spot_img
spot_img
Homeទូទៅរវាងជំនាញ និងបទពិសោធន៍ តើមួយណាសំខាន់ជាង?

រវាងជំនាញ និងបទពិសោធន៍ តើមួយណាសំខាន់ជាង?

-

ជំនាញ និងបទពិសោធន៍ គឺសុទ្ធតែមានសារៈសំខាន់ដូចគ្នាសម្រាប់បុគ្គលម្នាក់ៗដោយមិនអាចខ្វះមួយណាបានឡើយ ពីព្រោះជំនាញ ជួយអ្នកឱ្យមានសមត្ថភាពបំពេញកិច្ចការងារមួយបានយ៉ាងល្អ ហើយបើអ្នកមានបទពិសោធន៍បន្ថែមទៀត នោះការងារនោះកាន់តែមានផលិតភាព។ ហេតុដូចនេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលមានគុណភាព និងទទួលបានឱកាសការងារខ្ពស់ក្នុងទីផ្សារ គឺអ្នកត្រូវតែធ្វើឱ្យខ្លួនឯងមានជំនាញលើផ្នែកណាមួយដែលអ្នកគិតថាខ្លួនឯងស្រលាញ់ និងមានទេពកោសល្យ ព្រមទាំងត្រូវតែស្វែងរកកិច្ចការងារពាក់ព័ន្ធនឹងផ្នែកនោះដើម្បីធ្វើឱ្យបានច្រើន ដើម្បីប្រៀបធៀបគ្នារវាងទ្រឹស្ដីដែលអ្នកបានរៀនសូត្រ និងការអនុវត្តន៍ជាក់ស្ដែងយ៉ាងណាដែរ។ ធ្វើបែបនេះ អ្នកនឹងកានតែមានបទពិសោធន៍ច្រើន និងស្ទាត់ជំនាញបន្ថែម។

គួរបញ្ជាក់ផងដែរថា ជំនាញ ត្រូវតែជាអ្វីដែលអ្នកត្រូវគិតពិចារណាដើម្បីបណ្ដុះបណ្ដាលខ្លួនឯងជាមុន បន្ទាប់មកត្រូវគិតលើការអនុវត្តន៍ ដើម្បីធ្វើឱ្យខ្លួនឯងមានបទពិសោធន៍បន្ថែម ក្នុងការបង្កើនភាពជឿជាក់លើខ្លួនឯង និងបង្កើតទំនុកចិត្តដល់អ្នកផ្សេងទៀត។

បន្ថែមពីនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ជាងនេះ ខ្លឹមសារខាងក្រោមនឹងពន្យល់បង្ហាញទៀតអំពីជំនាញ និងបទពិសោធន៍ ក៏ដូចជាភាពពាក់ព័ន្ធគ្នា។

ឈ្វេងយល់អំពី ជំនាញ

ជំនាញ គឺសំដៅលើទេពកោសល្យ ឬសមត្ថភាពដែលកើតចេញពីការបណ្តុះបណ្តាល ឬការអនុវត្តជាក់ស្ដែងរបស់អ្នក ទាំងនៅកន្លែងធ្វើការ និងសាលារៀន ជាពិសេសកើតចេញពីការបណ្ដុះបណ្ដាលដោយទទួលបានការបញ្ជាក់ច្បាស់លាស់នៅគ្រឹះសា្ថនអប់រំណាមួយទាំងរដ្ឋ និងឯកជន។

ជំនាញ ត្រូវបានកសាងមូលដ្ឋានគ្រឹះដំបូងដោយសិក្សាអំពីលំនាំទ្រឹស្ដី និងការហ្វឹកហាត់ដោយយកចិត្តទុកដាក់ពីសំណាក់គ្រូ ដើម្បីឈានដល់ការអាចអនុវត្តន៍ជាក់ស្ដែងបាន ឬអាចជួយឱ្យអ្នកមានសមត្ថភាពកាន់តែខ្លាំងក្នុងការធ្វើអ្វីមួយកើតឡើង។ ឧទាហរណ៍៖ អ្នកចង់មានជំនាញផ្នែកទីផ្សារឌីជីថល ដូច្នេះអ្នកត្រូវស្វែងរកគ្រូ ឬសាលា ឬជ្រើសរើសវគ្គសិក្សាណាមួយដែលគួរឱ្យទុកចិត្ត ដើម្បីសិក្សារឈ្វេងយល់ស៊ីជម្រៅលើជំនាញនោះក្នុងរយៈពេលកំណត់ណាមួយ។ ក្រោយមកអ្នកបញ្ចប់ការសិក្សាតាមពេលកំណត់ ដោយមានលិខិតបញ្ជាក់ការសិក្សាច្បាស់លាស់ នោះមានន័យថា អ្នកបានកសាងមូលដ្ឋានគ្រឹះ និងបានបម្លែងខ្លួនឱ្យយល់ដឹងលើផ្នែកមួយនោះបានល្អ ហេតុនេះ វាគឺត្រូវបានរាប់បញ្ចូលថាជាជំនាញដែលអ្នកមាន។ បន្ថែមពីនេះ សូម្បីតែទេពកោសល្យដែលមានអ្នកមានតាំងពីកំណើត ហើយវាជាអ្វីដែលអ្នកធ្វើបានល្អបំផុត នោះក៏រាប់ថាជាជំនាញរបស់អ្នកដែរ ដូចជាអ្នកពូកែប្រាស្រ័យទំនាក់ទំនង ការចរចាជាមួយមនុស្ស សិល្បិៈក្នុងការនិយាយជាសាធារណៈ ឬការនិយាយបទបង្ហាញយ៉ាងល្អ និងជាច្រើនផ្សេងទៀត គ្រាន់តែជួនកាលជំនាញទាំងនោះវាក៏ត្រូវការឱ្យអ្នកសិក្សាស្រាវជ្រាវ ឬទទួលការបណ្ដុះបណ្ដាលបន្ថែម ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន និងកាន់តែស្ទាត់ជំនាញ។

អ្វីដែលកាន់តែសំខាន់ទៀតនោះ ជំនាញទាំងអស់ដែលអ្នកមាន ប្រសិនបើអ្នកចង់ធ្វើឱ្យវាកាន់តែល្អ និងបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើផ្នែកណាមួយ វាទាមទារឱ្យអ្នកអនុវត្តន៍ និងប្រឡូកជាមួយវាឱ្យបានកាន់តែច្រើននៅក្នុងទិដ្ឋភាពជាក់ស្ដែង ដោយមិនមែនគ្រាន់តែសិក្សាពីគ្រូ ឬពីសាលា ឬពីវគ្គសិក្សាណាមួយដើម្បីទទួលបានតែលិខិតបញ្ជាក់ការសិក្សាឡើយ។ ហើយចំណុចនេះ សំដៅលើការទាមទារឱ្យអ្នកមានបទពិសោធន៍លើការអនុវត្តន៍ជាក់ស្ដែងលើជំនាញដែលអ្នកមាន។

ចូរចងចាំថា ប្រសិនបើអ្នកមានតែជំនាញខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអ្នកខ្វះបទពិសោធន៍ក្នុងការអនុវត្តវានោះអ្នកដទៃក៏មិនទាន់ហ៊ានទុកចិត្តលើអ្នកទាំងស្រុង និងអ្នកអាចបាត់បង់ឱកាសជាច្រើនផងដែរ ដូចជាមុខតំណែងខ្ពស់ ប្រាក់ខែខ្ពស់ ការកសាងកេរ្តិ៏ឈ្មោះឱ្យបានល្អ និងអាទិភាពដែលគេជ្រើសរើសយកមកធ្វើការងារ ឬសហការជាមួយគេ។

ឈ្វេងយល់អំពី បទពិសោធន៍

បទពិសោធន៍ សំដៅលើទិដ្ឋភាព ឬហេតុការណ៍ដែលកើតឡើងចំពោះបុគ្គលម្នាក់ៗ ឬជាអ្វីដែលមនុស្សធ្លាប់ឆ្លងកាត់កន្លងមកនៅក្នុងជីវិតរបស់ពួកគេ។ ឧទាហរណ៍ បទពិសោធន៍បង្កើតកំហុសការងារលើផ្នែកណាមួយ បទពិសោធន៍ធ្វើការលើផ្នែកណាមួយក្នុងរយៈពេលណាមួយ និងបទពិសោធន៍ជាច្រើនទៀតដែលបុគ្គលម្នាក់ៗបានជួបប្រទះ។

គួរបញ្ជាក់ផងដែរថា បទពិសោធន៍​វាជាផ្នែកមួយដែលជួយជំរុញឱ្យមនុស្សឱ្យកាន់តែមានភាពរីកចម្រើន និងស្ទាត់ជំនាញលើអ្វីមួយដែលពួកគេតែងតែឆ្លងកាត់។ ឧទាហរណ៍ អ្នករៀនផ្នែកសំណង់ស៊ីវិល ដូច្នេះពួកគេមានមូលហេតុគ្រឹះ និងការយល់ដឹងច្រើនលើការសាងសង់ ក៏ប៉ុន្តែក៏ទាមទារឱ្យពួកគេទៅអនុវត្តន៍ជាក់ស្ដែងលើកិច្ចការងារសាងសង់ផងដែរ ដើម្បីទទួលបានបទពិសោធន៍ការងារ និងកាន់តែស្ទាត់ជំនាញលើស្ថានភាពសាងសង់ជាក់ស្ដែង។ បន្ថែមពីនេះ ចំពោះបុគ្គលមួយចំនួន ពួកគាត់មិនបានទទួលការបណ្ដុះបណ្ដាលផ្នែកសំណង់ស៊ីវិលឡើយ ប៉ុន្តែពួកគាត់មានបទពិសោធន៍ធ្វើការផ្នែកសាងសង់ សួរថាវាជារឿងល្អទេ គឺល្អ គ្រាន់តែពួកគាត់អាចត្រឹមតែសាងសង់លើអគារ ឬការសាងសង់ណាដែលមានទំហំធម្មតាប៉ុណ្ណោះ ដោយគ្មាននរណាទុកចិត្តឱ្យពួកគាត់ដឹកនាំលើការសាងសង់ធំៗឡើយ។ល។ ដូច្នេះនៅក្នុងចំណុចនេះ ចង់បញ្ជាក់ថា មានជំនាញ ក៏ត្រូវមានបទពិសោធន៍ ហើយបើមានបទពិសោធន៍ ក៏ត្រូវកសាងចំណេះជំនាញផ្ទាល់ខ្លួនបន្ថែមដែរ ដើម្បីអាចឈានដល់កម្រិតកំពូលមួយ និងទទួលបានឱកាសល្អៗផ្សេងទៀតសម្រាប់ខ្លួនឯង។ ហើយនេះ គ្រាន់តែជាការលើកឧទាហរណ៍មួយផ្នែកប៉ុណ្ណោះដើម្បីឱ្យអ្នកឈ្វេងយល់។

ជារួមមក ជំនាញ និងបទពិសោធន៍ ជាផ្នែកដែលបំពេញឱ្យគ្នា ដោយមិនអាចមានតែជំនាញ ហើយគ្មានបទពិសោធន៍បានឡើយ ហើយបើមានបទពិសោធន៍ ក៏ត្រូវកសាងជំនាញសម្រាប់ខ្លួនឯងដែរ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជំនាញ និងជាទីទុកចិត្តដល់អ្នកផ្សេងក្នុងការសហការធ្វើការជាមួយគ្នា។ល។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ