spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងសញ្ញាបញ្ជាក់ថា អ្នកមិនបានស្រលាញ់ខ្លួនឯងឱ្យបានច្រើនឡើយ

សញ្ញាបញ្ជាក់ថា អ្នកមិនបានស្រលាញ់ខ្លួនឯងឱ្យបានច្រើនឡើយ

-

មនុស្សគ្រប់គ្នា តែងតែនិយាយថាពួកគេស្រលាញ់ខ្លួនឯង ព្រមទាំងនិយាយណែនាំអ្នកនៅក្បែរខ្លួនថា ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន ប៉ុន្តែពួកគេមិនដឹងទេថា ពួកគេស្រលាញ់ខ្លួនឯងកម្រិតណាឱ្យពិតប្រាកដ ដោយពួកគេគ្រាន់តែបាននិយាយថា ស្រលាញ់ខ្លួនឯង តែអាចសកម្មភាពជាក់ស្ដែងមិនទាន់ស្រលាញ់ខ្លួនឯងក៏ថាបាន។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវសញ្ញាមួយចំនួនដែលអ្នកអាចឆ្លុះបញ្ចាំងអំពីខ្លួនឯងបានថា អ្នកមិនទាន់ស្រលាញ់ខ្លួនឯងបានច្រើននោះទេ។

1. អ្នកមានអារម្មណ៍ថា អ្នកគឺជានរណាឱ្យប្រាកដ

ការដែលស្គាល់ខ្លួនឯងជានរណាយ៉ាងពិតប្រាកដ ជាផ្នែកមួយដែលមនុស្សគ្រប់គ្នាត្រូវដឹងអំពីខ្លួនឯង ប៉ុន្តែប្រសិនបើយើងនៅតែមានអារម្មណ៍ថាមិនដឹងខ្លួនឯងជានរណាឱ្យពិតប្រាកដផង ច្បាស់ណាស់អ្នកនឹងតែងតែគ្មានភាពជឿជាក់ គ្មានការសប្បាយចិត្តពេញលេញនៅក្នុងកាលៈទេសៈណាមួយ មិនតែងតែព្យាយាមធ្វើអ្វីដើម្បីបំពេញចិត្តខ្លួនឯង និងធ្វើសកម្មភាពនានាដែលសរបញ្ជាក់ថាអ្នកមិនទាន់បានស្រលាញ់ខ្លួនឯងបានច្រើនឡើយ។

ហេតុអ្វីគ្រាន់តែមានអារម្មណ៍ថា ខ្លួនឯងជានរណាឱ្យពិតប្រាកដ ក៏បញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯងបានច្រើន? ពីព្រោះកាលណាអ្នកមិនដឹងថាខ្លួនឯងជានរណាឱ្យពិតប្រាកដផង ច្បាស់ណាស់អ្នកនឹងមិនសូវជឿជាក់លើខ្លួនឯងក្នុងការធ្វើសកម្មភាពនានាដើម្បីសម្រេចគោលដៅនៅក្នុងជីវិត មិនហ៊ានបង្ហាញពីអ្វីជាភាពពិតរបស់ខ្លួនឯងទៅកាន់ពិភពលោក និងតែងតែធ្វើអ្វីតាមតែអារម្មណ៍ ដោយគ្មានគោលដៅជាក់លាក់។

2. រស់នៅក្នុងភាពអវិជ្ជមាន ច្រើនជាងភាពវិជ្ជមាន

ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានទាំងសេចក្ដីសុខ និងសេចក្ដីទុក្ខ ហើយវាក៏អាស្រ័យលើផ្នត់គំនិតរបស់មនុស្សម្នាក់ៗផងដែរថា តើពួកគេចង់ធ្វើសកម្មភាពផ្ដោតលើក្ដីសុខច្រើនជាង ឬក្ដីទុក្ខច្រើនជាង? ហេតុដូចនេះ ប្រសិនបើអ្នកចង់ដឹងថាអ្នកស្រលាញ់ខ្លួនឯងបានច្រើនឬអត់ អ្នកអាចសង្កេតពីស្ថានភាពជីវិតរស់នៅរបស់អ្នក ថាតើជីវិតរបស់អ្នកកំពុងស្ថិតនៅភាពអាប់អួរច្រើនជាង ឬភាពស្រស់បំព្រងច្រើនជាង? ប្រសិនបើអាប់អួរច្រើនជាង នោះអ្នកកំពុងតែធ្វើបាបខ្លួនឯងដោយធ្វើឱ្យខ្លួនឯងស្ថិតនៅភាពអវិជ្ជមាន ភាពសោកសៅ និងភាពមិនអាចរីកចម្រើនទៅមុខ ប៉ុន្តែបើភាពស្រស់បំព្រងច្រើនជាង នោះមានន័យថាអ្នកកំពុងស្រលាញ់ខ្លួនឯងបានច្រើន ពីព្រោះអ្នកព្យាយាមធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឱ្យជីវិតរបស់អ្នកស្ថិតនៅក្នុងភាពវិជ្ជមាន និងតែងតែធ្វើអ្វីដើម្បីបំពេញចិត្តខ្លួនឯង ព្រមទាំងធ្វើអ្វីដោយផ្ដោតលើការសម្រេចនូវគោលដៅជីវិតផ្ទាល់ខ្លួន ជាពិសេសចេះបង្កើតក្ដីសុខឱ្យខ្លួនឯងបានច្រើន ដោយព្យាយាមរស់នៅជាមួយតែភាពវិជ្ជមាន។

3. មិនខ្វល់ពីសុខភាពខ្លួនឯងជាចម្បង

សុខភាពជារឿងសំខាន់ណាស់ ប្រសិនបើនរណាមានចំណេះដឹងជ្រៅជ្រះកម្រិតណាក៏ដោយ ប៉ុន្តែបើបណ្ដោយឱ្យសុខភាពធ្លាក់ដល់ដំណាក់កាលមិនល្អ ក៏ជារឿងមិនល្អដែរ ហើយវាក៏ជាផ្នែកមួយដែលសរបញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯងបានច្រើននៅឡើយ។ អ្នកត្រូវដឹងថា មនុស្សដែលស្រលាញ់ខ្លួនឯងច្រើន ជាទូទៅពួកគេខ្វាយខ្វល់អំពីសុខភាពរបស់ពួកគេណាស់ ហេតុនេះពួកគេតែងតែព្យាយាមធ្វើយ៉ាងណាឱ្យសុខភាពពួកគេបានល្អតាមដែរអាចទៅរួច ទោះបីជាដឹងថា​ គ្មាននរណាម្នាក់អាចគេចផុតពីការឈឺបានឡើយ គ្រាន់តែពួកគេព្យាយាមធ្វើឱ្យការឈឺនោះកើតឡើងក្នុងកម្រិតស្រាលបំផុត។ ដូច្នេះបើស្រលាញ់ខ្លួនឯង ត្រូវគិតគូរអំពីសុខភាពខ្លួនឯង មិនមែននិយាយថាស្រលាញ់ខ្លួនឯង ប៉ុន្តែតែងតែគេងយប់ជ្រៅ ញុំាអាហារមិនទៀងទាត់ និងចូលចិត្តធ្វើអ្វីដែលប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។

4. ចូលចិត្តបង្អាប់ខ្លួនឯងជាមួយអ្នកដទៃ

ការបង្អាប់ ឬការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ វាជារឿងល្អ ប្រសិនបើអ្នកប្រៀបធៀបខ្លួនឯងហើយព្យាយាមពង្រឹងសមត្ថភាពឱ្យកាន់តែល្អ មិនមែនប្រៀបធៀបដើម្បីធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត អស់សង្ឃឹម មានភាពច្រណែន និងធ្វើបាបខ្លួនឯងជាដើម។ ហេតុនេះ បើស្រលាញ់ខ្លួនឯង ត្រូវយល់អំពីខ្លួនឯង និងព្យាយាមធ្វើអ្វីដែលជាគោលដៅដែលអ្នកចង់បាន មិនមែនប្រៀបធៀបជាមួយនឹងអ្នកដទៃ ហើយធ្វើឱ្យខ្លួនឯងបោះបង់ ឬពិបាកចិត្តរាល់ថ្ងៃនោះឡើយ។ ចូររីករាយជាមួយនឹងបច្ចុប្បន្នដែលអ្នកមាន ហើយព្យាយាមធ្វើអ្វីគ្រប់យ៉ាងនូវអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងជីវិត។

5. រស់នៅដោយគ្មានគោលដៅច្បាស់លាស់

ការដែលមានគោលដៅច្បាស់លាស់នៅក្នុងជីវិត សរបញ្ជាក់បានថា អ្នកនឹងកំពុងចង់ធ្វើអ្វីមួយដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក មិនមែនគ្រាន់តែរស់មួយថ្ងៃឱ្យបានមួយថ្ងៃនោះទេ ប៉ុន្តែរស់ដោយមានក្ដីស្រមៃ និងព្យាយាមធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត។ អ្នកត្រូវដឹងថា អ្នកដែលរស់នៅជាមួយក្ដីស្រមៃ ឬមានគោលដៅច្បាស់លាស់ ជាមនុស្សដែលរីករាយបំផុតជាប្រចាំថ្ងៃ ព្រមទាំងមានថាមពលជាប្រចាំដើម្បីបំពេញនូវចំណង់ផ្ទាល់ខ្លួន មិនមែនចេះតែរស់ៗ និងធ្វើអ្វីតាមតែអារម្មណ៍ ឬតាមអ្នកដទៃ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ