spot_img
spot_img
Homeអនុវត្តន៍សកម្មភាពទាំង៦ដែលអាចជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងបានកាន់តែខ្ពស់!

សកម្មភាពទាំង៦ដែលអាចជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងបានកាន់តែខ្ពស់!

-

៦ចំណុចខាងក្រោមនេះ គឺជាសកម្មភាពតូចៗមួយចំនួនដែលវាជាកត្តាអាចជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នក៖

១.​ រៀនដើរឲ្យលឿន និងស្វាហាប់ជាងមុន

ហេតុអ្វីបានជាការដើរលឿនវាគឺជាកត្តាដែលធ្វើឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯង?
ឥរិយាបទនៃការ ដេក ដើរ ឈរ អង្គុយរបស់អ្នក នឹងបង្ហាញអំពីបុគ្គលិកលក្ខណៈយ៉ាងជាក់ច្បាស់ ថាតើអ្នកជាមនុស្សបែបរហ័សរហួន និងរវៀសរវៃ?? ឬជាមនុស្សបែបស៊ើកៗ មួយៗ លើកដៃលើកជើងមិនរួចរាល់ពេលកិច្ចការងារ?? សកម្មភាពទាំងអស់នេះ ក៏ជាកត្តាជះឥទ្ធិពលទៅលើការគិត ផលិតភាពការងារ និងភាពជឿជាក់របស់អ្នកផងដែរ។ ប្រសិនបើអ្នកទម្លាប់ខ្លួនអ្នកឲ្យរៀនធ្វើលឿន ដើរលឿន គិតលឿន(ប្រកបដោយភាពសមហេតុផល) នោះនៅពេលក្រោយៗទៀត សកម្មភាពទាំងអស់នោះនឹងលេចឡើងដោយស្វ័យប្រវត្តិ ហើយវាក្លាយទៅជាទម្លាប់តែម្ដង ។ ម្យ៉ាងវិញទៀត តាមរយៈការសង្កេតឃើញរបស់នាងខ្ញុំជាក់ស្ដែង ខ្ញុំគិតថាមនុស្សដែលចូលចិត្តដើរលឿន (សំដៅទៅលើភាពរហ័សរហួន ពុំមែនសំដៅទៅលើការដើរលឿនដូចហោះ ដោយពុំបានមើលមុខ មើលក្រោយ មើលឆ្វេងស្ដាំនោះទេ) ភាគច្រើនគឺជាមនុស្សដែល:
  • មានភាពជឿជាក់លើខ្លួនឯង
  • ជាមនុស្សដែលសកម្ម
  • ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់
  • មានភាពរួសរាយ និងចូលចិត្តការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន
  • មិនចូលចិត្តការរង់ចាំ មិនរួញរាចិត្ត និងសុញសាញគំនិតច្រើននោះទេ
  • ជាមនុស្សដែលចូលចិត្តរៀបផែនការមុនពេលធ្វើកិច្ចការណាមួយ
  • ជាមនុស្សដែលចូលចិត្តចាប់យកឱកាស ហ៊ានសាកល្បង
  • ព្រមទាំងហ៊ានប្រថុយទៅលើរឿងអ្វីដែលខ្លួនឯងចង់ដឹង និងធ្វើ។
ដូចនេះ អ្នកអាចសាកល្បងហាត់ពត់ខ្លួនឯង ហើយរៀនធ្វើកិច្ចការណាមួយឲ្យមានភាពសកម្ម រៀនដើរឲ្យលឿន ដើរឲ្យស្វាហាប់ និងរហ័សរហួនជាមុន ដើម្បីបង្វឹកសមត្ថភាពការគិត និងបង្កើនភាពជឿជាក់មកលើខ្លួនអ្នកឲ្យកាន់តែច្រើនជាមុន។

២. និយាយប្រកបទៅដោយសីលធម៌ និងហេតុផល

មនុស្សដែលយល់ដឹងការណ៍រាក់ជ្រៅ និងជាមនុស្សម្នាក់ដែលគួរឲ្យគោរព ពួកគាត់ពុំដែលនិយាយពាក្យឥតប្រយោជន៍ ពុំដែលនិយាយឲ្យតែរួចៗពីមាត់ នោះទេ ហើយក៏ពុំដែលដណ្ដើមនរណាម្នាក់និយាយដើម្បីបង្ហាញថាខ្លួនឯងអ្វីក៏ចេះ អ្វីក៏ដឹងនោះដែរ ពោល គឺភាគច្រើនពួកគាត់តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ រួចផ្ដល់ជាមតិយោបល់ ឬដំបូន្មានល្អៗមួយចំនួនទៀតទៅកាន់ដៃគូសន្ទនា ប្រសិនបើគេចង់បាន ព្រមទាំងនិយាយប្រកបទៅដោយភាពសមហេតុផល និយាយមួយៗម៉ាត់ៗ និងនិយាយគួរឲ្យចង់ស្ដាប់។ ដូចនេះមុនពេលដែលអ្នកចង់និយាយអ្វីមួយចេញមក ត្រូវប្រាកដថាវាជារឿងដែលមានប្រយោជន៍ និងមិនប៉ះពាល់ដល់អ្នកដទៃ ជាពិសេសនោះគឺ កុំទម្លាប់ខ្លួនឲ្យនិយាយលឿនពេក ឬយឺតពេក ព្រោះភាគច្រើន និយាយលឿនភាគច្រើនតែងតែមានកំហុសខុសឆ្គង ហើយនិយាយយឺតតែងតែធ្វើឲ្យអ្នកដែលកំពុងស្ដាប់របស់អ្នកតឹងទ្រូងដែរ។ អ្នកគប្បីដឹងថា របៀបនៃការនិយាយរបស់អ្នកក៏បង្ហាញអំពីកម្រិតនៃភាពជឿជាក់របស់អ្នកដែរ។

៣. រៀនសម្រេចគោលដៅតូចៗឲ្យបានជោគជ័យ

ភាពជឿជាក់របស់អ្នកនឹងកើតមានឡើងបន្តិចម្ដងៗ នៅពេលដែលអ្នកបានសម្រេចកិច្ចការបានជោគជ័យ បើទោះបីជាកិច្ចការតូចតាចក៏ដោយ។ដោយសារតែកិច្ចការទាំងអស់នោះបានធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញកិច្ចការបានល្អប្រសើរជាងខ្លួនឯងពីមុន និងអាចមានសមត្ថភាពធ្វើកិច្ចការធំៗផ្សេងទៀតបាន។ ដូចនេះដើម្បីចាប់ផ្ដើមបង្កើនភាពជឿជាក់ឲ្យខ្លួនឯង អ្នកគប្បីចាប់ផ្ដើមអនុវត្តគោលដៅតូចៗនិងព្យាយាមសម្រេចវាឲ្យជោគជ័យ ដើម្បីមានកម្លាំងចិត្ត ចង់ចាប់ផ្ដើមសម្រេចកិច្ចការងារធំៗដទៃទៀតបាន ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីតូចមកទាំងអស់ សូម្បីតែជីវិតរបស់អ្នកក៏ត្រូវឆ្លងកាតពីភាពជាទារកមកដែរ ទើបអាចធំបានមកដល់សព្វថ្ងៃនេះបាន។ សន្សឹមៗកុំបបោល!

៤. ការស្លៀកពាក់មានរបៀបរៀបរយ

ការស្លៀកពាក់ក៏ជាកត្តាដែលជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នកដែរ ដោយសារតែអ្វីដែលមនុស្សមើលដំបូងគេ នោះគឺរបៀបស្លៀកពាក់ និងការរៀបចំខ្លួនរបស់អ្នកនេះឯង ត្រង់ចំណុចនេះ ខ្ញុំមិនសំដៅទៅលើការស្លៀកពាក់ហ៊ឺហារ ឡូយឆាយ ទិញសម្លៀកបំពាក់ថ្លៃៗ ឬទិញអាវធំពាក់ដើម្បីធ្វើខ្លួនជាអ្នកជោគជ័យ ឬពាក់មាសពេជ្រជ្រែកខ្លួន ដើម្បីបង្កើនភាពជឿជាក់នោះទេ គឺខ្ញុំសំដៅទៅលើ ការចេះរៀបចំខ្លួនយ៉ាងណាឲ្យមានភាពសមរម្យ ថ្លៃថ្នូរ សាកសមជាសិស្ស ជានិស្សិត ជាអ្នកធ្វើការ ឬជាអ្នកឯកទេសម្នាក់ដែលគួរឲ្យគោរព ស្រលាញ់និងគេអាចជឿទុកចិត្តបាន។ ឧទាហរណ៍ថា បើពេលណាមួយ ថៅកែរបស់អ្នក តម្រូវឲ្យអ្នកចេញទៅជួបភ្ញៀវដើម្បីចរចារគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃការលក់អ្វីមួយ ប៉ុន្តែការស្លៀកពាក់របស់អ្នកពុំសាកសមជាអ្នកអាជីពទាល់តែសោះ តើអ្នកគិតថាអតិថិជនជឿជាក់រាល់ពាក្យសម្ដីដែលអ្នកនិយាយដែរឬទេ? ពួកគេព្រមចុះកិច្ចសន្យាអាជីវកម្មជាមួយនឹងអ្នកដែរឬទេ? ហើយអ្នកខ្លួនឯងមានទំនុកចិត្តក្នុងការនិយាយជាមួយនឹងពួកគេដែរឬទេ? ភាគរយច្រើនគឺអ្នកប្រាកដជាមានអារម្មណ៍ថា ចាញ់ច្រាបគេ ពាក្យសម្ដីមិនសូវប្រៃ ឬគេមិនសូវយកចិត្តទុកស្ដាប់ជាដើម។ ដូចនេះអ្នកត្រូវត្រៀមខ្លួនឲ្យបានរៀបរយ និងរួចរាល់គ្រប់ពេលវេលា ព្រោះការស្លៀកពាក់ស្អាតបាត និងមានរបៀបរៀបរយល្អគ្រប់ពេល នឹងជួយឲ្យអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង បើទោះបីជាអ្នកចេញទៅក្រៅជាមួយអ្នកណា ឬប្រទះជួបនរណាម្នាក់ដែលអ្នកស្គាល់ ក៏អ្នកមិនភ័យខ្លាចក្នុងការនិយាយជាមួយនឹងពួកគេដែរ។

. បង្កើនចំណេះដឹងបន្ថែម

អ្នកនឹងមានអារម្មណ៍ថា ជឿជាក់លើខ្លួនឯងជាងមុន នៅពេលដែលអ្នកបានរៀនអ្វីដែលថ្មីអ្វីដែលប្លែក អ្នកបានអានសៀវភៅច្រើន បានអានព័ត៌មានថ្មីពាក់ព័ន្ធនឹងការប្រែប្រួលរបស់ប្រទេសជាតិ ឬបានបំពេញកិច្ចការងារបានច្រើនជាដើម។ អ្នកនឹងត្រូវបានគេទុកចិត្ត ឬអ្នកផ្ទាល់មានភាពជឿជាក់លើខ្លួនឯងបាន លុះត្រាណាតែអ្នកមានចំណេះដឹងច្រើនជាប់នឹងខ្លួន អ្នកយល់ដឹងពីសង្គម និងយល់ពីមនុស្ស ទើបពេលដែលនិយាយជាមួយនឹងអ្នកដទៃមានភាពស៊ីចង្វាក់គ្នា មិនធ្វើឲ្យអ្នកមានអារម្មណ៍ខ្លាចៗក្នុងការឆ្លើយតបទៅវិញ។

៦. ត្រូវហ៊ាន និងក្លាហានជាមុន

ហ៊ានអង្គុយតុមុខគេ ហ៊ានលើកដៃសួរ ឬលើកឡើងនូវគំនិតរបស់ខ្លួននៅក្នុងអង្គប្រជុំបើទោះបីអាចយកជាការបានឬមិនបានក៏ដោយ និងហ៊ាននិយាយដោយប្រើកែវភ្នែកមើលចំនៅពេលដែលអ្នកសន្ទនាជាមួយនឹងនរណាម្នាក់។ ការណ៍ដែលអ្នកហ៊ានត្រូវចំណុច ហ៊ានត្រូវរឿង អ្នកនឹងអាចអភិវឌ្ឍខ្លួនឯងបានកាន់តែខ្លាំង និងជឿជាក់លើខ្លួនឯងបានមួយកម្រិតទៀត។
Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ