spot_img
spot_img
Homeធុរកិច្ចបើគ្មានលុយ គ្មានបទពិសោធន៍ តើធ្វើបែបណាទើបក្លាយជាសហគ្រិន?

បើគ្មានលុយ គ្មានបទពិសោធន៍ តើធ្វើបែបណាទើបក្លាយជាសហគ្រិន?

-

មនុស្សជាច្រើន តែងតែចង់ក្លាយជាអ្នកមាន និងចង់ធ្វើជាសហគ្រិនម្នាក់នាពេលអនាគត ប៉ុន្តែភាគច្រើនពួកគេមានតែគំនិត ដោយពិបាកធ្វើវាឱ្យចេញជារូបរាង ជាពិសេសខ្វះដើមទុន ខ្វះបទពិសោធន៍ ដែលធ្វើឱ្យពួកគេគ្មានភាពជឿជាក់ និងមិនសូវហ៊ានចាប់ផ្ដើម។

ជាដំណោះស្រាយ បើអ្នកមានគំនិតចង់ក្លាយជាសហគ្រិន ប៉ុន្តែខ្វះលុយ ខ្វះបទពិសោធន៍ គឺអ្នកអាចអនុវត្តតាមការណែនាំដូចខាងក្រោម៖

ចំណុចចាប់ផ្ដើម ដើម្បីក្លាយជាសហគ្រិន

ដំណាក់កាលខាងក្រោម ជារឿងចាំបាច់សម្រាប់អ្នកក្នុងការអនុវត្ត ដើម្បីបម្លែងខ្លួនឱ្យខ្លាំងដើម្បីអាចក្លាយខ្លួនជាសហគ្រិនជំនាញ។

ទី1. កំណត់គំនិតចាប់ផ្តើមអាជីវកម្ម

សំដៅលើ ការគិតផ្ដោតលើផលិតផលឬសេវាកម្មក្នុងវិស័យអាជីវកម្មណាមួយដែលអ្នកចង់ចាប់ផ្ដើម។ ហើយដើម្បីគិតចេញ អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖

  • សួរមិត្តភក្តិពីអ្វីដែលពួកគេតែងតែមានការខកចិត្តលើអាជីវកម្មដទៃ ដើម្បីផ្ដល់ជាគំនិតដល់អ្នកក្នុងការចាប់ផ្ដើមមានគំនិតច្នៃប្រឌិតលើការដោះស្រាយបញ្ហាទាំងនោះ
  • ទទួលយកការបំផុសគំនិតពីការចាប់ផ្តើមអាជីវកម្មថ្មីៗពីមនុស្សផ្សេងទៀត
  • កំណត់និន្នាការសម្រាប់គំនិតអាជីវកម្មនាពេលអនាគត ពីព្រោះពិភពលោកតែងតែមានការផ្លាស់ប្ដូរ ហើយតម្រូវការមនុស្សក៏ដូចគ្នា
ទី2. កំណត់និងផ្តោតលើប្រភេទអាជីវកម្មដែលកំពុងរីកចម្រើន

សំដៅលើ ការស្ដាប់ពីអ្នកជំនាញ និងបុគ្គលរីកចម្រើនលើការធ្វើអាជីវកម្ម ស្ដីអំពីផលិតផលសេវាកម្មណាដែលកំពុងមានសន្ទុះទីផ្សារនាពេលបច្ចុប្បន្ន ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតថ្មី ដូចជា ការកែលម្អវាឱ្យមានគុណតម្លៃពិសេសខុសប្លែកពីគេ ការបន្ថែមមុខងារថ្មី និងបន្ថែមនូវអ្វីថ្មីៗ តាមដែលអ្នកអាចធ្វើបាន។

ទី3. ចាប់ផ្ដើមធ្វើអ្វីដែលអ្នកមានជំនាញស្រាប់

សំដៅលើ ការចាប់ផ្ដើមផ្ដល់សេវាកម្ម ការប្រឹក្សាយោបល់លើជំនាញណាមួយដែលអ្នកមានភាពស្ទាត់ជំនាញស្រាប់ ទៅកាន់អ្នកដែលគេខ្វះខាតនូវជំនាញនោះ ដើម្បីបង្កើតប្រភពចំណូលផ្ទាល់ខ្លួនជាមុនសិន ទើបជាការប្រសើរបំផុត។

ទី4. ធ្វើអ្វីដែលមាននៅក្នុងទីផ្សារស្រាប់ឱ្យល្អប្រសើរ

សំដៅលើ ការធ្វើឱ្យមានភាពប្រសើរឡើងនូវការផ្តល់ជូនផលិតផលដែលមានស្រាប់នៅក្នុងទីផ្សារដោយមានតម្លៃទាប គុណភាពល្អ និងមានតម្រូវការច្បាស់លាស់ដល់អតិថិជនគោលដៅរបស់អ្នក។

ដើម្បីធ្វើបែបនេះបាន អ្នកត្រូវ៖

  • បង្កើតបណ្ដាញជាមួយសហគ្រិនដទៃទៀត ដើម្បីជួយជ្រោមជ្រែងដល់អ្នក
  • ស្រាវជ្រាវពីតារាងប្រែប្រួលទិន្នន័យនៃការប្រើប្រាស់ផលិតផលនោះ
  • បង្កើតវេទិកាបំផុសគំនិត ពីសំណាក់សហគ្រិនដទែទៀត ដើម្បីពិភាក្សាគ្នាស្ដីពីការធ្វើឱ្យមានភាពប្រសើរឡើងលើការច្នៃផលិតផល អមជាមួយនឹងកម្រងសំណួរផ្សេងៗជាដើម។
ទី5. ស្គាល់អតិថិជនគោលដៅ

ត្រូវធ្វើឱ្យគំនិតចាប់ផ្ដើមអាជីវកម្មមានឥទ្ធិពលស្របជាមួយនឹងការស្រាវជ្រាវពីអតិថិជនគោលដៅ ដើម្បីបំពេញតម្រូវការឱ្យត្រូវនឹងអ្វីដែលពួកគេចង់បាន។

ទី6. ចាប់ផ្តើមជាមួយផលិតផលដែលអាចសម្រេចបានអប្បបរមា

សំដៅលើ ការចាប់ផ្ដើមនូវចំនួនផលិតតិចបំផុត ប៉ុន្តែមានគុណភាព ដោយអាចរក្សាការចំណាយរបស់អ្នកក្នុងការចាប់ផ្តើមទាប ប៉ុន្តែមានលទ្ធភាពរីកចម្រើន ដោយសារផលិតផលនៅតែបន្តធ្វើឱ្យមានសុពលភាព។

ទី7. បង្កើតផែនការអាជីវកម្ម

សំដៅលើ ការសរសេរលម្អិតពីគោលដៅអាជីវកម្ម និងដំណាក់កាលដើម្បីសម្រេចនូវគោលដៅនោះ ដោយបញ្ចូលនូវយុទ្ធសាស្រ្តទីផ្សារ កញ្ចប់ថវិកា និងព្យាករណ៍ពីហិរញ្ញវត្ថុ និងព្រឹត្តការណ៍សំខាន់ៗផ្សេងទៀតដែលពាក់ព័ន្ធ។ អ្វីដែលសំខាន់ គឺកំណត់នូវទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុន និងកំណត់គោលដៅរយៈពេលខ្លី និងរយៈពេលវែងឱ្យបានរួចរាល់។

ទី8. បន្តធ្វើឱ្យប្រសើរជាមួយនឹងកែលម្អ

សំដៅលើ ការពង្រីកទំហំនៃការផលិតជាបន្តបន្ទាប់ អមជាមួយនឹងការកែលម្អនូវចំនួនខ្វះខាត ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែពង្រីកខ្លួនឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

ទី9. ស្វែងរកសហស្ថាបនិក

នៅពេលដែលអ្នកពង្រីកខ្លួនជាមួយនឹងការបង្កើតអាជីវកម្មថ្មី អ្នកត្រូវតែស្វែងរកសហសា្ថបនិកផ្សេងទៀត ដើម្បីធ្វើជាដៃគូសហការ។ ហើយការជ្រើសរើសសហស្ថាបនិកដំបូង អ្នកអាចជ្រើសរើសនរណាដែលអ្នកបានស្គាល់ស្រាប់ និងទុកចិត្តបាន។

ការមានសហស្ថាបនិក នឹងមានអត្ថប្រយោជន៍សំខាន់ 3 រួមមាន៖

  1. ងាយទាក់ទាញការវិនិយោគពីវិនិយោគិនផ្សេងទៀត
  2. កាត់បន្ថយស្រ្តេស​ ភាពខ្វល់ខ្វាយ និងមានភាពកក់ក្ដៅជាងពេលដែលមានតែស្ថាបនិកម្នាក់ឯង
  3. អាចជួយបំពេញចំណុចខ្វះខាតគ្នា ដូចជាជំនាញ ចំណេះដឹង និងភាពពាក់ព័ន្ធផ្សេងទៀត

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ