spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងតើ Business Life Cycle គឺជាអ្វី ?

តើ Business Life Cycle គឺជាអ្វី ?

-

រាប់ចាប់តំាងពីពេលដែលអ្នកសម្រចចិត្តយ៉ាងច្បាស់លាស់ថាអ្នកនឹងចាប់ផ្តើមអាជីវកម្មមួយ នោះមានន័យថាអ្នកកំពុងតែរៀបនឹងឈានជើងចូលទៅក្នុងដំណាក់កាលមួយនៃ “ Business Life Cycle” ហើយ ។ ផ្តើមចេញពីដំណាក់កាលដែលអ្នកមានគំនិតអាជីវកម្មដែលស្ថិតនៅក្នុងរូបភាពជាក្តីស្រមៃនៅឡើយរហូតដល់ការចាប់សូនឲ្យចេញជារូបរាង រួចក៏រីកលូតលាស់រហូតវិវឌ្ឍន៍ទៅជាអាជីវកម្មមួយដែលមានភាពនឹងនរហើយទទួលនូវភាពជោគជ័យបាន ។
ពិតប្រាកដណាស់អាជីវកម្មទាំងអស់សុទ្ធសឹងតែមានហានិភ័យ សុទ្ធសឹងតែជួបប្រទះនូវបញ្ហាផ្សេងៗពីមួយដំណាក់កាលទៅមួយដំណាក់កាលទំរាំអាចក្លាយទៅជាអាជីវកម្មមួយដែលអាចចាត់ទុកថាជោគជ័យបាន ។ ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវតែចេះបត់បែន ក៏ដូចជាមានយុទ្ធសាស្ត្រនានាត្រៀមដើម្បីយកឈ្នះនូវបញ្ហាដែលអាចប្រឈមនៅពេលឆ្លងកាត់ដំណាក់កាលនីមួយៗ ។
តើ Business Life Cycle គឺជាអ្វី ?
Business Life Cycle គឺជាដំណាក់កាលនៃការវិវឌ្ឍន៍របស់អាជីវកម្មដែលផ្លាស់ប្តូរឬប្រែប្រួលទៅតាមពេលវេលានិងអាយុកាលនៃអាជីវកម្ម ។
ជាទូទៅ Business Life Cycle ត្រូវបានបែងចែកចេញជា ៥ ដំណាក់កាលដូចជា ៖
ដំណាក់កាលទី ១ ៖  Seed And Development
នេះគឺជាដំណាក់កាលដំបូងបង្អស់នៃ Business Life Cycle  ដែលអាជីវកម្មរបស់អ្នកមិនទាន់ចេញជារូបរាងទេ ។ អ្នកមានគំនិតអាជីវកម្មដ៏ល្អមួយដែលអ្នកគិតចង់ចាប់ផ្តើមបង្កើត ។ អ្វីដែលអ្នកគួរធ្វើបន្ទាប់ទៀតនោះ គឺជាស្វែងរកនូវមតិយោបល់ក៏ដូចជាគំនិត ពីក្រុមមនុស្សដែលអ្នកគិតថាអាចនឹងជាអតិថិជនគោលដៅរបស់អ្នកនិង អ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យមួយនេះស្រាប់ ។ ពេលខ្លះគំនិតរបស់អ្នកល្អហើយប៉ុន្តែអ្វីដែលអ្នកត្រូវតែសិក្សាឲ្យបានច្បាស់បន្ថែមទៀតនោះគឺជាតម្រូវការរបស់អតិថិជន ។ សំណួរសួរថាតើដំណោះស្រាយ ឬ ផលិតផលដែល អ្នកចង់ផ្តល់ជូនទៅកាន់អតិថិជននោះគឺពិតជាអាចបំពេញតម្រូវការឬបញ្ហារបស់ពួកគេមែនឬអត់ ។ ហើយការដែលអ្នកគួរតែសាកសួរគំនិតពីអ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យនេះគឺដើម្បីឲ្យអ្នកដឹងថា តើគំនិតមួយនេះពិតជាអាចទៅរួចមែនឬក៏អត់ ?តើអ្នកអាចនឹងប្រឈមនូវបញ្ហាអ្វីខ្លះនៅពេលដែលដំណើរការនូវអាជីវកម្មរបស់អ្នក? ដោយសារតែគាត់ធ្លាប់ប្រឡូកនៅក្នុងវិស័យនេះច្រើនដូច្នេះបទពិសោធន៍ដែលគាត់ផ្តល់ជូនអ្នកគឺអាចជួយឲ្យអ្នកដឹងកាន់តែច្បាស់ជាងមុនងាយស្រួលក្នុងការត្រៀមខ្លួនឲ្យបានល្អ ។
គួរបញ្ជាក់ថា អាជីវកម្មមួយអាចទទួលបាននូវភាពជោគជ័យគឺបណ្តាលមកពីកត្តាជាច្រើនរួមផ្សំគ្នាដូចជា ៖ កត្តាសមត្ថភាពរបស់អ្នកផ្ទាល់ គំនិតអាជីវកម្មដែលអ្នកមានការត្រៀមខ្លួនឲ្យបានរួចជាស្រេចមុនពេលឈានជើងចូលទៅប្រឡូកនៅក្នុងទីផ្សារផែនការហិរញ្ញវត្ថុដែលចាំបាច់ដើម្បីដំណើរការក៏ដូចជាទ្រទ្រង់នូវអាជីវកម្ម ធនធានមនុស្សនិងក្រុមការងារដែលប្រកបដោយសមត្ថភាព  ហើយមានចក្ខុវិស័យដូចគ្នា ។
ដំណាក់កាលទី ២ ៖ Startup
បន្ទាប់ពីអ្នកត្រៀមខ្លួនរួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀតគឺជាដំណាក់កាលដែលអ្នកចាប់ផ្តើមហើយ ។ មនុស្សភាគច្រើនតែងតែគិតថាវាគឺជាដំណាក់កាលដែលប្រឈមនឹងហានិភ័យខ្ពស់បំផុតក្នុងចំណោមដំណាក់កាលទាំងអស់នៃ “ Business life Cycle” ទាំងមូល ។ បន្ថែមពីនេះនៅក្នុងដំណាក់កាលនេះ គន្លឹះដ៏សំខាន់មួយដែលអាចជួយអ្នកឲ្យទទួលបាននូវភាពជោគជ័យនោះគឺសមត្ថភាពនៃការសម្របខ្លួនឲ្យបានរហ័សនិងប្រកបដោយភាពឆ្លាតវៃ ។ និយាយទៅវាប្រៀបដូចជាអ្នកកំពុងតែធ្វើតេស្តសាកល្បងផលិតផល ឬសេវាកម្មដែលអ្នកបានបង្កើតជាមួយអតិថិជនដំបូងៗដើម្បីទទួលបាននូវមតិយោបល់ ( feedback ) របស់ពួកគេដូច្នេះដែរ ។ វាក៏អាចឈានដល់ចំណុចមួយដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរជាច្រើនដើម្បីធ្វើឲ្យប្រាកដថាអតិថិជនរបស់អ្នកពេញចិត្តជាមួយនឹងផលិតផលឬសេវាកម្មដែលអ្នកផ្តល់ជូន ។
ដំណាក់កាលទី ៣ ៖ Growth And Establishment
មកដល់ដំណាក់កាលនេះ អាជីវកម្មរបស់អ្នកគឺអាចនឹងរកចំណូលបាន កំណើនអតិថិជនថ្មីក៏មានអត្រាខ្ពស់ ។ លំហូរសាច់ប្រាក់ ( Cash Flow ) គួរតែចាប់ផ្តើមកើនឡើងដែលអាចទ្រទ្រង់ការចំនាយបានល្អប្រសើរជាងមុន ហើយ អ្នកចាប់ផ្តើមសង្កេតឃើញនូវប្រាក់ចំនេញចាប់ផ្តើមកើនឡើងដែលអាចនិយាយបានអាជីវកម្មក៏ចាប់ផ្តើមមានលំនឹងហើយ ។ ជាទូទៅនៅក្នុងដំណាក់កាលនេះ អ្វីដែលអ្នកគួរតែអនុវត្តន៍មានដូចជា ការគិតគូរពីការបំពេញតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា ក៏ដូចជាត្រៀមខ្លួនប្រឈមមុខនឹងដៃគូប្រកួតប្រជែងនិងគិតគូរពីយុទ្ធសាស្រ្តថ្មីៗដើម្បីពង្រីកអាជីវកម្ម ។
រឿងមួយទៀតដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺជា ពង្រឹងបន្ថែមនូវសមត្ថភាពនៃក្រុមការងារដែលអ្នកកំពុងតែមាន និង ស្វែងរកបន្ថែមនូវក្រុមការងារថ្មីៗដែលជំនាញនិងពូកែមកចូលរួមជាមួយ ក្នុងគោលបំណងត្រៀមខ្លួនឲ្យបានរួចជាស្រេចឈានដើម្បីឈានចូលដល់ដំណាក់កាលដ៏ចម្បងមួយទៀត ។
ដំណាក់កាលទី ៤  ៖ Expansion
បន្ទាប់ពីក្រុមការងាររបស់អ្នកក៏បានត្រៀមខ្លួនរួចរាល់ ហើយ វត្តមាននៃអាជីវកម្មរបស់អ្នកក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យនោះដែរ ។ នៅពេលដែលមានកេរ្តិ៍ឈ្មោះល្អមានអ្នកស្គាល់ច្រើនហើយ នោះជំហានបន្ទាប់គឺជាការពង្រីកនូវវិលាសភាពនៃអាជីវកម្មទៅលើវិស័យនានាមួយចំនួនទៀតហើយ ។ ជាក់ស្តែងដូចជាក្រុមហ៊ុន CHIPMONG ដែលដំបូងឡើយគឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈសំណង់ បន្ទាប់មកទៀតពង្រីកខ្លួនទៅវិនិយោគលើវិស័យអចលនវត្ថុក៏ដូចជាការសាងសង់ តមកទៀតក៏មាន ធនាគារ ស្រាបៀរ ផ្សារទំនើប ជាដើម ។
គួរបញ្ជាក់ថា នៅក្នុងការអាជីវកម្មជំហាននីមួយៗដែលអ្នកបោះ សុទ្ធសឹងតែមានផលចំនេញនិងហានិភ័យនៅទន្ទឹមគ្នា ។ ដូច្នេះហើយមុននឹងធ្វើការសម្រេចចិត្តក្នុងការពង្រីកបន្ថែម អ្នកត្រូវពិចារណាឲ្យបានច្បាស់លើធនធាននិងលទ្ធភាពដែលអ្នកមាននិងសិក្សាឲ្យបានច្បាស់លាស់លើវិស័យដែលអ្នកចង់ពង្រីកនោះ ។
ដំណាក់កាលទី ៥ ៖ Maturity And Possible Exit
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលទី ៤ ដោយជោគជ័យហើយ អាជីវកម្មរបស់អ្នកចាប់ផ្តើមទទួលបាននូវផលចំនេញដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ យ៉ាងណាមិញនៅក្នុងដំណាក់កាលនេះ អ្នកអាចនឹងមានជម្រើសពីរនៅក្នុងការជ្រើសរើស ទីមួយពង្រីកបន្ថែមនូវអាជីវកម្មរបស់អ្នកទៅមុខទៀត ឬ ចាកចេញពីអាជីវកម្ម ( exit the business ) ។  ប្រសិនបើអ្នកសម្រេចចិត្តចង់បន្តពង្រីកបន្ថែមនូវអាជីវកម្មរបស់អ្នកបន្តទៀត អ្នកត្រូវតែពិចារណាទៅលើសំណួរទាំងនេះជាមុនសិន ។ តើអាជីវកម្មរបស់អ្នកអាចនឹងជួបប្រទះនូវហានិភ័យអ្វីខ្លះ ? តើឱកាសដែលសមប្រកបសម្រាប់ការពង្រីកខ្លួនរបស់អ្នកច្រើនប៉ុណ្ណាដែរ ? តើអាជីវកម្មមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ទប់ទល់ប្រសិនបើអាជីវកម្មនោះខាតដែរឬទេ ?
ម្យ៉ាងវិញទៀតអ្នកក៏ត្រូវពិចារណាដែរថា តើអ្នកខ្លួនឯងផ្ទាល់ចង់ពង្រីកបន្ថែមទៀតឬអត់ ? ជាក់ស្តែងក្រុមហ៊ុនធំៗជាច្រើនជាពិសេសនៅបរទេស អាចនឹងធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំ ឬ នាយកប្រតិបត្តិ ( CEO ) នៅក្នុងដំណាក់នេះដោយផ្តល់ឱកាសឲ្យអ្នកថ្មីទទួលយកនូវទំនួលខុសត្រូវនិងបន្តពង្រីកក្រុមហ៊ុនជំនួសវិញ​។ ជាឧទាហរណ៍ដូចជាក្រុមហ៊ុន Alibaba ដែលមានលោក Jack Ma ជានាយកប្រតិបត្តិ ( CEO ) ក្រុមហ៊ុនដែលបានកសាងក្រុមហ៊ុន E-commerce លំដាប់ពិភពលោកក៏បានធ្វើដូច្នេះ គឺដល់ពេលមួយដែលលោកគិតថាលោកពេញចិត្តជាមួយនឹងសមិទ្ធិផលដែលលោកទទួលបានហើយ លោកក៏ចង់សម្រាក់ហើយផ្ទេរដំណែងរបស់លោកឲ្យអ្នកផ្សេងកាន់វិញ ។
ជារួមបើទោះបីជាយ៉ាងនេះក្តី ក៏អាជីវកម្មទាំងអស់មិនដូចគ្នាទេ មានន័យថាមិនមែនអាជីវកម្មទាំងអស់សុទ្ធសឹងតែត្រូវឆ្លងកាត់ដំណាក់កាលនីមួយៗតាមលំដាប់នោះ ។ ជាក់ស្តែងអាជីកម្មមួយចំនួនគឺអាចទទួលបាននូវភាពជោគជ័យត្រឹមតែក្នុងរយៈពេលដ៏ខ្លីដែលនឹកស្មានមិនដល់ ។ ឯអាជីវកម្មអាចនឹងត្រូវចំណាយពេលយូរទម្រាំតែទទួលបាននូវភាពជោគជ័យ ។
Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ