13ចំណុចរបស់បុគ្គលជោគជ័យ

1776

ភាពជោគជ័យគឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាទទួលបាន។ នៅពេលពាក្យនេះ ត្រូវបានគេលើកឡើងក្នុងការសន្ទនា មនុស្សភាគច្រើន ជាពិសេសយុវជន តែងគិតឃើញមុនគេដល់គំនរទ្រព្យសម្បត្តិស្តុកស្តម្ភ គេហដ្ឋានធំស្កឹមស្កៃ យាន្តជំនិះទំនើបៗ ភាពឡូយឆាយនិងស៊ីវីល័យ។ល។
ប៉ុន្តែមិនមានបុគ្គលច្រើនរូបទេដែលមើលឃើញពីទំហំការងារ ភាពនឿយហត់ ការអំណត់តស៊ូ ពុះពារនិងខិតខំប្រឹងប្រែងដែលស្ថិតនៅខាងក្រោយរូបភាពទាំងនោះ។ យ៉ាងណាមិញ ភាពជោគជ័យក៏មិនមានអត្ថន័យដូចគ្នាសម្រាប់បុគ្គលគ្រប់រូបដែរ ព្រោះសេចក្តីស្រាលាញ់និងក្តីសុបិន្តរបស់មនុស្សម្នាក់ៗសុទ្ធតែប្លែកពីគ្នា។
ទោះអ្នកមានគោលដៅបែបណាក៏ដោយ មានចំណុច១៣ដែលអ្នកគួរយកទៅពិចារណាដើម្បីអាចទាញជាជំនួយផ្លូវចិត្តសម្រាប់ការបង្រៀនខ្លួនឯងនៅក្នុងដំណើរទៅកាន់និយមន័យនៃពាក្យជ័យជំនះរបស់អ្នក។

ចំណុចទី១ | កុំខ្ជះខ្ជាយពេលវេលាលើការបន្ទោសខ្លូនឯង

ជីវិតគឺមានភាពលំបាករួចទៅហើយ ចុះតើហេតុអ្វីត្រូវបន្ថែមបន្ទុកបន្ទោសខ្លួនឯងទៀត?
នៅក្នុងជីវិតរស់នៅមនុស្សម្នាក់ណាក៏តែងមានកំហុស។ ហើយវាជារឿងធម្មតាដែលនៅពេលអ្នកធ្វើច្រើនគឺខុសច្រើន ប៉ុន្តែអ្នកមិនត្រូវគេចវេសឬបណ្តោយឲ្យកំហុសទាំងនោះមានឥទ្ធិពលគ្រប់គ្រងលើអ្នកទេ។ អ្នកត្រូវទទួលស្គាល់ថាអ្នកបានធ្វើខុស ហើយសួរមតិយោបល់អ្នកផងនិងស្វែងរកដើមហេតុនៃកំហុសនោះមកសិក្សាដើម្បីរៀន និងអភិវឌ្ឍខ្លួន។
គ្មាននរណាម្នាក់អាចឈានមួយជំហ៊ានដល់លើកំពូលភ្នំនោះទេ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាបន្ទោសខ្លួនឯងនៅពេលវង្វេងផ្លូវ។

ចំណុចទី២ | កុំអនុញ្ញាតឲ្យអ្នកដទៃមានអំណាចលើអារម្មណ៍អ្នក

តើអ្នកណាម្នាក់ដែលស្គាល់អ្នកច្បាស់ជាងគេ? គឺខ្លួនអ្នក។ មានតែអ្នកម្នាក់គត់ដែលស្គាល់និងអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង ។ វាអាចមានរឿងច្រើនដែលហួសពីការគ្រប់គ្រងរបស់អ្នក តែមានរឿងតែមួយគត់ដែលអ្នកតែងតែអាចគ្រប់គ្រងបានគឺការឆ្លើយតបនិងឥរិយាបថរបស់អ្នក។ដូច្នេះត្រូវរៀនធ្វើវាឲ្យក្លាយជាចំនុចខ្លាំង។

ចំណុចទី៣ | មិនខ្មាស មិន​ខ្លាចចំពោះការកែប្រែ

អ្នកត្រូវចងចាំថាអំណួតក្អេងក្អាងគឺជាជំងឺដែលសូម្បីតែទេវត្តាមិនអាចព្យាបាលបាន ហើយភ្នំមួយខ្ពស់តែងនៅមានភ្នំមួយទៀតដែលខ្ពស់ជាង។ អ្នកត្រូវរៀនបើកចិត្តឲ្យទូលាយ ទទួលយកនូវគំនិតអ្នកដទៃនិងលះបង់ចិត្តមានះការពារមុខមាត់ហួសហេតុដែលជាដើមហេតុចម្បងនៃការជាប់ទ្រឹងមួយកន្លៃង។
កុំខ្លាចការបាក់មុខ តែត្រូវខ្លាចការឈរទ្រឹងមួយកន្លែង។

ចំណុចទី៤ | ត្រូវកាត់បន្ថយទម្លាប់រអ៊ូ

នៅពេលស្ថិតនៅក្នុងស្ថានភាពអាក្រក់ តើអ្នករអ៊ូដែរឬទេ?
ហើយនៅពេលដែលអ្នកកាន់តែគិតពីវា វាកាន់តែបន្ថែមទម្ងន់នៃចិត្តដែលកំពុងតឹងតែងមែនទេ? ហើយវាជួយដោះស្រាយបញ្ហាបានដែរឬទេ?

ចំណុចទី៥ | កុំព្យាយាមតម្រូវចិត្តគេគ្រប់គ្នា

តើអ្នកមានមិត្តភ័ក្រ្តណាដែលតែងតែផ្គាប់ចិត្តគេ? ឬមិត្តភក្រ្តណាដែលមិនខ្វល់ការប៉ះពាល់ទៅលើគេឯងសោះដើម្បីបង្ហាញថាគេនឹងខ្លាំង?
អត្តចរិកទាំងពីរនេះមិនមានមួយណាប្រសើរជាងគ្នាទេ។
អ្នកគួរចាប់យកអត្តចរិកដែលរួសរាយតែមិនផ្គាប់ចិត្ត និងហ៊ានបញ្ចេញការយល់់ឃើញដោយមិនរអា។
ត្រូវហ៊ាននិយាយអ្វីដែលអ្នកគិតថាគួរ ទោះបីវាអាចធ្វើឲ្យមនុស្សមួយចំនួនមានការតូចចិត្តឬមិនសប្យាយ។

ចំណុចទី៦ | ត្រូវឈប់ខ្លាចច្រើន

ភាពភ័យខ្លាចទៅលើហានិភ័យរបស់គ្រោងការណ៍ណាមួយដោយគ្មានការពិចារណាគឺបង្ករជាការខាតបង់។
អ្នកត្រូវចេះសិក្សានិងថ្លឹងថ្លែងទៅលើផលចំណេញរួមជាមួយហានិភ័យដែលរំពឹង​ទុក ទើបអាចមើលឃើញពីសក្តានុពលរំពឹងទុករបស់គម្រោងនីមួយៗ។

ចំណុចទី៧ | រស់នៅក្នុងអតីតកាល

កុំខូចចិត្តចំពោះកំហុសក្នុងអតីតកាល ព្រោះអ្នកមិនអាចកែប្រែវាបានទេ។ វាបានហួសទៅហើយ។ អ្នកគួរតែយកថាមពលដែលកំពុងមានមកបំពេញកិច្ចការងារនៅថ្ងៃនេះឲ្យបានល្អបំផុតដើម្បីបន្តជំហានទៅលើកំពូលភ្នំនៃក្តីសុបិន្តអ្នកវិញ។

ចំណុចទី៨ | ឈប់បង្កកំហុសដដែលៗ

តើអ្នកគិតថាថ្ងៃនេះអ្នកអាចបន្តជំហានទៅលើកំពូលភ្នំទេ បើសិនអ្នកសម្រេចចិត្តដើរទៅកាន់ផ្លូវដែលអ្នកធ្លាប់ទៅ១ដងរួចមកហើយដោយសារអ្នកចង់ឃើញទេសភាពដ៏ស្រស់ស្អាតនៃកន្លែងនោះ? ប្រាកដណាស់អ្នកគឺស្ថិតនៅទីតាំងដូចកាលពីម្សិលមិញ។ តើធ្វើបែបនេះខុសមែនទេ? វាមិនមែនខុសទាំងស្រុងនោះទេ។ មានពេលខ្លះ អ្នកគួរតែអនុញ្ញាតឲ្យខ្លួនអ្នកបានសម្រាកនិងលំហែកចិត្តមួយរយៈ។ ក៏ប៉ុន្តែអ្នកមិនត្រូវសម្រាករហូតនោះទេ។
អ្នកត្រូវជំនះចិត្តចង់ឃើញទេសភាពស្អាតដើម្បីបន្តដំណើរទៅលើកំពូលភ្នំនៃក្តីសុបិន្ត។

ចំណុចទី៩ | មានចិត្តត្រេកអរសម្រាប់ជោគជ័យអ្នកផង

តើអ្នកមានអារម្មណ៍ថាច្រណែនដែរឬទេនៅពេលឃើញមិត្តឬអ្នកស្គាល់គ្នាទទួលបានពានរង្វាន់កិត្តិយស ហើយបានចេញមុខតាមការសែត ទស្សនាវដ្តី និងទូរទស្សន៍?
យើងខ្ញុំចង់ប្រាប់អ្នកថា បើសិនអ្នកមានអារម្មណ៍ច្រណែនគឺអ្នកមិនមែនជាមនុស្សអាក្រក់ទេ ហើយអ្នកក៏មិនមែនមានតែម្នាក់ឯងដែរ។ អ្នកអាចមានចិត្តច្រណែនព្រោះអ្នកជាមនុស្ស តែអ្នកនឹងខុសបើសិនអ្នកមិនចេះគ្រប់គ្រងវា។ ត្រូវរៀនបើកចិត្តទទួលស្គាល់ការពិត តែមិនត្រូវមើលស្រាលខ្លួនឯង។ ត្រូវបន្តខិតខំលើកិច្ចការងារខ្លួន។
យើងខ្ញុំសូមបញ្ជាក់សារជាថ្មី ភាពជោគជ័យដែលអ្នកមើលឃើញនៅលើខ្លួនអ្នកដទៃមិនមែនបានមកក្នុងរយៈពេលមួយយប់ទេ។

ចំណុចទី១០ | ងាយចុះចាញ់នឹងការងារលំបាក

ការងារណាក៏លំបាកដែរព្រោះអ្នកកើតមកមិនមែនចេះអ្វីសព្វគ្រប់ដូចតួអង្គមានយុទ្ធសីល៍ិ្បក្នុងរឿងភាពយន្តឯណា។ វាគ្មានការងារណាដែលមិនលំបាកនោះទេ។ អ្នកមិនត្រូវចិញ្ចឹមចិត្តចង់បានភាពជោគជ័យដោយមិនខំប្រឹងទេ ព្រោះវាគ្មានថ្ងៃអាចក្លាយជាការពិតឡើយ។
បំណាច់ចង់សម្រេចសុបិន្តត្រូវហ៊ានជម្រុះចិត្ត ចូលចិត្តសប្បាយ និយាយគ្មានការអនុវត្ត រអ៊ូច្រើន បន្ទោសអ្នកដទៃ។ល។ ហើយដាក់ចិត្តត្រៀមខ្លួនប្រឈមមុខនឹងឧបសគ្គដែលនៅខាងមុខ។

ធ្វើបណ្តើររៀនបណ្តើរ។ ការងារកាន់តែលំបាកកឺជាគ្រូដ៏ពូកែ។

ចំណុចទី១១ | មិនត្រូវខ្លាចចំពោះការនៅម្នាក់ឯង

នៅក្នុងក្រុមក៏អ្នករីករាយ នៅម្នាក់ឯងក៏អ្នកអាចរីករាយបានដែរ។ គ្នានអ្វីជាបញ្ហាទេ។ ចូរកុំខ្លាច។
អ្នកគួរចំណាយពេលខ្លះសម្រាប់ខ្លួនឯងក្នុងការប្រមើមើលផលិតភាពការងារ ឥរិយាបថការងារក៏ដូចជាអត្តចរិកកន្លងមកដើម្បីធ្វើការវាយតម្លៃខ្លួនឯងក្នងគោលបំណងកែប្រែនិងអភិវឌ្ឍន៍។ មួយវិញទៀតអ្នកអាចព្រាងគម្រោងបន្ទាប់ និងបង្កើនគំនិតច្នៃប្រឌិត។

ចំណុចទី១២  | សូមកុំភ្លេចថាជីវិតគឺជាការតស៊ូ

ដោយសារតែមិនធ្លាប់ជួបការលំបាកក្នុងជីវិត មនុស្សមួយចំនួនក៏ផ្តេកផ្តួលជឿស្លុងថាគេគឺជាមនុស្សដែលមានសំណាង ឬថាមិនចាំបាច់ខំប្រឹងធ្វើអ្វីព្រោះយល់ថាភោគផលនឹងបានមកដោយឯងៗសម្រាប់ពួកគេ។
ជិវិតមួយនេះជារបស់អ្នក អ្នកជាមនុស្សដែលមានអំណាចបំផុតលើការកំណត់ជោគវាសនាខ្លួន។ កសាងជីវិតខ្លួនឯងឬទោរទន់តាមអ្នកដទៃ? ខំរកឬខំចាយ? តស៊ូឬបោះបង់? ពុះពារឬខ្ជិលច្រអូស? ធ្វើច្រើនឬបានតែនិយាយ?…ទាំងអស់នេះគឺជាជម្រើសរបស់អ្នក។ តើអ្នកចង់គូសវាសជីវិតមួយនេះដោយបែបណា?

ចំណុចទី១៣ | ភាពជោគជ័យតែងតែទាមទារពេលវេលា

គ្មានការងារមុខណាដែលធ្វើម្តងបានលទ្ធផលល្អឥតខ្ជោះនោះទេ។
ចង់បានជ័យជំនះត្រូវចេះអត់ធ្មត់និងមានជំនាញមួយច្បាស់លាស់។ ចង់ចេះជំនាញមួយស្ទាត់ ត្រូវអនុវត្តឲ្យញឹក។ គ្មានភាពជោគជ័យណាដែលអាចកើតមានត្រឹមរយៈពេលមួយយប់នោះទេ។