spot_img
spot_img
Homeធុរកិច្ចមុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

មុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

-

យុវជនជាច្រើន កំពុងតែមានចិត្តចង់ចាប់ផ្ដើមអាជីវកម្ម ហើយនេះជារឿងល្អ ពីព្រោះប្រសិនបើចាប់ផ្ដើមជោគជ័យគឺជួយទាំងខ្លួនឯង ជួយអ្នកដទៃតាមរយៈការបង្កើតការងារធ្វើសម្រាប់ពួកគេ និងជួយដល់សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។

ប៉ុន្តែមានកំហុសដ៏ធំមួយចំនួនដែលពួកគេបានប្រព្រឹត្តិនោះគឺ

  • ចាប់ផ្ដើមអាជីវកម្មតាមតែគេណែនាំ ឬធ្វើតាមគេ
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងគ្មានចំណេះដឹងក្នុងការធ្វើអាជីវកម្ម
  • ចាប់ផ្ដើមតែម្នាក់ឯង ដោយមិនបានស្វែងរកជំនួយពីបុគ្គលខ្លាំងៗ
  • ចាប់ផ្ដើមអាជីវកម្ម ដោយគ្មានផែនការអាជីវកម្មច្បាស់លាស់
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់
  • ចាប់ផ្ដើមទាំងដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលខ្លួនឯងមិនបានស្រលាញ់លើមុខជំនួញនោះពិតប្រាកដ
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់
  • ។ល។

ហេតុផលទាំងអស់នេះហើយ ដែលយើងតែងតែសង្កេតឃើញថា អាជីវកម្មមួយចំនួនឆាប់ដួលរលំ និងល្បីសុះសាយតែមួយឆាប់ប៉ុណ្ណោះ។ ដូច្នេះដើម្បីចៀសវាងពីកំហុសទាំងអស់នោះ អ្នកត្រូវតែពង្រឹងនូវចំណុចដែលមានដូចខាងក្រោមជាមុនសិន មុននឹងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។

1. គំនិតរកស៊ីខ្លាំង

នៅពេលចង់ចាប់ផ្ដើមអាជីវកម្ម ច្បាស់ណាស់ថាអ្នកក៏កំពុងមានគំនិតរកស៊ីលើអ្វីមួយដ៏ល្អ ប៉ុន្តែបើគ្រាន់តែមានចិត្តរកស៊ី តែមិនដឹងរកស៊ីអ្វីក៏ពិបាក ដូច្នេះត្រូវធ្វើឱ្យប្រាកដថា អ្នកមានគំនិតរកស៊ីមួយដ៏ល្អ។ ធ្វើបែបណា ទើបមានគំនិតរកស៊ីល្អ? គឺអ្នកអាចឈ្វេងយល់អំពីខ្លួនឯង ថាអ្នកចង់ធ្វើអ្វី? មានក្ដីស្រមៃអ្វី? មានចំណុចខ្លាំងអ្វី? ព្រមទាំងធ្វើការស្រាវជ្រាវអំពីគំនិតរកស៊ីឱ្យបានច្រើន ជាពិសេសអាចបង្កើតទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀតដែលកំពុងរីកចម្រើន ដើម្បីសុំមតិយោបល់ពីពួកគេបន្ថែម។ បន្ទាប់មក អ្នកអាចសង្ខេបដោយខ្លួនឯង ដើម្បីបង្កើតគំនិតរកស៊ីលើផ្នែកមួយដែលល្អ ហើយអ្នកពិតជាចង់បង្កើតវាឱ្យចេញជារូបរាងពិតប្រាកដ។

2. មានបេសកកម្មខ្លាំង

ការដែលមានបេសកកម្មខ្លាំងក្នុងការចាប់ផ្ដើម ធ្វើឱ្យអ្នកមិនឆាប់បោះបង់ និងអាចបន្តដំណើរបានវែងឆ្ងាយ និងឆាប់ទទួលបានលទ្ធផលតាមការរំពឹងទុក។ លើសពីនេះ វាក៏ធ្វើឱ្យអ្នកបានដឹងយ៉ាងច្បាស់អំពី គោលបំណងក្នុងការធ្វើអាជីវកម្មរបស់អ្នក ហើយធ្វើឱ្យអ្នកងាយស្រួលស្វែងរកព័ត៌មានដ៏ត្រឹមត្រូវ ក៏ដូចជារៀបយុទ្ធសាស្រ្តដើម្បីពង្រីកអាជីវកម្ម និងស្គាល់ច្បាស់ពីចំណុចខ្លាំងក្នុងអាជីវកម្ម ហើយអាចសម្រេចចិត្តបានលឿន ច្បាស់លាស់ ត្រឹមត្រូវ ដើម្បីដឹកនាំដំណើរការអាជីវកម្ម។

3. បង្កើតក្រុមខ្លាំង

ការចាប់ផ្ដើមអាជីវកម្ម ប្រសិនបើអ្នកចាប់ផ្ដើមតែម្នាក់ឯងក៏ល្អ ប៉ុន្តែគ្រាន់តែដើរយឺត តែបើបង្កើតក្រុមសហការគ្នាគឺដើរលឿន គ្រាន់តែទាមទារឱ្យអ្នកស្វែងរកសមាជិកក្រុមដែលខ្លាំង ដើម្បីបន្តបេសកកម្មជាមួយគ្នា។ ដូច្នេះអ្នកត្រូវតែចេះស្វែងរកបុគ្គលណាដែលមានសមត្ថភាព និងមានផ្នត់គំនិតរីកចម្រើន ព្រមទាំងមានបេសកកម្មស្រដៀង ឬដូចនឹងអ្នក ដើម្បីចាប់ដៃគ្នាធ្វើអាជីវកម្មរួមគ្នា។

ម្យ៉ាងទៀត អ្នកក៏ត្រូវចេះបង្កើតបណ្ដាញជាមួយនឹងសហគ្រិនខ្លាំងៗឱ្យបានច្រើន ហើយប្រសិនបើអ្នកជ្រើសរើសបុគ្គលិកក៏ត្រូវជ្រើសរើសបុគ្គលដែលខ្លាំងផងដែរ ដោយខ្លាំងទាំងសមត្ថភាព និងខ្លាំងទាំងការអនុវត្តន៍ ហើយជាបុគ្គលដែលបើកចិត្តធ្វើអ្វីថ្មីៗ និងបន្តការអភិវឌ្ឍន៍សមត្ថភាព។

4. ផែនការខ្លាំង

ការបង្កើតអាជីវកម្មមួយ ប្រសិនបើមិនមានផែនការខ្លាំងទេ នោះដំណើរការអាជីវកម្មក៏មិនខ្លាំងដែរ។ ដូច្នេះអ្នកត្រូវតែមានចំណេះដឹងក្នុងការធ្វើផែនការអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលដល់អ្នកក្នុងការដឹកនាំចាត់ចែងគ្រប់គ្រងអាជីវកម្មឱ្យដំណើរការរលូន។

ការដែលមានផែនការអាជីវកម្មខ្លាំង វានឹងជួយឱ្យអ្នក

  • អ្នកគួរចាប់ផ្ដើមពីចំណុចណា
  • ងាយស្រួលសម្រេចចិត្តលើរឿងសំខាន់ៗបានលឿននិងត្រឹមត្រូវ
  • អាចចៀសវាងពីកំហុសធំៗដែលនឹងអាចកើតមានឡើង
  • អាចស្វែងរកដំណោះស្រាយបានទាន់ពេលវេលា
  • ទទួលរងហានិភ័យតិចបំផុតនៅពេលចាប់ផ្ដើម
  • ធ្វើឱ្យអ្នកមានការត្រៀមខ្លួនទុកមុនលើរឿងរ៉ាវផ្សេងៗដែលនឹងអាចកើតមានឡើង
  • មិនងាយដើរខុសពីគោលបំណងអាជីវកម្ម
  • អាចវាយតម្លៃពីសកម្មភាពនានា ដើម្បីកែតម្រូវលើសកម្មភាពណាដែលមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុក
  • ។ល។

5. យល់ពីបរិបទនៃការរកស៊ីខ្លាំង

ការធ្វើអាជីវកម្មមានរឿងរ៉ាវជាច្រើនដែលត្រូវដឹង ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវរៀនប្រឡូកឱ្យបានច្រើន ដើម្បីដឹងពីស្ថានភាពនៃការរកស៊ី តាមរយៈការហាត់ការ ឬធ្វើការនៅក្រុមហ៊ុនដែលទើបចាប់ផ្ដើមដំបូង ហើយសាកល្បងទៅធ្វើការនៅក្រុមហ៊ុនស្ដង់ដារ ឬក្រុមហ៊ុនធំៗ ដើម្បីដឹងពីដំណើរការអាជីវកម្ម។

ម្យ៉ាងទៀត អ្នកត្រូវតែរៀនសិក្សាដោយខ្លួនឯងផ្ទាល់តាមវិធីរបស់អ្នក មិនថាតាមដានសហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ ការចុះទៅសាកសួរផ្ទាល់ពីអ្នករកស៊ីផ្សេងទៀត និងស្រាវជ្រាវតាមអ៊ីនធឺណិតជាដើម ដើម្បីយល់ដឹងកាន់តែច្បាស់ពីបរិបទនៃការរកស៊ី។

បរិបទនៃការរកស៊ីដែលអ្នកត្រូវឈ្វេងយល់៖

  • របៀបដំណើរការអាជីវកម្ម
  • របៀបគ្រប់គ្រងចាត់ចែងអាជីវកម្ម
  • របៀបបង្កើត និងគ្រប់គ្រងក្រុម
  • ប្រព័ន្ធច្បាប់ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្ម
  • និងជាច្រើនទៀត។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ