spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងតើការធ្វើទីផ្សារបែបឌីជីថលមានគុណសម្បត្តិអ្វីខ្លះ?

តើការធ្វើទីផ្សារបែបឌីជីថលមានគុណសម្បត្តិអ្វីខ្លះ?

-

តើអ្នកហត់នឿយនិងស្មុគស្មាញដែរឬទេនៅពេលដែលអ្នកទទួលបាននូវប្រសិទ្ធភាពទាបក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបទីផ្សារប្រពៃណី (Traditional Marketing) ?ប្រសិនបើដូច្នោះមែន គឺដល់ពេលដែលអ្នកត្រូវចាប់ផ្ដើមជាមួយនឹងការវិនិយោគទៅលើវិស័យបច្ចេកវិទ្យានិងការទីផ្សារឌីជីថល(Digital Marketing Services) ដើម្បីផ្សព្វផ្សាយនូវផលិតផលរបស់អ្នកវិញម្ដងហើយ។ អាជីវកម្មរបស់អ្នកនឹងទទួលបាននូវផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់នៅពេលដែលអ្នកចាប់ផ្ដើមប្រើប្រាស់នូវយុទ្ធសាស្ត្រទីផ្សារឌីជីថល(Digital Marketing) មួយនេះ ពីព្រោះថាវាអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកលូតលាស់ទៅមុខជាលំដាប់ ព្រមទាំងផ្ដល់អាចជួយក្នុងការបន្ថែមនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកផងដែរ។ ដូចនេះតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីសិក្សារៀនសូត្រ ថាហេតុអ្វីបានជាការធ្វើទីផ្សារបែបឌីជីថលគឺជាយុទ្ធសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន និង អង្គភាពអាជីវកម្មផ្សេងៗក្នុងការឈានទៅរកវឌ្ឍនភាព?

ហេតុដូចនេះដើម្បីចង់ដឹងថាតើការធ្វើទីផ្សារបែបឌីជីថលមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះ អ្នកអាចចាប់ផ្ដើមអាននូវ5ចំណុចសំខាន់ដែលបានរៀបរាប់ខាងក្រោមនេះ ដើម្បីជួយពង្រឹកអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរឡើង៖

១.ចំណាយតិចចំណេញច្រើន

អត្ថប្រយោជន៍ដ៏ធំបំផុតនៃការធ្វើទីផ្សារឌីជីថលគឺការចំណាយតិច ពីព្រោះវាបានជួយឲ្យម្ចាស់អាជីវកម្មកាត់បន្ថយនូវរាល់ការចំណាយទៅលើការផ្សព្វផ្សាយដែលពុំសូវមានប្រសិទ្ធភាពហើយថែមទាំងជួយសន្សំថវិកាបានយ៉ាងច្រើនថែមទៀតផង។ យ៉ាងណាមិញការប្រើប្រាស់យុទ្ធសាស្ត្រឌីជីថលដើម្បីផ្សព្វផ្សាយនោះទៀតសោតគឺមានតម្លៃសមរម្យ ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ព្រមទាំងអាចផ្ដល់ពត៌មានទៅកាន់អតិថិជនគោលដៅបានឆាប់រហ័សទៀត។ កាលពីមុននៅពេលដែលម្ចាស់អាជីវកម្មឬក៏ក្រុមហ៊ុន ចង់ធ្វើការផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនឲ្យមានអ្នកស្គាល់ច្រើន មានអ្នកគាំទ្រច្រើន គឺពួកគេត្រូវចំណាយនូវថវិកាយ៉ាងច្រើនក្នុងការផ្សព្វផ្សាយ ដូចជាតាមទូរទស្សន៍ វិទ្យុ និងផ្ទាំងបដាជាដើម។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះជាមួយនឹងការអនុវត្តន៍នូវយុទ្ធសាស្ត្រឌីជីថល ម្ចាស់អាជីវកម្មបានចំណាយថវិកាតិចជាងមុនហើយផ្សព្វផ្សាយចំអតិថិជនគោលដៅដែលអ្នកបានកំណត់ទៀតផង។ ឧទាហរណ៍ថាអ្នកជាម្ចាស់អាហារដ្ឋានដ៏ធំមួយហើយអ្នកចង់ធ្វើការផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកដើម្បីឲ្យមានអតិថិជនស្គាល់ច្រើនជាងមុន ដូចនេះអ្នកអាចបង្កើតជាវីដេអូដែលបង្ហាញពីមុខម្ហូបដ៏គួរឲ្យចង់បរិភោគនិងប្រកបដោយភាពទាក់ទាញ រួចបង្ហោះវានៅលើបណ្តាញសង្គម Facebook  នៅពេលនោះអតិថិជនគោលដៅរបស់អ្នកនឹងបានឃើញ ព្រមទាំងចាប់អារម្មណ៍ទៅលើមុខម្ហូបនៅក្នុងហាងអ្នក ហើយពួកគេក៏អាចចែករំលែកទៅកាន់មិត្តភក្តិ(Friend)របស់ពូកគេផងដែរ។ បន្ទាប់ពីធ្វើបែបនោះអ្នកនឹងទទួលបាននូវអតិថិជនជាច្រើន ព្រមទាំងធ្វើឲ្យមនុស្សរាល់គ្នាស្គាល់ពីម៉ាកយីហោនៃអាជីវកម្មរបស់អ្នកក៏កាន់តែច្រើនផងដែរដោយអ្នកគ្រាន់តែចំណាយថវិកាតិចតួចតែប៉ុណ្ណោះ។

២.​ អាចវាស់វែងបាន

នៅពេលដែលអ្នកធ្វើការវិនិយោគលុយទៅក្នុងយុទ្ធនាការទីផ្សាររបស់អ្នក គឺអ្នកត្រូវតែតាមដាននូវលទ្ធផលនោះឲ្យបានល្អិតល្អន់ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីដឹងថាតើយុទ្ធសាស្រ្តដែលអ្នកកំពុងតែអនុវត្តន៍នោះមានប្រសិទ្ធភាពដែរឬក៏អត់ ហើយវាអាចជួយឲ្យក្រុមហ៊ុនអ្នកកាន់តែរីកចម្រើនទៅមុខបានដែរឬក៏អត់។ ចំពោះគុណប្រយោជន៍មួយទៀតនៃយុទ្ធសាស្រ្តទីផ្សារឌីជីថលនោះគឺវាមានលទ្ធភាពអាចវាស់វែងនូវទិន្នន័យនិងផ្ដល់ជូននូវលទ្ធផលឲ្យម្ចាស់អាជីវកម្មបានដឹងបានភ្លាមៗ។ខណៈពេលដែលការប្រើយុទ្ធនាការចាស់បុរាណ(Traditional Marketing) ដែលជាការផ្សព្វផ្សាយបែបប្រពៃណីយកមកប្រើប្រាស់ដើម្បីផ្សព្វផ្សាយនៅក្នុងសតវត្សនេះ គឺពិតជាប្រឈមមុខជាមួយនឹងហានិភ័យជាខ្លាំង ព្រោះអ្នកអាចចំណាយលុយច្រើន ប៉ុន្តែប្រសិទ្ធភាពវិញគឺមានភាគរយតិចតួចបំផុត ហើយវាក៏ពិបាកក្នុងការវាស់ស្ទង់ពីទិន្នន័យ និងលិទ្ធផលដែលទទួលបានពីការផ្សព្វផ្សាយនោះផងដែរ។ ជាមួយនឹងការប្រើប្រព័ន្ធឌីជីថលក្នុងការតាមដានទិន្នន័យ ដូចជាពី Social media ទៅ SEO (Search engine optimization) អ្នកអាចតាមដានរាល់ទិន្នន័យនិងលិទ្ធផលពីយុទ្ធនាការរបស់អ្នក។ឧទាហរណ៍ដូចជា អ្នកអាចគ្រប់គ្រងនូវគេហទំព័រនៃអាជីវកម្ម(Facebook Business Page) របស់អ្នកជាមួយនឹង Facebook Insight ដែលអាចជួយអ្នកក្នុងការតាមដាននូវយុទ្ធនាការនីមួយៗដែលអ្នកបានដាក់ចេញ ដែលរួមបញ្ចូលទាំង Reach  Like Engagement ការផ្ដល់ជាមតិ(Comment) និងការចែករំលែកជាដើម (Share) ដែលនេះវាអាចជួយសម្រួលដល់អ្នកដើម្បីដឹងថា តើយុទ្ធនាការរបស់អ្នកដំណើរការយ៉ាងដូចម្ដេចទៅហើយ។យ៉ាងណាមិញ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការការវាស់ស្ទង់នូវលិទ្ធផលដែលអ្នកបានអនុវត្ត អ្នកនឹងទទួលបាននូវវឌ្ឍនភាពក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នកឲ្យកាន់តែខ្លាំង និង រឹងមាំ។

Different emoji set Free Vector

៣. ជួយកំណត់អតិថិជនគោលដៅរបស់អ្នក

ដើម្បីឲ្យយុទ្ធនាការទីផ្សារក្រុមហ៊ុនអ្នកទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវផ្ដល់ពត៌មានពីផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅដែលមានចំណាប់អារម្មណ៍មកលើអាជីវកម្មរបស់អ្នក​ ចង់ដឹង ចង់ឮ និងចង់សាកនូវផលិតផលឬសេវាកម្មអ្នក។យ៉ាងណាមិញ ការកំណត់អតិថិជនគោលដៅជាមួយនឹងការធ្វើទីផ្សារបែបប្រពៃណីគឺវាមានភាពលំបាក ប៉ុន្តែអ្នកអាចកំណត់ថាអតិថិជនណាជាអតិថិជនគោលដៅរបស់អ្នកបាននៅពេលដែលអ្នកចាប់ផ្ដើមប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារឌីជីថលនៅក្នុងឧស្សាហកម្មរបស់អ្នក។ ជាក់ស្តែងប្រសិនបើអ្នកបង្កើតនូវ Facebook ad អ្នកនឹងទទួលបានអតិថិជនគោលដៅរបស់អ្នក ព្រមទាំងអាចកំណត់ប្រភេទអតិថិជនរបស់អ្នកតាមរយៈអាយុ ភេទ ការងារ ចំណាប់អារម្មណ៍ និង ចំណង់ចំណូលចិត្តជាដើម។

 ៤. ងាយស្រួលក្នុងការផ្ដល់នូវព័ត៌មាន

មនុស្សតែងតែចូលទៅក្នុងអ៊ីនធើណេតដើម្បីពិនិត្យមើលទំនិញដែលពួកគេកំពុងតែត្រូវការ មុនពេលដែលពួកគេសម្រេចចិត្តទិញផលិតផលណាមួយ។ហើយប្រសិនបើអ្នកអាចផ្ដល់នូវផលិតផលឬសេវាកម្មដែលពួកគេចង់បាន នោះរឹតតែប្រសើរ ហើយវាគឺជាពេលមួយដែលអ្នកនឹងទទួលបានអ្នកគាំទ្រ និងអ្នកប្រើប្រាស់យ៉ាងច្រើន។ ម្យ៉ាងទៀតអតិថិជនរបស់អ្នកក៏កំពុងតែស្វែងយល់ពីផលិតផលឬសេវាកម្មរបស់អ្នកដើម្បីឲ្យបានដឹងច្បាស់ថា តើពួកគេគួរតែទិញទំនិញនោះយកមកប្រើប្រាស់ដែរឬអត់។លើសពីនេះទៅទៀត តាមរយៈFacebook

អ្នកក៏អាចបង្កើតជា Group សម្រាប់អតិថិជនរបស់អ្នកដើម្បីងាយស្រួលក្នុងការផ្ដល់នូវពត៌មាន ជួយដោះស្រាយនូវបញ្ហា និងបង្ហាញនូវផលិតផលថ្មីៗឲ្យពួកគេបានឃើញជាពិសេសគឺជួយបង្កើននូវទំនាក់ទំនងរបស់ក្រុមហ៊ុននិងអតិថិជនឲ្យកាន់តែជិតស្និទ្ធ។ហើយការធ្វើបែបនេះវានឹងជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែវិវត្តន៍ទៅមុខ ថែមទាំងជួយបង្កើននូវភាពល្បីល្បាញឲ្យម៉ាករបស់អ្នកថែមទៀតផង។ ចំណែកឯការធ្វើទីផ្សារបែបប្រពៃណីវិញ គឺអ្នកប្រាកដជាពិបាកក្នុងការទំនាក់ទំនង និងរក្សារភាពជិតដិតជាមួយនឹងអតិថិជនជាមិនខាន ដោយសារច្រកផ្សព្វផ្សាយរបស់អ្នកពុំមានប្រសិទ្ធភាព និងចាស់គម្រិល។

៥. ធ្វើឲ្យអាជីវកម្មអ្នកវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស

Businessman standing close to arrow sign Free Photo

អត្ថប្រយោជន៍ដ៏ធំបំផុតនៃទីផ្សារឌីជីថលគឺអាចជួយឲ្យអាជីវកម្មរបស់អ្នកអាចបម្លាស់ខ្លួន និងពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស ដែលនេះគឺជាចំណុចពិសេសមួយដែលទីផ្សារឌីជីថលអាចធ្វើបាន តែការធ្វើទីផ្សារបែបប្រពៃណីមិនអាចធ្វើបាន។ នៅពេលអ្នកវិនិយោគទៅលើទីផ្សារអនឡាញ អ្នកនឹងមានកម្លាំង និងអានុភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនឡើង ដោយអ្នកអាចអភិវឌ្ឍយុទ្ធនាការ PPC (Pay Per Click)របស់អ្នក ,បង្កើនល្បឿននៃការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងជួយបង្កើននូវប្រសិទ្ធភាពនៃយុទ្ធនាការ SEO ( SEO Campaigns) របស់អ្នកឲ្យកាន់តែប្រសើរឡើង។

ជារួមមកយើងឃើញថាការប្រើប្រាស់ទីផ្សារឌីជីថលគឺពិតជាផ្ដល់នូវឱកាសមួយដ៏អស្ចារ្យក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនឡើង ព្រមទាំងទទួលបាននូវគុណតម្លៃមួយយ៉ាងអស្ចារ្យ ហើយថែមទាំងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានប្រាក់ចំណូលច្រើន និងមានការអភិវឌ្ឍន៍ខ្លួនខ្ពស់ទៀតផង។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ