spot_img
spot_img
Homeធុរកិច្ចបើគ្មានលុយចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

បើគ្មានលុយចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

-

នៅពេលគិតចង់ចាប់ផ្ដើមអាជីវកម្មមួយ ជាទូទៅមនុស្សយល់ឃើញថា ទាល់តែមានលុយគ្រប់គ្រាន់ធ្វើជាដើមទុនទើបអាចចាប់ផ្ដើមបាន ដូច្នេះបើគ្មានលុយគ្រប់គ្រាន់ ច្បាស់ជាមិនអាចចាប់ផ្ដើមអាជីវកម្មបានដែរហើយ? តើពិតទេ?

ចម្លើយ៖​ មិនពិតនោះទេ ពីព្រោះបើអ្នកគ្មានលុយក្នុងការចាប់ផ្ដើមអាជីវកម្ម ក៏វាមានវិធីក្នុងការអាចចាប់ផ្ដើមអាជីវកម្មបានដែរ គ្រាន់តែអាជីវកម្មនោះស្ថិតនៅកម្រិតតូច។ អ្នកត្រូវដឹងថា លុយ គឺជាប្រភពដើមទុនដ៏សំខាន់ក្នុងការចាប់ផ្ដើម ក៏ដូចជាការពង្រីកអាជីវកម្មឱ្យកាន់តែធំ។ ប៉ុន្តែលុយ ក៏មិនមែនជាឧបសគ្គដ៏ធំក្នុងការរារាំងអ្នកមិនឱ្យចាប់ផ្ដើមបានដែរ។

តើត្រូវធ្វើដូចម្ដេចទើបចាប់ផ្ដើមអាជីវកម្មបាន បើឥលូវនេះគ្មានលុយ?

1. លក់សេវាកម្មលើចំណេះជំនាញដែលអ្នកមាន

នៅក្នុងចំណុចនេះ អ្នកត្រូវដឹងថា តើអ្វីជាចំណេះជំនាញដែលអ្នកកំពុងមាន? ហើយចំណេះជំនាញនោះអ្នកមានទេពកោសល្យខ្លាំង ព្រមទាំងកំពុងចង់រីកចម្រើនខ្លាំងលើផ្នែកនោះ? បន្ទាប់មកសរសេរដាក់ក្នុងកូនសៀវភៅមួយ ហើយអ្នកត្រូវគិតថា តើអ្នកនឹងទាញប្រយោជន៍បានអ្វីខ្លះពីចំណេះជំនាញដែលអ្នកមាននោះ?

ចំពោះការទាញយកប្រយោជន៍ពីចំណេះជំនាញដែលអ្នកមាននោះ គឺអ្នកអាចចាប់ផ្ដើមលក់សេវាកម្ម តាមរយៈការធ្វើការឱ្យក្រុមហ៊ុនណាមួយ ឬធ្វើការបែបឯករាជ្យឱ្យក្រុមហ៊ុនច្រើនកន្លែងលើផ្នែកដែលអ្នកមាន។ ឧទាហរណ៍ អ្នកមានចំណេះជំនាញផ្នែកទីផ្សារឌីជីថល ដូច្នេះអ្នកអាចជ្រើសរើសក្រុមហ៊ុនដែលអ្នកអាចលក់សេវាកម្មរបស់អ្នក ដោយធ្វើការលើផ្នែកនោះឱ្យបានល្អបំផុតដើម្បីទទួលបានប្រាក់កម្រៃ ព្រមទាំងអាចធ្វើជាអ្នកធ្វើការឯករាជ្យលើផ្នែកនោះផងដែរ។

សកម្មភាពនេះ ជាការចាប់ផ្ដើមបង្កើតដើមទុនដំបូង ដោយអ្នកទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ការងារជាក់ស្ដែង ព្រមទាំងធ្វើឱ្យចំណេះជំនាញរបស់អ្នកកាន់តែខ្លាំង ដែលអាចបង្ហាញជាបទពិសោធន៍ឱ្យក្រុមអតិថិជនគោលដៅរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នក នៅពេលអ្នកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

អ្នកត្រូវចងចាំថា ការលក់សេវាកម្មលើចំណេះជំនាញដែលអ្នកមាន ជាការចាប់ផ្ដើមដ៏ល្អបំផុត។

2. សរសេរគំរូអាជីវកម្មមួយដ៏រឹងមាំសម្រាប់ខ្លួនឯង

គំរូអាជីវកម្ម (Business Model) គឺជាអ្វីដែលអ្នកត្រូវធ្វើមុននឹងសរសេរផែនការអាជីវកម្មឱ្យមានភាពលម្អិតបាន ដោយសារតែគំរូអាជីវកម្ម វានឹងបង្ហាញថាអាជីវកម្មរបស់អ្នកអាចដំណើរការទៅមុខ និងអាចបង្កើតប្រាក់ចំណេញបានឬអត់។ អ្នកអាចឈ្វេងយល់បន្ថែមអំពីរបៀបសរសេរគំរូអាជីវកម្មរបស់ Canvas តាមរយៈតំណរភ្ជាប់នេះ https://kumnit.com/អាចទាញយក-និងមើលការពន្យល/ ។

ហេតុអ្វីត្រូវសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯងជាមុនសិន? ដោយសារតែ មុននឹងអាចចាប់ផ្ដើមអាជីវកម្មមួយបានល្អ មិនមែនចេះតែនឹកឃើញចាប់ផ្ដើមឡើយ គឺទាមទារឱ្យមានគំរូមួយក្នុងការអនុវត្តន៍ ដើម្បីវិភាគឱ្យឃើញថា អាជីវកម្មរបស់អ្នកអាចមានអនាគតវែងឆ្ងាយឬទេ ហើយមានប្រាក់ចំណេញឬអត់។​ បន្ទាប់មកទើបចាប់ផ្ដើមសរសេរផែនការអាជីវកម្មលម្អិតក្នុងការចាប់ផ្ដើម។ ធ្វើបែបនេះ មុនពេលចាប់ផ្ដើមជារឿងដ៏ល្អបំផុត ទោះបីជាអ្នកមិនទាន់មានលុយក្នុងការចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែគំរូអាជីវកម្មដ៏ល្អរបស់អ្នក នឹងជួយបង្ហាញផ្លូវអ្នកក្នុងការទទួលបានដើមទុនក្នុងការចាប់ផ្ដើមមិនខាន។

3. ប្រឡូកឱ្យបានច្រើនលើគំនិតអាជីវកម្មរបស់អ្នក

នៅពេលដែលអ្នកចេះលក់សេវាកម្មលើចំណេះជំនាញរបស់អ្នក និងរៀបចំការសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯង វាជាចំណុចចាប់ផ្ដើមដ៏ល្អ។ ជំហានបន្ទាប់ អ្នកត្រូវយកចំណេះជំនាញ ក៏ដូចជាគំនិតអាជីវកម្មរបស់អ្នកដែលអ្នកបានសរសេរចេញជាគំរូអាជីវកម្មនោះ យកមកប្រឡូកឱ្យបានច្រើននៅក្នុងទីផ្សារជាក់ស្ដែង ដើម្បីតេស្តមើលថាតើវាត្រូវមានចំណុចកែតម្រូវអ្វីទៀតទេ? ហើយត្រូវការអ្វីបន្ថែម?

ធ្វើបែបនេះ នឹងធ្វើឱ្យអ្នកកាន់តែជឿជាក់លើខ្លួនឯង ដើម្បីចាប់ផ្ដើមលើគំនិតអាជីវកម្មរបស់អ្នក ដោយអ្នកមានទាំងចំណេះជំនាញច្បាស់លាស់ និងមានបទពិសោធន៍ក្នុងការប្រឡូកច្រើនទៀត។ ទាំងនេះ សុទ្ធតែជាដើមទុន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយអ្នកមិនមែនចាប់ផ្ដើមអាជីវកម្មតាមគេតាមឯង និងចាប់ផ្ដើមតាមតែការនឹកឃើញឡើយ ប៉ុន្តែចាប់ផ្ដើមដោយមានក្បួនត្រឹមត្រូវ និងមានគំរូអាជីវកម្មជាក់លាក់ ដូច្នេះនៅពេលចាប់ផ្ដើមជាផ្លូវការ ច្បាស់ណាស់មិនខ្វះទេ អ្នកចាំវិនិយោគជាមួយ និងហានិភ័យទាបបំផុតក្នុងការរកស៊ីខាត ដោយសារអ្នកមានភាពជឿជាក់ និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំរួចជាច្រើនក្នុងការចាប់ផ្ដើម ដោយអមជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់។

4. កសាងម៉ាកយីផ្ទាល់ខ្លួនលើបណ្ដាញសង្គម

ការកសាងម៉ាកយីហោផ្ទាល់ខ្លួន គឺជារឿងសំខាន់ណាស់មុននឹងអ្នកចាប់ផ្ដើមអាជីវកម្ម ហើយអំឡុងពេលអ្នកគ្មានលុយក្នុងការចាប់ផ្ដើមទៀត ពីព្រោះវានឹងជួយអ្នកបង្កើតដៃគូសហការ និងមានអតិថិជនគាំទ្រជាច្រើននៅពេលអ្នកចាប់ផ្ដើមដំណើរការអាជីវកម្មជាផ្លូវការ។

ហេតុដូចនេះ អ្នកត្រូវតែបង្កើតមាតិកា និងបង្ហាញខ្លួននៅលើបណ្ដាញសង្គមឱ្យបានញឹកញាប់ ដោយផ្ដោតលើចំណេះជំនាញ ឬលើវិស័យណាមួយជាក់លាក់ដែលអ្នកមានគម្រោងចាប់ផ្ដើមរកស៊ីនោះ។​ធ្វើបែបនេះ មនុស្សជាច្រើនចាប់ផ្ដើមចាត់ទុកអ្នកជាអ្នកជំនាញលើវិស័យនោះ ព្រមទាំងមានទំនុកចិត្តលើអ្នកកាន់តែខ្លាំង។ ម៉ាកយីហោផ្ទាល់ខ្លួនល្អ វានឹងនាំអ្នកឆ្ពោះទៅកាន់ភាពរីកចម្រើនកាន់តែខ្លាំង។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ