spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារតើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់?

តើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់?

-

ការវិភាគទីផ្សារគឺជារឿងមួយដែលចាំបាច់បំផុតចំពោះការធ្វើអាជីវកម្ម ព្រោះការដឹងពីទីផ្សារបានច្បាស់នឹងធ្វើឲ្យអាជីវកម្មនោះរីកដុះដាលកាន់តែខ្លាំង និង មានអ្នកគាំទ្រកាន់តែច្រើនផងដែរ ជាពិសេសអាចធ្វើឲ្យម៉ាកយីហោនៃអាជីកម្មនោះឈានមុខគេលើទីផ្សារប្រកួតប្រជែង។ហើយខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរមកខ្លួនឯងដើម្បីស្វែងយល់ពីទីផ្សារនៃការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែច្បាស់៖

១. នរណាជាអតិថិជនពិតប្រាកដរបស់អ្នក

    សរសេរតារាងគុណសម្បិត្តនិងលក្ខណៈទាំងអស់ដែលអតិថិជនគោលដៅគួរមាន ដូចជា អាយុ ការសិក្សា មុខរបរ កម្រិតចំណូល ទស្សនៈ ឬតម្រូវការរបស់គេជាអ្វីខ្លះ។ បើអ្នកកាន់តែអាចកំណត់ពីអតិថិជនគោលដៅជាក់ច្បាស់ប៉ុណ្ណា ការស្វែងរកអតិថិជនទាំងនេះដើម្បីជជែកក៏កាន់តែស្រួលឡើងប៉ុណ្ណោះដែរ។

២. នរណាទិញទំនិញឬសេវាកម្មរបស់អ្នកនៅពេលនេះ?

អ្នកគួរតែប្រើច្បាប់ 80/20 ថានរណាគឺជា20%នៃអតិថិជនរបស់អ្នកដែលជាអ្នកបង្កើតចំណូល80%នៃធុរកិច្ចរបស់អ្នក?តើពួកគេមានអ្វីខ្លះដែលដូចគ្នា?តើអ្នកអាចរកអតិថិជនដែលដូចអតិថិជនដ៏ល្អបំផុតនាពេលបច្ចុប្បន្នបានច្រើនឡើងយ៉ាងដូចម្ដេច?

៣. នរណាជាអតិថិជនអនាគតរបស់អ្នក?

ទីផ្សារមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ អ្នកក៏ត្រូវតែផ្លាស់ប្ដូរដូចគ្នា អ្នកអាចធ្វើការប៉ាន់ស្មាន៥ឆ្នាំទៅមុខ ដោយវាយតម្លៃពីទំនោរបច្ចុប្បន្ន ថាតើនរណាមានឱកាសជាអតិថិជនដ៏ល្អបំផុតរបស់អ្នកនៅពេលនេះ?

៤. អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនរប​ស់អ្នកជានរណា?

តើនរណាជាអ្នកដែលអាចប្រើទំនិញឬសេវាកម្មរបស់អ្នក តែមិនទិញពីអ្នកឬមិនទិញពីគូរប្រជែងសោះ? មនុស្សទាំងនេះគ្មាននៅលើទីផ្សារទេ។តាមការពិតអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺជាទីផ្សារធំបំផុតនៃទំនិញឬសេវាកម្មរបស់អ្នកដែលនៅមិនទាន់មកដល់។បើអ្នកអាចរកឃើញឬបញ្ជាក់ថាជានរណា ហើយរកឃើញពីវិធីសាស្ត្រអូសទាញពួកគេ នោះអ្នកនឹងបង្កើនអត្រាការលក់របស់អ្នកដល់ចំណុចកំពូលដែលមិនធា្លប់មានពីមុនមក។

៥. តើមូលហេតុអ្វីទើបអតិថិជនព្រមទិញ?  

    តើមានចំណុចមានប្រៀបឬមានប្រយោជន៍ដែលអតិថិជនដឹងក្នុងការទិញទំនិញឬសេវាកម្មរបស់អ្នកគឺអ្វី?ក្នុងបណ្ដាលចំណុចផ្សេងៗដែលអ្នកណែនាំដល់អតិថិជន តើផ្នែកសំខាន់នៃទំនិញឬសេវាកម្មដែលអតិថិជនពេញចិត្តបំផុតគឺអ្វី?តើកុងតាក់បញ្ឆេះអារម្មណ៍ ដែលជាមូលហេតុធ្វើឲ្យអតិថិជនទិញគឺអ្វី?អ្នកត្រូវតែដឹងចំពោះចម្លើយនៃសំណួរទាំងនេះ។

៦. តើមូលហេតុអ្វីទើបអតិថិជនមិនព្រមទិញ?

អ្នកដែលនៅមិនទាន់ទិញទំនិញរបស់អ្នកឬរបស់អ្នកដទៃនៅពេលនេះ ជាប្រភពអតិថិជនថ្មីដែលមានទំហំធំបំផុត។បើអ្នកអាចរកចម្លើយបានថាហេតុអ្វីទើបពួកគេមិនទិញ នោះអ្នកនឹងអាចទម្លុះទីផ្សារថ្មីនិងលក់បានជាងសព្វដង។អ្នកត្រូវសួរខ្លួនឯងជារឿយៗថា “ហេតុអ្វីបានជាពួកគេមិនព្រមទិញទំនិញរបស់យើង?”

ជាញឹកញាប់មធ្យោបាយដែលងាយបំផុតក្នុងការចូលដល់ទីផ្សាររបស់អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺរកឲ្យឃើញ និង ប្រាប់ពីប្រយោជន៍ដោយចំពោះឲ្យអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនបានឃើញពីគុណតម្លៃនិងកើតមានអារម្មណ៍ចង់ក្លាយជាម្ចាស់នៃទំនិញឬសេវាកម្មមួយនេះ។ដូចនេះអ្នកត្រូវបង្ហាញឲ្យអតិថិជនគោលដៅឃើញថា គេនឹងទទួលប្រយោជន៍ពីទំនិញឬសេវាកម្មទាំងនោះពិតប្រាកដ។

៧. តើទំនោរធុរកិច្ចនិងទីផ្សាររបស់អ្នកគឺអ្វី?

តើមានការផ្លាស់ប្ដូរអ្វីដែលកំពុងកើតឡើង ដែលអាចបង្ខំឲ្យអ្នកផ្លាស់ប្ដូរវិធីដែលអ្នកលក់ឬមនុស្សដែលអ្នកលក់របស់ឲ្យ?តើទីផ្សាររបស់អ្នកកំពុងតែងាកទៅរកទិសណា?តើអតិថិជនរបស់អ្នកកំពុងផ្លាស់ប្ដូរយ៉ាងដូចម្ដេច?

៨.​គូរប្រជែងអ្នកគឺជានរណា?

នរណាជាគូប្រជែងធំ និង ជាគូប្រជែងបន្ទាប់របស់អ្នក?តើអតិថិជនគោលដៅរបស់អ្នកមើលឃើញប្រយោជន៍អ្វីក្នុងការទិញទំនិញពីគូប្រជែងរបស់អ្នក?តើអ្នកអាចឆ្លើយប្រឆាំងនឹងប្រយោជន៍ដែលអតិថិជនទទួលដឹងទាំងនេះបានដូចម្ដេច?តើអ្នកនឹងកំណត់ស្ថានភាពរបស់ខ្លួនដើម្បីទាក់ទាញឲ្យមនុស្សទិញទំនិញពីអ្នក ជំនួសឲ្យការទៅទិញពីផលិតផលរបស់ដៃគូប្រកួតប្រជែងបានយ៉ាងដូចម្ដេច?រឿងទាំងនេះសុទ្ធតែជាគន្លឹះក្នុងការទម្លុះទីផ្សារ។ក្រុមហ៊ុនត្រូវរៀបចំតំណែងរបស់ខ្លួនឯងយ៉ាងសមស្របនៅពេលប្រៀបធៀបជាមួយគូប្រជែង​ពេលនោះអត្រាការលក់របស់ពួកគេនឹងកើនឡើងរាប់រយភាគរយតែម្ដង។

 

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ