spot_img
spot_img
Homeធុរកិច្ច៤សំណួរដែលត្រូវតែសួរលើខ្លួនឯងថាតើអ្នកគួរតែចាប់ផ្ដើមការធ្វើអាជីវកម្មដោយខ្លួនឯងដែរឬអត់?

៤សំណួរដែលត្រូវតែសួរលើខ្លួនឯងថាតើអ្នកគួរតែចាប់ផ្ដើមការធ្វើអាជីវកម្មដោយខ្លួនឯងដែរឬអត់?

-

ការបើកអាជីវកម្មដោយខ្លួនឯងគឺវាមិនងាយស្រួលដូចដែលយើងធ្វើការឲ្យគេនោះទេ ធ្វើការឲ្យគេ គឺយើងទទួលរ៉ាប់រងតែការងារណាដែលជាតួនាទីរប​ស់យើង ហើយចាំតែទទួលប្រាក់ខែតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការធ្វើអាជីវកម្មគឺអ្នកត្រូវរ៉ាប់រងទៅលើការងារទាំងអស់នៅក្នុងក្រុមហ៊ុន ត្រូវជួបប្រទះជាមួយនឹងបញ្ហាទាំងឡាយដែលត្រូវដោះស្រាយ ត្រូវរៀបយុទ្ធសាស្រ្តនិងគម្រោងជាច្រើនដើម្បីឲ្យក្រុមហ៊ុនមានដំណើរការល្អ និងរីកចម្រើនទៅមុខ ព្រមទាំងត្រូវទទួលខុសត្រូវនូវការងារផ្សេងៗទៀតទៅតាមមុខងារ។​ដូចនេះការបើកអាជីវកម្មដោយខ្លួនឯងវាពិតជាពិបាក ពោលគឺ វាមិនងាយស្រួលដូចដែលអ្នកគិត ដូចដែលអ្នកនិយាយ និងដូចដែលអ្នកបានគ្រោងទុកនោះទេ វាត្រូវការការអត់ធ្មត់ ការទន្ទឹងរង់ចាំ ក្នុងការចំណាយពេលដើម្បីសាកល្បងធ្វើវា។អាស្រ័យហេតុនេះហើយ គំនិត និងនាំយកនូវ៤សំណួរដើម្បីជាការសួរពីសមត្ថភាពរបស់អ្នកថាអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឬនៅ៖

១ តើអ្នកមានបំណងចង់ផ្ដួចផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯងឬនៅ?

ចាំបាច់ណាស់ទាល់តែអ្នកមានអារម្មណ៍ជ្រាលជ្រៅទៅកាន់វា ហើយចង់ធ្វើដោយគ្មានការប​ង្ខិតបង្ខំពីខ្លួនឯង គ្រួសារឬអ្នកដ៏ទៃ ទើបបំណងប្រថ្នារបស់អ្នកអាចទទួលបានជោគជ័យនិមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតអ្នកក៏អាចបន្តសួរសំណួរមកខ្លួនឯងទៀតថា៖ តើអ្នកពិតជាចង់ធ្វើអាជីវកម្មពិតមែនឬ? តើមានអ្វីដែលជ្រាលជ្រៅ ដែលខ្លាំងក្លា កប់នៅក្នុងខ្លួនអ្នកដែរឬទេ? តើអ្នកមានបំណងចង់ក្លាយជាសហគ្រិនម្នាក់ដ៏ឆ្នើមឬនៅ? អ្នកត្រូវតែឆ្លើយនូវសំណួរនេះឲ្យបានត្រឹមត្រូវ និង​ពិតប្រាកដ ដើម្បីស្វែងយល់ពីសមត្ថភាពនិង​ ទេពកោសល្យរបស់ខ្លួនអ្នក។ការដែលអ្នកស្គាល់ពីចំណង់ខ្លួនឯងច្បាស់ វាគឺជាកាតាលីករដែលជួយរុញច្រានឲ្យអ្នកឆាប់ទទួលបាននូវអ្វីដែលអ្នកប្រាថ្នា។

២ តើអ្នកធ្លាប់ធ្វើអ្វីមួយដោយចាប់ផ្ដើមពីបាតដៃទទេឬទេ?

សហគ្រិនដែលជោគជ័យភាគច្រើនបានចាប់ផ្ដើមការងារតាំងពីតូចមកម៉្លេះ ដូចនេះពួកគេដឹងពីបញ្ហាដែលត្រូវជួបនឹងដឹងពីមធ្យោបាយក្នុងការដោះស្រាយបានល្អជាងអ្នកដែលមិនដែលចាប់ផ្ដើមធ្វើអ្វីមួយសោះ។ ពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីមួយដោយបាតដៃទទេ វានឹងធ្វើឲ្យអ្នកយល់បានកាន់តែច្បាស់ពីបញ្ហា ហ៊ានប្រឈមមុខជាមួយបញ្ហា និងយល់អំពីភាពលំបាកនៃការងារ ឬ ការរកស៊ីនេះឯង។​ នេះជាមូលហេតុដែលខ្ញុំតែងតែលើកទឹកចិត្តឲ្យឪពុកម្ដាយគ្រប់រូប គួរតែឲ្យក្មេងចាប់ផ្ដើមធ្វើអ្វីដោយខ្លួនឯង រៀនដោះស្រាយបញ្ហាតូចៗដោយខ្លួនឯង ដើម្បីបង្កើននូវភាពច្នៃប្រឌិត និងទំនួលខុសត្រូវរបស់ពួកគេ។ ចាប់ផ្ដើមពីតូចទៅធំ ទើបភាពជោគជ័យ ការរកស៊ី និងការងាររបស់អ្នកនៅឋិតថេរយូរអង្វែង។

៣ តើអ្នកបានបរាជ័យនៅអ្វីមួយដែលមិនល្អនៅទីសាធារណៈដែរឬទេ?

ភាពជាសហគ្រិនគឺនិយាយអំពីការសាកល្បង និង ការសាងនូវកំហុស។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែយល់ពីភាពបរាជ័យ យល់ពីភាពលំបាក តែអ្នកត្រូវតែឆ្លងកាត់វា​ ត្រូវជួបវា ត្រូវធ្វើវា​ និងដោះស្រាយវា​ឲ្យបាន។ ពេលណាដែលអ្នកសុំានឹងបញ្ហាទាំងអស់នោះហើយ ទោះអ្នកចង់ចាប់ផ្ដើមបើកអាជីវកម្មប្រភេទណាក៏គ្មានអ្វីជាបញ្ហាដែរ ហើយអ្នកក៏មិនមានភាពព្រួយបារម្ភ ឬខ្វល់ខ្វាយថា​ ត្រូវប្រឈមជាមួយវាយ៉ាងម៉េច ឬដោះស្រាយយ៉ាងណានោះទេ។

ភាពជាសហគ្រិនគឺនិយាយអំពីការសាកល្បង និង ការសាងនូវកំហុស។

៤ តើអ្នកអាចទ្រាំរស់នៅជាមួយភាពមិនប្រាកដប្រជា ភាពរំខាន និង ការផ្លាស់ប្ដូរបានដែរឬទេ?

ក្នុងនាមជាសហគ្រិនអ្នកត្រូវតែចេះដោះស្រាយជាមួយនឹងបញ្ហាឲ្យបានប្រសើរ ត្រូវចេះបត់បែន ព្រមទាំងត្រូវរៀបចំវាឲ្យបានល្អ​ ហើយត្រូវបើកចំហចំពោះការពិតដែលថាការធ្វើអាជីវកម្មពិតជាមានភាពច្របូកច្របល់​ និងស្មុគស្មាញ ព្រោះវាមិនមែនគ្រាន់តែជាការគិតងាយៗស្រួលៗដូចមាត់និយាយឡើយ។ ចំពោះក្រុមហ៊ុនធំៗត្រូវបានបង្កើតឡើងដើម្បីរៀបចំនូវ រចនាសម្ព័ន្ធ ហានិភ័យ និង តួនាទី ក៏ប៉ុន្តែការចាប់ផ្ដើមអាជីវកម្មមិនមែនជាវិធីបែបនេះទេ។ទាក់ទងនិងបញ្ហានេះដែរ McDonalds អាចផ្លាស់ប្ដូរ១០%ក្នុងរយៈពេល១០ឆ្នាំ(ការផ្លាស់ប្ដូរដ៏មហិមាសម្រាប់ពួកគេ)វាមិនមែនជារឿងចម្លែកទេដែល គាត់ចាប់ផ្ដើមផ្លាស់ប្ដូរ៥០%នៅក្នុងមួយថ្ងៃនោះ។វាពិបាកក្នុងការពិពណ៌នាអំពីរឿងទាំងនោះណាស់ លុះត្រាតែអ្នកជួបវាដោយផ្ទាល់ទើបយល់ច្បាស់។ ចំណុចសំខាន់គឺអ្នកត្រូវដោះស្រាយឲ្យបានល្អជាមួយនឹងភាពមិនប្រាកដប្រជានិងការផ្លាស់ប្ដូរ។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ