spot_img
spot_img
Homeធុរកិច្ចបើចង់រកស៊ី កុំស្ដាប់តាមតែពាក្យណែនាំរបស់គេ ប៉ុន្តែអ្នកត្រូវគិតលើរឿងនេះសិន

បើចង់រកស៊ី កុំស្ដាប់តាមតែពាក្យណែនាំរបស់គេ ប៉ុន្តែអ្នកត្រូវគិតលើរឿងនេះសិន

-

នាពេលបច្ចុប្បន្ននេះ ចំណេះដឹងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មគឺមានច្រើនរាប់មិនអស់ទាំងអនឡាញ និងទាំងមិនអនឡាញ ដូចជាសៀវភៅ និងការចែករំលែកនៅក្នុងសិក្ខាសាលាជាដើម។ ជាពិសេសតាមរយៈការចែករំលែករបស់សហគ្រិនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូបនៅក្នុងប្រព័ន្ធអនឡាញ។ ហើយការចែករំលែកទាំងនោះ ​​​សុទ្ធតែជាចំណេះដឹងល្អៗដែលកើតចេញពី​បទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ដូច្នេះប្រសិនបើករណីថាអ្នកចូលចិត្តស្ដាប់ការចែករំលែករបស់បុគ្គលណា ឬមានឱកាសជួបជាមួយសហគ្រិនរូបណា អ្នកអាចស្ដាប់ការណែនាំរបស់ពួកគាត់បាន ចូរកុំស្ដាប់ហើយអនុវត្តន៍ទាំងស្រុង ប៉ុន្តែអ្នកអាចគិតពិចារណាបន្ថែមលើចំណុចមួយចំនួនសម្រាប់ខ្លួនឯង។

1. តើអ្វីជា គំនិតអាជីវកម្មរបស់អ្នក?

នៅក្នុងចំណុចនេះ អ្នកត្រូវដឹងខ្លួនឯងថា តើអ្វីជាគំនិតអាជីវកម្មដែលអ្នកមាន? ហើយអ្នកចង់ចាប់ផ្ដើមធ្វើវា? ព្រមទាំងអ្នកប្រាកដក្នុងចិត្តច្បាស់ក្នុងការចាប់ផ្ដើម។ ត្រូវចងចាំថា គំនិតអាជីវកម្មមានច្រើន ហើយអ្នកក៏អាចមានច្រើនដូចគ្នា ដូច្នេះអ្នកត្រូវដឹងថា តើគំនិតមួយណាដែលអ្នកពេញចិត្តខ្លាំង  ព្រមទាំងជាអ្វីដែលអ្នកមានជំនាញស្រាប់ មានអ្នកជួយស្រាប់ និងជាប្រភេទអាជីវកម្មដែលមានគូប្រកួតប្រជែងក្នុងកម្រិតទាបដោយមានឱកាសពង្រីកកាន់តែធំជាដើម។

បញ្ជាក់៖ ហាមជ្រើសរើសគំនិតអាជីវកម្មតាមការណែនាំរបស់គេទាំងស្រុង ប៉ុន្តែត្រូវតែជាគំនិតអាជីវកម្មដែលអ្នកពេញចិត្តខ្លាំង អ្នកចង់ធ្វើវាខ្លាំង មានទស្សនវិស័យជាក់លាក់ និងមានជំនាញនៅក្នុងនោះស្រាប់។

2. តើគួរសរសេរផែនការអាជីវកម្មបែបណា?

ការចាប់ផ្ដើមធ្វើអាជីវកម្មមួយឱ្យដំណើរការបាន គឺវាទាមទារឱ្យមានកត្តាច្រើនក្នុងការចូលរួមចំណែក ជាពិសេសការសរសេរផែនការអាជីវកម្ម ពីព្រោះផ្នែកនេះនឹងធ្វើឱ្យអ្នកយល់ច្បាស់អំពីអាជីវកម្មរបស់អ្នក និងដឹងថានឹងត្រូវឆ្ពោះទៅណាឱ្យពិតប្រាកដ ព្រមទាំងជួយបង្ហាញផ្លូវអ្នកក្នុងការធ្វើសកម្មភាពនានា។ ហេតុនេះអ្នកត្រូវតែដឹងថា មុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវមានគំនិតអាជីវកម្មមួយជាក់លាក់ បន្ទាប់មកអ្នកនឹងត្រូវដឹងពីរបៀបសរសេរផែនការអាជីវកម្មរបស់អ្នក។

ឈ្វេងយល់អំពីចំណេះដឹងនៃការសរសេរផែនការអាជីវកម្ម

3. តើអ្នកយល់ច្បាស់ពីឧស្សាហកម្មដែលអ្នកចង់ធ្វើឬនៅ?

នៅក្នុងចំណុចនេះ ចង់ឱ្យអ្នកគិតឱ្យបានច្បាស់ថា បើអ្នកចង់ចាប់ផ្ដើមចង់ធ្វើអាជីវកម្មអ្វីមួយ តើអ្នកយល់ដឹងអំពីវាកម្រិតណា ឬគ្រាន់តែលឺគេនិយាយថាល្អ ហើយអាចជោគជ័យកម្រិតខ្ពស់ អ្នកក៏តាមគេឬយ៉ាងណា? ឧទាហរណ៍ គេនិយាយថា រកស៊ីផ្នែកអចលនទ្រព្យល្អ និងចំណេញលុយច្រើន អ្នកក៏តាមគេដែរ ទាំងដែលអ្នកមិនទាន់យល់អំពីការរកស៊ីលើផ្នែកនោះជាដើម ដែលជាហេតុធ្វើឱ្យអ្នកជួបនូវផលវិបាកនៅពេលចាប់ផ្ដើម។

កត្តានេះហើយ អ្នកត្រូវតែសិក្សាលើឧស្សាហកម្មដែលអ្នកចង់ចាប់ផ្ដើមធ្វើអាជីវកម្មនោះឱ្យបានច្បាស់ ទាំងទំហំទីផ្សារ និងភាពអាចទៅរួចដែលអ្នកអាចធ្វើបាន។ល។

4. តើអ្នកចាប់ផ្ដើមម្នាក់ឯង ឬត្រូវមានអ្នកជួយ?

នៅពេលចាប់ផ្ដើមតើអ្នករួចរាល់ក្នុងការចាប់ផ្ដើមម្នាក់ឯងឬទេ? ឬអ្នកត្រូវការអ្នកមកជួយបន្ថែម ដើម្បីសហការគ្នា?

ត្រង់ចំណុចនេះ ប្រសិនបើអ្នកមានគំនិតនេះតែម្នាក់ឯង អ្នកត្រូវតែរៀបចំធ្វើយ៉ាងណាដើម្បីធ្វើឱ្យខ្លួនឯងប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អ្នកនឹងធ្វើអ្វី ដើម្បីអ្វី និងឆ្ពោះទៅណា ដើម្បីយកគំនិតជាក់លាក់នេះបង្កើតជាក្រុមតាមក្រោយ ហើយអ្នកជាអ្នកដឹកនាំ។ ប៉ុន្តែប្រសិនបើអ្នកផ្សេងមានគំនិតដូច ហើយពួកគាត់មានជំនាញដែលអាចបំពេញឱ្យអ្នក ព្រមទាំងជាបុគ្គលដែលអាចរួមដំណើរជាមួយគ្នាបាន នោះអ្នកអាចចាប់ផ្ដើមជាមួយគ្នា ប៉ុន្តែសូមជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ ដើម្បីរួមដំណើរជាមួយគ្នា ចៀសវាងមានបញ្ហានៅពេលក្រោយ។

5. តើអ្នកនឹងចាប់ផ្ដើមដោយរបៀបណា?

អាជីវកម្មមួយជោគជ័យបាន គឺសុទ្ធតែមានរបៀបរបស់វា គ្រាន់តែពេលខ្លះយើងមិនទាន់ដឹងអំពីរបៀបរបស់វា ដោយទាមទារឱ្យយើងសិក្សាស៊ីជម្រៅជាមួយនឹងវា។ល។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវរៀបចំផែនការ និងកំណត់សកម្មភាពដែលអ្នកត្រូវធ្វើ ព្រមទាំងស្វែងរកសហគ្រិនផ្សេងទៀតដែលមាននៅក្នុងឧស្សាហកម្មដូចអ្នក ដើម្បីជួយជាគំនិត និងមានការត្រៀមជាច្រើនទៀតអាស្រ័យលើទំហំ និងប្រភេទអាជីវកម្មរបស់អ្នក។ ជារួមមក អ្នកត្រូវតែប្រាកដក្នុងចិត្តថា អ្នកមានគំនិត មានផែនការ និងដឹងថាអ្នកធ្វើរបៀបណា ក្នុងការបង្កើតអាជីវកម្មនោះឱ្យចេញជារូបរាង ហើយអាចដំណើរការបាន។

6. តើអាជីវកម្មរបស់អ្នកអាចពង្រីកបានទេ?

ការធ្វើអាជីវកម្មមានច្រើន មានទាំងអាជីវកម្មបែបគ្រួសារ អាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងបែបខ្នាតធំ ដោយអាជីវកម្មនីមួយៗមានកម្រិតនៃការរីកចម្រើនរបស់វា ដោយអាជីវកម្មខ្លះរក្សានូវទំហំអាជីវកម្មនៅថេរ និងអាជីវកម្មផ្សេងទៀតអាចពង្រីកកាន់តែធំបាន រហូតអាចឈានដល់កម្រិតថ្នាក់អន្តរជាតិក៏មានដែរ។ ដូច្នេះចំពោះគំនិតអាជីវកម្ម ដែលអ្នកកំពុងធ្វើវិញ តើវាអាចមានលទ្ធភាពរីកចម្រើន ឬពង្រីកបានកម្រិតណា? ហេតុនេះ អ្នកក៏ត្រូវគិតពិចារណាដែរ។

7. តើអ្នកគិតច្បាស់ឬនៅ?

អ្នកអាចពិនិត្យពីចំណុចទី1 រហូតដល់ចំណុចទី6 និងត្រូវសួរបញ្ជាក់ជាមួយខ្លួនឯង ដើម្បីធ្វើឱ្យប្រាកដថា អ្នកពិតជាសម្រេចចិត្តច្បាស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើមអាជីវកម្មលើគំនិតអាជីវកម្មណាមួយដែលអ្នកបានជ្រើសរើស។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ