spot_img
spot_img
Homeធុរកិច្ចតើធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកទទួលបានជោគជ័យ?

តើធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកទទួលបានជោគជ័យ?

-

តើធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកទទួលបានជោគជ័យ?

មនុស្សជាច្រើនតែងតែភ័យខ្លាចក្នុងការបើកអាជីវកម្មដោយខ្លួនឯង ដោយសារតែពួកគេនៅមិនទាន់យល់ច្បាស់ពីរបៀបរកស៊ីឲ្យបានស៊ីជម្រៅនៅឡើយ។ជាធម្មតាការចេញរកស៊ីដំបូង អ្នកចាំបាច់ត្រូវតែមានការអត់ធ្មត់​ មានធនធាន មានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងដំណើរការអាជីវកម្មនោះឲ្យបានល្អប្រសើរ ជាពិសេសគឺត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះការផ្ដល់ជូននូវសេវាកម្មមួយដ៏ល្អពេញចិត្តទៅកាន់អតិថិជន។ប្រសិនបើអ្នកមានចំណុចទាំងនេះ ការបើកដំណើរការអាជីវកម្មដោយខ្លួនឯង វាអាចនឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ព្រមទាំងទទួលបានអតិថិជន និង ប្រាក់ចំណូលបានកាន់តែច្រើនឡើងៗទៀតផង។យ៉ាងណាមិញបើសិនជាអ្នកចង់ចាប់ផ្ដើមអាជីវកម្មមួយឲ្យរីកចម្រើន និងមានវឌ្ឍនភាពល្អ អ្នកគួរតែចាប់ផ្ដើមធ្វើ និងគិតអំពីចំណុចទាំង៣ដែលបានរៀបរាប់ខាងក្រោមនេះ៖

១. រៀបចំនូវផែនការធុរកិច្ចរបស់អ្នក (Business Plan)

ការរៀបចំផែនការធុរកិច្ច គឺជារឿងចម្បងមួយដែលអ្នកគួរតែគិត ព្រោះវាអាចជួយណែនាំ ជួយតម្រង់ទិស និងបង្ហាញផ្លូវមួយដ៏ល្អក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខយ៉ាងរលូន។ តួយ៉ាងយើងឃើញថា ការសរសេរផែនការអាជីវកម្មគឺប្រៀបបានទៅនឹងការគូសវាសទិសដៅនៅលើក្រដាសសមួយដើម្បីជួយឲ្យអ្នកដើរឆាប់ដល់គោលដៅដែលអ្នកបានកំណត់ទុក។

Business Plan, Business Planning

ជាក់ស្ដែងដូចជាការដើរចូលទៅក្នុងព្រៃដូច្នឹងដែរ ប្រសិនបើអ្នកដើរចូលទៅក្នុងព្រៃនោះដោយគ្មានផែនទី គ្មានត្រីវិស័យ ហើយថែមទាំងមិនស្គាល់ពីតំបន់ឬទីតាំងច្បាស់លាស់ផងនោះ គឺប្រាកដណាស់អ្នកនឹងវង្វេងផ្លូវ ហើយដើរចុះដើរឡើងនៅតែកន្លែងដដែល ទីតាំងដដែលឬអាចវង្វេងចូលទៅជ្រៅជាងមុនក៏ថាបាន ហើយចុងក្រោយគឺនៅតែមិនអាចរកច្រកចេញពីព្រៃនោះបានឡើយ។ប៉ុន្តែបើសិនជាអ្នកបានរៀបចំផែនទី មានត្រីវិស័យ មានរបស់របរប្រើប្រាស់ និងប្រដាប់ប្រដារការពារខ្លួនបានគ្រប់គ្រាន់ហើយនោះ ច្បាស់ណាស់ដែលថាអ្នកមិនខ្លាច មិនភ័យ មិនខ្វះខាតរបស់របរប្រើប្រាស់ ហើយក៏មិនខ្លាចវង្វេងនៅក្នុងព្រៃនោះដែរ។ ដោយសារតែហេតុនេះហើយទើបអ្នកត្រូវរៀបចំមុនពេលចាប់ផ្ដើមប្រតិបត្តិអ្វីមួយ ជាពិសេសទាក់ទងទៅនឹងអាជីវកម្មនេះតែម្ដង ពោលគឺអ្នកត្រូវត្រៀមខ្លួន ត្រៀមចិត្តត្រៀមកាយ និងត្រៀមផែនការរបស់អ្នកឲ្យបានត្រឹមត្រូវដើម្បីឆ្ពោះទៅរកវឌ្ឍភាព និង ភាពជោគជ័យ។ អ្វីដែលពិសេសនោះគឺថា ប្រសិនបើផែនការធុរកិច្ច (Business Plan) ដែលអ្នកបានគ្រោងទុកនោះមានភាពច្បាស់លាស់ ពិតប្រាកដ និងអាចទទួលយកបាន នោះអ្នកអាចនឹងទទួលបានប្រាក់កម្ចីពីធនាគារដើម្បីចាប់ផ្ដើមអាជីវកម្មរបស់អ្នក។

Image result for walk in forest

២. យល់ពីយុទ្ធសាស្ត្រទីផ្សារ ( Marketing Strategy )

ការធ្វើទីផ្សារ វាគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្ម ព្រោះដើម្បីឲ្យមានគេស្គាល់អាជីវកម្មរបស់អ្នកច្រើន អ្នកត្រូវប្រើ និងរិះរកយុទ្ធសាស្ត្រទីផ្សារយ៉ាងណាដើម្បីឲ្យគេចាប់អារម្មណ៍ និងចង់សាកផលិតផលឬសេវាកម្មរបស់អ្នក ជាពិសេសគឺត្រូវស្វែងរកវីធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យធុរកិច្ចរបស់អ្នកមានអតិថិនច្រើន អាចឲ្យពួកគេនៅជាមួយអ្នកបានយូរអង្វែងនិងចងចាំពីផលិតផលរបស់អ្នកជានិច្ច។ ហេតុនេះហើយទើបអ្នកចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងផ្ដោតសំខាន់ទៅលើការធ្វើទីផ្សារឲ្យបានខ្លាំង និងមានប្រសិទ្ធភាព ។ ម្យ៉ាងវិញទៀតនៅពេលណាដែលអ្នកទទួលបានអតិថិជនដែលមានសក្តានុពលច្រើន នោះអាជីវកម្មរបស់អ្នកនឹងរីកដុះដាលបានយ៉ាងល្អ។

Online Marketing, Internet Marketing

តួយ៉ាងផែនការទីផ្សាររបស់អ្នកគឺត្រូវបានកំណត់ដោយប្រភេទនៃអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម ប៉ុន្តែភាគច្រើនធុរកិច្ចដែលទទួលបានប្រាក់ចំណេញច្រើនគឺដោយសារតែពួកគេមានវត្តមាននៅលើបណ្ដាញសង្គមច្រើន និងមានគេហទំព័រល្អៗ។ហើយប្រសិនបើអ្នកមិនដឹងពីវិធីបង្កើត និងប្រតិបត្តិនូវផែនការទីផ្សារឲ្យបានល្អទេនោះ អ្នកអាចជួលអ្នកដែលមានជំនាញផ្នែកទីផ្សារនេះមកជួយគ្រប់គ្រង និងរៀបចំទើបជាការប្រសើរ។

៣. ប្រើប្រាស់ពេលវេលាឲ្យបានល្អ

ការគ្រប់គ្រងនិងរៀបចំពេលវេលាឲ្យបានល្អ វាជារឿងមួយដែលសំខាន់នៅពេលដែលអ្នកចាប់ផ្ដើមធុរកិច្ច។ ពេលដំបូងៗអ្នកត្រូវតែចំណាយពេលឲ្យបានច្រើន និងត្រូវយកចិត្តទុកដាក់ទៅលើដំណើរការរកស៊ីរបស់អ្នកឲ្យបានទៅមុខយ៉ាងរលូន ព្រោះដំណាក់កាលដំបូងតែងតែជាដំណាក់កាលមួយដែលលំបាក ត្រូវប្រឈមមុខជាមួយនឹងបញ្ហា រងនូវការរិះគន់ការទិះតៀនពីអតិថិជន និងដៃគូប្រកួតប្រជែងជាច្រើន។យ៉ាងណាមិញ បើអ្នកអាចរក្សា និង គ្រប់គ្រងធុរកិច្ចទីមួយរបស់អ្នកបាន នោះធុរកិច្ចបន្ទាប់ៗទៀតក៏អាចទៅមុខបានយ៉ាងប្រសើរដែរ។ ដូចនេះបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ អ្នកត្រូវចំណាយពេលផ្ដោតទៅលើវាឲ្យបានច្រើន ហើយត្រូវមើលការងារទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយចៀសវាងនូវកំហុសឆ្គង ឬហានិភ័យណាមួយអាចកើតឡើងជាយថាហេតុ។

Image result for time

សរុបមក មុនពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មណាមួយ អ្នកគប្បីត្រូវគិតពីចំណេះដឹង និងសមត្ថភាពរបស់ខ្លួនឯងសិនថាមានគ្រប់គ្រាន់ហើយឬនៅ អាចទៅរួចដែរឬអត់ ហើយបើទៅរួច តើអ្នកចេះរៀបចំគម្រោងផែនការឲ្យបានច្បាស់លាស់ និងចេះវិភាគពីទីផ្សារឲ្យបានត្រឹមត្រូវហើយឬនៅ ធ្វើបែបនេះទើបអាចជួយឲ្យការចាប់ផ្ដើមអាជីវកម្មរបស់អ្នកប្រកបដោយភាពរីកចម្រើនទៅមុខបាន។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ