spot_img
spot_img
Homeទូទៅឱកាសទីផ្សារការងារនៅកម្ពុជា ទាំង 4 ដែលអ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើម

ឱកាសទីផ្សារការងារនៅកម្ពុជា ទាំង 4 ដែលអ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើម

-

នៅក្នុងប្រទេសកម្ពុជា មានឱកាសទីផ្សារការងារជាច្រើន សម្រាប់មនុស្សគ្រប់គ្នាដែលមានសមត្ថភាពពិតប្រាកដ ជាពិសេសមានរឿងចំនួន4 ដែលអ្នកត្រូវតែដឹង ហើយអាចគិតពិចារណាដើម្បីចាប់ផ្ដើម ក្នុងការទាញយកឱកាសការងារល្អៗ ខ្លឹមសារខាងក្រោមនឹងបកស្រាយជូនអ្នក។

1. ជំនាញដោះស្រាយវិបត្តិរបស់មនុស្ស

ជាធម្មជាតិរបស់មនុស្ស គឺតែងតែមានវិបត្តិផ្ទាល់ខ្លួន វិបត្តិគ្រួសារ វិបត្តិស្នេហា វិបត្តិការសិក្សា វិបត្តិអាជីវកម្ម វិបត្តិហិរញ្ញវត្ថុ និងផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្ដែងរបស់មនុស្សម្នាក់។ ហើយនេះជាឱកាសមួយចំពោះអ្នកដែលចូលចិត្តលើការគិតវិភាគ​និងដោះស្រាយវិបត្តិរបស់មនុស្ស ដើម្បីបង្កើតជាអាជីពមួយសម្រាប់ខ្លួនឯងនាពេលអនាគត។

ការដោះស្រាយវិបត្តិមនុស្សនេះ អ្នកអាចកំណត់ដោយខ្លួនឯងថា តើវិបត្តិមួយណាដែលអ្នកអាចធ្វើបានល្អ? ឧទាហរណ៍ ប្រសិនបើអ្នកមានបទពិសោធន៍ក្នុងការរកស៊ី ហើយបច្ចុប្បន្ននេះអ្នកបានធ្វើឱ្យការរកស៊ីរបស់អ្នកកាន់តែមានដំណើរការល្អ ហើយអាចចៀសផុតពីបញ្ហាផ្សេងៗបាន ដូច្នេះអ្នកអាចចាប់ផ្ដើមលើអាជីពមួយទៀត គឺការដោះស្រាយវិបត្តិនានាពាក់ព័ន្ធនឹងការរកស៊ី។ ប៉ុន្តែបើអ្នកជាមនុស្សចូលចិត្តដោះស្រាយបញ្ហាក្នុងគ្រួសារ ហើយអ្នកមានវិធីសាស្រ្តល្អៗក្នុងការរៀបចំផែនការគ្រួសារឱ្យមានសុភមង្គល ដូច្នេះអ្នកអាចចាប់ផ្ដើមពីការដោះស្រាយវិបត្តិគ្រួសារ។

សូមបញ្ជាក់ថា ប្រសិនបើអ្នក បានត្រៀមខ្លួនដើម្បីចាប់យកជំនាញដោះស្រាយវិបត្តិរបស់មនុស្សក្នុងផ្នែកណាមួយ នោះមនុស្សដែលមានវិបត្តិខាងនោះ​នឹងត្រូវការអ្នកជាច្រើន ថែមទាំងអ្នកអាចក្លាយជាបុគ្គលមានឥទ្ធិពល និងអាចចាប់ផ្ដើមធ្វើអ្វីផ្សេងដូចជាបើកអាជីវកម្មឱ្យមានទីផ្សារបានលឿនទៀតផង តាមរយៈមនុស្សស្គាល់អ្នកច្រើនពីការដោះស្រាយវិបត្តិរបស់ពួកគេ។ ហើយនេះ គ្រាន់តែជាផ្នែកមួយក្នុងការលើកជាឧទាហរណ៍ ពីព្រោះមានឱកាសច្រើនទៀតសម្រាប់អ្នក ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកមានភាពច្បាស់លាស់ក្នុងការចាប់ផ្ដើម។

តើចាប់ផ្ដើមដោយរបៀបណា?

– អ្នកអាចចាប់ផ្ដើមដោយការចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណែត ដើម្បីកសាងកេរ្តិ៍ឈ្មោះ ហើយស្វែងរកប្រាក់ចំណូលតាមវិធីផ្សេងៗឱ្យស្របនឹងគោលដៅរបស់អ្នកដែលចាប់យកជំនាញនេះ។ ឧទាហរណ៍ អ្នកជ្រើសរើសការដោះស្រាយវិបត្តិហិរញ្ញវត្ថុ ហើយចាប់ផ្ដើមជំនាញនេះ ក្នុងគោលដៅថា ជួយមនុស្សឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុល្អ និងអាចចាប់ផ្ដើមសហការជាមួយពួកគេក្នុងការបង្កើតដើមទុនរកស៊ីជាដើម ឬផ្សារភ្ជាប់នឹងមុខរបររកស៊ីរបស់អ្នកបច្ចុប្បន្នឱ្យមនុស្សកាន់តែស្គាល់បានច្រើន ។ល។

– ផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងបណ្ដុះបណ្ដាលលើវគ្គខ្លីៗ លើវិបត្តិណាមួយដែលអ្នកចាប់យកជាឱកាសសម្រាប់អ្នកក្នុងការចាប់ផ្ដើម

2. ជំនាញបណ្ដុះបណ្ដាលផ្នែកទីផ្សារឌីជីថល

ក្រោយពីពិភពលោកបានទទួលរងនូវវិបត្តិជំងឺកូវីត-19 មក ទីផ្សារឌីជីថល ចាប់ផ្ដើមពេញនិយមកាន់តែខ្លាំង ហើយមនុស្សចាប់ផ្ដើមស្គាល់ច្រើនជាងមុន ដូច្នេះនេះជាឱកាស ជាពិសេសនៅប្រទេសកម្ពុជា ពីព្រោះកម្ពុជាពុំទាន់មានមានអ្នកជំនាញច្រើននោះឡើយនៅក្នុងផ្នែកនេះ ហើយក៏ពុំទាន់មានអ្នកជំនាញបណ្ដុះបណ្ដាលជាលក្ខណៈស្ដង់ដារដូចគ្នា។ ហេតុផលនេះ ហើយប្រសិនបើអ្នកចាប់អារម្មណ៍ ឬចង់បម្លែងខ្លួនចូលផ្នែកនេះ អ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើម។

ផ្នែកទីផ្សារឌីជីថល មានរឿងរ៉ាវ ក៏ដូចជាមានអ្វីដែលត្រូវធ្វើជាច្រើន ហើយឱកាសការងារក៏ច្រើន និងមានប្រាក់ចំណូលក៏អាចខ្ពស់ដែរ។ ហើយផ្នែកនេះ រួមមាន៖

– អ្នកឯកទេសខាង SEO

– Content Marketing

– អ្នកគ្រប់គ្រងផេក

– អ្នក Run Ads ឬ Boost page

– អ្នកគ្រប់គ្រងទីផ្សារមាតិកា

– ការធ្វើផែនការផ្សព្វផ្សាយលើបណ្ដាញសង្គម

– និងមានភាពពាក់ព័ន្ធជាច្រើនទៀតលើផ្នែកទីផ្សារឌីជីថលនេះ។

3. ជំនាញប្រឹក្សាយោបល់លើការចាប់ផ្ដើមអាជីវកម្ម

នៅក្នុងបរិបទកម្ពុជា មានស្រទាប់យុវជនជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែពេលខ្លះមានបញ្ហាមួយចំនួនដែលធ្វើឱ្យបង្អាក់នៃការចាប់ផ្ដើមរបស់ពួកគេ ដូច្នេះនេះក៏ជាឱកាសសម្រាប់អ្នកដែរ ប្រសិនបើអ្នកគិតថាខ្លួន​ឯងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រឹក្សាយោបល់លើការចាប់ផ្ដើមនេះ។

ការផ្ដល់សេវាកម្មប្រឹក្សាយោបល់លើការចាប់ផ្ដើមអាជីវកម្ម ទាមទារឱ្យអ្នកធ្លាប់ឆ្លងកាត់នៃការចាប់ផ្ដើមអាជីវកម្ម យល់ពីសេដ្ឋកិច្ច ការគ្រប់គ្រង ការរៀបចំយុទ្ធសាស្រ្ត ការរៀបចំផែនការអាជីវកម្ម និងផ្នែកពាក់ព័ន្ធជាច្រើនក្នុងការចាប់ផ្ដើមអាជីវកម្មទៅតាមប្រភេទ និងទំហំអាជីវកម្ម។

4. ជំនាញឯកទេស

ជំនាញឯកទេសមានច្រើនប្រភេទ ពីព្រោះវាជាជំនាញដែលមានវិជ្ជាជីវៈដែលបានរៀនសូត្របានយ៉ាងស្ទាត់ជំនាញ ច្បាស់លាស់ មានបែបបទត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួង និងសកលវិទ្យាល័យដែលអ្នកបានទៅបណ្ដុះបណ្ដាល។ ដូច្នេះត្រង់ចំណុចនេះ មានន័យថា អ្នកត្រូវតែប្រាកដចិត្តខ្លួនឯងថា តើបច្ចុប្បន្ននេះ អ្នកស្រលាញ់ និងចង់យកជំនាញណាជាគោលនៅក្នុងជីវិតរបស់អ្នក? ឧទាហរណ៍ អ្នកមានជំនាញច្រើន ដូចជាចេះភាសាអង់គ្លេស មានចំណេះដឹងផ្នែកទីផ្សារឌីជីថល និងផ្សេងៗទៀត ប៉ុន្តែអ្នកត្រូវតែចាប់យកជំនាញគោលមួយដែលអ្នកស្រលាញ់ខ្លាំង និងជាអ្វីដែលសមត្ថភាពរបស់អ្នកអាចធ្វើបានល្អ។ បន្ទាប់ពីអ្នកធ្វើដូច្នេះហើយ ជំហានបន្ទាប់ ត្រូវរិះរកគ្រប់មធ្យោបាយ និងមានការខិតខំបន្ថែម ដើម្បីធ្វើឱ្យជំនាញគោលរបស់អ្នកនោះកាន់តែខ្លាំង និងអាចបង្កើតឱកាសការងារសម្រាប់អ្នកបាន ពីព្រោះសម័យបច្ចុប្បន្ន នៅប្រទេសកម្ពុជា ភាគច្រើនអ្នកដឹកនាំខ្លាំងៗ ជ្រើសរើស និងចង់បានតែមនុស្សដែលមានសមត្ថភាព និងជំនាញពិតប្រាកដទេ ដើម្បីធ្វើការងារធំៗ និងទទួលបានប្រាក់ចំណូលខ្ពស់ ជាងអ្នកដែលគ្មានជំនាញឯកទេសណាមួយច្បាស់លាស់។

ជារួមមក 4 ចំណុចខាងលើ ជាអ្វីដែលអ្នកគួរតែដឹង ដើម្បីឈ្វេងយល់ពីខ្លួនឯង ថាតើអ្នកគួរពិចារណាជ្រើសរើសជំនាញមួយណាសម្រាប់ខ្លួនឯង? នៅពេលដែលអ្នកដឹងថា ជ្រើសរើសមួយណាហើយ នោះឱកាសទីផ្សារការងារនៅកម្ពុជាជាច្រើនកំពុងរងចាំអ្នក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ