spot_img
spot_img
Homeធុរកិច្ចសំណួរទាំង៤ដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនគោលដៅថ្មី

សំណួរទាំង៤ដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនគោលដៅថ្មី

-

ប្រសិនបើអ្នកមានឱកាសបានជួបជាមួយនឹងម្ចាស់អាជីវកម្ម១០ទៅ់២០នាក់ ហើយសួរពួកគាត់ ទាក់ទងជាមួយនឹងអ្វីដែលគាត់ចង់បានជាងគេដើម្បីឲ្យធុរកិច្ចរបស់ពួកគាត់រីកចម្រើនឡើង នោះពួកគាត់ប្រាកដជានិយាយប្រាប់អ្នកក្នុងចម្លើយប្រហាក់ប្រហែលគ្នាជាមិនខាន ពោលគឺចង់ឲ្យមានអតិថិជនប្រើប្រាស់នូវសេវាកម្មក៏ដូចជាផលិតផលរបស់គាត់ឲ្យបានច្រើនជាងមុន ដែលចំណុចនេះគឺជាគោលដៅចម្បងរបស់អាជីវកម្មមួយៗ។ ប៉ុន្តែមុនពេលដែលអ្នកចង់ស្វែងរកអតិថិជនឲ្យប្រើសប្រាស់នូវផលិតផលរបស់អ្នកបន្ថែមទៀត ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគប្បីសួរខ្លួនសំណួរទាំង៤នេះជាមុនសិន។

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

This image has an empty alt attribute; its file name is image-5-1024x545.png

យុទ្ធសាស្ត្រទីផ្សារដែលសាមញ្ញមួយក្នុងការកំណត់យកនូវអតិថិជនថ្មីៗដែលអ្នកគិតថាពួកគេអាចជាអតិថិជនគោលដៅរបស់អ្នកនោះ គឺហ៊ានចំណាយទៅលើការផ្សព្វផ្សាយក៏ដូចជាលក់បញ្ចុះតម្លៃ ព្រមទាំងមានការទិញមួយថែមមួយជាដើម ដោយធ្វើយ៉ាងណាឲ្យអតិថិជនថ្មីរបស់អ្នកនោះ មានការចាប់អារម្មណ៍ងាកមកទិញនូវផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នក។ យើងឃើញថាបើទោះបីជាយុទ្ធសាស្ត្រទីផ្សារបែបនេះ មានប្រសិទ្ធភាពអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនក៏ពិតមែន ប៉ុន្តែអ្នកក៏ត្រូវតែពិនិត្យមើលទៅលើចំនួនកញ្ចប់ថវិកាដែលអ្នកត្រូវចំណាយយផងដែរ ថាតើអ្នកអាចទ្រាំទ្ររាល់ការចំណាយទៅលើការផ្សព្វផ្សាយនិងការប្រម៉ូសិនជាច្រើនទាំងអស់នោះបានដែរឬអត់ ក្នុងគោលបំណងដើម្បីចៀសវាងពីការក្ស័យធុនរបស់ក្រុមហ៊ុន។

មួយវិញទៀត ប្រសិនបើអ្នកកំពុងតែមានគម្រោងចង់កំណត់នូវអតិថិជនគោលដៅថ្មីបន្ថែមទៀត  ដែលគ្រាន់តែជាអតិថិជន ហ៊ានចំណាយលុយទិញនូវផលិតផលរបស់អ្នកនៅពេលតែមានការប្រម៉ូសិនតែមួយខណៈពេលទេ  តើអ្នកគិតថា អ្នកគួរតែពង្រីកយកអតិថិជនបែបនេះដែរឬទេ? ហើយពួកគេអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើនបានយូរអង្វែងដែរឬទេ?  ទាំងនេះគឺជាសំណួរខ្លះៗដែលអ្នកគប្បីសួរខ្លួនឯង មុន ពេលដែលអ្នកចង់កំណត់អតិថិជនគោលដៅថ្មី។

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

This image has an empty alt attribute; its file name is image-8-1024x532.png

សម្រាប់អតិថិជនឬអ្នកប្រើប្រាស់ផ្ទាល់ បើពេលណាគាត់ទទួលបានបទពិសោធមិនល្អកំឡុងពេលដែលប្រើប្រាស់នូវសេវាកម្ម ឬមួយក៏ផលិតផលរបស់អ្នកហើយ ពួកគេប្រាកដជាមិនត្រឡប់មករកអ្នកវិញនោះទេ ថែមទាំងផ្សព្វផ្សាយនូវព័ត៌មានមិនល្អមួយចំនួនទាក់ទងទៅលើគុណភាពផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកដទៃទៀតផង។ ដូចនេះ ប្រសិនបើអតិថិជនបច្ចុប្បន្នរបស់អ្នក មិនទាន់ពេញចិត្តនូវសេវាកម្ម ឬផលិតផលដែលអ្នកផ្ដល់ឲ្យនៅឡើយទេ អ្នកគួរតែចំណាយពេលទៅលើការគិតយុទ្ធសាស្ត្របែបណាដើម្បីធ្វើឲ្យអតិថិជនចាស់ៗរបស់អ្នកត្រឡប់មកជឿទុកចិត្ត និងប្រែក្លាយទៅជាអតិថិជនស្មោះស្ម័គ្រជាមួយនឹងក្រុមហ៊ុនអ្នកវិញ ជាជាងចាប់ផ្ដើមកំណត់នូវអតិថិជនគោលដៅថ្មី ទាំងដែលក្រុមអតិថិជនគោលដៅចាស់មានភាពមិនពេញចិត្តនិងមានបញ្ហាច្រើនជាមួយនឹងអ្នក។ ដូច្នេះអ្នកត្រូវតែពង្រឹងទៅលើគុណភាពនៃផលិតផល ព្រមទាំងគុណភាពនៃសេវាកម្មអតិថិជនឲ្យបានល្អ។

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

This image has an empty alt attribute; its file name is image-6-1024x583.png

ដើម្បីប្រាកដក្នុងចិត្តថា អតិថិជនរបស់អ្នកនៅតែបន្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកបានរយៈពេលវែង អ្នកគប្បីរៀបចំនូវការគ្រប់គ្រងអាជីវកម្ម ព្រមទាំងការគ្រប់គ្រងអតិថិជនរបស់អ្នកឡើងវិញ ដោយត្រូវចេះទទួលយកមតិណាមួយរបស់អតិថិជនយកទៅអនុវត្តន៍ ដើម្បីធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែរីកដុះដាល និងមានអ្នកគាំទ្រច្រើនជាងមុន។ ដូចនេះប្រសិនបើអ្នកអាចទទួលយកទាំងមតិវិជ្ជមាន និងអវិជ្ជមានពីអតិថិជនបាន និងចេះសម្រាំងយកគំនិតណាដែលអាចជួយឲ្យអាជីវកម្មកាន់តែរីកចម្រើនបានហើយ នោះឱកាសក្នុងការកំណត់នូវអតិថិជនគោលដៅថ្មីសម្រាប់ក្រុមហ៊ុនរបស់អ្នកក៏ល្អដែរ ព្រោះអ្នកចេះបត់បែន និងចេះទាញប្រយោជន៍ពីការបញ្ចេញមតិរបស់អតិថិជន។

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

This image has an empty alt attribute; its file name is image-9-1024x683.png

ប្រសិនបើបច្ចុប្បន្ននេះ អាជីវកម្មរបស់អ្នកនៅមិនទាន់រួចរាល់ទេ ពោលគឺនៅផុតដៃផុតជើងនៅឡើយ ហើយអ្នកចង់កំណត់អតិថិជនគោលដៅថ្មីបន្ថែមទៀតនោះ អ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិច និងគួរតែពិចារណាឡើងវិញថាតើខណៈពេលនេះក្រុមហ៊ុនគួរតែចាប់ផ្ដើមស្វែងរកប្រភេទអតិថិជនថ្មីទៀតឬយ៉ាងណា ដើម្បីចៀសវាធ្វើឲ្យក្រុមហ៊ុនខាតបង់កាន់តែច្រើន។

ជារួមមកប្រសិនបើចម្លើយនៃសំណួរទាំង៤ខាងលើរបស់អ្នក

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

សុទ្ធតែអូខេ គ្មានបញ្ហាទេ នោះជាពេលដែលអ្នកអាចចាប់ផ្ដើមកំណត់យកនូវអតិថិជនគោលដៅថ្មីបានហើយ។

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ