធ្វើបែបណា និងត្រៀមលក្ខណៈបែបណាដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បាននោះ។ បន្ថែមពីនេះ ផែនការ នឹងធ្វើឱ្យអ្នកកាន់តែដឹងថា រឿងណាខ្លះត្រូវធ្វើ និងមិនត្រូវធ្វើ ហើយអ្នកនឹងកាន់តែដឹងថាកិច្ចការណាជាអាទិភាពដែលត្រូវបំពេញជាប្រចាំថ្ងៃ។ ធ្វើបែបនេះ ទើបអ្នកអាចឆាប់សម្រេចនូវគោលដៅដែលអ្នកចង់បាននោះលឿន និងមិនងាយធ្វើឱ្យអ្នកវង្វេងគោលដៅ ហើយពិបាកផ្ដោតលើអ្វីមួយនោះទេ។ លើសពីនេះ ជីវិតប្រចាំថ្ងៃរបស់អ្នកក៏ពោរពេញដោយភាពរីករាយ ពីព្រោះអ្នករស់នៅជាមួយជីវិតដែលមានការចង់បានពិតប្រាកដក្នុងជីវិត ហើយក៏កំពុងធ្វើសកម្មភាពឆ្ពោះទៅកាន់ក្ដីស្រមៃនោះ។

6. ចេះការពារខ្លួនឯងពីការអស់កម្លាំងចិត្ត

ជាធម្មតាទេ មនុស្សម្នាក់ៗតែងតែអាចមានពេលវេលាមួយបាក់ទឹកចិត្ត អស់សង្ឃឹម នឿយហត់ មានភាពស្រ្តេស ស្មុគស្មាញ និងអស់កម្លាំងចិត្តនៅក្នុងជីវិតទៅតាមស្ថានភាពជាក់ស្ដែង។ ម្យ៉ាងវិញទៀត ការប៉ងប្រាថ្នាចង់សម្រេចអ្វីមួយនៅក្នុងជីវិត មិនមែនសុទ្ធតែជាការងាយស្រួលទទួលបាននោះទេ ជាពិសេសក៏មិនប្រាកដថាជោគជ័យដែរ ពីព្រោះវាត្រូវឆ្លងកាត់ដំណាក់កាលច្រើន ដោយក្នុងនោះក៏មានភាពស្រួល និងភាពលំបាក ព្រមទាំងអាចទទួលរងផលប៉ះពាល់ពីពាក្យសម្ដីខាងក្រៅជាដើម ហេតុនេះអ្នកច្បាស់ជាអាចមានពេលវេលាណាមួយដែលអស់កម្លាំងចិត្ត និងអស់សង្ឃឹមជាដើម។ ហេតុផលនេះ ហើយអ្នកត្រូវត្រៀម និងដឹងថា បើស្ថានភាពនោះកើតឡើងចំពោះអ្នក តើអ្នកនឹងត្រូវធ្វើបែបណាដើម្បីការពារ ក៏ដូចជាធ្វើឱ្យអ្នកចាកចេញពីភាពអស់សង្ឃឹមនោះបាន? ធ្វើបែបនេះ ទើបអ្នកអាចរក្សាកម្លាំងចិត្តបន្តដើម្បីធ្វើដំណើរទៅមុខ

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ