spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងទម្លាប់ប្រចាំថ្ងៃដែលធ្វើឱ្យអ្នកឆ្លាតជាងមុន

ទម្លាប់ប្រចាំថ្ងៃដែលធ្វើឱ្យអ្នកឆ្លាតជាងមុន

-

ទម្លាប់បែបណា សកម្មភាពនឹងបែបនោះដែរ ដូច្នេះបើទម្លាប់របស់អ្នកល្អ អ្នកនឹងព្យាយាមធ្វើសកម្មភាពល្អ ហើយក៏ទទួលបាននូវលទ្ធផលល្អដូចគ្នា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចង់ធ្វើឱ្យខ្លួនឯងកាន់តែមានភាពវៃឆ្លាត លុះត្រាតែអ្នកកែទម្លាប់មិនល្អទាំងឡាយហើយព្យាយាមបង្កើតទម្លាប់ល្អៗ ដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នក និងបង្កើនសមត្ថភាពឱ្យកាន់តែល្អ។

ហេតុដូចនេះ យើងក៏បានចម្រាញ់យកទម្រាំមួយចំនួនដែលអ្នកអាចអនុវត្តន៍បានជាប្រចាំ ដើម្បីបង្កើនទម្លាប់ល្អ និងបង្កើនភាពឆ្លាតវៃជាងមុន។

1. អានឱ្យបានច្រើនតាមដែលអាចធ្វើបាន

ការអាន មានសារៈសំខាន់ខ្លាំងណាស់ ដូចជាកាត់បន្ថយភាពស្រ្តេស បង្កើនជំនាញទំនាក់ទំនងកាន់តែល្អ ព្រមទាំងជួយអ្នកឱ្យមានចំណេះដឹងច្រើន ​និងមានព័ត៌មានកាន់តែទូលំទូលាយនៅក្នុងខួរក្បាល។ ចំណេះដឹងទាំងនេះ ក៏ជួយអ្នកឱ្យមានការរិះគិតបានល្អប្រសើរ និងមានការសម្រេចចិត្តបានលឿន ព្រមទាំងជួយអ្នកឱ្យរីកចម្រើននៅក្នុងជីវិតជាងមុន ជាពិសេសផ្នែករិះគិត និងការពង្រឹងអាជីពផ្ទាល់ខ្លួន។ បន្ថែមពីនេះ វាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយអ្នកឱ្យមានភាពវៃឆ្លាត និងមានបត់បែនបានល្អផងដែរ។​

2. ឧស្សាហ៍ចេញក្រៅជាមួយបុគ្គលដែលឆ្លាតជាងអ្នក

ពាក្យចាស់លោកពោលថា “សេពគប់ជាមួយនរណា អ្នកនឹងក្លាយជាបុគ្គលបែបនោះដែរ” ដូច្នេះនៅក្នុងចំណុចនេះ ចង់ឱ្យអ្នកសេពគប់ជាមួយបុគ្គលដែលមានភាពវ័យឆ្លាតជាងអ្នក និងឧស្សាហ៍ណាត់ជួបជាមួយ​​ពួកគេឱ្យបានច្រើន នោះអ្នកនឹងផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សពូកែបន្ដិចម្ដងៗដោយមិនដឹងខ្លួន។ លើសពីនេះ អ្នកក៏ត្រូវចងចាំថា មនុស្សឆ្លាតៗភាគច្រើនចូលចិត្តនិយាយ ប៉ុន្តែនិយាយតែលើប្រធានបទណាដែលពួកគេមានជំនាញ និងចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះ មិនមែននិយាយរឿងគ្មានប្រយោជន៍ ឬនិយាយរឿងណាដែលគ្មានន័យឡើយ។

ម្យ៉ាងវិញទៀត នៅពេលអ្នកណាត់ជួបពួកគេចេញក្រៅបានកាន់តែច្រើន នោះអ្នកនឹងដឹងថាអ្នកស្ថិតនៅកម្រិតណា ហើយអភិវឌ្ឍន៍អ្វីខ្លះ។ អ្វីដែលសំខាន់ អ្នកអាចស្វែងរកបុគ្គលទាំងនោះនៅសាលា នៅសិក្ខាសាលា នៅក្រុមហ៊ុន និងកន្លែងនានាទៀត។

3. ជំរុញខ្លួនឯងឱ្យក្លាយជាមនុស្សមានផលិតភាព

មនុស្សឆ្លាត តែងតែព្យាយាមធ្វើកិច្ចការសំខាន់ៗឱ្យបានច្រើនតាមដែលអាចធ្វើបានសម្រាប់ថ្ងៃនេះ ដោយមិនរងចាំថ្ងៃស្អែក។ លើសពីនេះ អ្នកក៏ត្រូវដឹងថា នាពេលអនាគតដែលអ្នកចង់ឃើញខ្លួនឯង នោះគឺវាផ្ដើមចេញពីអ្វីដែលអ្នកធ្វើបច្ចុប្បន្ន។ ហេតុដូចនេះ ចូរកុំធ្វើជាមនុស្សដែលតែងតែរវល់ ហើយមិនសូវមានផលិតផលល្អ ប៉ុន្តែត្រូវតែធ្វើជាមនុស្សមានផលិតភាព ដោយដឹងពីអ្វីដែលខ្លួនឯងត្រូវធ្វើ និងចេះប្រើប្រាស់ពេលវេលាធ្វើកិច្ចការបានល្អជាងមុន។

4. ធ្វើឱ្យខ្លួនឯងទទួលបានគំនិតថ្មីៗជារៀងរាល់ថ្ងៃ

ចូរជំរុញខ្លួនអ្នកឱ្យមានភាពច្នៃប្រឌិត និងការគិតក្នុងវិធីថ្មីៗជាប្រចាំ ជាពិសេសស្រាវជ្រាវឱ្យបានច្រើន ដើម្បីទទួលបានគំនិតថ្មីៗជាប្រចាំ។ នៅពេលដែលអ្នកមានគំនិតថ្មីៗ នោះអ្នកនឹងព្យាយាមកែតម្រូវធ្វើឱ្យគំនិតនោះកាន់តែល្អ និងមានភាពឆ្លាតវៃ។

5. ចែករំលែកនូវអ្វីដែលអ្នកដឹង

ការចែករំលែក ក៏ជាផ្នែកមួយជំរុញឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងកាន់តែមានគំនិតល្អៗថ្មីៗជាបន្តបន្ទាប់ទៀត។ ហេតុដូចនេះ ចូរព្យាយាមធ្វើជាមនុស្សចែករំលែកទៅកាន់មនុស្សជុំវិញ និងអាចតាមបណ្ដាញសង្គមនូវអ្វីដែលអ្នកចេះ និងបានដឹងជាដើម។ ការចែករំលែក នឹងជួយជំរុញឱ្យមានការពង្រីកចំណេះដឹងកាន់តែទូលំទូលាយ និងអាចនាំផ្លូវអ្នកឱ្យគិតឃើញនូវរឿងថ្មីៗផ្សេងទៀត តាមរយៈការរំលឹកខ្លួនឯងនូវចំណេះដឹងដែលអ្នកមាននោះ និងតាមរយៈការចោទសួរពីអ្នកដទៃ។

6. បន្តការសិក្សានូវចំណេះដឹងថ្មីៗ

បើអ្នកចង់ទទួលបានគំនិតថ្មីៗ ការរស់នៅតាមទាន់សម័យកាល និងមានភាពឆ្លាតវៃជាបន្តបន្ទាប់ទៀត គឺមានតែការសិក្សាគ្មានទីបញ្ចប់ទេដែលអាចជួយអ្នក ជាពិសេសការសិក្សាលើចំណេះដឹងថ្មីៗជានិច្ច។

7. រៀននូវភាសាថ្មីៗ

ភាសាជាផ្នែកមួយដែលផ្ដល់ឱកាសឱ្យអ្នកទទួលបានអ្វីថ្មីៗជាបន្តបន្ទាប់ ជាពិសេសអ្នកអាចទទួលបាននូវចំណេះដឹងគ្រប់ជាតិសាសន៍ដើម្បីគិតពិចារណាបានកាន់តែទូលំទូលាយជាងមុន។ អ្វីដែលកាន់តែសំខាន់ ការសិក្សាភាសាជាតិឱ្យបានច្បាស់ ភាសាអង់គ្លេស និងភាសាផ្សេងៗទៀតដែលជាប្រទេសអភិវឌ្ឍន៍។

8. ចេញក្រៅឱ្យច្រើន

ការចេញក្រៅ នឹងជួយឱ្យអ្នកកាន់តែអាចសិក្សាអំពីស្ថានភាពពិតនៅក្នុងសង្គម ហើយវាក៏ជាផ្នែកមួយដែលជួយអ្នកឱ្យមានគំនិតថ្មីៗ ឆ្លាតវៃ និងអាចមើលឃើញឱកាសផ្សេងៗ ដែលនៅក្នុងឯកសារនានាកម្រនឹងមាន។ ការចេញក្រៅនេះ អ្នកអាចចេញទាំងក្នុងស្រុក និងក្រៅស្រុក ហើយទៅរៀនសង្កេត ហើយសិក្សាបន្ថែមលើផ្នែកណាដែលធ្វើឱ្យអ្នកកាន់តែទទួលបានចំណេះដឹងល្អៗ និងអាចយកជាគំនិតក្នុងការធ្វើអ្វីមួយសម្រាប់ខ្លួនឯង។

9. កត់ត្រាទុកនូវអ្វីដែលអ្នកបានរៀន

ការរៀនសូត្រដែលអ្នកទទួលបាន វាមិនអាចស្ថិតនៅក្នុងការចងចាំរបស់អ្នករហូតឡើយ ដូច្នេះនៅពេលអ្នករៀនសូត្រអ្វីបាន អ្នកអាចកត់ត្រាទុកនូវចំណុចសំខាន់ៗ ដើម្បីរំលឹកនៅពេលអ្នកភ្លេច និងឆ្លុះបញ្ចាំងបន្ថែមសម្រាប់ខ្លួនឯង។

10. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណនេះ អ្នកត្រូវធ្វើលំហាត់ប្រាណដើម្បីទទួលបានសុខភាពល្អទាំងរាងកាយ និងខួរក្បាល ព្រមទាំងធ្វើឱ្យខ្លួនឯងមានភាពសកម្ម និងរហ័សរហួន។ ការមានសុខភាពល្អទាំងរាងកាយ និងខួរក្បាល នោះវានឹងជំរុញឱ្យអ្នកធ្វើអ្វីក៏ល្អ និងឆាប់រៀនសូត្របានលឿនផងដែរ។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ