spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងជំនាញដែលអ្នកត្រូវដឹង ដើម្បីក្លាយជាអ្នកទីផ្សារឌីជីថល

ជំនាញដែលអ្នកត្រូវដឹង ដើម្បីក្លាយជាអ្នកទីផ្សារឌីជីថល

-

អ្នកទីផ្សារឌីជីថល (Digital Marketers) ត្រូវការជំនាញធំៗ និងចម្រុះដែលមានទាំងជំនាញរឹងនិងជំនាញទន់ ប៉ុន្តែជំនាញដែលត្រូវការជាងគេគឺអាស្រ័យលើកន្លែងដែលអ្នកនឹងធ្វើការនិងអ្វីដែលអ្នកត្រូវការដើម្បីធ្វើ។

ទោះជាយ៉ាងណាក្ដី ដើម្បីបម្លែងខ្លួនឱ្យក្លាយជាអ្នកទីផ្សារឌីជីថលដ៏ល្អ និងអាចក្លាយជាអ្នកអាជីពដ៏ជោគជ័យលើវិស័យឌីជីថលនេះ អ្នកគួរតែដឹងពីជំនាញខាងក្រោម ដើម្បីសិក្សាឈ្វេងយល់ និងបណ្ដុះខ្លួនឯងឱ្យបានចេះច្បាស់លើជំនាញនីមួយៗ។

ជំនាញទាំងនោះ រួមមាន៖

  1. Copywriting

Copywriting ជាជំនាញខុសពីការសរសេរផ្សេងទៀត ពីព្រោះវាជាការសរសេរតែងពាក្យ ឃ្លា ស្លាកសញ្ញា ប្រយោគនិងកថាខណ្ឌសម្រាប់លក់ផលិតផលនិងសេវាកម្ម ដើម្បីអាចចាប់យកការយកចិត្តទុកដាក់ពីទស្សនិកជន បង្កើតគុណតម្លៃនាំការទំនាក់ទំនង និងការជំរុញសកម្មភាពនានា ដូចជាទស្សនិកជនងាយសម្រេចចិត្តទិញផលិតផលសេវាកម្ម ឬចង់ដឹងបន្ថែមពីព័ត៌មានផលិតផលសេវាកម្មរបស់អ្នកជាដើម។ ដូច្នេះទាមទារឱ្យអ្នកទីផ្សារឌីជីថល ត្រូវតែសិក្សា និងមានជំនាញ Copywriting បន្ថែម ដើម្បីជំរុញការធ្វើទីផ្សារឱ្យកាន់តែទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីអតិថិជនគោលដៅ។

2. ការបង្កើតមាតិកា

បេះដូងនៃទីផ្សារឌីជីថល ពីព្រោះវាជាការបង្កើតខ្លឹមសារដែលទាក់ទាញអតិថិជនគោលដៅរបស់ក្រុមហ៊ុន។ គោលបំណងមិនត្រឹមតែបង្កើតមាតិកាដែលមានគុណភាពខ្ពស់ និងមាតិកាដែលងាយស្រួលប្រើ SEO ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈ្វេងយល់ពីដំណើរការនៃវិធីធ្វើឱ្យទស្សនិកជនចូលរួមយ៉ាងមានប្រសិទ្ធភាព។

3. CRM

CRM មកពីពាក្យ Customer Relationship Management មានន័យថា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ហើយ CRM នេះ គឺជាដំណោះស្រាយសូហ្វវែរដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ឱ្យស្ថិតនៅលំដាប់កំពូលនៃទិន្នន័យរបស់អតិថិជន។ ឧបករណ៍ CRM ផ្តល់នូវការយល់ដឹងភ្លាមៗអំពីទម្រង់អតិថិជននិងអន្តរកម្មពីមុនរបស់ពួកគេជាមួយទីភ្នាក់ងារលក់។ ការស្ទាត់ជំនាញលើឧបករណ៍ CRM ជួយអ្នកទីផ្សារឌីជីថល ស្វែងយល់បន្ថែមអំពីអតិថិជន វិភាគតម្រូវការរបស់ពួកគេនិងស្គាល់ពួកគេកាន់តែច្បាស់។

4. SEO និង SEM

ដើម្បីជោគជ័យក្នុងនាមជាអ្នកទីផ្សារឌីជីថល អ្នកត្រូវមានជំនាញក្នុងការប្រើប្រាស់ SEO និង SEM ឱ្យអស់ពីសមត្ថភាព។

SEO មកពីពាក្យ Search Engine Optimization ហើយ SEO គឺជាដំណើរការនៃការចាត់វិធានការដើម្បីជួយបង្កើនប្រសិទ្ធភាពគេហទំព័ររបស់អ្នកឈានដល់លំដាប់ខ្ពស់នៅក្នុងលទ្ធផលស្វែងរករបស់ Google និងម៉ាស៊ីនស្វែងរកផ្សេងទៀត មានន័យថា មនុស្សនឹងងាយស្រួលស្វែងរកគេហទំព័ររបស់អ្នកនៅពេលស្វែងរកតាមអ៊ីនធឺណេត។ SEO ផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់នៅក្នុង organic ដែលមិនបង់ប្រាក់នៃលទ្ធផលស្វែងរក។ ប្រសិនបើអ្នកមានគេហទំព័រ ហើយអ្នកចង់ទទួលបានសកម្មភាពច្រើនពីទស្សនិកជនដើម្បីចុចអាន ឬចុចមើលមាតិការបស់អ្នក នោះ SEO ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទីផ្សាររបស់អ្នក។

SEM មកពីពាក្យ Search Engine Marketing ហើយ SEM គឺជាដំណើរការនៃការប្រើប្រាស់ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់លើទីផ្សារស្វែងរក (paid search marketing) ឱ្យ Google ដើម្បីផ្តល់ឱ្យគេហទំព័ររបស់អ្នកនូវចំណាត់ថ្នាក់ខ្ពស់នៅក្នុងលទ្ធផលម៉ាស៊ីនស្វែង។

5. វិភាគទិន្នន័យ

អ្នកទីផ្សារឌីជីថល ត្រូវការដឹងពីរបៀបប្រើ Google Analytics និង ឧបករណ៍វិភាគផ្សេងទៀត ដើម្បីទាញយកព័ត៌មានលម្អិតនានាអំពីកន្លែងដែលចរាចររបស់អ្នកមកពីណា ពាក្យគន្លឹះទាក់ទាញបំផុតពេលវេលាពេញនិយមបំផុត និងទិន្នន័យដ៏មានតម្លៃលើអាយុភេទនិងការវិភាគទីតាំងរបស់ទស្សនិកជន ក៏ដូចជាចំណាប់អារម្មណ៍របស់ពួកគេនិងឧបករណ៍ដែលពួកគេកំពុងប្រើប្រាស់ ព្រមទាំងធ្វើឱ្យអ្នកទីផ្សារឌីជីថលងាយស្រួលក្នុងការស្វែងយល់ពីទស្សនិកជន។

6. បណ្ដាញសង្គម

អ្នកទីផ្សារឌីជីថល ត្រូវយល់ពីរបៀបប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយដឹងថាអ្វីដែលដំណើរការ ហើយអ្វីដែលមិនត្រូវប្រើអំឡុងពេលណា និងអ្វីដែលត្រូវផ្សព្វផ្សាយ និងរបៀបកែម្រួលសំលេងរបស់អ្នកឱ្យមានភាពស៊ីជម្រៅជាមួយផ្នែកផ្សេងៗនៃទស្សនិកជនរបស់អ្នក ដែលប្រើវេទិកាផ្សេងៗគ្នា។ សូម្បីតែក្នុងវិស័យទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏មានបច្ចេកទេសខុសៗគ្នាដែលអ្នកទីផ្សារឌីជីថល អាចផ្តល់អាទិភាពដូចជាការស្តាប់ឬសង្កេតពីសង្គម ការផ្សាយផ្ទាល់ (live-streaming ) ការផ្ញើសារដោយផ្ទាល់ និងការដាក់ស្លាកសញ្ញា “#” ។

7. Pay-Per-Click និង ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម

ប្រសិនបើថវិការបស់អ្នកទីផ្សារឌីជីថល រួមបញ្ចូលទាំង

  • ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្ម ពួកគេនឹងត្រូវដឹងថា តើត្រូវចំណាយអ្វីខ្លះដើម្បីទទួលបានគុណតម្លៃខ្ពស់នៃបរិមាណប្រែប្រួលនានា? នេះរួមបញ្ចូលទាំង
  • ការដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងគេហទំព័រផ្សេងៗជុំវិញបណ្តាញ តាមរយៈការផ្សាយពាណិជ្ជកម្មដោយផ្ទាល់ឬវេទិកាដូចជា Google Ads ក៏ដូចជាការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមនិងបង្ហោះបែបចំណាយលុយ (sponsored posts)។
8. Storytelling

ជំនាញក្នុងការនិទានរឿងដ៏ល្អ (Storytelling) ជាចំណុចមួយដ៏សំខាន់សម្រាប់អ្នកទីផ្សារឌីជីថល។

ការនិទានរឿងអាចត្រូវបានប្រើដើម្បីបញ្ចុះបញ្ចូលមិត្តភក្ដិ និងមនុស្សផ្សេងទៀត ដើម្បីលក់ទៅឱ្យអតិថិជន ដើម្បីបង្កើតការនិទានកថាទីផ្សារថ្មីនិងសូម្បីតែរៀបចំក្រុមហ៊ុនឡើងវិញក្នុងចំណោមការប្រកួតប្រជែងជាដើម។ ដូច្នេះទាមទារឱ្យអ្នកទីផ្សារឌីជីថល ត្រូវមានសមត្ថភាពនិងចេះបង្កើត Storytelling ដ៏ល្អ នៅក្នុងអាជីវកម្មដើម្បីធ្វើទីផ្សារ ទាក់ទាញចិត្តមនុស្ស។

9. យល់ដឹងពីមូលដ្ឋាននៃការរចនា

ជាទូទៅ នៅក្នុងក្រុមហ៊ុននីមួយៗ តែងតែមានអ្នករចនាក្រាហ្វិក ឬកម្មវិធីនានា ប៉ុន្តែវាក៏ត្រូវធ្លាក់មកលើអ្នកទីផ្សារឌីជីថលដែរ ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជាជ្រើសរើសនិងរៀបចំរូបភាពដែលនឹងបង្ហាញនៅលើហ្វេសប៊ុកប្រព័ន្ធផ្សព្វផ្សាយសង្គម ឬដាក់ប្លង់រួមសម្រាប់ព្រឹត្តិប័ត្រព័ត៌មាននានា។

ដូច្នេះទាមទារឱ្យអ្នកទីផ្សារឌីជីថលមានការយល់ដឹងអំពីជំនាញមូលដ្ឋាននៃការរចនា រួមទាំងរបៀបរៀបចំព័ត៌មានសម្រាប់ភាពត្រឹមត្រូវ ពីព្រោះជាទ្រព្យសម្បត្តិដ៏ធំ ហើយទាំងនេះភាគច្រើន តែងតែចាប់ផ្តើមដោយការយល់ដឹងអំពីបទពិសោធន៍របស់អតិថិជន។

10. ជំនាញដោះស្រាយបញ្ហាបែបច្នៃប្រឌិត

អ្វីក៏ដោយដែលអ្នកព្យាយាមសម្រេចបានក្នុងនាមជាអ្នកទីផ្សារឌីជីថល នោះអ្នកប្រកួតប្រជែងរបស់អ្នកច្បាស់ជាព្យាយាមសម្រេចបាននូវអ្វីមួយដូចគ្នា ដូច្នេះទាមទារឱ្យអ្នកទីផ្សារឌីជីថល មានសមត្ថភាពក្នុងការបង្កើតថ្មីនិងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំពោះបញ្ហាប្រឈមដទៃទៀតដែលកើតមានឡើង បន្ទាប់មកបង្កើតវិធីថ្មីៗដើម្បីចាប់យកឱកាស ព្រមទាំងយកចិត្តទុកដាក់ឱ្យបានខ្ពស់។

11. ជំនាញលក់និងការបញ្ចុះបញ្ចូល

ក្នុងនាមជាអ្នកទីផ្សារ ការងារចម្បងរបស់អ្នកគឺផ្លាស់ប្តូរការគិតរបស់មនុស្ស។ ជាក់ស្តែងការធ្វើជាម្ចាស់សិល្បៈនៃការលក់ គឺដើម្បីផលប្រយោជន៍របស់អ្នក! ប៉ុន្តែនេះមិនត្រូវបានកំណត់ចំពោះការលក់ពិបាកទេ អាចនិយាយបានថា អំណាចនៃការបញ្ចុះបញ្ចូលគឺមានសារៈសំខាន់នៅពេលបង្កើតរូបភាពម៉ាកយីហោដ៏រឹងមាំបន្ដិចម្ដងៗតាមពេលវេលា ឬ សូម្បីតែព្យាយាមនាំមិត្តរួមការងាររបស់អ្នកមករកគំនិតយុទ្ធនាការថ្មី។

ជារួមមក អ្នកធ្វើទីផ្សារ ក៏ត្រូវមានជំនាញនៃការលក់ និងចេះវិធីបញ្ចុះបញ្ចូល ដើម្បីធ្វើយ៉ាងណា ឱ្យមានការផ្លាស់ប្ដូរការគិតរបស់មនុស្សឱ្យក្រឡែកមកមើលអ្វីដែលអ្នកទីផ្សារបានផ្សព្វផ្សាយ បន្ទាប់មកក៏ធ្វើឱ្យពួកគេចាប់ផ្ដើមចាប់អារម្មណ៍បន្តិចម្ដងៗ រហូតក្លាយជាអតិថិជនដ៏ស្មោះត្រង់។

12. មានភាពជាអ្នកដឹកនាំលើគម្រោង

អ្នកទីផ្សារឌីជីថល ត្រូវដឹងពីរបៀបដឹកនាំគម្រោងនានាពាក់ព័ន្ធនឹងការងារទីផ្សារ តាមរយៈដំណាក់កាលជាច្រើននៅតាមបណ្តាញផ្សេងៗដែលមានភាពចម្រុះនិងភាពពាក់ព័ន្ធនឹងការរួមចំណែករបស់មនុស្សជាច្រើនផ្សេងទៀត។ ហើយអ្នកគ្រប់គ្រងគម្រោងនេះ មានទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រទីផ្សារអនឡាញរបស់ក្រុមហ៊ុន។ ពួកគេធ្វើការក្នុងថវិកាដើម្បីបង្កើតយុទ្ធនាការទីផ្សារឌីជីថលនិងកម្មវិធីគេហទំព័រ កំណត់ហានិភ័យនិងគូរឯកសារគាំទ្រ ព្រមទាំងសរសេរផែនការនិងរបាយការណ៍លម្អិត។ ដូច្នេះដើម្បីដឹកនាំគម្រោងបានល្អ គឺត្រូវការទាំងជំនាញភាពជាអ្នកដឹកនាំនិងមានឋានៈកម្រិតខ្ពស់នៃក្រុមហ៊ុន។

13. ភាពរហ័សរហួននិងការសម្របខ្លួន

អ្នកទីផ្សារឌីជីថល ត្រូវដឹងពីរបៀបផ្តល់អាទិភាពដល់ការងាររបស់ពួកគេ ខណៈពេលដែលឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ ដូច្នេះទើបពួកគេត្រូវមានភាពរហ័សរហួននិងត្រូវមានលទ្ធភាពសម្របខ្លួនទៅនឹងការវិវត្តថ្មីៗនិងអ្វីដែលមិនរំពឹងទុក ដោយតែងតែគិតគូរពីស្ថានភាពនិងត្រៀមខ្លួនសម្រាប់អ្វីក៏ដោយដែលនឹងអាចកើតមានឡើង។

14. ការធ្វើផែនការយុទ្ធសាស្ត្រ

អ្នកទីផ្សារឌីជីថល ជាអ្នកធ្វើផែនការយុទ្ធសាស្រ្តជាដំណាក់កាល ដើម្បីធ្វើសកម្មភាពដោយមានកំណត់រយៈពេលប៉ុន្មានសប្ដាហ៍ឬរាប់ខែ។

លើសពីនេះ អ្នកទីផ្សារឌីជីថលដែលទទួលបានជោគជ័យ ជាមនុស្សបន្តការសិក្សារៀនសូត្រ និងសិក្សាស្រាវជ្រាវរហូត ព្រមទាំងមានការចង់ដឹង ចង់ឃើញបំផុត ចំពោះរបៀបដែលអ្វីៗដំណើរការនិងរបៀបដែលអ្វីៗកំពុងផ្លាស់ប្តូរ ទាំងនៅក្នុងឧស្សាហកម្មផ្ទាល់ខ្លួននិងនៅទូទាំងពិភពលោក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ